“ធ្វើអាជីវកម្មដើម្បីកេរ្តិ៍ឈ្មោះ មិនមែនដើម្បីលុយនោះទេ” ។ នេះជាប្រសាសន៍របស់លោក ឌិន សុមេធារិទ្ធ អគ្គនាយកក្រុមហ៊ុន សណ្ឋាគារ frangipani
មានន័យថា ដើមផ្កាចំប៉ី ដែលជាក្មេងកំព្រាឪពុក តែខិតខំរៀនសូត្រ
ក្លាយជាសិស្សពូកែ រហូតទទួលបានជោគជ័យក្នុងការងារដោយ ចាប់ផ្ដើមពីប្រាក់ខែ១៥០ដុល្លារ រហូតដល់ ៣ពាន់ដុល្លារ និងមានក្រុមហ៊ុនផ្ទាល់ខ្លួន។
លោក ឌិន សុមេធារិទ្ធ កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ ដែលអ្នកម្ដាយឈ្មោះ តេង ស៊ីណា និងលោកឪពុកឈ្មោះ ធួក ខេត្ត
មានមុខរបរជាគ្រូបង្រៀន
កើតក្នុងត្រកូលមន្ត្រីរាជការ ជាកូនពៅក្នុងចំណោមបងប្អូន២នាក់។
ឆ្នាំ១៩៧៥ របបវាលពិឃាដប៉ុលពត បានចូលមកកាន់កាប់ប្រទេសទាំងមូល កាលនោះលោកទើបតែមានតែប៉ុណ្ណោះ។ គ្រួសាររបស់លោក ក៏ដូចជាប្រជាជនទូទៅដែរត្រូវបានរបបប៉ុលពតជម្លៀសចេញពីទីក្រុង ឲ្យទៅរស់នៅទីជនបទដាច់ស្រយាលស្ថិតនៅចន្លោះ ខេត្តកំពង់ចាម និងព្រៃវែង។ ជាងនេះទៅទៀត ក្នុងរបបខ្មៅងងឹតមួយនេះ បានចាត់ទុកអ្នកចេះដឹង ឬបញ្ញាវន្ត ថាជាសត្រូវរបស់បដិវត្តន៍ ដូច្នេះឪពុកលោកជាគ្រូបង្រៀន គឺជាទិសដៅទី១ដែលត្រូវបានកម្ទេច។
ឆ្នាំ១៩៧៩ របបប៉ុលពត បានដួលរលំទាំងស្រុង ប្រជាពលរដ្ឋកម្ពុជាជាទូទៅបានចាប់ផ្ដើម ប្រកបមុខរបរចិញ្ចឹមជីវិតឡើងវិញ។ មុខរបរជាអ្នកធ្វើស្រែចម្ការមានការលំបាក ដោយសារមុនសម័យប៉ុលពត ធ្លាប់មានស្វាមីជាគ្រូបង្រៀន ដែលកាលណោះអាចចិញ្ចឹមគ្រួសាររស់បានយ៉ាងស្រួល ក៏ប៉ុន្តែ ដោយសារម្ដាយរបស់លោក ធ្លាប់មានជំនាញផ្នែកដេរប៉ាក់ ដូច្នេះ ម្ដាយរបស់លោកបាននាំលោក និងបងស្រីរបស់លោកមករស់នៅក្នុងទីក្រុងភ្នំពេញវិញ ដោយប្រកបមុខរបរជាជាងកាត់ដេរ។
អង្គុយរៀនផ្ទាល់នឹងឥដ្ឋ
រស់នៅទីក្រុងភ្នំពេញនៅម្ដុំផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានហាងកាត់ដេរសំលៀកបំពាក់តូចមួយ។ ឆ្នាំ១៩៨០ ដោយធ្លាប់មានឪពុកជាអ្នកចេះដឹង ម្ដាយរបស់លោកមិនព្រងើយកន្តើយឡើយ បានបញ្ជូនលោក និងបងស្រីលោកឲ្យចូលរៀន នៅសាលាបឋមសិក្សាខេមរបុត្រ ដែលមានទីតាំងនៅម្ដុំក្រោយពេទ្យចិន។ លោកបានរំលឹកថា រៀនក្នុងថ្នាក់ គឺអង្គុយបត់ជើងផ្ទាល់នឹងឥដ្ឋ ដោយកាលណោះក្រណាស់ ពុំមានតុ-កៅអី សម្រាប់រៀនដូចសព្វថ្ងៃនេះទេ។
ក្ដីសង្ឃឹមរបស់អ្នកម្ដាយចំពោះកូន
