ការងារត្រូវនឹងជំនាញ
ឆ្នាំ១៩៩៨លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានសម្រេចចិត្តចូលបម្រើការងារក្រៅម៉ោងជាអ្នកស្ម័គ្រចិត្តជាមួយអង្គការសហប្រជាជាតិបណ្ដើរៗ ។ ឆ្នាំ១៩៩៩ ទើបប្រឡងបញ្ចប់ទទួលបានបរិញ្ញាបត្រពេញលេញដោយធ្លាប់មានបទពិសោធន៍ជាអ្នកស្ម័គ្រចិត្តលោកត្រូវបានកម្មវិធីសិទ្ធលំនៅឋានមនុស្សជាតិទីក្រុង របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN
HABATATជ្រើសរើសលោកឲ្យបំពេញមុខតំណែងជាជំនួយការបច្ចេកទេសដែលមានបៀវត្សរ៍ជាង៣០០ដុល្លារ។ លោកចូលបម្រើការងារនេះដោយសារតែពាក់ព័ន្ធនឹងជំនាញស្ថាបត្យកម្មរបស់លោកផងដែរ។
បោះបង់ប្រាក់ខែដើម្បីបន្តការសិក្សា
ជាបុគ្គលិកដែលមានសមត្ថភាព ប្រធានរបស់ពេញចិត្តដោយបង្កើនការងារបន្ថែម និងតំណែងកាន់តែខ្ពស់ជាងនេះទៅទៀត ដោយមានក្ដីប្រាថ្នានៅវ័យកុមារចង់ធ្វើជាអ្នកមានទ្រព្យសម្បត្តិហើយចង់ធ្វើជាមនុស្សពូកែជាគំរូសម្រាប់ក្មេងជំនាន់ក្រោយច្រើន។ ក្នុងអំឡុងពេលនោះ លោកតែងតែសង្កេតឃើញថា អ្នកដែលអាចកាន់តំណែងខ្ពស់ប្រាក់ខែច្រើនបានទាល់តែអ្នកមានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិត ទើបអាចនាំលោកឲ្យទទួលបានបៀវត្សច្រើន ធ្វើជាដើមទុនប្រកបអាជីវកម្ម។
នៅឆ្នាំ២០០០ លោកបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យបច្ចេកទេសអាស៊ី AIT នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលនោះលោកបានជួបជាមួយភរិយានាពេលបច្ចុប្បន្នរបស់លោក ដែលកាលនោះអ្នកទាំងពីរជាមិត្តរួមថ្នាក់។
ចេះប្រាកដប្រាក់រត់តាមហៅ!
ឆ្នាំ២០០២ លោកបាន បញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ ហើយលោកបានវិលត្រលប់មកប្រទេសកម្ពុជាវិញ។ នៅពេលនោះ ដោយសារតែមានចិត្តចង់ធ្វើជាអ្នកជំនួញ លោកបានសម្រេចមិនចូលបម្រើការងារស្ថាប័នណាឡើយ។ ដោយសារចំណេះដឹងខ្ពស់ផ្នែកការអភិវឌ្ឍន៍លំនៅឋានលោកត្រូវបានអង្គការធំមួយចំនួនទទួលធ្វើជាទីប្រឹក្សាគម្រោង ដែលមានដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ជនបទ អង្គការចៃការជប៉ុន គម្រោងរបស់អង្គការសហប្រជាជាតិជាច្រើនផងដែរ ដែលកាលណោះលោកបានទទួលប្រាក់កម្រៃជាង៣ពាន់ដុល្លារក្នុង១ខែ ហើយអាចលើសនេះទៅទៀតក៏មាន។
មានចំណេះពិត កន្លែងការងារ ដដែលតែតំណែងខ្ពស់!
