លោក ស៊ិន សូផានណាក់ ជា អគ្គនាយក ក្លិបកម្សាន្ត Space Club ដែលមាន ប្រវត្តិកើតក្នុងត្រកូលមន្ត្រីរាជការ មានជីវភាពមិនសូវធូរធារ ដោយសារមានគំនិតជាសហគ្រិន ពេលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ លោកសុខចិត្តធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស ដើម្បីយកប្រាក់រៀនបន្តយកអនុបណ្ឌិត។ មកទល់បច្ចុប្បន្ននេះ លោកមានដើមទុនសរុបជាង១លានដុល្លារ ។
លោក ស៊ិន
សូផានណាក់ កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៣ នៅទីក្រុងភ្នំពេញ។ អ្នកម្ដាយឈ្មោះ រ័ត្ន គន្ធា និងឪពុកឈ្មោះ ស៊ិន សូផាន្នី ជាមន្ត្រីកងរាជអាវុធហត្ថ។
លោកជាបងប្រុសច្បង ក្នុងចំណោមបងប្អូន៤នាក់។
វ័យកុមារភាព
ឆ្នាំ១៩៨៨ លោកបានចូលរៀននៅសាលាបឋមសិក្សាវត្តកោះ ក្នុងត្រកូលជាអ្នករាជការពិតណាស់ថា ជីវភាពមន្ត្រីរាជការមិនសូវសម្បូរប្រាក់កាស សម្រាប់ចំណាយប៉ុន្មានទេ។ កាលណោះជីវភាពនិងការចំណាយក្នុងគ្រួសារពឹងផ្អែកទាំងស្រុងលើឪពុករបស់លោកជាអ្នករ៉ាប់រង។ សម្រាប់គ្រួសារមួយ ដែលមានសមាជិកគ្រួសារដល់ទៅ៦នាក់ ដូច្នេះការចំណាយគឺត្រូវត្បិតត្បៀតមែនទែន តែទោះបីជាឪពុករបស់លោកជាមន្ត្រីយោធាមានជីវភាពខ្សត់ខ្សោយក៏ដោយ លោកតែងតែមានចិត្តកោតស្ញប់ស្ញែងឪពុករបស់លោក ជាពិសេស វីរភាពពេលស្លៀកពាក់ឯកសណ្ឋានទៅសមរភូមិប្រយុទ្ធជាមួយខ្មាំងសត្រូវ។ នៅពេលនោះដែរ លោកតែងតែស្រមៃចង់ធ្វើជាយោធាដូចឪពុកលោកដែរ ។
អ្វីដែលលោកចងចាំមិនភ្លេចគឺ បើប្រៀបធៀបជាមួយគ្រួសាររបស់អ្នកជិតខាង វិន័យក្នុងគ្រួសារគឺតឹងរ៉ឹងមែនទែន ព្រោះថា ឪពុកជាមន្ត្រីយោធាដែលមានវិន័យនៅកន្លែងធ្វើការតឹងរ៉ឹង ដូច្នេះក្នុងគ្រួសារលោកត្រូវតឹងរ៉ឹងនិងមានរបៀបរៀបរយដែរ។
ម៉ូតូចាស់មួយគ្រឿងជិះគ្នា៥នាក់ឪពុកកូន
ឆ្នាំ១៩៩៥ លោកបានបញ្ចប់ថ្នាក់បឋមសិក្សា ហើយចូលរៀននៅវិទ្យាល័យវត្តកោះនៅជាប់ជាមួយសាលាបឋមសិក្សាចាស់នោះដដែល កាលណោះអ្វីដែលលោកបានចងចាំគឺ រៀងរាល់ពេលព្រឹកឪពុកម្ដាយលោកជាអ្នករៀបចំឲ្យបងប្អូនទាំងបួននាក់ ហើយឡើងជិះម៉ូតូចាស់ទាំងអស់គ្នា ឪពុកលោកឌុប យកទៅចែកតាមបន្ទប់រៀន និងសាលាអស់ ទើបគាត់ត្រលប់ចូលធ្វើការវិញ។
