អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 12 May 2012

ក្មេង​គេច​​សាលា​កែ​ខ្លួន​ជា​អគ្គនាយក

ជាអគ្គនាយកក្រុមហ៊ុនដែល​​កាល​​ពីនៅ​​ក្មេងធ្លាប់ជាក្មេង​​គេចសាលាមិនចូលរៀនហើយថែមទាំងដើរលេងផឹកស៊ីសប្បាយរហូតដល់ប្រឡងធ្លាក់ត្រូវឪពុកម្ដាយបញ្ជូនមករៀននៅភ្នំពេញអាចកែប្រែជីវិតមកជាមនុស្សម្នាក់ដែលស្គាល់ពីតម្លៃនៃការសិក្សា រហូតឈានដល់​​ទទួលបាន​​​ជោគជ័យក្នុងជំនួញគួរជាទីកោតសរសើរ ដែលបច្ចុប្បន្ន​​ជាអគ្គនាយកក្រុមហ៊ុនម៉ាស៊ីនត្រជាក់HNT​​

លោកកឺក ណារិន កើតថ្ងៃទី​០២ ខែកក្កដាឆ្នាំ​១៩៨២ នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្ត​​កណ្ដាលមានបងប្អូន​៧​នាក់។លោកជាកូនទី​៤ក្នុងត្រកូលជាប់ខ្សែស្រឡាយចិនមានជីវភាពមធ្យមម្ដាយឈ្មោះប៉ាង គឹមសេង ឪពុកឈ្មោះទាវ កឺក មានមុខរបរមេជាងសិប្បកម្មដែកប៉ោត
ក្មេង​​មិនចង់រៀនសូត្រ
ឆ្នាំ​១៩៨៦ ​កុមារកឺក ណារិន បានចូលរៀនបឋមសិក្សារកាកោង។កាលណោះគ្រួសារលោកមានជីវភាពមធ្យម។ឪពុកលោកជាជាងប៉ោត និងជាអ្នកលក់ផ្ទាល់តែម្ដង។ ដូច្នេះមិនមានទេការ លំបាកសម្រាប់​​លោក​​ ហើយថែមទាំងពួកគាត់មិនសូវបានតាមដានការសិក្សារបស់លោកផង។កាលនោះលោក​​​មិនបានចូលរៀនទៀងទាត់ទេ​ ​ព្រោះលោកបានវក់នឹងបាល់ទាត់​ ​និង​​ដើរលេងមិនចូលរៀនជាមួយមិត្តភ័ក្តិ​​ ជាពិសេស​​មានមិត្តភ័ក្ដិជាក្រុមអ្នកដើរលេង​​ទៀត។

