អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 10 May 2012

ជីវប្រវត្តិរបស់​ ប៉ុល ពត

ប៉ុល ពត ត្រូវបានគេស្គាល់ថាជាបងទី១ ក្នុងចំណោមមេដឹកនាំខ្មែរក្រហម។ សូម្បីតែពេលនេះ ប៉ុល ពត បានស្លាប់បាត់ទៅហើយក្តី ក៏ឈ្មោះ ប៉ុល ពត នៅតែផ្សារភ្ជាប់នឹងរបបខ្មែរក្រហមជានិច្ច។ បើកាលណាគេនិយាយអំពី​​ខ្មែរក្រហម មនុស្សដែលគេនឹកឃើញមុនគេ គឺ ប៉ុល ពត។ ប្រជាជនកម្ពុជាទូទៅតែងតែ​​ហៅរបបកម្ពុជាប្រជាធិបតេយ្យថាជា របបប៉ុលពត ទៀតផង។ តើប៉ុល ពត ជានរណា?
ប៉ុល ពត គឺជាលេខាបក្សកុម្មុយនិស្តកម្ពុជា ដែលជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជា របបខ្មែរក្រហម
របបប៉ុលពត ប៉ុល ពត គឺជាមនុស្សដ៏អាថ៌កំបាំងម្នាក់ ដែលចំណាយពេលភាគច្រើននៃជីវិតរបស់គាត់ រស់ក្នុងការលាក់កំបាំង។ សូម្បីតែឈ្មោះ និងថ្ងៃខែឆ្នាំកំណើតក៏ប៉ុល ពត បានផ្លាស់ប្តូរដែរ។
           ប៉ុល ពត តាមពិតមានឈ្មោះដើមថា សាឡុត កើតនៅភូមិព្រែកស្បូវ ក្នុងខេត្តកំពង់ធំ។ គេដឹងថា ប៉ុល ពត ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ក៏ប៉ុន្តែ ប៉ុល ពត កើតនៅថ្ងៃណា ខែណា ឆ្នាំណា នៅតែជាបញ្ហាមិនច្បាស់លាស់ដដែល។ យោងតាមវិទ្យុជាតិកម្ពុជាប្រជាធិបតេយ្យ ដែលបានផ្សាយនៅឆ្នាំ១៩៧៧ ប៉ុល ពត កើតនៅឆ្នាំ១៩២៥។ ក៏ប៉ុន្តែ យោងតាមឯកសារជាច្រើន ដែលអាណាព្យាបាលបារាំងបានតម្កល់ទុកនៅឆ្នាំ១៩៥០ ប៉ុល ពត សាឡុត កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៨។ ប៉ុល ពត ខ្លួនឯងបានអះអាង ថ្ងៃខែឆ្នាំកំណើតពិតរបស់គាត់ គឺខែមករា ឆ្នាំ១៩២៥ ប៉ុន្តែ បានបន្ថយអាយុ៣ឆ្នាំ ដោយចុះក្នុងបញ្ជីជាតិថាកើតនៅឆ្នាំ១៩២៨វិញ។
            សាឡុត កើតក្នុងគ្រួសារត្រកូលកសិករស្តុកស្តម្ភមួយនៅខេត្តកំពង់ធំ។ ឪពុករបស់ សាឡុត ឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម។ សាឡុត មានបងប្អូនទាំងអស់៩នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី២នាក់។ សាឡុត គឺជាកូនទី៨។
            យោងតាមលោក David Chandler គ្រួសាររបស់ សាឡុត មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបរមរាជវាំង។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ បងស្រីជីដូនមួយម្នាក់របស់ សាឡុត ឈ្មោះ មាឃ គឺជាអ្នករាំរបាំព្រះរាជទ្រព្យប្រចាំព្រះបរមរាជវាំង។ ក្រោយមក មាឃ ក៏បានក្លាយជាស្នំឯករបស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីវង្ស ហើយទទួលបានតំណែងជា ឃុនព្រះម្នាង ដែលមានអំណាចត្រួតលើស្រីទាំងអស់នៅក្នុងវាំង។
បងប្រុសច្បងរបស់ សាឡុត ឈ្មោះ សាឡុត សួង ក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងដែរ។ មិនយូរប៉ុន្មានក្រោយមក ប្អូនស្រីរបស់ សាឡុត ឈ្មោះ សារឿន ក៏បានចូលមកបម្រើការក្នុងក្រុមរបាំព្រះរាជទ្រព្យ ហើយបានក្លាយជាស្នំឯករបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែរ។

