ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោក ។ ក្រៅពីប្រទេសខ្មែរបច្ចុប្បន្ន ទឹកដីកូសាំងស៊ីនទាំងមូល ផ្នែកខាងត្បូង និងកណ្ដាលនៃប្រទេសឡាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ
។ ហើយមានពេលខ្លះ អំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាឡាយូ និងប្រទេសភូមាថែមទៀតផង ។
ពីសវត្សទី១៣ ដល់ ១៩ ទឹកដីខ្មែរត្រូវរួញបន្តិចម្ដងៗ ដោយសារអំពើរុករានរបស់ជនជាតិសៀម និងជនជាតិយួន ដែលមានបំណងចង់យកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់ពួកគេ
។ ដោយមានការស្នើសុំពីសំណាក់ព្រះរាជាខ្មែរ ហើយដោយស្របនឹងប្រយោជន៍របស់គេផងនោះ បារាំងបានធ្វើអន្តរាគមន៍ចូលមកក្នុងនយោបាយខ្មែរ ហើយប្រហែលដោយសារនោះ ជាតិខ្មែរយើងក៏អាចនៅ
គង់វង្សរហូតដល់សព្វថ្ងៃ ព្រមទាំងអាចថែរក្សាទឹកដីដែលខ្លួនធ្លាប់មានកាលពីសតវត្សទី១៨ ប៉ុន្តែជនជាតិខ្មែររាប់លាននាក់ត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន ហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនបរទេសដែលបានយកទឹកដីខ្មែរធ្វើជារបស់គេ ។
ប្រទេសខ្មែរសព្វថ្ងៃមានផ្ទៃដី ១៨១.០៣៥ គម២ ហើយស្ថិតនៅចន្លោះប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងឈូងសមុទ្រថៃ ។ បើនិយាយអំពីសណ្ឋានដី គេឃើញមានភូមិភាគ ២ ខុសប្លែកគ្នា
៖ មួយផ្នែកជាដីខ្ពស់នៅខាងជើង
ឦសាន និងនិរតី មួយផ្នែកទៀត ជាដីទំនាបនៃតំបន់បឹងទន្លេសាប និងអាងទន្លេមេគង្គ
។
ភូមិភាគដីខ្ពស់ ជាភូមិភាគសម្បូរដោយព្រៃឈើ ហើយមានសណ្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប
។ នៅទិសនិរតី ជួរភ្នំក្រវាញបានលាតសន្ធឹងតាមមាត់សមុទ្រ មានកម្ពស់មធ្យមមិនហួសពី ១០០០ ម ឡើយ ។ នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរ និងប្រទេសថៃ ។ នៅខាងត្បូងជួរភ្នំនេះ គេឃើញមានភ្នំ (ភ្នំដែក) និងខ្ពង់រាបខ្លះ (ភ្នំគូលែន) ។ នៅទិសឦសាន
ខ្ពង់រាបក្រានីត បានលាតសន្ធឹងក្នុងខេត្តរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមានកម្ពស់រហូតដល់ ១០០០ ម (កន្លែងប្រជុំព្រំដែនបី) ។ ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹងបីដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គគឺ ស្រែពក សេសាន និង សេកុង ។
ផ្នែកកណ្ដាលនៃប្រទេសខ្មែរ មានសណ្ឋានជាចានដែកធំមួយ
ដែលគេឃើញមានភ្នំនៅត្រង់នេះខ្លះ ត្រង់នោះខ្លះ
។ គឺនៅត្រង់នោះហើយដែលមានមនុស្សនៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម
ព្រោះជាដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅឥណ្ឌូចិនទាំងមូល ។
ទន្លេមេគង្គ ជាទន្លេធំតែមួយដែលបានឆ្លងកាត់វាលទំនាបខ្មែរពីខាងជើងរហូតដល់ចុងខាងត្បូង