ម៉ោងសិក្សា​មិនចួលសាលា គិតតែដើរលេង
ឆ្នាំ​​១៩៩២លោកបានចូលរៀននៅវិទ្យាល័យមង្គលបុរីប៉ុន្តែចរិតជាក្មេងជំទង់ធ្លាប់ដើរលេងមិនចូលរៀននៅ​​តែបន្តនិងរឹតតែខ្លាំងលើសដើម។ ក្នុងពេលទំនេរលោកជួយធ្វើការផ្ទះ តែម៉ោងរៀន​​លោកមិនបានចូលរៀនឡើយ គឺមានតែលេងបាល់ទាត់និងការដើរលេងនៅក្រៅរបងសាលា​​ប៉ុណ្ណោះ តែមិនដល់ថ្នាក់ដើរវ៉ៃគេនោះទេ។បើម៉ោងរៀនមិនចូលសាលាផង តើបានចំណេះពីណាមក ចំណាត់ថ្នាក់​​ដែលលោកទទួលបាន មិនល្អម្ដងណាឡើយ តែជាភ័ព្វសំណាងលោកក៏​​ប្រលងចេះតែជាប់បានឡើងថ្នាក់ជាមួយមិត្តរួមថ្នាក់។កាលណោះផ្ទះរបស់លោកមានបងប្អូនច្រើនដូច្នេះលោកជិះកង់ទៅរៀន ដែល​​មើលទៅរាង​​ឡូយជាងគេបន្តិច។​ ​ អនុស្សាវរីយដែលលោកបានចងចាំគឺពេលមានភ្លៀងធ្លាក់ត្រូវនឹងកង់ដែលលោកយកមកជិះនោះចាស់ស្រាប់ បានរអិលធ្លាក់ចូលប្រឡាយភក់​​ ​ប្រឡាក់ពេញខ្លួន
ទម្លាប់ដើរលេងរហូតដល់ខូចអនាគត បោះបង់ការសិក្សា
រហូតដល់ចូលរៀនថ្នាក់ទី​១១ ទម្លាប់ជាក្មេងអាក្រក់មិនអាចកែ ​ ​ជាក្រុមក្មេងមិនគិតរៀនសូត្រ គិតតែពី​​ដើរលេងសប្បាយលេងល្បែងស៊ីសងពេលខ្លះដើរលេង​​ដាច់យប់មិនចូលផ្ទះ ផឹកស៊ីជាហ្វូងជាក្រុមទំនើង​​ចាស់ប្រដៅមិនស្ដាប់។ ជាវ័យក្មេងឈាមរាវ ចង់សាកចង់ដឹងអ្វីគ្រប់យ៉ាង នៅពេលនោះលោកបានសម្រេចចិត្តមកជាមួយមិត្តភ័ក្ដិមកដើរលេងនៅភ្នំពេញមិនផ្ដល់ដំណឹងដល់អ្នកផ្ទះដោយបានចូលបារាំកម្សាន្តឈ្លក់វង្វេងភ្លើតភ្លើននិងភ្លើងពណ៌រហូតអស់លុយពីខ្លួនទើបវិលត្រលប់ទៅស្រុកកំណើត ជាទូទៅមនុស្សចាស់តែងតែប្រដៅកូនចៅថា យុវជនកាលណាធ្លាប់ស្គាល់រស់ជាតិសប្បាយហើយមិនអាចប្រមូលអារម្មណ៍រៀនបន្តបានឡើយ។ នៅពេលប្រឡងឡើងថ្នាក់ទី​១១មិត្ត​រួមថ្នាក់គេឡើងថ្នាក់ទាំងអស់​​ តែលោកបែរជាប្រឡងធ្លាក់។ ជាមួយគ្នានោះលោកក៏បានសម្រេចចិត្តឈប់រៀនដោយឥតស្ដាយស្រណោះបន្តិចសោះឡើយ

ខ្លាចកូនគ្មានអនាគតឪពុកម្ដាយបញ្ជូនមក​​រៀនបន្តនៅភ្នំពេញ

ខ្លាចកូន ប្អូនគ្មានអនាគតឪពុកម្ដាយ និងបងរបស់លោកបាននាំគ្នាជំរុញឲ្យលោកមករៀនបន្តនៅភ្នំពេញ លោកក៏សម្រេចចិ ត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែក្នុងចិត្តរបស់លោក​មានបំណងផ្សេងទៅវិញ គឺមកទីក្រុងភ្នំពេញដើម្បីហាត់វ៉ៃគ្នា​​(តៃក្វាន់ដូ) សម្រាប់ការពារខ្លួនព្រោះធ្លាប់ជាក្មេងដើរលេងច្រើន។ ដូចបំណងដែលបានប៉ងប្រាថ្នាលោកបានហាត់តៃក្វាន់ដូមែនតែអ្វីហាក់ដូចជាមិនដូចការគិតរបស់លោកកាលនៅស្រុក​កំណើតដោយសារតែមិនមានការចាំបាច់អ្វីត្រូវហាត់​​វ៉ៃគ្នាឡើយ

មកដល់ភ្នំពេញអ្វីបានប្រែប្រួល

ឆ្នាំ​១៩៩៩ ដល់ដីភ្នំពេញអ្វីហាក់ប្រសើរឡើងវិញរស់នៅផ្ទះឪពុកមាដែលមានកូនសុទ្ធតែជាអ្នករៀនសូត្រដែលជាគំរូល្អ។ ម្យ៉ាងទៀតឃ្លាតឆ្ងាយពីមិត្តភ័ក្ដិអាក្រក់​​រស់នៅស្រុកកំណើតដូច្នេះលោកបានចាប់ផ្ដើម​​រៀនភាសាអង់គ្លេសឡើងវិញគឺរៀននៅម្ដុំសាលាបាក់ទូក។ត្រឹមនេះ ​​ហាក់ដូចជាភាពជាអ្នកចេះដឹងចាប់ផ្ដើមប្រាកដខ្លួនម្ដងទៀត។ នៅជិតបងប្អូនជាអ្នកខិតខំរៀនសូត្រទើបដឹងថារៀនសូត្រមានតម្លៃកម្រិតណា។ នៅពេលនោះលោកនៅបន្តហាត់តៃខ្វាន់ដូប្រឹងប្រែងរៀន​​ភាសាបរទេសនិងចាប់ជំនាញបន្ថែមជាជាងម៉ាស៊ីនត្រជាក់។

