អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

របបប្រជាធិបតេយ្យ

និយមន័យពាក្យថា​​ «ប្រជាធិបតេយ្យ»​

          ពាក្យថា​ ​«ប្រជាធិបតេយ្យ» ​ភាសាអង់គ្លេសថា​​ «Democracy» ​​ភាសាក្រិចមាន ២ ពាក្យថា​ ​​«Demos» មានន័យថា​ «​ប្រជាជន​» និងពាក្យថា​ ​«​Kratos» មានន័យថា «អំណាច​» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា ​«​អំណាចរបស់ប្រជាជន» ឬថា «​ប្រជាជនជាម្ចាស់នៃអំណាច​»​ ។


       ចំណែកភាសាខ្មែរ ដែលមានមូលដ្ឋានមកពីភាសាបាលី​ និងភាសាសំស្រ្កឹតវិញថា​​ «ប្រជាធិបតេយ្យ» ញែកចេញជា ២ ពាក្យ គឺ​ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ» ​ឬ «ប្រជាជន» និងមួយពាក្យទៀតថា «​អធិបតេយ្យ» មានន័យថា​ «ភាពជាធំ»​​ ​ឬ«អំណាច» ​រួមទាំងពីរពាក្យនេះចូលគ្នា ទៅជា «ប្រជាធិបតេយ្យ» មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់នៃអំណាច»​ ។ ចំណែកនៅក្នុងវចនានុក្រមរបស់សម្តេច
ព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា ​«ប្រជាធិបតេយ្យ» មានន័យថា​«ភាពនៃប្រទេសដែលមានប្រជារាស្រ្តជាអធិបតី​​ គឺប្រទេស​ឬរដ្ឋបាលដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » ។


   ពិតណាស់ សមដូចលោក​រូស្ស៊ីអូ (Rousseau) ជាទស្សនៈវិទូបារាំង​នាសតវត្សទី​ ៨ បានពោលថា«គោលការណ៍របស់ប្រជាធិបតេយ្យគឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ​» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ ​របស់សហរដ្ឋអាមេរិក​ គឺលោក Abraham Lincoln បានពោលថា​ «​រដ្ឋាភិបាល (អំណាច) ​ ជារបស់ប្រជាជន​ ដោយប្រជាជន​ និងដើម្បីប្រជាជន​» ។​

     ដូច្នេះបញ្ជាក់ឲ្យឃើញថា​ រដ្ឋាភិបាល ដែលមានអំណាច​បានក្លាយជាមេដឹកនាំ និងបានភាពជាធំ​ គឺប្រជាជនជាអ្នកប្រគល់អំណាចឲ្យ​​ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន​​ (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភាមិនចាំបាច់សម្រេចនូវរាល់កិច្ចការនានារវាងរដ្ឋមួយទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs)ដូចជាការចុះសន្ធិសញ្ញានានា​ (Treaties) ការប្រកាសង្រ្គាម ​ការចរចារ​(Negotiation) ឬការស្វែងរកសន្តិភាពដោយផ្ទាល់ឡើយ​ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើន​ឲ្យចេញមុខជំនួស ​។ ​មេដឹកនាំ ឬរដ្ឋាភិបាលនោះ​​ជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាពសុវត្ថិភាពស្ថេរភាពភាតរភាពសិទ្ធិសេរីភាពទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកនយោបាយនិងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿង ដោយទទួលបាននូវកិត្យានុភាពនិងទទួលស្គាល់លើឆាកអន្តរជាតិឲ្យដល់ម្ចាស់អំណាចគឺពលរដ្ឋដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ​​​ ។ ​ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន​​ ដោយប្រជាជន​ និងដើម្បីប្រជាជន​ ។
ប្រជាធិបតេយ្យមាន២ប្រភេទគឺ

        ១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy)​ មានន័យថា​ ប្រជាជន​ដែលរស់នៅក្នុងសង្គមឬរដ្ឋ
នោះៗមានសិទ្ធិសេរីភាពស្មើៗ គ្នា​ ក្នុងការរស់នៅ​ ក្នុងការប្រកបមុខរបរមិនថាផ្នែកសេដ្ឋកិច្ចមិនថាផ្នែក
នយោបាយគឺគ្រប់គ្នារួមគ្នាជាកម្លាំងមួយជួយអភិវឌ្ឍន៍សង្គមឬរដ្ឋថែមទាំងជួយដោះស្រាយរាល់បញ្ហាដែលពួកខ្លួនត្រូវប្រឈមមុខទៀតផង។ប្រជាធិបតេយ្យបែបនេះច្រើនឃើញមាននៅក្នុងសម័យក្រិចបុរាណ​ ។​ សព្វថ្ងៃប្រជាធិបតេយ្យដោយត្រង់​ (Directive Democracy) ​នេះ​ មិនឃើញមានវត្តមាននៅលើប្រទេសនានា
ឡើយ ​តែក៏ឃើញមានប្រើនៅក្នុង​សង្គមតូចៗ​ ដូចជា​ សមាគមន៍ សហគមន៍​ ឬអង្គការនានាផងដែរ​ ។

      ២-ប្រជាធិបតេយ្យដោយតំណាង ( Representative Democracy) មានន័យថាគឺពលរដ្ឋជ្រើសរើសតំណាង
របស់ខ្លួនដែលខ្លួនយល់ឃើញថា​ មានសមត្ថភាពដើម្បីដឹកនាំរដ្ឋ​ដោយសន្លឹកឆ្នោត ។ ​ប្រជាធិបតេយ្យបែបនេះ​ ​គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គលដែលមានសុឆន្ទៈ​ មានសុទិដ្ឋិនិយម ​មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព​​ កម្មសិទ្ធិឯកជនផងដែរ ។

ចំនុចសំគាល់របស់វា ក៏គឺនៅត្រង់​
-ពហុបក្ស​ (Multi-parties)
-ការកំណត់អាណត្តិ
-ការបោះឆ្នោត​​
-មួយនាក់មួយសន្លឹក ​​
-មិនបន្លំសន្លឹកឆ្នោត
-គោរពសម្លេងភាគច្រើន
-ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
​-គាំទ្រឲ្យមានទីផ្សារសេរី ។

No comments:

Post a Comment