។ ទន្លេនេះមានប្រវែងជាង ៤០០០ គម មានប្រភពចេញពីខ្ពង់រាបទីបេ ហើយហូរកាត់ប្រទេសចិនខាងត្បូង ប្រទេសភូមា
ប្រទេសថៃ ប្រទេសឡាវ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង ។ នៅត្រង់ខោនក្នុងប្រទេសឡាវ ដុំថ្មជាច្រើនបានរាំងផ្លូវទន្លេមេគង្គជាប់ បង្កើតបានជាអាងទឹកមានកម្ពស់ប្រមាណ ២០ ម ហើយដែលជាហេតុបណ្ដាលឲ្យមានល្បាក់ទឹក មិនអាចឲ្យកប៉ាល់ធ្វើចរាចរទៅមកបានឡើយ
។ ដីសណ្ដទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹងដល់ទៅ ២ គម ហើយមានទំហំប្រមាណជា ៦០០ គម ។
វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះដល់សមុទ្រចិន ។ នៅភ្នំពេញទន្លេនេះបែកជាបួនត្រង់កន្លែងដែលគេហៅថា
«ទន្លេបួនមុខ» [ទន្លេធំខាងលើ (ទន្លេមេគង្គ) ទន្លេសាបទន្លេបាសាក់ ទន្លេធំខាងក្រោម] ។
នៅខែមីនា‑មេសា ទឹកទន្លេមេគង្គស្រកចុះច្រើន ហើយនៅនឹងមួយកន្លែង
។ លុះចូលដល់រដូវភ្លៀងជោគជាំនៅខែកក្កដា ទឹកទន្លេឡើងខ្លាំង ធារទឹក (ជីយទង) អាចឡើងដល់ ៥០.០០០ ម៣/វិនាទី (លើសទន្លេក្រហមទៅទៀត ដែលមានធារទឹកត្រឹមតែ ៣០.០០០ ម៣/វិនាទី) ៖ ទន្លេធំ
និងទន្លេបាសាក់ មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរចូលទៅក្នុងបឹងទន្លេសាប (បឹងធំ
បឹងតូច) តាមរយៈដៃទន្លេសាប
។ ដូច្នេះបឹងទន្លេសាបជានីយករមួយយ៉ាងសំខាន់ទប់ទល់កុំឲ្យមានទឹកជន់នៅរដូវវស្សា
។
តាមការសិក្សារបស់អ្នកភូមិសាស្ត្រ បឹងទន្លេសាប ជាស្នាមនៃឈូងសមុទ្រមួយត្រូវបិទជិតដោយដីល្បប់ ដែលទន្លេមេគង្គនាំយកមកចាក់ជារៀងរាល់ឆ្នាំ ។ បឹងនេះមានប្រវែងសរុប ១៦០ គម (បឹងធំ + បឹងតូច + វាល់ភក់) ហើយមានទទឹងជាអតិបរមា ៣៥ គម ។ នៅរដូវសម្រក(មីនា‑មេសា)
ទំហំផ្ទៃទឹកមានប្រមាណ ៣០០០ គម២ ។ នៅរដូវទឹកឡើង (កក្កដា) នៅពេលដែលទឹកទន្លេមេគង្គហូរចូល
កម្ពស់ទឹកឡើងពី ២ ដល់ ១៤ ម ទឹកហៀរចេញពន្លិចតំបន់ជិតខាងរហូតដល់ ២០ ឬ ៣០ គម ។ នៅខែតុលា‑វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ ៖ គឺក្នុងឱកាសនេះហើយដែលប្រជារាស្ត្រខ្មែរនាំគ្នាប្រារព្ធពិធីបុណ្យអុំទូក សំពះព្រះខែ លយប្រទីប ។
គួរកត់សម្គាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំបឹងនេះ
។ ម្យ៉ាងទៀតដោយសារបឹងទន្លេសាបនេះ ព្រមទាំងបឹងមួយទៀត ទឹកជំនន់នៅទន្លេមេគង្គមានភាពមិនសូវសាហាវដូចនៅទន្លេក្រហមទេ
។ គេមិនបាច់ធ្វើទំនប់ ហើយដើម្បីពង្រីកយកដីដាំដំណាំ គេគ្រាន់តែបង្ហូរទឹកចេញពីកន្លែងណាដែលលិចទឹក និងបញ្ចូលទឹកនៅក្នុងដីត្រង់ណាដែលពុំសូវមានទឹក ដោយការជីកប្រឡាយ
។ នេះគឺជាវិធីដែលអ្នកស្រុកអាណាចក្រភ្នំធ្លាប់តែបានអនុវត្តក្នុងការប្រកបរបរកសិកម្មរបស់ខ្លួនជាយូរយារណាស់មកហើយ
។
ខ.