អនុស្សាវរីយដែលលោកចងចាំ គឺក្នុងអំឡុងពេលនោះរៀងរាល់ព្រឹកលោកត្រូវក្រោកពីគេងនៅ​​ម៉ោង​​៥ទៅហាត់តៃក្វាន់ដូនៅស្តាតអូឡាំពិក ម៉ោង​៦ជិះកង់ទៅរៀនភាសាអង់គ្លេសនៅបាក់ទូក ម៉ោង​៧ជិះទៅរៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់នៅខណ្ឌឫស្សីកែវដោយចិត្តចង់ចេះបំផុត

រៀនបណ្ដើរអនុវត្តបណ្ដើរ
ដោយមានការលើកទឹកចិត្តពីឪពុកម្ដាយ​​ និងមានការណែនាំពីមិត្តរួថ្នាក់របស់​​លោកនៅកន្លែង​​ជាងម៉ាស៊ីនត្រជាក់បាន​​ធ្វើឲ្យលោកដឹងថា រៀនជំនាញ​​បច្ចេកទេសរយៈ​៣​ឆ្នាំនិងទទួលបានសញ្ញាប័ត្រ មានតម្លៃស្នើសញ្ញាប័ត្របាក់ឌុប។ លោកបានរំលឹកថា កាលណោះមិត្តរួមថ្នាក់អ្នករៀនសូត្រម៉ាស៊ីនត្រជាក់​គេស្គាល់ក្រុមហ៊ុនដែលត្រូវការអ្នកស្ម័គ្រចិត្ត លោកក៏តាមសុំគេទៅជាមួយរាល់ថ្ងៃទើបគេព្រម។លោកបានធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់​​មួយ អស់រយៈពេល៦ខែក្នុងពេល​​វ៉ាកង ពីការសិក្សា ក្នុងគោលបំណងដើម្បីបញ្ចេញនូវចំណេះធ្វើចេញពីការរៀនសូត្រដែលបាននាំឲ្យលោកទទួលបាន​​​បទពិសោធន៍។ តាមការអះអាងពីលោក កាលនៅរៀនជាងម៉ាស៊ីនត្រជាក់នោះ លោកទទួលចំណាត់មិនសូវល្អប៉ុន្មានទេ។

រៀនចប់ជាងម៉ាស៊ីនត្រជាក់ បែរជាធ្វើការក្នុងក្រុមហ៊ុនអចលនទ្រព្យ និងរៀន​បន្តផ្នែកព័ត៌មានវិទ្យា

នៅឆ្នាំ​២០០២រៀនចប់បានទទួលសញ្ញាប័ត្រ​​​​សិក្សាឯកទេសជំនាញម៉ាស៊ីនត្រជាក់ តែលោកមិនបានចូលធ្វើជាជាងម៉ាស៊ីនត្រជាក់ទេ ដោយសាតែធ្លាប់ធ្វើជាអ្នកស័្មគ្រចិត្ត ទើបលោកដឹងថាការងារជាជាងម៉ាស៊ីនត្រជាក់មិនស្អាតបាតហើយប្រើប្រាស់កម្លាំងទៀតផង​ ​ដោយសារ​​សញ្ញាប័ត្រ​​ដែលលោកទទួលបានមានតម្លៃបាក់ឌុប លោកក៏បានចូលរៀន បន្តយកបរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុននៅពេលយប់ និងពេលថ្ងៃលោកចូលបម្រើការងារជាបុគ្គលិក​​​ក្រុមហ៊ុនអចលនទ្រព្យមួយតាំងពីឆ្នាំ​២០០១​មកម្លេះ

លោក​​សម្រេចចិត្តរៀនផ្នែកIT ដោយសារតែលោក មានបងជាអ្នកមានកុំព្យូទ័រប្រើប្រាស់ដូច្នេះលោកក៏មានចំណាប់អារម្មណ៍ដែរព្រោះកាលណោះមិនសូវមានអ្នកចេះប្រើប្រាស់ទេ

ពីបុគ្គលិកក្រុមហ៊ុនធម្មតាទៅជានាយកគ្រប់គ្រង

ការងារចាប់ផ្ដើមពីប្រាក់ខែ​១០០​ដុល្លារជាបុគ្គលិកសាមញ្ញ​ ​នៅក្រុមហ៊ុនអចលទ្រព្យប៊ុណ្ណារៀលអ៊ីស្តេត”​ ​ក្នុងអំឡុងឆ្នាំ២០០៣​ដល់២០០៤។ ក្រោយមកលោកបានឡើងតំណែងជាអ្នកវាយតម្លៃអចលនទ្រព្យហើយក្រោយមកទៀតលោកបានកាន់តំណែងជាជំនួយការនាយកប្រតិបត្តិ​​ក្រុមហ៊ុន ឆ្នាំ​២០០៦លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយបាន​​​​កាន់តំណែងជានាយកគ្រប់គ្រងនៅក្រុមហ៊ុននោះតែម្ដង។
តំណែងខ្ពស់ប្រាក់ខែច្រើននៅតែលាឈប់

