អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

បទសម្ភាសន៍ ប៉ុល ពត ឆ្នាំ ១៩៧៨ អំពីការឈ្លានពានរបស់យួន

ដកស្រង់ពីការផ្សាយរបស់ RFI បាន​ផ្សាយ​នៅ 16/09/2009

 (​ថ្ងៃទី 12 មេសា ឆ្នាំ 1978) សម​មិត្ត ប៉ុល ពត លេខា គណៈ​ធម្មាធិការ មជ្ឈិម​បក្សកុម្មុយនិស្ត​កម្ពុជា និង ជា​រដ្ឋមន្ត្រី​ទី ១ នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ បានអនុញ្ញាត​ឲ្យ​តំណាង​ទីភ្នាក់ងារ សារ​ព័ត​មាន​កម្ពុជា​ប្រជាធិបតេយ្យ ចូលជួប​សម្ភាសន៍ ស្ដីអំពី​សភាពការណ៍ ដែល​យួន
សំណួរ :ក្នុង​សភាពការណ៍ ដែល​យួន​នៅតែ​បន្ត​ចូល​ឈ្លានពាន​កម្ពុជា ប្រជាធិបតេយ្យ​យើង យ៉ាង​មមាញឹក យើងខ្ញុំ​ជា​តំណាង ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា​ប្រជាធិបតេយ្យ សូម​ស្នើ​សម​មិត្ត បញ្ជាក់​ថែម​ពី​សភាពការណ៍ យួន​ឈ្លានពាន​នេះ តើ​វា​យ៉ាងណា​? គោលបំណង​វា​យ៉ាងណា​? ដើម្បី​យើងខ្ញុំ​យកទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាជន និង កងទ័ព​បដិវត្តន៍​កម្ពុជា​យើង ជ្រាប​បន្ថែមទៀត​។​​

ចម្លើយ :ចំពោះ​បញ្ហា​យួន​ឈ្លានពាន វាត​លេប​ទឹកដី ចង់​បំបាត់​ពូជសាសន៍​កម្ពុជា​យើង ប្រជាជន និង កងទ័ព​បដិវត្តន៍​កម្ពុជា​យើង បាន​ជ្រួតជ្រាប​ណាស់​ទៅហើយ ព្រោះ​គេ​ទាំងឡាយ​ធ្លាប់​ទទួលរង​គ្រោះ ដោយផ្ទាល់​អំពី​សំណាក់ យួន​ឈ្លានពាន​វាតទី​លេប​ទឹកដី​នេះ​ជា​បន្តរ​បន្ទាប់ ដោយ​ខ្លួនគេ​តែម្ដង ។ ម្យ៉ាងទៀត បក្ស​យើង និង​រដ្ឋាភិបាល​យើង ព្រមទាំង​កាសែត​ទស្សនាវដ្ដី និង​វ​ទ្យុ​យើង បាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ ជា​ហូរហែ​មកហើយ​យ៉ាងច្បាស់​លាស់​ណាស់​ហើយ ។

