អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

ពី​ជាង​ថតរូប​ក្លាយ​ ទៅជា​អគ្គនាយក​ក្រុមហ៊ុន

ជីវិត​ចេញ​​ពី​ជាង​ថត​​នៅ​​វត្ត​ភ្នំ ក្លាយ​ខ្លួន​ជា​​អគ្គនាយក​៤​ក្រុមហ៊ុន។ បច្ចុប្បន្ន​​ លោក​​ជា​​អគ្គនាយក​ក្រុមហ៊ុន ​FIRST Cambodia​។ ជា​កូន​កំព្រា ​ឪពុក​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ជា​កុមារ​តស៊ូ​រៀន​សូត្រ​ដោយ​មាន​ភាព​អត់ធ្មត់​ រហូត​បាន​ជោគជ័យ សម្រាប់​លោក​ លោក​មាន​ទ្រឹស្ដី​ផ្ទាល់​​ខ្លួន​​“​ដើម​ទុន​មិនមែន​ជា​បញ្ហា​ទេ សំខាន់​គឺ​ត្រូវ​មាន​ចិត្ត​មោះមុត​ អត់​ធ្មត់​ តស៊ូ​ ព្យាយាម​ក្នុង​មុខ​ជំនួញ”។ តើ​ប្រិយមិត្ត​ចង់​ដឹង​ទេ​ថា​​ ម្ចាស់​ក្រុមហ៊ុន​​វ័យ​ក្មេង​នេះ​មាន​ឈ្មោះ​អ្វី? មាន​ខ្សែ​ជីវិត​យ៉ាង​ណា?

បាទ​! គឺ​​លោក​ ហួន ហេង​ឥរិយា​។​​ ​លោក​កើត​នៅ​ឆ្នាំ​១៩៧០ ក្នុង​គ្រួសារ​មាន​ ជីវភាព​មធ្យម មាន​ឪពុក​ឈ្មោះ ​ហួន ហន​ ជា​គ្រូ​បង្រៀន​គណិតវិទ្យា ម្ដាយ​ឈ្មោះ​ ឯក សារ៉េត រស់នៅ​លើ​ទឹកដី ខេត្ត​កំពង់​ឆ្នាំង​។ ​នៅ​ឆ្នាំ​១៩៧៥​ របប​វាល​ពិឃាដ​ប៉ុលពត​បាន​ចូល​មកដល់ ​ប៉ុន្តែ​កាល​នោះ​លោក​មាន​វ័យ​នៅ​ក្មេង​ពេក​​គឺ​មាន​អាយុ​ត្រឹម​៥​ឆ្នាំ ​លោក​ចាំ​អ្វី​មិន​បាន​ច្រើន​ទេ។ ​អ្វី​ជា​អនុស្សាវរីយ៍​ ដែល​លោក​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ពេល​ទាហាន​ប៉ុលពត​ចូល​មក​ដល់ គ្រួសារ​លោក​ត្រូវ​បាន​ជម្លៀស​ឡើង​ទៅ​នៅ​លើ​ ភ្នំ​ជា​ទី​ដាច់​ស្រយាល​​ ​ហើយ​​ពេល​នោះ​ ម្ដាយ​របស់​លោក​បាន​ប្រាប់​ថា ​”នៅ​ទីនេះ​ មិន​មាន​ស្ករ​គ្រាប់​ឲ្យ​ញ៉ាំ​ដូច​មុន​ទេ”។
ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ​ឆ្នាំ១៩៧៩

ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩​ កុមារ​ ឥរិយា មាន​អាយុ​ត្រឹម​៩​ឆ្នាំ​ប៉ុណ្ណោះ។ ជា​អកុសល ​ឪពុក​របស់​លោក​ ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ខ្មែរ ក្រហម ព្រោះ​កាល​ណោះ​អ្នក​ចេះ​ដឹង គឺជា​សត្រូវ​របស់​របប​វាល​ពិឃាដ​។ ​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាជន​ខ្មែរ​គ្រប់​រូប​ បាន​ចាប់​ផ្ដើម​​កសាង​ជីវភាព​សា​ជា​ថ្មី ដោយ​ម្ដាយ​របស់​លោក បាន​ជ្រើស​រើស​ជំនាញ​ជា​ជាង​កាត់ដេរ​ ក្រៅ​ពី​របរ​ធ្វើស្រែ ​និង​រស់​នៅ​​ក្នុង​ឃុំ​គ្រួស ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។ ជីវភាព​ជា​ស្ត្រី​មេម៉ាយ តស៊ូ​ចិញ្ចឹម​កូន​យ៉ាង​លំបាក ប៉ុន្តែ​ដោយ​ធ្លាប់​មាន​ស្វាមី​ជា​គ្រូបង្រៀន​ ម្ដាយ​របស់​លោក​តែង​ប្រាប់​លោក​ថា ​”បើ​ចង់​ស្រណុក គឺ​ត្រូវ​ខំ​រៀន​”។ នៅ​ពេល​នោះ​ក្ដី​ស្រមៃ​ធំ​បំផុត​របស់​កុមារ​ ឥរិយា គឺ​​​រៀន​សូត្រ​បាន​​ខ្ពង់​ខ្ពស់ និង​អាច​រក​ការងារ​ធ្វើ​បាន ​និង​ការ​ស្រមៃ​មួយ​ទៀត​នោះ​​គឺ​រៀន​ភាសា​អង់គ្លេស​ឲ្យ​ចេះ។ កុមារ​ ឥរិយា​ ​​​យល់​ថា ​”ចេះ​ដឹង​អាច​មាន​ការងារ​ដោយ​ស្រណុក “។

