អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 10 May 2012

ជីវប្រវត្តិរបស់ នួន ជា


            ជាទូទៅ ខ្មែរក្រហមត្រូវបានគេភ្ជាប់ទៅនឹងឈ្មោះ ប៉ុល ពត។ ក៏ប៉ុន្តែ អ្នកទទួលខុសត្រូវក្នុងរបបខ្មែរក្រហម មិនមែនមានតែ ប៉ុល ពត ម្នាក់នោះទេ។ នួន ជា ដែលជាទូទៅ មិនសូវឮឈ្មោះល្បីល្បាញ ដូចជា ប៉ុល ពត តែតាមពិតគឺជា អនុលេខាបក្សកុម្មុយនិស្ត មានអំណាចលំដាប់ទីពីរ បន្ទាប់ពី ប៉ុល ពត ហើយត្រូវបានគេស្គាល់ថាជា បងទីពីរ ក្នុងតំណែងជាអនុលេខាបក្សកុម្មុយនិស្ត នួន ជា ទទួលខុសត្រូវក្នុងការបំពាក់បំប៉នមនោគមន៍វិជ្ជាកុម្មុយនិស្តដល់កម្មាភិបាលខ្មែរក្រហម។ នៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នួន ជា គឺជាប្រធានសភាប្រជាជននៃកម្ពុជាប្រជាធិបតេយ្យ។ តើ នួន ជា ជានរណា?

          នួន ជា តាមពិតមានឈ្មោះដើមថា ឡុង ប៊ុនរួត កើតនៅឆ្នាំ១៩២៦ នៅភូមិវត្តគរ ក្នុងខេត្តបាត់ដំបង។ នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ខេត្តបាត់ដំបង ត្រូវបានថៃដណ្តើមយកទៅកាន់កាប់ អ្នកស្រុកបាត់ដំបងទាំងអស់ រួមទាំង នួន ជា ផង ត្រូវបានរដ្ឋាភិបាលថៃ ផ្តល់សញ្ជាតិជាថៃ។ នួន ជា បានចេញពីបាត់ដំបងទៅបន្តការសិក្សានៅទីក្រុងបាងកក នៅឆ្នាំ១៩៤៥ នួន ជា បានប្រឡងជាប់សញ្ញាប័ត្របាក់ឌុប ហើយបានបន្តការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យធម្មសាត ប្រទេសថៃ។ ក្រោយមក នួន ជា បានទៅធ្វើការជាស្មៀន នៅក្រសួងការបរទេសថៃ ហើយបានចូលជាសមាជិកបក្សកុម្មុយនិស្តថៃ។ ការណ៍ដែល នួន ជា សម្រេចចិត្តចូលក្នុងបក្សកុម្មុយនិស្តថៃនេះ ប្រហែលជាមកពីគាត់ទទួលឥទ្ធិពលពីបងជីដូនមួយរបស់គាត់ គឺ សៀវ ហេង ដែលបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន នៅក្នុងអំឡុងពេលជាមួយគ្នានោះ។

            នៅឆ្នាំ១៩៥០ នួន ជា បានសុំផ្ទេរសមាជិកភាពពីបក្សកុម្មុយនិស្តថៃ ទៅបក្សកុម្មុយនិស្តឥណ្ឌូចិនវិញ។ នួន ជា ក៏បានចេញពីបាងកក ចូលមកខេត្តបាត់ដំបងវិញ ដើម្បីចូលរួមក្នុងចលនាតស៊ូ ដឹកនាំដោយបក្សកុម្មុយនិស្តឥណ្ឌូចិន។