ឆ្នាំ​២០០៨ ​លោកបានកាន់តំណែងជាអគ្គនាយករងក្រុមហ៊ុន ដែលបានទទួលបៀរវត្ស​​ជិត​២០០០​ដុល្លារត្បិត​​តំណែងខ្ពស់ប្រាក់ខែ​​ច្រើន​​ពិតមែនតែពេលនោះលោកមានអារម្មណ៍ស្រឡាញ់ក្រុមហ៊ុនមែនទែនដោយយកចិត្តទុកដាក់អស់ពីសមត្ថភាព។ ​ដូចពាក្យចាស់លោកថា ​”ទីកាន់តែខ្ពស់កាន់តែត្រូវខ្យល់ខ្លាំង”​ ពេលនោះ មាន​បញ្ហាតិចតួចពីក្រុមហ៊ុន និងបញ្ហាផ្ទាល់ខ្លួនមួយចំនួនផហើយជាចៃដន្យពេលនោះលោកបានជួបមិត្តរួមថ្នាក់កាលនៅរៀនជួសជុលម៉ាស៊ីនត្រជាក់ជាមួយគ្នា​ ​ដោយបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់និងដោយមើលឃើញឱកាសនៃទីផ្សារលោកក៏សម្រេចចិត្ត ចាប់គម្រោងបើកក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ដោយនៅខែកញ្ញា ឆ្នាំ​២០១១ ​បានលាឈប់ពីការងារអគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យមួយ​​នោះ

បង្កើតក្រុមហ៊ុន HNT Cool ​​ដោយចាប់ផ្ដើមដើមទុនត្រឹម៣០០០ដុល្លារ
នៅឆ្នាំ​២០១០ ​ក្រុមហ៊ុនម៉ាស៊ីនត្រជាក់HNT Cool ត្រូវ​បានបង្កើតឡើងក្រោមដើមទុនវិនិយោគត្រឹម​៣០០០​​ដុល្លារប៉ុណ្ណោះ។ មិនមែនដោយសារតែឱកាសទីផ្សារប៉ុណ្ណោះទេចំណុចសំខាន់ដែលលោក សម្រេច​​បើកដោយសាតែ​ ​មិត្តភ័ក្ដិដែលសហការជាមួយលោកសុទ្ធតែជាជាងមានបទពិសោធន៍ក្នុងមុខរបរ​​ម៉ាស៊ីន​​​ត្រជាក់ និងបណ្ដាញទំនាក់ទំនងរបស់លោកជាមួយបណ្ដាក្រុមហ៊ុនផ្សេងបានល្អផងដែរ។
ជំនឿមុតមាំ អាចជម្នះ​​​ភាពបរាជ័យ
អ្វីក៏ដោយការចាប់ផ្ដើមដំបូងវាលំបាកខ្លាំងណាស់កុំតែបានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីក្រុមគ្រួសារដំណើរការណ៍ក្រុមហ៊ុនរបស់លោកពិតជាទៅមិនរួចទេព្រោះថានៅឆ្នាំ​២០១០ម៉ាស៊ីនត្រជាក់នៅក្នុងទីផ្សារកម្ពុជា ហាក់បីដូចជាមានគ្រប់សណ្ឋានអស់ហើយ ទាំងជជុះ ទាំងថ្មីតាមបណ្ដា​​ហាងតូច និងក្រុមហ៊ុនដទៃទៀតដូច្នេះក្រុមគ្រួសាររបស់លោកហាក់ដូចជាមិនមានជំនឿថាក្រុមហ៊ុន​នេះអាចដំណើរការណ៍ឡើយប៉ុន្តែដោយភាពជឿជាក់ និងមិត្តភ័ក្ដិមានជំនាញច្បាស់លាស់លោកបានពុះពារកាលំបាករហូតអាចឈរជើងដល់សព្វថ្ងៃនេះ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកបានទទួលកុងត្រាពីអតិថិជនមានតម្លៃរ៉ាប់ម៉ឺនដុល្លារ។ នៅឆ្នាំ​២០១២​នេះ លោកបានសម្រេចចិត្តពង្រីកអាជីវកម្មបន្ថែម ដើម្បីឆ្លើយតបចំពោះតម្រូវការដែលមានការកើនឡើងយ៉ាងឆាប់រហ័ស