ទោះបី​នៅ​វ័យ​កុមារ​ក៏​ដោយ លោក​បាន​ជួយ​ការងារ​​​កាត់​ដេរ​​ ​​ដើម្បី​​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​​ត្រូវ​រ៉ាប់រង និង​ខិតខំ​រៀន​សូត្រ​​នៅ​សាលា​បឋម​សិក្សា​ភូមិ​គ្រួស និង​បាន​​បន្ត​មក​ សាលា​មធ្យម​សិក្សា​កម្រិត​២ ស្រុក​រលាប្អៀរ​ខាង​ត្បូង​។ ឈាន​ចូល​ដល់​មធ្យម​សិក្សា​កម្រិត​៣​ ដោយ​ជិះ​កង់​ក្នុង​១​ថ្ងៃ​ជាង​៥​គីឡូ ទើប​ដល់​សាលា​រៀន។

ឈាន​ជើង​ដល់​រាជធានី​ភ្នំពេញ​ភ្លាម ចាប់​ផ្ដើម​មាន​គំនិត​ចង់​ក្លាយ​​ជា​សហគ្រិន​ភ្លាម​!
គ្រាន់​តែ​ជិត​រៀន​ចប់ ​លោក​ចាប់​ផ្ដើម​មាន​គំនិត​​ ចង់​សុំ​ម្ដាយ​របស់​លោក​មក​រៀន​នៅ​ភ្នំពេញ​ តែ​​ម្ដាយ​របស់​លោក​​មិន​ចង់​ឲ្យ​​​លោក​ឃ្លាត​ឆ្ងាយ​ឡើយ។ ​​ដោយ​ឃើញ ​ឆន្ទៈ​មោះមុត​ និង​ក្ដី​សង្ឃឹម​ចំពោះ​កូន ម្យ៉ាង​ទៀត​ ម្ដាយ​របស់​លោក​ធ្លាប់​បាន​រស់នៅ​ក្នុង​ជីវភាព​ធូរធារ​នៅ​ជំនាន់​ឪពុក​របស់​លោក​ផង ​គាត់​​ក៏​​សម្រេច ​​ប្រមែប្រមូល​ប្រាក់​កាស ​ដែល​​សន្សំ​បាន​បន្តិចបន្តួច​ឲ្យ​លោក​ ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​។ នៅ​ពេល​មក​ដល់​ទីនេះ​ភ្លាម លោក​បាន​ឃើញ​ការ​លក់​ដូរ​នៅ​ផ្សារ​ថ្មី លោក​ចាប់​ផ្ដើម​មាន​គំនិត​យល់​ថា ការ​រកស៊ី ​ដូច​ជា​គ្រាន់​បើ​ជាង​ការ​ធ្វើ​ស្រែ ​ចម្ការ​ និង​អាច​រក​ចំណូល​បាន​ដោយ​ស្រួល​។

បើ​ប្រឡង​មិន​ជាប់ ត្រូវ​ចាប់​បញ្ជូន​ទៅ​សមរភូមិ​ក​៥​ ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម
ជីវិត​ចាប់​ផ្ដើម​ជា​ថ្មី​នៅ​រាជធានី​ភ្នំពេញ ដែល​យុវជន​ម្នាក់​នេះ​ ត្រូវ​ប្រឈម​ការ​ជ្រើសរើស​សាកល​វិទ្យាល័យ​រៀន​បន្ត​ផង​ និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង។ ការ​ប្រឈម​ទី​៣​នោះ ​គឺ​មក​ពី​ប្រទេស​កម្ពុជា​សម័យ​នោះ​ នៅ​ច្បាំង​គ្នា​នៅ​ឡើយ ដោយ​សារ​កម្ពុជា​បែក​បាក់​ជា​បួន​ភាគី ​​នា​ពេល​នោះ ​​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា ដើម្បី​ការពារ​ការ​វិល​ត្រលប់​មក​កាន់​អំណាច​វិញ​របស់​ពួក​ខ្មែរ​ក្រហម រដ្ឋាភិបាល​​​​បាន​បញ្ជូន​​យុវជន​​​ជា​ច្រើន​នាក់​ ​ទៅ​ធ្វើ​ជា​កងទ័ព​ ដើម្បី​ច្បាំង​នៅ​សមរភូមិ​ក៥​ជាមួយ​ពួក​ប៉ុលពត​។ ប៉ុន្តែ​អាច​ជា​ឱកាស ​នា​ពេល​នោះ​ លោក​​បាន​ប្រឡង​ជាប់​ ហើយ​សម័យ​នោះ​ ​អ្នក​រៀន​​សូត្រ​ដែល​អាច​ប្រឡង​ជាប់​កម្រិត​ឧត្ដម​ គេ​មិន​ចាប់​ឡើយ។

No comments:

Post a Comment