            នៅឆ្នាំ១៩៣៤ សាឡុត ដែលកាលនោះមានអាយុ៦ឆ្នាំ (បើគិតតាមថ្ងៃខែឆ្នាំកំណើតដែលបានចុះក្នុងបញ្ជីជាតិ) និងបងប្រុសម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបានគ្រួសារបញ្ជូនពីកំពង់ធំឲ្យមករស់នៅភ្នំពេញជាមួយ មាឃ និង សួង ដែលជាបង។ មិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញ សាឡុត ក៏បានទៅបួសរៀនធម៌ និងភាសាខ្មែរនៅវត្តបុទមវត្តី ដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំង។ គួរបញ្ជាក់ថានៅពេលនោះ ប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំង ហើយនៅតាមសាលារៀនរបស់រដ្ឋ គេតម្រូវឲ្យរៀនជាភាសាបារាំង។
            នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបរទេស ពេល កំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី ប៉ុល ពតបានរៀបរាប់យ៉ាងដូចនេះថា៖ ខ្ញុំជាកូនចៅរបស់កសិករម្នាក់។ ពីតូច ធ្លាប់រួមរស់ ធ្វើការងារស្រែចម្ការជាមួយឳពុកម្តាយ។ ហើយក្រោយមក មកនៅវត្ត ជាទំនៀមទម្លាប់ ដើម្បីរៀនសូត្រអក្សរ។
            ក្រោយពីបានបួសអស់ប៉ុន្មានខែមក នៅឆ្នាំ១៩៣៦ សាឡុត ក៏បានចូលរៀននៅសាលាបឋមសិក្សាកាតូលិកមួយ នៅជិតព្រះបរមរាជវាំង។ សិស្សនៅសាលានោះ ច្រើនតែជាកូនមន្រ្តីរាជការ អ្នកមានឋានៈធំដុំ ហើយថ្លៃសាលានោះទៀតសោត ក៏មានតម្លៃខ្ពស់ដែរ។
នៅក្នុងអំឡុងពេលនោះ មានព្រឹត្តិការណ៍មួយចំនួនបានកើតឡើង ដែលអាចជះឥទ្ធិពលដល់គំនិតរបស់ សាឡុត ជាពិសេសគំនិតបែបជាតិនិយម។
            នៅពេលដែល សាឡុត ទើបតែបានចូលរៀននៅសាលាបឋមសិក្សា សឺន ង៉ុកថាញ់ សឹម វ៉ា និង ប៉ាច ឈឿន ដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក្នុងក្រុងភ្នំពេញ បានទទួលការអនុញ្ញាត​​ពីអាជ្ញាធរបារាំង ឲ្យបោះផ្សាយ​​កាសែតជាភាសាខ្មែរមួយឈ្មោះ នគរវត្តដែលជាកាសែតភាសាខ្មែរលើកដំបូងបង្អស់នៅប្រទេសកម្ពុជា។ កាសែត នគរវត្ត មានចុះផ្សាយនូវអត្ថបទវិចារណកថាជាច្រើន ដែលបង្ហាញពីគំនិតជាតិនិយម។ សាឡុត ដែលរស់នៅជាមួយបង ប្រហែលជាបានអានកាសែតនេះជាប្រចាំ ពីព្រោះថា បើយោងតាមលោក David Chandler មាឃ និង សួង ដែលត្រូវជាបងរបស់សាឡុត បានជាវកាសែត នគរវត្ត មកអានជាប្រចាំ។
            ព្រឹត្តិការណ៍សំខាន់មួយទៀត គឺនៅពេលដែល សាឡុត រៀនជិតចប់បឋមសិក្សា នៅចន្លោះឆ្នាំ១៩៤០ និងឆ្នាំ១៩៤១ បារាំងដែលច្បាំងចាញ់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទីពីរ ក៏បានយល់ព្រមឲ្យថៃកាត់យកទឹកដីខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរទៅគ្រប់គ្រង ដែលជាហេតុបណ្តាលឲ្យប្រជាជនកម្ពុជាមានកំហឹងយ៉ាងខ្លាំង។ សូម្បីតែព្រះបាទ មុនីវង្ស ក៏ខ្ញាល់នឹងការបាត់បង់ទឹកដីនេះយ៉ាងខ្លាំងដែរ រហូតសម្រេចព្រះទ័យចាកចេញពីព្រះបរមរាជវាំងទៅគង់នៅខេត្តកំពង់ឆ្នាំង ហើយបដិសេធឈប់និយាយភាសាបារាំងរហូតដល់ព្រះអង្គចូលទិវង្គត នៅឆ្នាំ១៩៤១។
            ទំនងជាហេតុការណ៍ទាំងពីរនេះហើយ ដែលបានជះឥទ្ធិពលដល់គំនិតរបស់សាឡុត ដែលនៅជាកុមារនៅឡើយ ឲ្យមានគំនិតស្អប់បរទេស និងមានគំនិតជាតិនិយម។
            នៅឆ្នាំ១៩៤២ សាឡុត បានជាប់ឈ្មោះក្នុងចំណោមសិស្ស២០នាក់ ដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយឈ្មោះអនុវិទ្យាល័យព្រះសីហនុដែលបារាំងទើបនឹងបង្កើត នៅខេត្តកំពង់ចាម។
            នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ បាតុកម្មដ៏ធំមួយត្រូវបានរៀបចំឡើងប្រឆាំងនឹងបារាំង។ បាតុកម្មនេះកើតឡើងក្រោយពីអាជ្ញាធរបារាំងបានចាប់ខ្លួនព្រះសង្ឃពីរអង្គ គឺ អាចារ្យហែមចៀវ និង នួន ឌួង ដែលបានទេសនាប្រឆាំងនឹងបារាំង។ បាតុកម្មនេះត្រូវបានដឹកនាំដោយសឺន ង៉ុកថាញ់ និង ប៉ាច ឈឿន ហើយមានអ្នកចូលរួមរាប់ពាន់នាក់ ក្នុងនោះមានព្រះសង្ឃប្រមាណ៥០០អង្គផង។ ដោយយើងមិនដឹងច្បាស់ អំពីថ្ងៃដែល សាឡុត ចាកចេញពីភ្នំពេញទៅកំពង់ចាម យើងមិនអាចដឹងបានទេថាតើសាឡុត បានចូលរួមក្នុងបាតុកម្មនេះដែរអត់?
            នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត បានជួបជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជាអ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ សាឡុត នៅពេលនោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយ បានជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំខ្មែរក្រហមអាចយោគយល់ដល់មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។
            និយាយអំពីអត្តចរិតរបស់ សាឡុត វិញ បើយោងតាមសិស្សដែលរៀនជាមួយ សាឡុត នៅអនុវិទ្យាល័យកំពង់ចាម សាឡុត គឺជាមនុស្សសាមញ្ញម្នាក់ មិនសូវនិយាយស្តីច្រើន ចូលចិត្តលេងបាល់ទាត់ និងបាល់បោះ។ ជាមនុស្សរួសរាយ និងចេះគួរសម ហើយជាមនុស្សមិនបង្ហាញពីមហិច្ឆតាចង់ធ្វើអ្វីឲ្យបានធំដុំនោះទេ។ សាឡុត ខ្លួនឯងក៏ធ្លាប់បានអះអាងស្រដៀងគ្នានេះដែរ។
យោងតាមលោក David Chandler សាឡុត រៀនមិនពូកែនោះទេ គឺរៀនបានត្រឹមតែជាប់មធ្យមភាគប៉ុណ្ណោះ ហើយពេលខ្លះមិនបានទាំងជាប់មធ្យមភាគផង។
            នៅឆ្នាំ១៩៤៧ សាឡុត បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម។ ផ្ទុយពីសិស្សរួមសាលាមួយចំនួន ដូចជា ខៀវ សំផន ជាដើម ដែលបានចូលរៀននៅ វិទ្យាល័យស៊ីសុវត្ថិ ដែលជាវិទ្យាល័យដ៏ល្បីល្បាញនៅភ្នំពេញ សាឡុត បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុងខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក។ បើតាមលោក David Chandler សាឡុត ទៅរៀននៅសាលាបច្ចេកទេសនេះ មិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេ ប៉ុន្តែ មកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិបានជាប់។
            ទោះជាមិនបានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិក៏ពិតមែន តែសាឡុត បានក្លាយជាមិត្តជិតស្និទ្ធជាមួយនឹងសិស្សម្នាក់មកពីវិទ្យាល័យស៊ីសុវត្ថិ គឺ អៀង សារី។ យោងតាមលោកកេង វណ្ណសាក់ ដែលជាមន្រ្តីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ សាឡុត និង អៀង សារី បានចូលរួមយ៉ាងសកម្ម ជួយគណបក្សប្រជាធិបតេយ្យ ក្នុងពេលបោះឆ្នោតជាតិឆ្នាំ១៩៤៧។ នៅពេលនោះ គណបក្សប្រជាធិបតេយ្យ ដែលមានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាប្រធាន បានទទួលជ័យជំនះយ៉ាងលើសលុប ដោយដណ្តើមបាន ៦០​​អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧៥ នៅរដ្ឋសភា។