ពិតណាស់ថា ជាស្រីមេម៉ាយ មានមុខរបរជាជាងកាត់ដេរ មានកូនពីរនាក់ក្នុងបន្ទុក ជាការលំបាកណាស់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែម្ដាយរបស់លោកតែងតែផ្ដល់ក្ដីសង្ឃឹមថា ពេលកូនរៀនសូត្របានខ្ពង់ខ្ពស់ និងទទួលបានកម្រិតជីវភាពធូរធារ ដូច្នេះក្តីជំរុញ និងលើកទឹកចិត្តរបស់ម្ដាយបែបនេះ ធ្វើឲ្យលោកប្រឹងប្រែងរៀនសូត្រ។ ពេលទំនេរ ពីការទៅរៀននៅសាលា លោកតែងជួយការងារកាត់ដេរម្ដាយ លោកតែងតែខិតខំប្រឹងប្រែងមើលសៀវភៅ។
អនុស្សាវរីយដែលលោកបំភ្លេចមិនបានកាលណោះ ស្បែកជើងមិនសម្បូរដូចសព្វថ្ងៃនេះទេ។ កាលណោះភាគច្រើនក្មេងៗពុំមានស្បែកជើងពាក់ទេ ម្ដាយរបស់លោកបានទិញស្បែកជើងឲ្យលោកពាក់ បានប្រហែល១សប្ដាហ៍ប៉ុណ្ណោះ គ្រាន់តែពាក់ចូលផ្ទះអ្នកជិតខាងគឺត្រូវចោរលួចបាត់តែម្ដង។
ដើរទៅរៀន ក៏អាចជាសិស្សពូកែ
ឆ្នាំ១៩៨៦ លោកចូលរៀននៅអនុវិទ្យាល័យចតុមុខ និងបានរើផ្ទះ មករស់នៅម្ដុំអតីតទូរទស្សន៍ជាតិ ដូច្នេះផ្ទះរបស់លោកនៅជិតសាលារៀនផង លោកបានសម្រេចចិត្តដើរទៅរៀនរាល់ថ្ងៃ។ លោកចូលចិត្តដើរតាមផ្លូវព្រះនរោត្ដមណាស់ ដោយសារមានដើមឈើធំៗ បានផ្ដល់ជាម្លប់ត្រជាក់ដល់លោក។
កាលណោះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការរៀនសូត្រ លោកត្រូវបានសាលាបញ្ជូនឲ្យចូលរៀនក្នុងថ្នាក់ពិសេស អក្សរសាស្ត្រខែ្មរ និងគណិតវិទ្យាថែមទៀតផង ដោយទទួលបានចំណាត់ថ្នាក់ខ្ពស់ចន្លោះពីលេខ ១ដល់លេខ៣ ក្នុងចំណោមសិស្សក្នុងថ្នាក់ជាច្រើននាក់។ នៅឆ្នាំ១៩៨៩ ដោយកាលណោះការទទួលឲ្យចូលរៀនត្រូវប្រឡង លោកបានខិតខំរៀនសូត្រ រហូតដល់ប្រឡងជាប់ បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ មិនខុសពីរៀននៅអនុវិទ្យាល័យដែរ លោកត្រូវបានឲ្យចូលរៀននៅក្នុងថ្នាក់ពិសេសដដែល។
ធ្លាប់មានជីវភាពជាកូនអ្នកក្រ ស្រមៃចង់ធ្វើអ្នកមាន
ក្ដីស្រមៃរបស់លោកតាំងពីក្មេងមក ទោះបីជាដឹងថា ជីវភាពរបស់ក្រុមគ្រួសារលោកមធ្យម និងស្ថានភាពប្រទេសជាតិនៅក្រីក្រក៏ដោយ លោកតែងតែនឹកស្រមៃថា ចង់ក្លាយជាអ្នកមាន ព្រោះលោកគិតថាកាលណាលោករៀនសូត្របានចេះដឹង លោកនឹងអាចធ្វើការក្នុងមុខតំណែងខ្ពស់ អាចរកចំណូលបានច្រើន ដែលអាចឲ្យលោករស់នៅដោយក្ដីស្រណុក។
អ្វីដែលលោកបានចងចាំមិនភ្លេច គឺមិត្តភ័ក្ដិកាលណោះស្រឡាញ់គ្នាណាស់ មិនសូវគិតពីរឿងលុយកាក់ទេ។ មានពេលខ្លះ ទិញទឹកអំពៅ១ថង់ ញ៉ាំ ៥នាក់ក៏មានដែរ។ មកទល់បច្ចុប្បន្ននេះមិត្តភ័ក្ដិរួមថ្នាក់ពិសេសទាំងអស់របស់លោកដែលសុទ្ធតែជាសិស្សពូកែ មានការងារសុទ្ធតែតំណែងធំៗក្នុងស្ថាប័នរដ្ឋ និងឯកជន។
