អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

អគ្គនាយក​ ចេញ​ពី​អ្នក​លាង​ចាន​​!​ (តចប់)

អង់គ្លេស​ជា​ប្រទេស​អ្នក​មាន​​ ត្រូវ​ចំណាយ​ច្រើន​

នៅ​ប្រទេស​អង់គ្លេស​ ការ​ចំណាយ​ខ្ពស់​ជាង​គេ​​នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប​។ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និស្សិត​ម្នាក់​នេះ​បាន​សម្រេច​រស់​នៅ​ជាមួយ​និស្សិត​ខ្មែរ​ដូចគ្នា​ក្នុង​បន្ទប់​តែ​១​ ដែល​មាន​ចំនួន​៨​នាក់។ ការ​រស់នៅ​ប្រជ្រៀត​គ្នា​នេះ​ ក្នុង​មនុស្ស​ម្នាក់​ៗ​ត្រូវ​ចំណាយ​ថ្លៃ​ស្នាក់​នៅ​ជាង​១​ពាន់​ដុល្លារ​ដែរ​ នេះ​មិន​ទាន់​គិត​ថ្លៃ​ហូបចុក​ផង ដូច្នេះ​ក្រុម​គ្រួសារ​របស់​លោក​អាច​ជួយ​គាំទ្រ​លោក​បាន​ផ្នែក​ថវិកា​មួយ​ចំនួន​ ម្យ៉ាង​វិញ​ទៀត​លោក​គិត​ថា​ លោក​មិន​អាច​ពឹង​ផ្អែក​លើ​ក្រុម​គ្រួសារ​តែ​១​មុខ​បាន​ទេ​ដូច្នេះ​ជម្រើស​របស់​លោក​ល្អ​បំផុត​គឺ​រក​ការងារ​ធ្វើ​។

លាង​ចាន​ដើម្បី​រៀន​យក​អនុបណ្ឌិត

ក្រោយ​ការ​ផ្ដាំផ្ញើ​តាម​មិត្តភ័ក្ដិ​ គេ​បាន​រក​ការងារ​ឲ្យ​លោក​ធ្វើ​គឺ​ជា​អ្នក​លាងចាន​ឲ្យ​ហាង​ជប៉ុន​១​ ដែល​ការងារ​នេះ បើ​តាម​លោក​ដឹង​នៅ​ប្រទេស​អង់គ្លេស​គេ​បែង​ចែក​ប្រភេទ​អ្នក​ធ្វើការ​ណាស់​ព្រោះ​ បើ​សិន​មាន​ការងារ​ភ្លាម​សិទ្ធិ​​អាទិភាព​ឲ្យ​ជនជាតិ​អង់គ្លេស​សិន បើ​គ្មាន ​ទើប​គេ​ទម្លាក់​មក​ឲ្យ​ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ ហើយ​ប្រជាជន​មក​ពី​អាស៊ី​គឺជា​ជម្រើស​ចុង​ក្រោយ​ ហើយ​គេ​រើស​តាម​ប្រភេទ​ទៀត​ បើ​ជនជាតិ​ចិន​ឬ​វៀតណាម​ គេ​ឲ្យ​អាទិភាព​មុន​ខ្មែរ​​។ តែ​ដោយ​សារ​​ការងារ​ជា​អ្នក​លាង​ចាន​នេះ ​ជនជាតិ​គេ​មិន​ធ្វើ​ឡ​ ​ម្យ៉ាង​ទៀត​ហាង​នោះ​ជា​របស់​ជនជាតិ​ជប៉ុន​ដូច្នេះ​មិន​រើសអើង​សម្រាប់​ជនជាតិ​ខ្មែរ​ទេ​ដែល​ជា​អាស៊ី​ដូច​គ្នា​នោះ​ទេ។

ការងារ​ជា​អ្នក​លាង​ចាន ​គឺ​ធ្វើ​នៅ​ពេល​យប់ ដែល​ទទួល​កម្រៃ​ទាប​បំផុត​៧០០​ផោន​ គិតជា​ដុល្លារ​ប្រហែល​ជាង​១០០០​ដុល្លារ​ លុយ​នេះ​គ្រាន់​តែ​យក​បង់​ឈ្នួល​ផ្ទះ​មិន​គ្រប់​ផង​ ប៉ុន្តែ​វា​បាន​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។

ដឹង​ថា​កូន​ធ្វើការ​ជា​អ្នក​លាងចាន​ឪពុកម្ដាយ​ពិតជា​មាន​ក្ដី​អាណិតអាសូរ​​​មិន​ចង់​ឲ្យ​ធ្វើ​ការ​ងារ​នេះ​ទេ