ការសន្សំសំចៃជារឿងចម្បង

ធម្មតាការពង្រីកក្រុមហ៊ុនត្រូវការដើមទុន​​ជាចាំបាច់ដើមទុនសម្រាប់ការពង្រីកលោកបានមកពីប្រាក់កម្ចីមួយចំនួនធំនិងមួយចំនួនបានមកពីការរកស៊ីចំណេញនិងមួយផ្នែកទៀតគឺការសន្សំសំចៃរបស់លោកផ្ទាល់តែម្ដង លោកបាន​​បញ្ជាក់ថា តាំងពីបើកក្រុមហ៊ុនមកដល់ថ្ងៃនេះហើយលោកមិនដែលបានដកយកប្រាក់ក្រុមហ៊ុនចាយបន្តិចណាឡើយព្រោះគោលបំណងតែ​១​គត់គឺការរីកចម្រើនរបស់ក្រុមហ៊ុនតែម្ដង

បច្ចុប្បន្នភាព

លោក កឺក ណារិន អាយុ​៣០​ឆ្នាំ រៀបការនៅឆ្នាំ​២០០៥ មាន​ភរិយាឈ្មោះធុន សោភាជាចំណងដៃលោកមានកូន​៣​នាក់។ ក្នុងក្រុមហ៊ុន​HNT cool លោកមានភាគហ៊ុន​៣៥​ភាគរយ និងក្រុមហ៊ុនអចលនទ្រព្យអេស៊ារៀលអ៊ិស្តេតលោកមានProfit sharing ផងដែរ។ ដោយឡែកប្រាក់ខខែពីក្រុមហ៊ុនមួយនេះ គឺ​១៣០០ដុល្លារក្នុង​១​ខែចំពោះចំណូលពីក្រុមហ៊ុផ្ទាល់ខ្លួនវិញក្នុងមួយខែ​២០០០​ដុល្លារ។

បទពិសោធជីវិត

លោកកឺក ណារិន ធ្លាប់មានជីវិតជាក្មេងដើរលេងមិនចូលសាលា បែរជាអាចផ្លាស់ប្ដូរមកជាមនុស្សម្នាក់ដែលមានភាពជោគជ័យក្នុងជីវិត។ អ្វីដែលលោកបានកត់សម្គាល់មានដូចជាមិត្តភ័ក្ដិនៅស្រុកកំណើតដែលធ្លាប់ដើរលេងផឹកស៊ីជាមួយគ្នា។ បច្ចុប្បន្ននេះមានតែលោកម្នាក់ប៉ុណ្ណោះដែលមានអនាគតល្អក្រៅពីនេះ មានអ្នកខ្លះស្លាប់បាត់ហើយខ្លះទៀតជាប់គុក និងមួយចំនួនទៀតស្រាលជាងគេបន្តិច គឺទៅសាងផ្នួសជាព្រះសង្ឃលាងជម្រះបាបកម្មដែលបានសាង ក្រឡេកមើលក្រោយបន្តិចលោកពិតជារំភើបខ្លាំងណាស់ចំពោះការជំរុញរបស់ក្រុមគ្រួសារដែលនាំឲ្យលោកអាចកសាងជីវិតដូចសព្វថ្ងៃនេះ

ការផ្ដាំផ្ញើដល់យុវជនដែលចង់មានភាពជោគជ័យ

សូមយុវជនជំនាន់ក្រោយ ត្រូវព្យាយាមអស់ពីសមត្ថភាព ហើយត្រូវគិតថាអ្វីក៏យើងអាចធ្វើបានដែរឲ្យតែយើងអភិវឌ្ឍខ្លួនឯងនិងពុំមានអ្វីដែលមិនអាចកែប្រែបាននោះទេ លោកបានបន្ថែមថាបច្ចុប្បន្ននេះមានច្រើនណាស់នៅស្ថាប័នដែលអាចជួយដល់យុវជនទាំងប្រឹក្សាយោបល់និងបណ្ដុះ​បណ្ដាលជំនាញជាពិសេសជាងនេះទៅទៀតយុវជនអាចរៀនសូត្រពីបណ្ដាញអ៊ីនធឺណិតបានយ៉ាងងាយស្រួលទៀតផង

អត្ថបទ និងរូបថត៖ កង ចាន់បញ្ញា




No comments:

Post a Comment