បច្ចុប្បន្ននេះ
គេសង្កេតឃើញថា ព្រះសង្ឃក៏ប្រើប្រាស់ទូរស័ព្ទដែរ
ហើយមានព្រះសង្ឃអង្គរខ្លះទៀត ប្រើសុទ្ធតែសេរីទំនើបទៀតផង។
មានមតិមួយចំនួន បានរិះគន់ថា
ការប្រើប្រាស់ទូរស័ព្ទដៃទំនើបបែបនេះធ្វើឲ្យព្រះសង្ឃអាចប្រើប្រព័ន្ធអ៊ីនធឺណិត
អាចមើលឃើញរូបភាព និងវីដេអូអាសអាភាសដោយចៃដន្យទោះបីជាចេតនា
ឬមិនចេតនាក្ដី វានាំឲ្យប៉ះពាល់តម្លៃរបស់ព្រះពុទ្ធសាសនា។
សម្រាប់យុវជនមួយចំនួន
មិនហាមឃាត់ព្រះសង្ឃក្នុងការប្រើប្រាស់ទូរស័ព្ទដៃទេ
តែចង់ឲ្យប្រើត្រឹមសេរីអិនចុចពិលបានហើយ។
“ព្រះសង្ឃគួរប្រើប្រាស់ទូរស័ព្ទដៃធម្មតា
ឧទាហរណ៍អិនចុចពិលបានហើយ”។
នេះជាសំណូមពររបស់យុវជន សួ សុខជា និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សុខជា បានបង្ហាញពីហេតុផលថា បើសិនជា
ព្រះសង្ឃប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ អាចប៉ះពាល់ធ្ងន់ធ្ងរ
ដល់ភាពជាគ្រហស្ត ដោយសារតែលោក អាចមានឱកាសច្រើន
ដឹងពីរឿងសង្គមមួយចំនួន ដែលវិន័យក្នុងព្រះពុទ្ធសាសនាបានហាមឃាត់។
និយាយដូច្នេះមិនមែនមានន័យថាហាមមិនឲ្យព្រះសង្ឃប្រើប្រាស់ទូរស័ព្ទដៃនោះទេ
សម្រាប់កញ្ញាខឹម រានី និស្សិតផ្នែកគណនេយ្យបានឲ្យដឹងថា
ព្រះសង្ឃអាចប្រើប្រាស់ទូរស័ព្ទធម្មតា
ដែលមិនបង្កឲ្យមានផលប៉ះពាល់ដល់សាសនាបាន ពោលគឺប្រើសម្រាប់
សួរសុខទុក្ខញាតិមិត្តបានហើយ តែបើដល់សេរីទំនើបៗវិញ អាចមានមើលឃើញរូបភាព
ឬរឿងផ្ដេសផ្ដាស។
កញ្ញាម្នាក់នេះបានបន្ថែមថា ”ត្រឹមសេរីមធ្យមៗល្មមអាចប្រើបានហើយ”។
មិនខុសពីនាក់ទាំង៣ខាងលើប៉ុន្មាន យុវជន សុផល
ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបាននិយាយថា
ការប្រើប្រាស់ទូរស័ព្ទដៃដូចជាមិនចាំទាល់តែសោះសម្រាប់ព្រះសង្ឃព្រោះលោកបាន
លាចាកពីកាមកិលេស រឿងរ៉ាវក្នុងសង្គមហើយ
ដូច្នេះមិនគួរមានទូរស័ព្ទដើម្បីដឹងរឿងរ៉ាវឡើយ
គឺមានតែការខិតខំរៀនសូត្រប្រតិបត្តិតាមវិន័យទៅជាការស្រេចទៅហើយ។
ឆ្លើយតបទៅនឹងកង្វល់ខាងលើតាមរយៈបទសម្ភាសន៍របស់ Sabay ជាមួយព្រះភិក្ខុ
ឃាន ឃ័ង គង់នៅ វត្តខ្ទរ នៅ ព្រែកលាប មានសង្ឃដីកាថា
ការប្រើប្រាស់ទូរស័ព្ទដៃទំនើប ឬមិនទំនើប ហើយប៉ះពាល់ដល់សាសនានោះ
វាអាស្រ័យទៅលើព្រះសង្ឃប៉ុណ្ណោះ ដោយហេតុថា
ការប្រើប្រាស់ទូរស័ព្ទដៃទំនើបមានផលល្អនិងអាក្រក់ដូចគ្នា។
ផលល្អវាអាចជំនួយដល់ការសិក្សាស្រាវជ្រាវ របស់ភិក្ខុសង្ឃដែលនៅរៀន ពោលគឺ
អាចជំនួសកុំព្យូទ័របានដើម្បីស្វែងរកឯកសារផ្សេង
តែបើក្នុងផលអាក្រក់ បើសិនជាព្រះសង្ឃប្រើប្រាស់ដើម្បីមើលរូបភាព
ឬរឿងនោះ គឺធ្វើឲ្យប៉ះពាល់ដល់សាសនាជាក់ជាមិនខាន។
សម្រាប់ព្រះអង្គរផ្ទាល់ គឺប្រើប្រាស់ទូរស័ព្ទអិនចុចពិលប៉ុណ្ណោះ ដើម្បីសួរសុខទុកទៅញោម នៅស្រុកកំណើតប៉ុណ្ណោះ ហើយបើត្រូវការអ៊ីនធឺណិត ព្រះអង្គររកតាមហាងគិតម៉ោងវិញ។ ព្រះអង្គក៏ឯកភាពដែរថា ព្រះសង្ឃមិនចាំបាច់ប្រើទូរស័ព្ទទំនើបនោះទេ។
ឯកឧត្ដម
ដោក ណារិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ចំពោះ
ការប្រើប្រាស់ទូរស័ព្ទមានរូបភាពវីដេអូវាខុសវិន័យសង្ឃបាត់ទៅហើយបញ្ហាខាងលើនេះក្រសួងតែងតែ
ដាស់តឿននិងក្រើនរំលឹកដល់ព្រះសង្ឃតាមរយៈមហាសន្និបាតមន្ត្រីសង្ឃជាបន្តបន្ទាប់ឲ្យការប្រើប្រាស់ត្រឹមទំនាក់ទំនងតិចតួចប៉ុន្តែក្រសួងមិនទាន់បានតាមដានដោយផ្ទាល់ចំពោះការប្រើប្រាស់របស់ព្រះសង្ឃនាពេលបច្ចុប្បន្ននៅឡើយ។
យោងតាមប្រភពព័ត៌មានមួយដែលបានដកស្រង់របាយការណ៍ចំនួនព្រះសង្ឃនៅទូទាំងប្រទេសរបស់ក្រសួងធម្មការ
និងសាសនា បានបញ្ជាក់ថា តួលេខនៅក្នុងឆ្នាំ២០១១ កន្លងទៅនេះ
នៅទូទាំងប្រទេស មានវត្ដចំនួន ៤.៥១៤ វត្ត
និងព្រះសង្ឃសរុបមាន ៥៦.៨២០ អង្គ៕
អត្ថបទ៖ កង ចាន់បញ្ញា
រូបថត៖ iisd.ca និង asiancorrespondent.com
No comments:
Post a Comment