អំពីដើមកំណើតជាតិខ្មែរ
បញ្ហាដើមកំណើតជាតិខ្មែរនេះមានចោទឡើងជារៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវអំពីអរិយធម៌ ឬប្រវត្តិសាស្ត្រខ្មែរ ។ យ៉ាងណាមិញ ជាតិ ឬពូជអំបូរ ជាមូលធម៌មួយយ៉ាងសំខាន់ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវពីអរិយធម៌របស់ជនជាតិណាមួយ
។ ចំពោះខ្មែរយើង ការយល់មិនច្បាស់អំពីអត្តសញ្ញាណនេះហើយ ជាហេតុនាំឲ្យអ្នកសិក្សាខ្លះមានការភ័ន្តច្រឡំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយ ដែលគេយល់ថា មានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរ ។
ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញជាយោបល់ ឬសម្មតិកម្មប្លែកៗគ្នា ហើយជួនកាលក៏ផ្ទុយគ្នាស្រឡះតែម្ដង
។ ប៉ុន្តែយើងអាចប្រមូលយោបល់ ឬសម្មតិកម្មទាំងនោះបានជាបីប្រភេទ ៖
១.
យោបល់ ខ្មែរ គឺ ឥណ្ឌា
យោបល់ដែលយល់ថា ខ្មែរ គឺ ឥណ្ឌា ឬក៏ថា ខ្មែរ និង ឥណ្ឌា ជាជាតិតែមួយ
។ ទស្សនៈបែបនេះ លោកឧកញ៉ា ឈឹម ក្រសេម បានបញ្ជាក់យ៉ាងពិស្ដារក្នុងសៀវភៅ
«ពង្សាវតារខ្មែរ ភាគ១» បោះពុម្ពនៅភ្នំពេញ គ.ស ១៩៧១ ។ លោកបានសរសេរជាអាទិ៍ថា «តាមដែលបានស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមក ហើយប្រាកដថា ក្នុងដែនឥណ្ឌាភាគខាងត្បូងដែលផុតអំពី មធ្យមប្រទេស ជាទីតាំងបរទេសជាច្រើន នៅត្រង់រវាងកណ្ដាលនៃប្រទេសទាំងនោះ គឺត្រង់ដែលហៅថា ទក្ខិណាបទ ឬ ទក្សិណាទ៌្ធគោល មានប្រទេសមួយឈ្មោះ
“កុមេរុ” ជាប្រទេសធំ មានប្រជាជនកុះករច្រើន ខ្មែរយើងដើមឡើយ មុននឹងផ្សាយមកក្នុងកម្ពុជរដ្ឋ អាស្រ័យនៅក្នុង
កុមេរុរដ្ឋ នេះ ប្រទេសរបស់ខ្មែរអំពីបុរាណកាលមក ។ … ឈ្មោះ ជាតិខ្មែរ ហៅត្រឹមត្រូវតាមសូរស័ព្ទដើមថា កុមេរុ ដូច្នេះ តែតាមសំឡេងនិយាយជាធម្មតាថា កុមេរុ៍ ទំនងដូចជាភ្នំព្រះសុមេរុ គេហៅនៅត្រឹម សុមេរុ៍ ។ លុះយូរមក
ឈ្មោះនេះបានក្លាយចេញទៅទៀត ប្រាកដនៅសិលាចារឹកខ្មែរថា “ក្មេរ” ទៅជាសំឡេងផ្សំ ក្រោយសម័យសិលាចារឹកមក បានប្រែជា “ខ្មែរ” ។
… តាំងពីក្រោយពុទ្ធកាលប្រមាណ ២០០ ឆ្នាំមក ជនជាតិខ្មែរបានត្រូវផ្សព្វផ្សាយមករស់នៅក្នុងដែនសុវណ្ណភូមិ
។ … ពួកខ្លះមកដោយប៉ង ដើម្បីរកស៊ីលក់ដូរតាមធម្មតា ពួកខ្លះមកដោយគេចសឹកសង្គ្រាម