ខ្វះទាំងលុយ និងសម្ភារៈសិក្សាតែមានគោលដៅច្បាស់លាស់
សម្រាប់លោកឪពុកយោធាពឹងលើប្រាក់ខែ ហើយត្រូវចិញ្ចឹមកូន៤នាក់ទៀតសុទ្ធតែនៅរៀននោះជៀសមិនរួចឡើយពីការខ្វះខាត ថ្ងៃខ្លះលោកទៅរៀនមានលុយចាយ តែពេលខ្លះលោកពុំមានលុយចាយនឹងគេទេ។ គ្រាន់តែលុយចាយខ្វះហើយ កុំថាឡើយ ដល់ឧបករណ៍សិក្សានោះ លោកខ្វះសៀវភៅគ្រប់បែបយ៉ាង ប៉ុន្តែលោកមានគោលដៅច្បាស់លាស់ថា លោកត្រូវតែរៀនចេះដឹងដើម្បីធ្វើជាមន្ត្រីរាជការដូចឪពុករបស់លោក ជាលទ្ធផលនៅថ្នាក់ទី៧ ទី៨ លោកបានទទួលលទ្ធផលពីការខិតខំប្រឹងប្រែងដោយបានទទួលចំណាត់ថ្នាក់គឺចាប់ពីលេខ១ទៅ៣ ក្នុងចំណោមសិស្សជាង៣០នាក់។
គំនិតជាសហគ្រិនចាប់ផ្ដើមកើតមាន
នៅពេលលោករៀននៅថ្នាក់ទី៨នៃវិទ្យាល័យវត្តកោះ គោលបំណងចង់ធ្វើជាមន្ត្រីយោធា ដូចឪពុករបស់លោក ត្រូវបានលុបបំបាត់ ដោយសារតែភាពក្រីក្រខ្វះមុខខ្វះក្រោយ ក្ដីប្រាថ្នាថ្មីដែលលោកបានចាប់អារម្មណ៍នោះ គឺលោកមើលឃើញថា គ្រួសារគេជាអ្នករកស៊ី អាចមានជីវភាពសមរម្យជាងគ្រួសាររបស់លោក ។ លោកបានកត់សម្គាល់ឃើញថា ជាមន្ត្រីរាជការមានកិត្តិយសតែអត់មានលុយ តែជាអ្នករកមានសេរីភាព ហើយមានឱកាសធ្វើជាអ្នកមានទៀតផង។ នៅពេលនោះហើយដែលគំនិតជាសហគ្រិនត្រូវបានចាប់ផ្ដើមឡើង ដោយបានកំណត់ក្នុងចិត្តយ៉ាងច្បាស់ថា ធ្វើយ៉ាងណាក៏ដោយ ត្រូវតែរកស៊ីធ្វើជាអ្នកមានឲ្យបាន។
រៀនពូកែ មានឱកាសចូលរៀនសាលាលំដាប់អន្តជាតិ
នៅពាក់កណ្ដាលឆ្នាំ១៩៩៧ ពេលសាលាZAMAN ត្រូវបានបង្កើតឡើង យុទ្ធសាស្ត្រទីផ្សាររបស់សាលានៅពេលនោះគឺ ប្រកាសឲ្យជ្រើសរើសសិស្សពូកែពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ នៅតាមវិទ្យាល័យក្នុងទីក្រុងភ្នំពេញទាំងអស់មកប្រឡង ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅសាលារបស់គេ ដោយបង់ត្រឹមតែ១០ភាគរយប៉ុណ្ណោះ ដោយសារខិតខំរៀនជាសិស្សពូកែស្រាប់គ្រូរបស់លោកបានបញ្ជូនឈ្មោះលោកឲ្យចូលប្រឡង សូម្បីតែលោកក៏មិនដឹងថាប្រឡងដើម្បីអ្វីផងទេនៅពេលនោះ។
ប្រឡងជាប់រកលុយ១០ភាគរយមិនចង់បាន