     ដូច្នេះ ក្នុងឱកាស​នេះ​ខ្ញុំ​សូម​ឆ្លើយ​និង​សំនួរ សម​មិត្ត​តែ​លើ​ចំណុច​ខ្លះៗ​តែប៉ុណ្ណោះ ។ មុននឹង​មានមតិ​អំពី​បញ្ហា​យួន​ឈ្លានពាន វាតទី​លឹប​ទឹកដី តាម​សំណួរ របស់​មិត្ត​នេះ ខ្ញុំ​សូម​តាងនាម​រដ្ឋាភិបាល កម្ពុជា​ប្រជាធិបតេយ្យ​សម្ដែង​នូវ​ការគោរព កោតសរសើរ​យ៉ាង​ស្ងប់​ស្ញែង ដល់​វីរ​ប្រជាជន កម្ពុជា​យើង​ទាំងមូល វីរ​កងទ័ព បដិវត្ត​យើង​ទាំងមូល ដែល​បាន​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ យ៉ាងរឹងមាំ ក្រោម​ការដឹកនាំ​របស់​គណបក្ស កុ​ម្មុយ​និ​ស្ត កម្ពុជា​យើង ប្រយុទ្ធ​តស៊ូ​ប្រឆាំង​កម្ចាត់កម្ចាយ គ្រប់​អំពើ​ឈ្លានពាន រំលោភ សង្ករ​រឿងហេតុ​លេប​យក​ទឹកដី​នេះ អោយ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ និង​យ៉ាង​ជូរចត់​ជាទីបំផុត និង​ជា​បន្តបន្ទាប់​។​​អំពី​សំណួរ​របស់​សម​មិត្ត ខ្ញុំ​សូម​ឆ្លើយ​ដូចតទៅ ៖ យួន​មិន​បោះបង់ចោល​គោល​គំនិត សហព័ន្ធ​ឥណ្ឌូចិន​របស់​វា​ទេ ។វា​អនុវត្ត​គោល​គំនិត​នេះ​ជា​ខ្សែសង្វាក់ ដោយមាន​ផែនការ និង​ដំណើរការ​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ 1930 ជា​រៀង​រហូតមក​។ ដំបូង​វា​ចង់បាន សហព័ន្ធ​ឥណ្ឌូចិន​ជា​រដ្ឋ​តែ មួយ ប្រទេស​តែមួយ នៅក្នុង​ឥណ្ឌូចិន​របស់​យួន​នេះ ។ ក្រោយមក​វា​ធ្វើជា​លើក​បញ្ហា ដោយ​កិច្ចព្រមព្រៀង ឬ សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​គ្នា ពិសេស​ខាង​នយោបាយ ក្នុង​និង​ក្រៅប្រទេស ខាង​យោធា ខាង​សេដ្ឋកិច្ច វប្បធម៌ ដោយ​គ្មាន​ព្រំដែន ។ ​
     ក្រោយពេល​រំដោះ​ឆ្នាំ 1975 ហើយ យួន​បាន​លើកយក​បញ្ហា​នេះ ដោយ​រក្សា​រូបភាព​នេះ​ទៀត ។ នេះ​ជា​ខ្លឹមសារ​បញ្ចាំង​អោយឃើញ​អំពី សហព័ន្ធ​ឥណ្ឌូចិន​របស់​យួន ។ ដូច្នេះ​ខ្លឹមសារ​នេះ​ការរំលាយ​ព្រំដែន ដើម្បី​ផ្សារភ្ជាប់​កម្ពុជា​អោយទៅជា​ផ្នែក​មួយ​របស់​យួន នៅក្នុង​សហព័ន្ធ​ឥណ្ឌូចិន​របស់​វា ។ តាមរយៈ​នេះ យួន​មកកាន់​កាប់​គ្រប់គ្រង​បក្ស រដ្ឋអំណាច យោធា សេដ្ឋកិច្ច នយោបាយ ក្នុងប្រទេស ក្រៅប្រទេស រហូតដល់​ប្រែក្លាយ​ទៅជា​ផ្នែក​មួយ​របស់​យួន ហើយ​ប្រជាជន កម្ពុជា ក្លាយទៅជា​ជនជាតិភាគតិច​របស់​យួន ។ ឯ វិធី​ដំណើរការ​អនុវត្ត​ផែនការ​របស់​វា​គឺ វា​ធ្វើ​សកម្មភាព​ចារកម្ម​គ្រប់បែបយ៉ាង វិទ្ធង្សនា ស៊ី​រូង​បង្កប់​ផ្ទៃក្នុង បំបែកបំបាក់​សាមគ្គីភាព ផ្ទៃក្នុង វា​ដំណើរការ​នេះ​ជា​យូ​យា​ណាស់​មកហើយ ហើយ​ជា​បន្តបន្ទាប់ ។