រយៈ​ពេល​២​ខែ​ដំបូង​ធ្វើ​ជា​អ្នក​លាងចាន​នៅ​ប្រទេស​អង់គ្លេស​ មិន​មាន​ភាព​ក្លាហាន​ជម្រាប​មក​អ្នក​មាន​គុណ​ទាំង​ពីរ​​ឡើយ ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើ​ការ​​ពីរ​​ខែ​ ទើប​លោក​សម្រេចចិត្ត​ជម្រាប​ជូន​លោក​ទាំង​ពីរ​​នាក់។​ នៅ​ពេល​ដឹងថា​ ​លោក​ធ្វើ​ជា​អ្នក​លាង​ចាន​នៅ​ប្រទេស​អង់គ្លេស ម្ដាយ​ឪពុក​លោក​បាន​និយាយ​ថា មិន​ចាំ​បាច់​ធ្វើ​ទេ ចាំ​គាត់​ផ្ញើ​ឲ្យ​ចាយ ប៉ុន្តែ​ជា​កូន​ប្រុស​សម្រាប់​លោក លោក​ថា​ ​ត្រូវ​តស៊ូ​គ្រប់​រសជាតិ​នៃ​ជីវិត​ លោក​សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត​ធ្វើ​ការងារ​បណ្ដើរ​រៀន​សូត្រ​បណ្ដើរ​រហូត​ដល់​រៀន​ចប់​។

មាន​ចិត្ត​ជា​សហគ្រិន​ ត្រូវ​តែ​បើក​ជំនួញ

រយៈ​ពេល​ជាង​​១​ឆ្នាំ​ គឺ​រង់​ចាំ​​យ៉ាង​អន្ទះសា។ ពាក់កណ្ដាល​​ ខែ​​កក្កដា​ ​ឆ្នាំ​២០១០​ លោក​បាន​បញ្ចប់​ការសិក្សា​ភ្លាម។​ លោក​​បាន​សម្រេចចិត្ត​មក​រស់នៅ​ស្រុក​ខ្មែរ​ភ្លាម តែ​លើក​នេះ ​មិន​ដូច​លើក​មុន​ឡើយ​ មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​គិត​បើក​អាជីវកម្ម​​ភ្លាម។ រយៈ​ពេល​១៥​ថ្ងៃ​ក្រោយ​ លោក​បាន​ចរចា​សេង​ហាង​យក​​ក្លិប​កម្សាន្ត​​មួយ​ ឈ្មោះ​ LEO កាហ្វេ ពេល​នោះ ក្នុង​ពាក់​កណ្ដាល​ខែ​៨​លោក​ក៏​សម្រេច​ចិត្ត​ទិញ​ក្នុង​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ដែល​បូករួម​ទាំង​ទីតាំង​និង​សម្ភារៈ​ដែល​ថវិកា​ទាំងនោះ​បាន​មក​ពី​ក្រុម​គ្រួសារ​របស់​លោក​ពាក់កណ្ដាល​ និង​ប្អូនប្រុស​បង្កើត​របស់​លោក​ពាក់កណ្ដាល​ដោយ​សម្អាង​ថា បង​ប្រុស​មក​ពី​បរទេស មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ជំនួញ ពេល​នោះ​​ទើប​​​ប្អូន​​ និង​​មាន​ជំនឿ​ទុក​ចិត្ត​លើ​រូប​លោក​។

រៀន​បាន​អនុបណ្ឌិត​ធ្វើ​ជំនួញ​បរាជ័យ

នៅ​ខែ​​​តុលា​ ឆ្នាំ​២០១០​ ​ហាង​មួយ​ឈ្មោះ​ Space Clubs បាន​បើក​សម្ពោធ​ជា​ផ្លូវការ ទិសដៅ​ដំបូង​របស់​លោក ​គឺ​បើក​ក្លិប​កម្សាន្ត​ដោយ​ចាប់​យក ភ្ញៀវ​លំដាប់​ខ្ពស់ (Hight​Class​) ដោយសារ​លោក​ធ្លាប់​រស់នៅ​ប្រទេស​អង់គ្លេស​ពេល​ទំនេរ ​លោក​ធ្លាប់​ចូល​កម្សាន្ត​ឃើញ​ថា ​ជំនួញ​មួយ​នេះ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​។ តែ​អ្វី​ៗ ​មិន​ដូចជា​​ការ​គិត​របស់​លោក ​ទីតាំង​គឺជា​បញ្ហា​ធំ​បំផុត ភ្ញៀវ​លំដាប់​ខ្ពស់​ ពិបាក​ចត​ឡាន​ដូច្នេះ​លោក​មិន​ចូល​មក​ទីនេះ​ទេ ដោយសារ​គ្មាន​ចំណត​ឡាន​ដូច្នេះ​រយៈ​ពេល​៣​ខែ​ដំបូង​គឺ​ចូល​ដើម​រហូត​។