៥ឆ្នាំក្រោយដោយមើលឃើញនូវស្នាដៃ និងសមត្ថភាព ចំណេះជំនាញកាន់តែច្បាស់លាស់ គួបផ្សំនឹងការទំនាក់ទំនងល្អជាមួយមិត្តចាស់ៗផងនោះ នៅឆ្នាំ២០០៧ លោកបានជាប់ជាប្រធានអង្គការសិទ្ធិលំនៅឋានមនុស្សជាតិទីក្រុង របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UN
HABATAT ជាអង្គការដែលលោកធ្លាប់បម្រើ ក្នុងមុខដំណែងត្រឹមជាជំនួយការបច្ចេកទេស។
ប្រាក់ខែច្រើនតំណែងខ្ពស់ចាប់ផ្ដើមមានគំនិតជាសហគ្រិន
អំឡុងពេលទៅសិក្សានៅស្រុកថៃ លោកបានជួបបណ្ឌិតសេដ្ឋកិច្ចម្នាក់ ដែលបាននិយាយថា “អ្វីដែលប្រទេសក្រីក្រគេបំភ្លេចគឺកម្លាំងពលកម្ម” ពាក្យនេះហើយដែលចាប់ផ្ដើមឲ្យលោកគិត ថាតើលោកត្រូវធ្វើអ្វីដើម្បីជួយដល់អ្នកគ្មានការងារធ្វើ បានទទួលប្រាក់កម្រៃចិញ្ចឹមជីវិត។ និងនៅឆ្នាំ២០០២ លោកបានជួបបណ្ឌិតសហស្ថាបនិកទូរទស្សន៍ម្នាក់ទៀត ដោយគាត់បាននិយាយថា”កាលខ្ញុំអាយុ២៧ឆ្នាំ ខ្ញុំមានក្រុមហ៊ុន២៨”។ ពាក្យសម្ដីរបស់អ្នកទាំងពីរនេះ បានជំរុញឲ្យលោកចាប់ផ្ដើមគិតកិច្ចការជំនួញ។
ឆ្នាំ២០០៦ លោកបានជួបជាមួយមិត្តភ័ក្ដិ ២នាក់របស់លោក ដែលធ្លាប់សិក្សាជាមួយគ្នានៅបាងកកដោយសារមានចិត្តដូចគ្នា ក៏ពិភាក្សាគ្នារឿងជំនួយ។
ពុំធ្លាប់មានបទពិសោធន៍ជាអ្នករកស៊ីចំណាយលើសផែនការ
ក្នុងឆ្នាំ២០០៧ដដែលលោកនិងមិត្តភ័ក្ដិបានសម្រេចចិត្ត បើកសណ្ឋាគារមួយនៅជិតផ្សារឡាក់គីដែលក្នុងគម្រោងរបស់លោកមានចំនួន៧បន្ទប់ ហើយថវិកាបានមកពីការចូលគ្នាជាមួយមិត្តភ័ក្ដិរបស់លោក ក្នុងរង្វង់ទឹកប្រាក់ប្រហែល៣ពាន់ដុល្លារ និង៥ពាន់ដុល្លារ ប៉ុណ្ណោះក្នុងម្នាក់ៗ។ ប៉ុន្តែការអនុវត្តពិតប្រាកដចំណាយអស់ជិត១០ម៉ឺនដុល្លារ។ ការលំបាកបំផុតក្នុងពេលចាប់ផ្ដើមនោះ គឺអ្នកទាំងបីសុទ្ធតែជានាក់មិនធ្លាប់រកស៊ីដូចគ្នា ដូច្នេះជួបការលំបាកយ៉ាងខ្លាំង ដូចជាការគ្រប់គ្រង ការចាត់ចែងការងារជាដើម ប៉ុន្តែមិត្តភ័ក្ដិទាំងបីនាក់មានចិត្តតែ១ បានតស៊ូរហូតដល់សណ្ឋាគារដំណើរការបានល្អ។
បញ្ហាចោទក្នុងពេលពង្រីកអាជីវកម្ម