។ … អ្នកដែលនាំអរិយធម៌ឥណ្ឌាមកផ្សាយក្នុងដែនដីនេះគឺខ្មែរអាស្រ័យជាតិខ្មែរ ជាអ្នកមានអារ្យធម៌ខ្ពង់ខ្ពស់ទាំងមានឥទ្ធិពល ទើបមកផ្សាយអរិយធម៌របស់ខ្លួនទៅលើជនជាតិទាំងឡាយដែលនៅក្រោមអំណាច និងជាតិទាំងឡាយដែលនៅជិតខាងទៀតផង ដោយហេតុនេះ ទើបមានឆាយាថា “ខ្មែរជាឥណ្ឌាទី២” នៅក្នុងដែនសុវណ្ណភូមិ
។ ពាក្យដែលថា “ខ្មែរយើងចេញមកពីឥណ្ឌា” ដូច្នេះ បើមានអ្វីខ្លះជាសំអាងតបថាក្រៅពីជាតិ
និងប្រទេសដូចពោលហើយ នៅមានភស្តុតាងដទៃទៀតជាច្រើនយ៉ាងជាសំអាងគឺ ៖ ក‑លក្ខណៈអក្សរ និងភាសា ខ‑លទ្ធិប្រពៃណី និងសាសនា
និង គ‑ពង្សាវតារ
និងសេចក្ដីកត់ហេតុ ។
… ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់ស្រុកដើម បានរួមគ្នាទៅជាជាតិមួយហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ ។ … ខ្មែរក្នុងជំនាន់ដើម រូបរាងច្រើនស្រុងៗ ច្រមុះស្រួច សម្បុរកាយស្រអែម
… ឯជាតិជ្វានោះ មានលក្ខណៈរូបរាងយ៉ាងមធ្យម សម្បុរកាយជ្រះ
រូបច្រើនល្អ ។ … ពង្សាវតារភូមាថា មន និង ខ្មែរ ជាបងប្អូនផងគ្នា
ចុះមកពីឥណ្ឌាទាំងពីរពួក តែពួកមនផ្សាយមកមុនបន្តិច ។»
ទស្សនៈរបស់លោកឧកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជាផលប្រយោជន៍របស់គេថែមទៀត ។ លោក Pierre Loti អ្នកនិពន្ធបារាំងដ៏ល្បីល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèrerin d’Angkor ថា «le
people Khmer, rameau détaché de la grande race aryenne…» (ប្រជារាស្ត្រខ្មែរ ជាមែកធាងដែលដាច់ចេញពីមហាអំបូរអារ្យ…) ។
ចំណែកលោក មុំ ស្នើបាមោជ មេធាវីថៃអមតុលាការអន្តរជាតិនាទីក្រុងឡាអេ បានលើកយកទស្សនៈបែបនេះមកធ្វើជាទឡ្ហីករដើម្បីប្រឆាំងខ្មែរយើងក្នុងរឿងក្ដីប្រាសាទព្រះវិហារ ហើយដែលសារព័ត៌មានសៀមឈ្មោះ
«ឆាវថៃ» ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥៩ បានរំឭកថា មុំ ស្នើបាមោជ បាននិយាយថា
ពពួក «ខម» ជាជនពូជអំបូរឥណ្ឌា ។ ជនជាតិថៃមានដើមកំណើតក្នុងខេត្តចិនយូនណាន បានវាយយកជោគជ័យទៅលើជាតិ ខម រហូតដល់ពួកនេះត្រលប់ទៅស្រុកឥណ្ឌាវិញ
។ ដែនដីដែលពីដើមពួក ខម តាំងនៅ ក៏ក្លាយជាដីថៃ ហើយប្រជាជនថៃក៏បែងចែកខ្លួនឯងជាពីរក្រុម ។ ក្រុមទី១ មកតាំងនៅតំបន់ទំនាប ដែលគេឲ្យឈ្មោះសព្វថ្ងៃថា «កម្ពុជា» ។ ក្រុមមួយទៀត បានតាំងនៅតំបន់ខ្ពស់ ហើយថែរក្សាឈ្មោះថៃដដែល ។
២.