            នៅឆ្នាំ១៩៤៩ សាឡុត បានទទួលអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិច។ សំណួរសួរថា ហេតុអ្វីបានជា សាឡុត ដែលរៀនមិនសូវពូកែផង តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះ? នេះប្រហែលជាមកពីហេតុផលសំខាន់ពីរ៖

          ទី១នៅពេលនោះ ក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោត កាលពីឆ្នាំ១៩៤៧។ ប្រហែលជាដោយសារតែ សាឡុត បានជួយធ្វើការឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឲ្យ សាឡុត បានទៅរៀននៅបារាំង។

          ទី២ នៅពេលនោះ មិនសូវមានកូនខ្មែរណាមានជំនាញខាងអេឡិចត្រូនិចទេ។ ប្រហែលជាមកពីហេតុនេះហើយបានជាក្រសួងអប់រំបញ្ជូនសាឡុត ដែលរៀននៅសាលាបច្ចេកទេសស្រាប់ ឲ្យទៅបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិច នៅប្រទេសបារាំង។

            ទោះជាក្នុងហេតុផលណាមួយក៏ដោយ សាឡុត បានកា្លយជាសិស្សមួយរូប ក្នុងចំណោមសិស្សពូកែទាំង២១រូប ដែលត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៤៩។ គឺនៅប្រទេសបារាំងនោះហើយ ដែល សាឡុត បានក្លាយទៅជាជនកុម្មុយនិស្ត៕



No comments:

Post a Comment