បាក់ទឹកចិត្ត​ ប្រកាស​លក់​ហាង​ចោល​ បោះបង់​គំនិត​ជា​សហគ្រិន

រយៈ​ពេល​បី​ខែ​ដំបូង​ខាត​ចុង​ខាត​ដើម​ លោក​បាន​​បាក់​ទឹកចិត្ត​ផង​ និង​ត្រូវ​បាន​អ្នក​ផ្ទះ​ច្រានចោល​គំនិត​ទាំង​ស្រុង​ថា លោក​ខំ​ទៅ​រៀន​ដល់​បរទេស​តែ​បែរ​ជា​មក​រក​ស៊ី​ទៅ​វិញ​ កន្លែង​ធ្វើការ​មួយ​គគោក​អាច​រក​ចំណូល​បាន​១​ខែ​ ជិត​១០០០​ដុល្លារ​មិន​ធ្វើ​បែរ​ជា​យក​លុយ​មក​បោះចោល​ទៅ​វិញ ភាព​បរាជ័យ​ចូល​មក​ខ្លួន​លោក​ ទ្រាំ​មិន​បាន​៣​ខែ​ផង​លោក​ក៏​សម្រេចចិត្ត​លក់​ឡាយឡុង​ក្លិប​ចោល​ក្នុង​តម្លៃ​៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ ​ទទួល​បាន​​ជោគជ័យ

រយៈ​ពេល​២​ខែ​គ្មាន​អ្នក​សេង​ក្លិប​មួយ​នេះ​សោះ សម្អាង​ចំណេះ​ដែល​សិក្សា​នៅ​បរទេស​លោក​ចាប់​ផ្ដើម​មាន​គំនិត​ថ្មី​ គំនិត​មើល​ឃើញ​នៅ​ភាព​បរាជ័យ​របស់​ខ្លួន​ ដែល​កាល​ពី​មុន​លោក​បើក​ក្លិប​ដើម្បីចាប់​យក​ភ្ញៀវ​លំដាប់​ខ្ពស់ តែ​ពេលនេះ​លោក​ចាប់​ផ្ដើម​ចាប់​យក​កម្រិត​មធ្យម​ជា​យុវវ័យ​វិញ​ គ្រាន់​តែ​ចាប់​ផ្ដើម​ទម្លាក់​ថ្លៃ​ និង​ផ្សព្វផ្សាយ​តាម​រយៈ​វិទ្យុ​ ចែក​ខិត​ប័ណ្ណ​តាម​ដង​ផ្លូវ​ ភ្លាម​ៗ​នោះ​សប្ដាហ៍​ទី​១​មាន​មនុស្ស​មក​ច្រើន​ឡើង​ រហូត​ដល់​ចុង​សប្ដាហ៍ រក​កន្លែង​អង្គុយ​គ្មាន​ទៀត​ផង​ ហៀរ​​រហូត​ដល់​ថ្ងៃ​ច័ន្ទ​ត្រឹម​នេះ​ ​ពន្លឺ​នៃ​ភាព​ជោគជ័យ​ចាប់ផ្ដើម​កើត​មាន​ រយៈ​១​ខែ​លោក​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ចន្លោះ​ពី​៥០០០​ដុល្លារ​ទៅ​១០០០០​ដុល្លារ​ ហើយ​អត្រា​ទាំង​នេះ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់​។

បច្ចុប្បន្ន​ភាព និង​ផែនការ​អនាគត

លោក​ស៊ិន សូផាន់ណាក់ ​បច្ចុប្បន្ន​​មនា​ អាយុ​២៨​ឆ្នាំ​ មិន​ទាន់​មាន​ប្រពន្ធ​​ឡើយ​ មាន​ក្រុមហ៊ុន​១​ ឈ្មោះ ​Space Club។ សម្រាប់​គម្រោង​ខាង​មុខ​នេះ​ លោក​បាន​សម្រេច​ចិត្ត​ បើក​​Space Club មួយ​កន្លែង​ទៀត​នៅ​ខណ្ឌ​ទួលគោក និង​កំពុង​កសាង​សណ្ឋាគារ​ Angkor Heritage boutique and Spa ​នៅ​ខេត្ត​សៀមរាប ​ដែល​គ្រោង​​សាង​សង់​​៣០​បន្ទប់​ ដែល​ជា​បន្ទប់​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ដែល​គិត​មកទល់​ពេល​នេះ​លោក​មាន​ដើមទុន​សរុប​ជាង​១​លាន​ដុល្លារ​។