យោបល់ ខ្មែរ មិនមែនជា ឥណ្ឌា និងលុកលុយដណ្ដើមទឹកដីជនជាតិដើម
យោបល់ដែលចាត់ទុក ជាតិខ្មែរ ជាជាតិប្រវេសន៍ចេញពីប្រទេសឥណ្ឌា ហើយបានមកលុកលុយដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយគឺជនជាតិក្នុងអំបូរម៉ាឡាយូ‑ប៉ូលីនេស៊ីយែន ឬជនជាតិថៃ‑កាដៃ ប៉ុន្តែជាជនជាតិមួយដោយឡែកពីជាតិឥណ្ឌា ហើយស្ថិតក្នុងអំបូរខ្មែរ‑មន ។ នេះជាទស្សនៈរបស់លោក Denkrik
Kern លោក Adhémard Leclère លោក Paul Benedict លោក Pierre Gourou ។
ចំពោះទស្សនៈនេះ
លោក Pierre Gourou បានបញ្ជាក់ថា ជនជាតិខ្មែរ‑មនប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួក អារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយដោយមាននៅសល់ក្រុមខ្លះ ដូចជាពួក មុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា ។
គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonierដែលយល់ថា
ក្រុម ខ្មែរ‑មន‑មុណ្ឌ មានទីតាំងដើមនៅជើងភ្នំទីបេ ហើយក្រោយមកបានបំបែកជាពីរក្រុមៈ មួយក្រុម (ខ្មែរ‑មន) ចូលមករស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍
ឯមួយក្រុមទៀត(មុណ្ឌ) ចូលទៅនៅក្នុងប្រទេសឥណ្ឌារហូតមកដល់សព្វថ្ងៃ ។
៣.
យោបល់ ខ្មែរ ជាជាតិពិសេសមួយ និងមានដើមកំណើតនៅអាស៊ីអាគ្នេយ៍
យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរ ជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរខ្មែរ‑មន ហើយបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ។ នេះគឺជាទស្សនៈរបស់លោក Bernard
Philippe Groslier និងលោក Marcel
Talabol ជាដើម ។ លោកទាំងពីរនេះយល់ឃើញថា
ក្នុងសម័យបុព្វប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ មានមនុស្សពូជខុសៗគ្នាបានធ្វើដំណើរពីខាងជើងចុះមកភូមិភាគអាស៊ីអាគ្នេយ៍ហើយផ្សំកាត់ជាមួយគ្នា ។ តាមការប៉ាន់ស្មានរបស់លោកទាំងពីរ អំបូរខ្មែរ‑មនយើងកើតមកពីការផ្សំកាត់រវាងពូជមេឡាណេស៊ីយាង និងពូជឥណ្ឌូណេស៊ីយាង ហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្ទចិនរហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។
យើងបានលាតត្រដាងរួចមកហើយនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ ។ ឃើញថា យោបល់ និងសម្មតិកម្មទាំងនោះ
ទោះបីប្លែកគ្នា ក៏បានស្របគ្នាត្រង់ចំណុចដែលថា ខ្មែរ
និង មន ស្ថិតក្នុងអំបូរជាមួយគ្នា គឺអំបូរខ្មែរ‑មននេះឯង
។ ដូច្នេះតទៅនេះ យើងនឹងខិតខំវែកញែករកមើលថា តើខ្មែរ‑មននេះជាអំបូរមួយពិសេស ឬក៏ជាជាតិឥណ្ឌាដែរ ?