សិស្សពូកែទាំងអស់ក្នុងក្រុងភ្នំពេញបានចូលប្រឡងនៅវិទ្យាល័យយុគន្ធរ ក្រោយការប្រឡង លទ្ធផលគាប់ចិត្តសម្រាប់លោកបានទទួល គឺបានប្រឡងជាប់ លោកត្រូវបានសាលា ZAMAN នាំទៅធ្វើទស្សនៈកិច្ចសិក្សានៅក្នុងសាលារបស់គេ។ នៅពេលចូលក្នុងសាលារបស់គេភ្លាម លោកមានអារម្មណ៍ចង់រៀនខ្លាំងមែនទែន ដោយសារតែកម្រិតស្តង់ដារសាលានោះ ជាលក្ខណៈអន្តរជាតិ ដែលលោកធ្លាប់សិក្សានៅវិទ្យាល័យធម្មតា មានតែបង្អួចសម្រាប់ខ្យល់ចូល និងធូលី មកឃើញសាលាដែលជាផ្ទះវីឡា ក្នុងថ្នាក់រៀនបំពាក់ម៉ាស៊ីនត្រជាក់ មានបន្ទប់កុំព្យូទ័រ កន្លែងលេងកីឡាត្រឹមត្រូវទាំងនេះហើយដែលបានជំរុញលោកឲ្យចង់សិក្សានៅទីនោះមែនទែន ប៉ុន្តែឧបសគ្គនៅត្រង់ថាសាលាតម្រូវឲ្យបង់ប្រាក់១០ភាគរយនៃថ្លៃសិក្សា ដែលក្នុង១ឆ្នាំថ្លៃសិក្សាសរុប៤០០០ដុល្លារ។
ទឹកចិត្តឪពុកសុខចិត្តខ្ចីលុយគេឲ្យកូនរៀន
តម្លៃ៤០០០ដុល្លារសម្រាប់កម្រិតវិទ្យាល័យ ពិតជាថ្លៃមែនទែនសម្រាប់គ្រួសារដែលមានជីវភាពខ្សត់ខ្សោយដូចជាគ្រួសារលោក ម្យ៉ាងទៀត សិក្សានៅកម្រិតវិទ្យាល័យកាលណោះ ពុំដែលមាននរណាម្នាក់បង់លុយឡើយ។ មុនដំបូង ឪពុករបស់មិនឯកភាពឲ្យលោកចូលសិក្សាឡើយ ប៉ុន្តែដោយការទទូតអង្វរខ្លាំងពេករបស់លោក និងដោយសារឪពុករបស់លោកធ្លាប់មានជីវភាពក្រលំបាក ឪពុកលោកតែងតែប្រាប់លោកថា “ត្រូវខិតខំរៀនសូត្រគាត់ និងជ្រោមជ្រែងឲ្យអស់ពីសមត្ថភាព” និងដោយការបង្ហាញនូវហេតុផលត្រឹមត្រូវ ឪពុកលោកបានសម្រេចចិត្តយកប្រាក់សន្សំ និងខ្ចីគេបន្ថែមឲ្យលោកបានចូលរៀននឹងសាលានោះនឹងគេ។
ជិះម៉ូតូស៊ុយកូរ៉េទៅរៀនសាលាថ្លៃ
អនុស្សាវរីយ៍ដែលលោកមិនអាចបំភ្លេចនៅពេលនោះគឺ ដោយសារសាលានៅឆ្ងាយពីផ្ទះឪពុកលោកបានផ្ទេរម៉ូតូស៊ុយកូរ៉េចាស់ របស់គាត់ ឲ្យមកលោកសម្រាប់ជិះទៅរៀន។ មានម៉ូតូជិះទៅរៀនចាត់ទុកថាគ្រាន់បើ តែបើប្រៀបធៀបជាមួយមិត្តភ័ក្ដិដែលរៀនសាលាជាមួយគាត់គឺអន់បំផុត ព្រោះក្នុងចំណោមសិស្សរៀននៅទីនោះទាំងអស់ គ្មានអ្នកជិះម៉ូតូចាស់បែបនេះទៅរៀនទេ។ មិត្តភ័ក្ដិរបស់លោកគ្រាន់តែចង្អុល កាតាឡុកប្រាប់ប៉ារបស់គេ ស្អែកឡើងម៉ូតូទំនើបទាំងនោះនឹងមកដល់ភ្លាម តែទោះបីយ៉ាងណាក៏ដោយលោកមិនបានតូចចិត្តអ្វីទេ លោកមានឆន្ទៈតែមួយគត់គឺខិតខំរៀនសូត្រឲ្យបានជោគជ័យ។