កម្រិតឧត្ដមសិក្សាមិនងាយដូចសម័យបច្ចុប្បន្នទេ
ឆ្នាំ១៩៩២ លោកបានប្រលងបាក់ឌុបជាប់ ហើយបានសម្រេចចូលរៀននៅមហាវិទ្យាល័យ
ស្ថាបត្យកម្ម និងនគរោបនីយកម្មវិទ្យានៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ប៉ុន្តែការចូលរៀនកម្រិតឧត្ដមសិក្សាកាលណោះមិនដូចសព្វថ្ងៃបង់លុយចូលរៀននោះទេ អ្នកចង់ចូលរៀនត្រូវដាក់ពាក្យចូលប្រឡង និងរៀនត្រៀមមុនរយៈពេល២ឆ្នាំ និងរៀនរយៈពេល៥ឆ្នាំទៀតទើបទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ ។
ស្ថាបត្យកម្ម និងនគរោបនីយកម្មវិទ្យានៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ប៉ុន្តែការចូលរៀនកម្រិតឧត្ដមសិក្សាកាលណោះមិនដូចសព្វថ្ងៃបង់លុយចូលរៀននោះទេ អ្នកចង់ចូលរៀនត្រូវដាក់ពាក្យចូលប្រឡង និងរៀនត្រៀមមុនរយៈពេល២ឆ្នាំ និងរៀនរយៈពេល៥ឆ្នាំទៀតទើបទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ ។
លោករំលឹកថាក្នុង១ឆ្នាំសាលាទទួលតែ៣០នាក់ប៉ុណ្ណោះឲ្យចូលរៀនមុខវិទ្យានេះដូច្នេះត្រូវមានការប្រឡង។ ការប្រឡងប្រជែងដែលមានអ្នកចូលរួមប្រឡងរាប់រយនាក់ ហើយអ្នកទាំងនោះគឺត្រូវចំណាយពេលចូលរៀនត្រៀមរយៈពេល២ឆ្នាំជាមុនទើបបានប្រឡង ហើយបើប្រឡងមិនជាប់គឺ អ្នកទាំងនោះត្រូវចំណាយរយៈពេល២ឆ្នាំចោល។ ដូច្នេះនៅពេលលោកប្រឡង គឺត្រូវប្រឡងជាមួយសិស្សថ្មីផង និងសិស្សធ្លាក់ឆ្នាំមុនៗផង តែដោយការខិតខំរៀនសូត្រលោកបានប្រឡងជាប់និងបានចូលរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទីមួយ។
ធ្វើការបណ្ដើររៀនសូត្របណ្ដើរ
ឆ្នាំ១៩៩៦ដោយមានក្ដីស្រឡាញ់ផ្នែកស្ថាបត្យកម្ម លោកសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២ លោកបានសម្រេចចិត្តចូលបម្រើការជាបុគ្គលិកក្រុមហ៊ុនសំណង់របស់គ្រូលោក ជាការងារក្រៅម៉ោងទទួលប្រាក់ឈ្នួលក្នុង១ម៉ោងបានទទួលកម្រៃ៨០សេន ដែលសរុបក្នុង១ខែ លោកអាចទទួលកម្រៃប្រហែល១៥០ដុល្លារ។ដូច្នេះលោកអាចរកលុយបានដើម្បីជួយកាត់បន្ថយបន្ទុកការចំណាយលើម្ដាយរបស់លោក ជាពិសេសលោកអាចទទួលបានបទពិសោធបណ្ដើរពីការងារទាំងនោះ។
ការងារក្រៅម៉ោងនេះ ជួនយប់ ជួនថ្ងៃ ហើយបើទោះបីជាមានការនឿយហត់ខ្លាំងយ៉ាងនេះក្ដី ក៏លោកនៅតែពេញចិត្តការងារផ្នែកសិល្បៈតុបតែងបែបនេះដែរ។
No comments:
Post a Comment