បើតាមទស្សនៈរបស់លោកឧកញ៉ា ឈឹម ក្រសេម ឃើញថា ខ្មែរ គឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌា មានឈ្មោះថា ឥណ្ឌា មានទំនៀមទម្លាប់
សាសនា អក្សរ ភាសា ជារបស់ឥណ្ឌា ហើយមនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណៈជាមនុស្សឥណ្ឌាបេះបិទ ហើយលោកបានបញ្ជាក់ថា ខ្មែរ ជា ឥណ្ឌាទី២ ។
ប្រសិនបើយើងលើកយកលទ្ធផលនៃការស្រាវជ្រាវរបស់វិទូក្នុងពិភពលោកមកពិនិត្យមើល ឃើញថា មនុស្សខ្មែរ និងមនុស្សឥណ្ឌា (ទាំងពួកស ទាំងពួកខ្មៅ) មានលក្ខណៈរូបរាងកាយខុសគ្នាឆ្ងាយណាស់ ។
យ៉ាងណាមិញ ខ្មែរមានកម្ពស់ជាមធ្យម ១,៦០ ម និងសន្ទស្សន៍លលាដ៍ក្បាល ៨៤,៥ (ក្បាលមូល) ចំណែក
ឯពួកឥណ្ឌាស (អារ្យ) មានកម្ពស់ ១,៧២ ម និងសន្ទស្សន៍លលាដ៍ក្បាល ៧៣,៨ (ក្បាលពយ) និងពួកឥណ្ឌាខ្មៅ (ទ្រាវិឌ) មានកម្ពស់ ១,៦២ ម និងសន្ទស្សន៍លលាដ៍ក្បាល ៧៦,២ (ក្បាលពយទៀត) ។
ឯការដែលអះអាងថា ខ្មែរចេញពីប្រទេសឥណ្ឌានោះ
តើមានអ្វីអាចបញ្ជាក់បាន ? ត្រង់ទំនៀមទម្លាប់
សាសនា អក្សរ ភាសា ក្នុងផ្នែកនេះ ខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្តែការសិក្សាជីកដល់ជម្រៅបានបង្ហាញឲ្យឃើញថា ខ្មែរយើងមានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុនដែលបានទាក់ទងជាមួយឥណ្ឌា ។ បានសេចក្ដីថា ខ្មែរជាពូជដោយឡែកពីឥណ្ឌា នេះហើយជាទស្សនៈរបស់ក្រុមអ្នកស្រាវជ្រាវទី៣
ដែលយល់ថា អំបូរខ្មែរ‑មនបានកកើតឡើងនៅត្រង់ភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដង ដោយការផ្សំកាត់រវាងពួកមេឡាណេស៊ីយាង (កម្ពស់ពី ១,៦៥ ម ក្បាលពយ) និងពួកឥណ្ឌូណេស៊ីយាង (កម្ពស់ ១,៦០ ម ទៅ ១,៦៣ ម ក្បាលមូល) ។ គួរកត់សម្គាល់ថា ទស្សនៈនេះមានលក្ខណៈស្របនឹងទស្សនៈរបស់ខ្មែរដែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរក៏ដោយ
លុះត្រាតែមាន នាងនាគ នៅស្រុកខ្មែរនេះឯង ទើបបាន ព្រះថោង (ដែលគេថាមកពីស្រុកឥណ្ឌា)
បានជួបប្រភពគ្នា
ដោយបានគ្រប់គ្រងស្រុក គោកធ្លក នេះដែរ
។ បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ
។ និយាយពីដើមកំណើតជាតិខ្មែរនេះដែរ
លោក Maurice Claize អតីតអភិរក្សអង្គរ បានសរសេរជាអាទិ៍ថា
«Ce n’est nullement, comme certains le croient, un people d’origine purement Indienne qui serait venu, à la suite de
migrations, se fixer dans une region vide d’habitants,
ou en aurait éliminé les elements indigenes par des massacres ou des