ធ្លាប់រៀននៅសាលាមានស្តង់ដារ សម្រេចចិត្តទៅរៀនបន្តនៅក្រៅប្រទេស
អំឡុងឆ្នាំ២០០១-២០០២លោកបានរៀនចប់បាក់ឌុបនៅសាលាZAMAN លោកបានចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ និងដោយមានការជំរុញពីអ្នកផ្ទះ លោកក៏ចាប់យកជំនាញច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បឹងត្របែងរៀនបានតែកន្លះឆ្នាំប៉ុណ្ណោះ លោកមានអារម្មណ៍ធុញថប់ជាខ្លាំងជាមួយការសិក្សាសាលាទាំងនេះ ដោយតែលោកធ្លាប់រៀននៅសាលាលំដាប់អន្តរជាតិ និងរៀនជាភាសាអង់គ្លេស។
ជាការចៃដន្យផងដែរ មិត្តភ័ក្ដិរបស់លោកមានបងប្រុសទៅសិក្សានៅប្រទេសថៃដែរ លោកក៏ចាប់ផ្ដើមសាកសួរព័ត៌មានពីបងប្រុសម្នាក់នោះយ៉ាងច្បាស់លាស់ លោកក៏សម្រេចចិត្តសុំឪពុករបស់លោកទៅសិក្សាជាមួយគេនៅប្រទេសថៃ។ ទន្ទឹមជាមួយគ្នានេះដែរ កាលពី៥ឆ្នាំមុនឪពុកម្ដាយរបស់លោកបានលក់ផ្ទះនៅជិតផ្សារថ្មីមករស់នៅតំបន់ជាយក្រុងបានជាង១០ម៉ឺនដុល្លារ និងពួកគាត់បានទិញដីមួយកន្លែងរោងចក្រជួលឲ្យគេ ដូច្នេះមកទល់ឆ្នាំ២០០២នេះ គ្រួសាររបស់លោកចាប់ផ្ដើមធូធារខ្លាំងមែនទែន ហើយដោយមានការព្រមព្រៀងពីសាលានៅប្រទេសថៃ ក្នុងការបង់លុយបណ្ដាក់ ឪពុកលោកបានសម្រេចចិត្តបញ្ជូនលោកឲ្យទៅរៀនបន្តយកបរិញ្ញាបត្រនៅប្រទេសថៃទៀត។
លុយនិងភាសាថៃ ជាឧបសគ្គសម្រាប់រស់នៅក្រៅប្រទេស
ការព្រមព្រៀងចប់សព្វគ្រប់លោកបានចេញដំណើរទៅប្រទេសថៃតាមយន្តហោះនិងជិះតាក់ស៊ីដល់សាកលវិទ្យាល័យឈ្មោះ Mission College នៅខេត្តសារៈបុរី។ កាលណោះការលំបាកដែលលោកបានជួបប្រទះភ្លាមនោះ ពេលទៅដល់ប្រទេសថៃគឺបញ្ហាភាសាតែម្ដង។
ទោះបីជាកម្រិតភាសាអង់គ្លេសរបស់លោកល្អយ៉ាងណាក៏ដោយ ព្រោះនៅប្រទេសថៃគេអភិរក្សភាសា និងប្រជាជនមិនចេះភាសាអង់គ្លេសទេ ដូច្នេះពេលលោកចេញទៅក្រៅទិញអ្វីញាំ ត្រូវទៅជាមួយមិត្តភ័ក្ដិរបស់លោកដែរតែជាសំណាងល្អ ទោះបីជានៅក្នុងថ្នាក់ រៀនភាសាអង់គ្លេសក៏ដោយ តែមិត្តភ័ក្ដិរួមថ្នាក់រៀនជាមួយក៏មានជនជាតិខ្មែរច្រើនដែរ ដូច្នេះលោកអាចឆាប់ចេះនិយាយភាសាថៃបានរហ័ស