     ពិសេស​ពី ឆ្នាំ 1965 ដល់​ឆ្នាំ 1975 ពេលដែល​វា​មកសុំ​ធ្វើ​ជម្រក​នៅលើ​ទឹកដី​កម្ពុជា វា​ឆ្លៀតឱកាស​នោះ កេង​ប្រើ​មិត្តភាព​របស់​ប្រជាជន​កម្ពុជា ធ្វើជា​វិទ្ធង្សនា បង្ក​ជា​បក្ស​មួយ​ដោយឡែក បង្កើតជា​កងទ័ព​មួយ​នៅលើ​ទឹកដី​កម្ពុជា​ដែល​បដិវត្ត​គ្រប់គ្រង​ហើយ ហើយ​ដែល​កម្ពុជា​មានចិត្ត​សន្ដោស​អោយ​វា​រស់នៅ ។ វា​យក​កម្លាំង​ទាំងនេះ មក​អុកឡុក​រដ្ឋអំណាច បដិវត្ត​កម្ពុជា​វិញ រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​មិនចេះចប់ ។ ប៉ុន្តែ​វា​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់ ។ ​ដោយឡែក​ចំពោះ​បក្ស​ក្នុង​រយៈកាល 1970 ដល់ 1975 យួន​បាន​ខំប្រឹង​គ្រប់​វិធី​ទាំងអស់​ដ៏​ឧក្រិដ្ឋ ប៉ុនប៉ង កម្ទេច គណៈកម្មាធិការ មជ្ឈិម​បក្សកុម្មុយនិស្ត ដ៏​ត្រឹមត្រូវ ហើយ​បន្តុប​ពួតដៃ​ជើង​របស់​វា ដែលមាន​ជា​សមាសភាព អាវាសែ ពុករលួយ ក្បត់​បដិវត្ត និង​និង​មិនដឹង​ងោះ​អី​ចាំតែ​ថា បាទ​តាម​យួន ឲ្យ​មក​ជំនួស​វិញ​។
   ប៉ុន្តែ​សកម្មភាព​ដ៏​កខ្វក់ របស់​យួន​នេះ​ត្រូវបាន​បរាជ័យ​យ៉ាង​អាម៉ាស់ ដោយ​កងទ័ព​បដិវត្ត បាន​ប្រយុទ្ធ​ប្ដូរផ្ដាច់​តាម​គោលជំហរ ឯករាជ​ម្ចាស់ការ​លើ​ខ្លួនឯង ខ្លួន​ទីពឹង​ខ្លួន ខ្លួន​កាន់កាប់​ជោគវាសនា​របស់​ខ្លួនឯង​។​​ដល់​ឆ្នាំ 1975 ក្រោយ​បាន​រំដោះ​ហើយ យួន​បន្តធ្វើ​សកម្មភាព​រំលោភ បង្កហេតុ​ឈ្លានពាន រៀន​ចំ​ធ្វើ​រដ្ឋប្រហារ ដោយ​រួមផ្សំ កម្លាំង សេ​.​អ៊ី​.​អា គោលបំណង​វាយកម្ទេច​បដិវត្ត​កម្ពុជា វា​បាន​ធ្វើជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ 1975 ដល់​ឆ្នាំ 1976 និង 1977 តែ​វា​ត្រូវ​បរាជ័យ​ជា​បន្តបន្ទាប់​ទៀត​។​
​តើ​យួន​វា​បោះបង់ចោល​មហិច្ឆតា​ឈ្លានពាន ហើយ​ឬ​នៅ​? វា​មិន​បោះបងចោល​ទេ កងទ័ព​វា​ទាំង​កងពល កាំភ្លើង​ធំៗ រថក្រោះ វា​នៅតែ​បន្ត​បាញ់​ផ្លោង​បាញ់​ផ្ដោត​មកលើ​កម្ពុជា​។
      ជាក់ស្ដែង​នៅ ថ្ងៃទី 7 មេសា ឆ្នាំ 1978 ក្នុងពេលដែល​យួន​ស្រែក​ក្ដែ​ងៗ​ថា វា​មិន​គិតគូ​ដល់​សហព័ន្ធ​ឥណ្ឌូចិន​ទៀត​ទេ ថា​វា​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន កងទ័ព​យួន​ជាង​មួយ​កងពល បាន​វាយលុក​សំដៅ ទម្លុះ​ព្រំដែន ទម្រង់​លក​ទាន់ហន់ និង​ភ្នំ​ជាវ​ប្ដី ក្នុង​ខេត្តកំពត ។ ក្នុងពេល​ជាមួយគ្នានេះដែរ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង វា​ប្រើ​កម្លាំង​ប្រហែលជា ពីរ​កង​វីរសេនា​ធំ ប៉ុនប៉ង​វាយលុក​ចូល​កម្ពុជា​ដែរ ។ ខាង​កំពង់ចាម ខាងកើត​ព្រំដែន​នា​ស្រុក ពញាក្រែក មេមត់ ត្រ​មូង យួន​ក៏​ប្រើ​កងទ័ព​ជាង 1 កងពល វាយលុក​ឈ្លានពាន​ចូល​កម្ពុជា​ដែរ​។ ហើយ​នៅលើ​ផ្លូវ​លេខ 13 ពី ឡុ​ក​និ​ញ មក​ស្នួល នៅតាម​ព្រំដែន យួន​ប្រើ​កម្លាំង​វា​ជិត ពីរ​កង​វីរសេនា ធំ​វាយលុក​ចូល​ទឹកដី​កម្ពុជា​។ នេះ​មិន​រាប់​ពី​សកម្មភាព​ឈ្លានពាន​ដែលមាន​ទ្រង់ទ្រាយ មធ្យម និង​តូច​ដែល​វា​ប្រើ​កម្លាំង​ត្រឹម​វីរសេនា​តូច និង​អនុ​សេនា​ធំ នៅ​ខេត្តមណ្ឌលគិរី​និង​រតនគិរី ទេ​។ តើ​នេះ​ជាការ​ចៃដន្យ ឬ​ជា​ផែនការ​ស៊ីសង្វាក់​គ្នា​? នេះ​ច្បាស់​ណាស់ មិនមែន​ជាការ​ចៃដន្យ​ទេ តែ​ជា​ផែនការ​គិតគូរ​ទុកជាមុន​ជា​ខ្សែសង្វាក់​។​​ប្រជាជន និង​កងទ័ព​បដិវត្ត​យើង​ដណ្ដើមបាន​ជ័យជំនះ​យ៉ាង​ធំ មួយលើកទៀត ។