            នៅចន្លោះពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៤ នួន ជា ត្រូវបានបក្សកុម្មុយនិស្តឥណ្ឌូចិនបញ្ជូនឲ្យទៅរៀនសូត្រខាងនយោបាយ នៅក្រុងហាណូយ ប្រទេសវៀតណាម។ នៅពេលមានការចុះកិច្ចព្រមព្រៀងក្រុងហ្សឺណែវ នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៥៤ ក្រុមខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ មួយក្រុមរត់ទៅវៀតណាម មួយក្រុមទៀតលាក់ខ្លួននៅប្រទេសកម្ពុជា។ នៅពេលនោះ នួន ជា មិនទាន់ត្រឡប់ពីប្រទេសវៀតណាមវិញ នៅឡើយទេ។ រហូតដល់ចុងឆ្នាំ១៩៥៤ ទើប នួន ជា វិលត្រឡប់ពីប្រទេសវៀតណាមវិញ ហើយបានទៅចូលរួមធ្វើការជាមួយក្រុមខ្មែរកុម្មុយនិស្ត ដែលនៅលាក់ខ្លួនក្នុងទីក្រុងភ្នំពេញ។ នៅពេលនោះហើយ ដែល នួន ជា បានជួបជាមួយ សាឡុត ប៉ុល ពត។

            នៅពេលនោះ នួន ជា ធ្វើការក្រោមបញ្ជាផ្ទាល់របស់ សៀវ ហេង ដែលត្រូវជាបងជីដូនមួយរបស់គាត់ និងជាលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ទទួលបន្ទុកគ្រប់គ្រងបណ្តាញជនបទ។ ចំណែក ប៉ុល ពត ធ្វើការក្រោមបញ្ជាផ្ទាល់របស់ ទូ សាមុត ដែលទទួលបន្ទុកគ្រប់គ្រងបណ្តាញទីក្រុង។

            នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទូ សាមុត ត្រូវបានមហាសន្និបាតបក្សបោះឆ្នោតឲ្យធ្វើជាលេខាបក្ស ជំនួស សៀវ ហេង ដែលបានផ្តាច់ខ្លួនទៅចុះចូលជាមួយសម្តេច នរោត្តម សីហនុ។ នួន ជា ក៏បានឡើងកាន់តំណែងជាអនុលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលជាតំណែងកំពូលលំដាប់ទីពីរ បន្ទាប់ពី ទូ សាមុត។ នួន ជា បានកាន់តំណែងជាអនុលេខាបក្សកុម្មុយនិស្តរហូតដល់ពេលដែលគាត់បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា នៅខែធ្នូ ឆ្នាំ១៩៩៨។

            នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៦២ ទូ សាមុត លេខាបក្សពលករកម្ពុជា ដែលជាឈ្មោះដើមរបស់បក្សកុម្មុយនិស្តកម្ពុជា បានបាត់ខ្លួន ដោយមិនដឹងមូលហេតុពិតប្រាកដ នួន ជា ដែលពេលនោះ គឺជាអនុលេខាបក្សស្រាប់ គួរតែជាអ្នកឡើងមកកាន់តំណែងជាលេខាបក្សស្តីទីជំនួស ទូ សាមុត។ ផ្ទុយទៅវិញ បែរជា ប៉ុល ពត ដែលស្ថិតនៅលំដាប់ទីបីឯណោះទៅវិញ ដែលជាអ្នកឡើងរំលង នួន ជា មកធ្វើជាលេខាបក្សស្តីទី។ នៅក្នុងមហាសន្និបាតបក្ស នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ក៏បានជាប់ឆ្នោតជាលេខាបក្សពេញសិទ្ធិ។ ចំណែក នួន ជា នៅជាអនុលេខាបក្សដដែល។ ហេតុអ្វីបានជា នួន ជា មិនឡើងមកធ្វើជាលេខាបក្ស? តើមកពីគាត់មិនចង់ធ្វើក៏យ៉ាងណា?