បទ​ពិសោធ​ជីវិត

ដើម្បី​ផ្លាស់ប្ដូរ​ជីវភាព​ ឪពុក​ម្ដាយ​របស់​លោក​សម្រេចចិត្ត​លក់​ផ្ទះ រើ​ទៅ​នៅ​ជាយ​ក្រុង ​ម្ដុំ​ពោធិចិនតុង​ដែល​កាលណោះ​សុទ្ធ​តែ​វាលស្រែ ហើយ​ចិញ្ចឹម​មាន់​ ទា ជ្រូក​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ផ្ទះ​តៀម​ប្រក់​​ស័ង្កសី​ ដែល​កម្ដៅ​មិន​ធម្មតា​ចូល​មក​ក្នុង​ផ្ទះ ដូច្នេះ​កាលណោះ​លោក​ជា​ក្មេង​ធ្លាប់​រស់​នៅ​ទីក្រុង ទៅ​ជា​ក្មេង​ចិញ្ចឹម​មាន់​ ទា​ វិញ​នោះ​នេះ​ជា​រឿង​កម្សត់​បំផុត​។

រឿង​១​ទៀត​ពេល​លោក​ធ្វើការ​ជា​អ្នក​លាង​ចាន​នៅ​ប្រទេស​អង់គ្លេស​ លោក​តែងតែ​ស្រមៃ​នឹក​គិត​ថា
លោក​នឹង​ធ្វើ​ជា​អ្នក​មាន​ឲ្យ​បាន​ព្រោះ​ភាព​ក្រីក្រ​ហើយ​ដែល​បាន​ជំរុញ​លោក​មក​លាង​ចាន​ឲ្យ​គេ។​ និយាយ​ជា​រួម​មក ​លោក​និយាយ​ថា​ ​លោក​មិន​ស្អប់​អ្នក​ក្រីក្រ​ទេ​តែ​លោក​ស្អប់​ភាព​ក្រីក្រ​ជាង​។

បណ្ដាំ​ផ្ញើ​ដល់​យុវជន​ដែល​ចង់​បាន​ភាព​ជោគជ័យ

លោក​លើក​ឡើង​ថា​ សម្រាប់​យុវជន​ទាំងអស់​ បើសិនជា​ចង់​ធ្វើ​ជំនួញ​ឲ្យ​ទទួល​បាន​ជោគជ័យ​ ជំហាន​ដំបូង​ត្រូវ​ហ៊ាន​ទទួល​យក​ភាព​បរាជ័យ​ជា​មុន​សិន ដូចជា​​លោក​​ផ្ទាល់​ជា​ដើម​ ដំបូង​​លោក​​ហ៊ាន​ទទួល​យក​បរាជ័យ ហើយ​ងើប​ឈរ​ឡើង​ស្វែង​រក​ភាព​ជោគជ័យ​។ ​លោក​បន្ត​ថា​ “យុវជន​ទាំងអស់​ត្រូវ​ហ៊ាន​នឹក​ស្រមៃ​ថា​ បើសិនជា​យើង​ទៅ​ជា​អ្នក​មាន​​​តើ​មាន​​អ្វី​ខ្លះ​ដែល​យើង​បាន​ទទួល​? ដូចជា​មាន​រថយន្ត ទំនើប ដើរ​លេង​ទៅ​ក្រៅ​ប្រទេស មិន​មែន​ត្រូវ​នៅ​១​កន្លែង​នោះ​ទេ ​ដើរ​ដើម្បី​ស្វែង​រក​គំនិត​ថ្មី​ៗ​ពី​ស្រុក​គេ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ កុំ​ខ្លាច​នឿយហត់ ព្រោះ​ថា​ការ​ចាប់​ផ្ដើម​ដំបូង​យើង​ជា​ថៅកែ​ ត្រូវ​ចំណាយ​ច្រើន​ ទាំង​ថវិកា​និង​ពេល​វេលា​២៤​លើ​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​ ក្នុង​ការ​គិត​រិះរក​​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​​​ជោគជ័យ​។

បើសិនជា​បរាជ័យ​កុំ​ទាន់​អស់​សង្ឃឹម​ត្រូវ​គិត​ថា​រកស៊ី​ត្រូវ​មាន​ហានិភ័យ ដួល​ម្ដង​យ៉ាង​ច្រើន​រក​ការងារ​ធ្វើ​ហើយ​សន្សំ​លុយ​​ចាំ​​ចាប់​ផ្ដើម​ឡើង​វិញ​ទៀត​​។ សូម​យុវជន​ចងចាំ​ថា “អ្នក​ដែល​ជោគជ័យ​មក​ទល់​សព្វ​ថ្ងៃ​នេះ គឺ​គាត់​ជោគជ័យ​តែ​ម្ដង​ប៉ុណ្ណោះ ម្ដង​នោះ​ហើយ​ដែល​គាត់​ឲ្យ​ជោគជ័យ​រហូត”។

អត្ថបទ ​និង​រូបថត​ ៖ កង ចាន់​បញ្ញា


No comments:

Post a Comment