     ជាក់ស្ដែង​នៅ​សមរភូមិ កំពត​នៅ ថ្ងៃទី 07 ខែមេសា ឆ្នាំ 1978 វេលា​ម៉ោង 6 ព្រឹក កងទ័ព​យួន​ជាង​មួយ​កងពល​បើកឆាក​ម​ក​រំលោភ​ទឹកដី​កម្ពុជា ។ នៅ​ម៉ោង 12 កងទ័ព​យើង​បាន​វាយ​កងទ័ព​យួន​ងាប់ រដូករណែល និង​រត់ ទីណា​ត់ទី​ណែ​ង ត្រឡប់​ក្បាល​ទៅវិញ​។ នៅ​សមរភូមិ កំពង់​ត្របែង​ក៏​វា​បាក់ ។ ស្នួល ក៏​វា​បាក់ ។ នៅ​ពញាក្រែក មេមត់ ត្រ​មូង ក៏​វា​បាក់ ។ គឺ​គ្រាន់តែ វា​អើយ​ក្បាល​មក​ភ្លាម កងទ័ព​យើង​វាយ​វា​អោយ​បរាជ័យ​ភ្លាម​។ យើង​ឃើញច្បាស់​ថា យួន​វាច​ង់​ចរចា ចងមិត្តភាព​ពិសេស សាមគ្គីភាព​ពិសេស ដោយ​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ស្អី​វា​នោះ គ្រាន់តែ​ជាការ​បោកប្រាស់​បិទបាំង​នូវ​អំពើ​ឈ្លានពាន​របស់​វា​តែប៉ុណ្ណោះ គឺ​គ្រាន់តែ​ឃោសនា បន្លំ​មតិ​ប្រជាជន​វៀតណាម និង​មតិ​សកលលោក​។​​តើ​គោលជំហរ​ដោះស្រាយ​របស់​កម្ពុជា​ប្រជា​អធិបតេយ្យ​យ៉ាងដូចម្ដេច ? ខ្ញុំ​បានប្រកាស​ជា​ឱឡារិក​នៅ​ថ្ងៃទី 17 ខែមករា ឆ្នាំ​1978 រួចមកហើយ ព្រម​ជាមួយនេះ ខ្ញុំ​ក៏បាន​បញ្ជាក់​ក្នុង​សម្ភាសន៍ ចំពោះ​អ្នកកាសែត យូ​ហ្គិ​ស្លា​រី ថ្ងៃទី 17 ខែ មិនា ឆ្នាំ 1978 រួចមកហើយ​ដែរ​។

