ស្ថិតក្នុងវ័យដែលកុមារដទៃសប្បាយរត់លេងជាមួយមិត្តភក្តិ
លេងល្បែងក្មេងៗ Adora
Lily Svitak បានចំណាយកុមារភាពរបស់នាងជាមួយគំនរសៀវភៅ
និងការតាក់តែងនិពន្ធ និងការបង្រៀន ក្នុងវ័យដ៏ក្មេងខ្ចី។
កាលពីឆ្នាំ២០១០ Adora
Lily Svitak ត្រូវបានសន្និសីទ TED Conference ចាត់ទុកថា
ជាគ្រូបង្រៀនក្មេងជាងគេបំផុតក្នុងលោក។ Adora ចាប់កំណើតនៅថ្ងៃទី ១៥ តុលា ឆ្នាំ ១៩៩៧
ក្នុងសហរដ្ឋអាមេរិក។
នាងត្រូវបានទទួលការចាប់អារម្មណ៍តាំងពីមានអាយុ
៦ឆ្នាំមកម្ល៉េះ
ដែលកាលនោះឈ្មោះនាងត្រូវបានផ្សព្វផ្សាយក្នុងសារព័ត៌មានមួយក្នុងរដ្ឋ Seattle ពីសមត្ថភាពសរសេរដ៏អស្ចារ្យរបស់នាង។
បន្ទាប់មក នៅពេលដែលនាងឈានដល់អាយុ៧ឆ្នាំ
នាងបានក្លាយជាចំណាប់ពីសំណាក់ប្រជាជនអាមេរិកនៅពេលដែលនាងលេចមុខក្នុងកម្មវិធី
Good Morning America របស់ពិធីករ
Diane Sawyer ហើយនៅក្នុងវ័យនេះដែរ
នាងចាប់ផ្ដើមធ្វើជាគ្រូបង្រៀន។ សៀវភៅដំបូង របស់នាងក្រោមចំណងជើងថា Flying Fingers ដែលចុះផ្សាយក្នុងកម្មវិធីនោះបានសរសេរពិពណ៌នាពីការស្រឡាញ់ចូលចិត្តភាសា
ការសរសេរ និងបានរៀបរាប់អំពីគន្លឹះមួយចំនួនដើម្បីក្លាយខ្លួនជាអ្នកនិពន្ធដ៏ពូកែម្នាក់។
បើយោងតាម Daily Telegraph បង្ហាញថា
នៅអាយុបីឆ្នាំ Adora ចេះអានអក្សរ
ហើយបើនិយាយពីល្បឿនវាយអក្សរវិញ គឺអាចវាយបានពី ៨០ ទៅ១១២
ពាក្យក្នុងមួយនាទី។ ក្នុងមួយថ្ងៃ Adora
អានសៀវភៅពី២ទៅ៣ក្បាល។
គ្រូបង្រៀននិងអ្នកនិពន្ធវ័យក្មេងបំផុតម្នាក់នេះ
ធ្លាប់បានទៅធ្វើបទបង្ហាញនៅប្រទេសជាច្រើនដូចជា នៅប្រទេសចិន
ហុងកុង វៀតណាម និងអង់គ្លេសជាដើម បើសរុបទៅជាង៣០០សាលា
។
នៅឆ្នាំ ២០០៥
នាងចាប់ផ្ដើមបង្កើតប្លុកផ្ទាល់ខ្លួនដែលសរសេររៀបរាប់ពីទិនានុប្បវត្តិ online ស្ដីអំពីប្រធានបទសំខាន់ៗសម្រាប់អន្តរជាតិ
និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៥
នាងបានព្យាយាមលើកកម្ពស់ អក្សរសាស្ត្រ ការអាន និងសរសេរ និងបានបង្រៀនដល់
ហ្វូងមនុស្សជាច្រើននាក់នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស
មិនថាជាសិស្សក្មេងៗ ឬមនុស្សចាស់នោះឡើយ។
នៅខែមករា ឆ្នាំ
២០០៧ Adora បានបញ្ចប់ប្រលោមលោកខ្នាតវែងរបស់នាង
ដែលមានចំណងជើងថា Yang
in Disguise និងបានក្លាយខ្លួនជាវាគ្មិនដ៏ពូកែជាងគេក្នុងការប្រកួតអាន
Verizon Reads campaign និងកែសម្រួលប្រលោមលោកខ្នាតខ្លីដែលមានចំណងជើងថា
The Pickpocket Princess។
មិនយូរប៉ុន្មានបន្ទាប់ពីនោះ
នាងបានបញ្ចប់សៀវភៅទីពីរដែលមានចំណងជើងថា Dancing Fingers ដែលជាការនិពន្ធរួមគ្នានឹងបងស្រីរបស់នាង
Adrianna ដែលជាតន្ត្រីករ។
លើសពីនេះទៅទៀត នៅខែមករាឆ្នាំ ២០០៩
នាងបានបង្ហាញខ្លួនក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៤
អាមេរិកដែលមានចំណងជើងថា The
World’s Cleverest Child and Me (កុមារដែលវ័យឆ្លាតជាងគេក្នុងលោក
និងខ្ញុំ) របស់ពិធីករ Mark
Dolan។
ខែកុម្ភៈ ២០១០ Adora ត្រូវបានអញ្ជើញទៅថ្លែងក្នុងសន្និសីទ
TED Conference អំពីការវិវត្តន៍របស់ក្មេង
ដែលនាងបានសង្កត់ធ្ងន់ថា ក្រៅពីបង្រៀនដល់ក្មេងៗ
ក្នុងនាមជាគ្រូត្រូវរៀនពីសកម្មភាពរបស់ក្មេងកាន់តែច្រើនកាន់តែប្រសើរ
ព្រោះការគិតរបស់ក្មេងអាចខុសប្លែកពីមនុស្សចាស់។
ចុងក្រោយនៅថ្ងៃទី
១៩ តុលា ២០១០ នាងបានចែករំលែកបទពិសោធន៍របស់នាងដល់និស្សិតមកពីសាកលវិទ្យាល័យ
Full Sail ពីគំនិតច្នៃប្រឌិតក្នុងការសិក្សារៀនសូត្រ។
សព្វថ្ងៃ ក្រៅពីមានតួនាទីគ្រូបង្រៀនដល់កុមារ
នាងបានបង្រៀនដល់គ្រូចាស់ៗជាច្រើនពីវិធីបង្រៀនប្រកបដោយប្រសិទ្ធភាព៕
ប្រែសម្រួល៖
ប្រាក់ ច័ន្ទសីហា
No comments:
Post a Comment