ដោយមើលឃើញទីផ្សារល្អរយៈពេល៤ឆ្នាំកន្លងទៅ ត្រឹមឆ្នាំ២០១១លោកបានបង្កើតសណ្ឋាគារចំនួន៤បន្ថែមទៀត អ្វីដែលជាការលំបាកបំផុតសម្រាប់លោកគឺដើមទុន លោកបានរំលឹកថាចាប់ផ្ដើមពីការសន្សំប្រាក់ដែលរកបានមកដាក់បញ្ចូលទៅក្នុងការវិនិយោគ និងបន្ទាប់មកខ្ចីក្រុមគ្រួសារអស់រលីងតែម្ដងយកទៅវិនិយោគបន្តទៀត។ លោកថា សំណាងល្អដែរ ដោយសារតែលោកជាមនុស្សក្រុមគ្រួសារទុកចិត្តលោក ព្រោះលោកជាមនុស្សដែលធ្លាប់ផ្ដល់នៅក្ដីសង្ឃឹមច្រើនសម្រាប់មនុស្សទូទៅ ដែលស្គាល់លោក។
មូលហេតុដែលជំរុញឲ្យជឿជាក់លើមុខរបរនេះ
លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិ លោកមានបេសកកម្មជាច្រើនដែលត្រូវទៅក្រៅប្រទេស ដែលស្នាក់នៅសុទ្ធតែសណ្ឋាគារលំដាប់ផ្កាយ៥ ដូច្នេះជាឱកាសសម្រាប់លោកដកស្រង់យកបទពិសោធ និងដឹងពីស្ថានភាពក្នុងមុខរបរសណ្ឋាគារនេះ។ ភាពជោគជ័យទាំងនេះបាននាំឲ្យលោកឃ្លាតឆ្ងាយពីការងារ នៅពាក់កណ្ដាលឆ្នាំ២០១០ទើបលោកសម្រេចចិត្តឈប់ពីការងារមកគិតរឿងមុខជំនួញវិញ។
បច្ចុប្បន្នភាព
លោកមានអាយុ៣៨ឆ្នាំ មានកូនម្នាក់អាយុ២ឆ្នាំ ភរិយាឈ្មោះ សារ៉ាន់យ៉ា ជនជាតិថៃ។ លោករៀបការនៅឆ្នាំ២០០៤ ជាគ្រូបង្រៀននៅប្រទេសថៃ។ លោកមានក្រុមហ៊ុនចំនួន១ ឈ្មោះ frangipani ដែលមាន៣សាខានៅភ្នំពេញ និង២សាខាទៀតនៅសៀមរាប សរុបបុគ្គលិកមានជាង១០០នាក់។ គម្រោងសម្រាប់អនាគត គឺកសាងបន្ថែមសាខាមួយទៀតនៅជិតវាលព្រះមេន ក្នុងរាជធានីភ្នំពេញ និង បើក ហាង កាហ្វេបែបអឺរ៉ុបចំនួន១ទៀត និងក្រុមហ៊ុននាំចូលគ្រឿងសំណង់បន្ថែមទៀតដើម្បីសាងសង់និងចាប់ដៃគូជាមួយអ្នកណាដែលចង់សាងសង់ ចំណែកឯភរិយារបស់លោកវិញ គ្រោងនឹងបើកក្រុមហ៊ុនឌីហ្សាញមួយបន្ថែមទៀត ដែលសរុបដើមទុនវិនិយោគគិតមកទល់ពេលនេះមានប្រមាណជាង១លានដុល្លារ។
បទពិសោធន៍ជីវិតនិងការផ្ដាំផ្ញើ