   ឥឡូវ​ខ្ញុំ​សូមបញ្ជាក់​ម្ដង​ទៀតថា​៖យួន​ត្រូវតែ​គោរព​ដោយស្មោះ​ត្រង់​នូវ ឯករាជភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា និង​សិទ្ធ​ចាត់ចែង​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ។ យួន​មិនត្រូវ​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង មិន​ត្រូវធ្វើ​វិទ្ធង្សនា ចារកម្ម រំលោភ​ឈ្លានពាន បាញ់​ផ្លោង បាញ់រះ មកលើ​ទឹកដី​កម្ពុជា ជាដាច់ខាត​។ គឺ​ព្រៃផ្សៃ ខុសច្បាប់​អន្តរជាតិ ដើម្បី​មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម នោះ​វៀតណាម​ត្រូវគោរព <​ខ​> ខាងលើនេះ​ជាដាច់ខាត ហើយ​ត្រូវ​បោះបង់ចោល​គំនិត និង​ផែនការ សហព័ន្ធ​ឥណ្ឌូចិន ផែនការ​បក្ស​តែមួយ ប្រទេស​តែមួយ ប្រជាជន​តែមួយ កងទ័ព​តែមួយ​។​​ក្នុង​សភាពការណ៍​ដូច្នេះ ប្រជាជន និង​កងទ័ព​បដិវត្ត​កម្ពុជា​យើង លើកកម្ពស់​ស្មារតី ប្រុងប្រយ័ត្ន​បដិវត្ត​ជាន់ខ្ពស់​ជានិច្ច ការពារ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ដែនដី កិត្តិយស របស់ខ្លួន​ជាដាច់ខាត ហើយ​កម្ចាត់​យួន​ឈ្លានពាន​លេបទឹក​ដី ឲ្យ​វា​បរាជ័យ​ជា​បន្តបន្ទាប់ និង​ជា​រៀងរហូត​។

   តាម​ទស្សនៈ​ខាងលើ​គឺ​បាន​រៀបរាប់​អំពី​គោលជំហរ របស់ ប៉ុល ពត ក្នុងការ​ទប់ស្កាត់​អំពី​ការឈ្លានពាន​របស់​កង​ទ័ព​យួន ហើយ​ខ្ញុំ​ក៏​មិនសូវ​ជា​យល់​ប៉ុន្មាន​ដែរ ព្រោះ​បើតាម​ការដែល​ខ្ញុំ​ធ្លាប់​ដឹង ពី​សារព័ត៌មាន​ផ្សេងៗ​តែងតែ​និយាយថា កងទ័ព​វៀតណាម​ជា​អ្នក​ចូលមក​រំដោះ​កម្ពុជា ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ទាំងឡាយ​ដែល ប៉ុល ពត បាន​រៀបរាប់​គឺថា កងទ័ព​វៀតណាម ចូលមក​ឈ្លានពាន​ទៅវិញ​។

តើ​អ្នកមាន​ទស្សនៈ​យ៉ាងម៉េច​ដែរ​?

No comments:

Post a Comment