បញ្ហាសំខាន់មួយទៀត ពេលផ្ទេរប្រាក់ពីស្រុកខ្មែរទៅប្រទេសថៃគឺធ្វើតាមរយៈផ្ញើតាមមិត្តភ័ក្ដិណាដែលមកស្រុកខ្មែរហើយត្រលប់ទៅ ទើបទូរស័ព្ទប្រាប់អ្នកផ្ទះឲ្យផ្ញើទៅតាមគេ ប្រសិនបើបន្ទាន់មិនដឹងធ្វើតាមរយៈណាទេ។ អាហារមិនជាបញ្ហាចោទទេ ព្រោះលោកជាមនុស្សចូលចិត្តហិលខ្លាំងដែរ។
មានគំនិតជាសហគ្រិនមិនអាចទ្រាំធ្វើការឲ្យគេបាន
ឆ្នាំ២០០៨លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ហើយលោកបានវិលត្រលប់មករស់នៅកម្ពុជាវិញ ដោយមូលហេតុថា លោកបានរៀនសូត្រអស់រយៈពេលយូរគួរសមហើយ ណាមួយ លោកមិនមានអ្វីសល់ជាដុះកំភួនឡើយ។ ដូច្នេះ លោកបានសម្រេចចិត្តដាក់ពាក្យស្នើសុំធ្វើជាប្រធានហិរញ្ញវត្ថុ Le Macao casino&hotel តាមរយៈការប្រកាសព័ត៌មានរបស់កាស៊ីណូ។
លោកបានជាប់និងទទួលបានប្រាក់បៀវត្សរ៍ក្នុង១ខែ៦០០ដុល្លារ។ ប្រាក់ខែចំនួន៦០០ដុល្លារសម្រាប់អ្នករស់នៅស្រុកខ្មែរគិតថាល្អហើយ ប៉ុន្តែគំនិតជាសហគ្រិនដក់ជាប់ក្នុងចិត្តរបស់លោក រយៈពេលពេញ១ឆ្នាំលោកសែនតានតឹងនិងធុញថប់ជាទីបំផុត លោកគិតថា បើសិនជាយើងធ្វើការឲ្យគេ ច្រើនទោះបីជា យើងពូកែយ៉ាងណាក៏យើងនៅតែប៉ុណ្ណឹងដែរ។
តាមរយៈក្រុមហ៊ុនLKN និងប្រព័ន្ធអ៊ីនធឺណិតលោកបានរកឃើញការបើកបវេសនកាល សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។
បោះបង់ប្រាក់ខែទៅរៀនបន្តនៅស្រុកគេ
ក្រោយបានទៅទំនាក់ទំនងរៀបចំឯកសារសព្វគ្រប់អស់ហើយ ជាមួយសាកលវិទ្យាល័យ University of Wales Institute, Cardiff នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៩ លោកបានសម្រេចចិត្តទៅសិក្សាបន្ត យកផ្នែកអនុបណ្ឌិតគ្រប់គ្រងបន្ថែមទៀតនៅសាលានោះ ដោយក្នុង១ឆ្នាំត្រូវចំណាយសម្រាប់ការសិក្សាជាង១ម៉ឺន ហើយបើបូកជាមួយថ្លៃហូបចុកបែបនិស្សិតទៀតប្រហែលជាង២ម៉ឺនដុល្លារ។ តែជាសំណាងល្អ នៅប្រទេសអង់គ្លេសប្រព័ន្ធសិក្សារបស់គេពុំមានការវ៉ាកងយូរឡើយ ដូច្នេះកម្មវិធីសិក្សាត្រូវចំណាយអស់ប្រហែល២ឆ្នាំ ត្រូវកាត់បន្ថយមកត្រឹម១ឆ្នាំ៤ខែវិញ។
អង់គ្លេសជាប្រទេសអ្នកមាន ត្រូវចំណាយច្រើន
No comments:
Post a Comment