សម្រាប់យុវជនដែលមានចិត្តចង់ទទួលបាននូវភាពជោគជ័យដូចលោក ចូរកុំគិតថាទាល់តែអ្នកដែលចាប់ផ្ដើមពីឆ្នាំ១៩៧៩ទើបទទួលបានជោគជ័យនោះទេ សម្រាប់លោកផ្ទាល់ យុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ កុំយកលុយជាធំ មានន័យថា យុវជនភាគច្រើនតែងតែគិតថា ធ្វើការងារទាល់តែមានប្រាក់ខែខ្ពស់ និងកន្លែងខ្លាញ់រកលុយបាន ទើបធ្វើការដូច្នេះ យុវជន គួតែគិតថាធ្វើការដើម្បីរៀនសូត្រ ការងារអ្វីក៏ដោយឲ្យតែអាចមានឱកាសរៀនសូត្រទទួលចំណេះសម្រាប់ថ្ងៃអនាគតទើបជាការប្រសើរបើទោះបីជាបៀវត្សតិចក៏ដោយ។
រកស៊ីតែងតែមានហានិភ័យ
យុវជនមួយចំនួនពេលជួបលោក តែងតែសួរលោកថា តើគួរចាប់ផ្ដើមយ៉ាងណា បើពួកគេគ្មានដើមទុនផងហ្នឹង? លោកពន្យល់ថា “ខ្ញុំក៏យល់ស្របដែរថា លុយពិត ជារឿងសំខាន់ ប៉ុន្តែដូចខ្ញុំអញ្ចឹងគឺបានចាប់ផ្ដើមពីការទៅធ្វើការបានប្រាក់យកមកសន្សំ បានច្រើនហើយ ទើបបង្កើតផែនការឲ្យបានច្បាស់លាស់ ទើបបោះទុនវិនិយោគ”។ លោកបន្តថា ធម្មតា ដើមទុនដំបូងត្រូវខ្ចីពីក្រុមគ្រួសារឬអ្នកជុំវិញខ្លួនហើយ សំខាន់ជាងនេះ ត្រូវក្លាហានក្នុងការវិនិយោគ អ្នកខ្លះមានលុយទិញឡានជិះរាប់ម៉ឺនដុល្លារហើយត្អូញថា”អត់មានអីរកស៊ីទៀត” នេះដោយសារតែពួកគាត់ខ្លាចខាត ធម្មតារកស៊ីត្រូវតែមានហានិភ័យ។
អាជីវកម្មគួរចាប់ផ្ដើមពីតូចទៅធំ
យុវជនត្រូវគិតថា ភាពជាអ្នកមានមិនលំបាកនោះទេ សំខាន់ជាងគេគឺការចាប់ផ្ដើមអាជីវកម្មត្រូវធ្វើពីតូចទៅធំ ប៉ុន្តែតូចនោះត្រូវតែខ្លឹមហើយថ្មីខុសពីគេ។ ពេលជោគជ័យហើយមិនលំបាកនោះទេ គឺ គ្រាន់តែធ្វើរបស់ដដែលបន្ថែមទៀតតែប៉ុណ្ណោះ ដូច្នេះកាលណាច្រើនទៅនឹងរីកធំឡើង។
ធ្វើអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ មិនមែនដើម្បីលុយនោះទេ
លោកបានលើក ឧទាហរណ៍ថា “សម្រាប់អ្នកជោគជ័យនៅប្រទេសជប៉ុន លោកបណ្ឌិត លី កូកៅ ថា លុយមិនមែនជាបញ្ហានោះទេ ធនធានមនុស្សទេទើបជាបញ្ហា គេធ្វើដើម្បីតែប្រាក់ចំណេញគឺមិនជោគជ័យនោះទេ ដូច្នេះពេលដែលខ្ញុំបង្កើតអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ ពេលភ្ញៀវមកស្នាក់នៅហើយគេឲ្យលុយយើង ហើយគេញញឹមអរគុណយើង ហើយទៅស្រុកកំណើតវិញប្រាប់តគ្នាថា កន្លែងយើងល្អគេនឹងមកបន្តទៀត ដូច្នេះអាជីវកម្មរបស់យើងនឹងទទួលបានជោគជ័យជាមិនខាន”៕
អត្ថបទ៖ កង ចាន់បញ្ញា
No comments:
Post a Comment