            ក្នុងសៀវភៅ ដែលមានចំណងជើងថាបងទីមួយប៉ុល ពតលោក David Chandler បានសរសេរថា នួន ជា ក៏មានបំណងចង់ធ្វើជាលេខាបក្សដែរ ក៏ប៉ុន្តែ មិនអាចធ្វើទៅបាន ព្រោះនៅពេលនោះ មានលេចឮព័ត៌មានចោទប្រកាន់ នួនជា ថាមានជាប់ពាក់ព័ន្ធជាមួយ សៀវ ហេង ដែលជាបងជីដូនមួយរបស់នួន ជា និងជាអតីតលេខាបក្សកុម្មុយនិស្ត ដែលបានទៅចុះចូលជាមួយសម្តេច នរោត្តម សីហនុ។ ព័ត៌មានដែលតៗគ្នា ក្នុងចំណោមមន្រ្តីថ្នាក់ដឹកនាំបក្សកុម្មុយនិស្តនៅពេលនោះ គឺទាក់ទងនឹងការណ៍ដែល នួន ជា ធ្លាប់បានទទួលលុយកាក់ពី សៀវ ហេង។ លោក David Chandler ថែមទាំងបានអះអាងទៀតថា អ្នកដែលបានផ្សព្វផ្សាយព័ត៌មាននេះ គឺ ប៉ុល ពត នេះឯង។ ក្រោយពីមានព័ត៌មានចចាមអារាមនេះ នួន ជា ក៏លែងហ៊ានឈរឈ្មោះជាបេក្ខជនលេខាបក្ស ដោយដឹងថា បើទោះជាឈរឈ្មោះក៏មិនមានអ្នកណាបោះឆ្នោតឲ្យដែរ។ នួន ជា ក៏សុខចិត្តនៅជាអនុលេខាបក្សដដែល។

            ក្រោយពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ នួន ជា ក៏បានក្លាយជាប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅក្នុងបក្ស នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំអង្គការចាត់តាំងបក្ស និងទទួលបន្ទុកកិច្ចការអប់រំផ្នែកនយោបាយ និងមនោគមន៍វិជ្ជា។ យោងតាមឯកសារដែលរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នួន ជា គឺជាអ្នកទទួលខុសត្រូវក្នុងការចេញគោលនយោបាយឲ្យមន្រ្តីថ្នាក់មូលដ្ឋានអនុវត្ត ក្នុងនោះ រួមទាំងមន្រ្តីមន្ទីរ ស២១ គុកទួលស្លែងផងដែរ។

            នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែលបានលាលែងដោយមានបញ្ហាសុខភាព។ ក៏ប៉ុន្តែ ប្រមាណ៣សប្តាហ៍ក្រោយមក តំណែងនេះត្រូវ ប៉ុល ពត យកទៅកាន់កាប់វិញ។

            ក្រោយពេលដែលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បានរត់ទៅរស់នៅជាយដែនខ្មែរ-ថៃ ជាមួយមេដឹកនាំខ្មែរក្រហមផ្សេងៗទៀត។ នួន ជា ក៏មិនខុសពី ប៉ុល ពត ប៉ុន្មានដែរ គឺជាមនុស្សចូលចិត្តរស់នៅក្នុងការលាក់កំបាំង មិនឲ្យគេដឹង មិនឲ្យគេស្គាល់។ ដូចនេះហើយបានជាមិនសូវមានឯកសារដែលនិយាយពី នួន ជា នោះទេ។ គួររំឭកថា នួន ជា នេះឯងជាមេគំនិតនៃការដឹកនាំបែបសម្ងាត់។ នួន ជា តែងតែបានលើកឡើងថា ការលាក់ការណ៍សម្ងាត់ គឺជាកត្តាដ៏សំខាន់ដែលនាំទៅរកជ័យជំនះ។

            នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បានផ្តាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរនឹងការរួចផុតពីរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋនានាដែលគាត់បានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។

ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបានគេចាប់ខ្លួនពីផ្ទះរបស់គាត់ នៅស្រុកសំឡូត មកភ្នំពេញ តាមដីកាចាប់ខ្លួនរបស់ តុលាការខ្មែរក្រហម។ នួន ជា ត្រូវបានអង្គជំនុំជម្រះចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយកំពុងប្រឈមមុខនឹងការកាត់ទោស។


No comments:

Post a Comment