deportations en masse: le people Khmer est un people autoclitone hindouisé.» (មិនមែនដូចអ្នកខ្លះបានយល់នោះទេថា ជាប្រជារាស្ត្រមួយដែលមានដើមកំណើតជាឥណ្ឌាសុទ្ធសាធ ហើយដែលបានមកតាំងនៅក្នុងតំបន់មួយគ្មានមនុស្ស ឬក៏បានចម្ចាត់ពួកអ្នកស្រុកអាយ ដោយការសម្លាប់រង្គាល ឬការនិរទេសទាំងហ្វូងៈ ប្រជារាស្ត្រខ្មែរ គឺជា អ្នកស្រុកដើម ដែលបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា) ។
ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ
បានសរសេរថា «Le
Cambodgien n’est pas de race hindoue;
il est le result de nombreux croisements avec un fond malayo-indonésien…» (ខ្មែរមិនមែនជាមនុស្សពូជសាសន៍ឥណ្ឌាទេៈ ខ្មែរជាលទ្ធផលនៃការផ្សំកាត់ច្រើនជាមួយនឹង មលយូ‑ឥណ្ឌូណេស៊ីយាង) ។
ចំពោះយោបល់ដែលថា ខ្មែរបានលុកលុយដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅលើរឿងព្រេងខ្មែរដែលបាននិទានថា មានស្ដេចចាមមួយអង្គបាននាំបរិវារ ៥០០ នាក់ ជិះសំពៅកំសាន្តតាមមហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោកបក់មកនាំឲ្យវិនាសសំពៅអស់ទៅ ក៏រសាត់ទៅដល់កោះគោកធ្លក ហើយបានរស់នៅទីនោះតទៅ ។ តាមយោបល់យើង ការដែលថា ជ្វា ឬ ចាម ជាម្ចាស់ដើមនៅស្រុកគោកធ្លក ដូចជាមិនទំនង ព្រោះពួកនោះជាអ្នកចំណូលថ្មី បានជិះសំពៅមកពីស្រុករបស់គេ (មិនដឹងច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់ស្មានមើល ប្រហែលមកពីម្ដុំខ្ពង់រាបខ្ពស់ប្រទេសវៀតណាមសព្វថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូណេស៊ី ព្រោះចរន្តច្រើនចុះពីជើងទៅត្បូង) ។ តាមសេចក្ដីដំណាលរបស់រឿងព្រេងដដែល ឃើញថា ព្រះថោង បានមករៀបការជាមួយ នាងនាគី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះថោងទៅទៀត ។ បើដូច្នេះ តើយើងចាត់ទុកថា នាងនាគី នេះជាអ្វី ? ជាសត្វតិរច្ឆានមែនៗ ឬក៏ជាមនុស្សដើមបង្អស់នៅទីនោះ ? (នាងចេះកាឡាខ្លួនជាមនុស្ស មានរូបរាងល្អ) ។
រួមសេចក្ដីមក ឃើញថា មានភ័ស្តុតាងជាច្រើនបង្ហាញថា ខ្មែរ ជាជាតិមានចំណាស់ បានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយដោយឡែកអំពីអំបូរឥណ្ឌា ហើយដែលនរវិទូលោកឲ្យឈ្មោះហៅថា អូស្ត្រូអាស្យាទិក ។ ជាតិខ្មែរ បានកើតឡើង បានវិវត្ត ហើយមានជីវិតស្ថិតស្ថេររហូតដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរ្តិ៍ដំណែល ។ ចំណែកជនជាតិដទៃទៀតដែលបាន
No comments:
Post a Comment