កម្ពុជា ដែលត្រូវបានផ្តល់កិត្តិយសពីសហគមន៍អន្តរជាតិឱ្យធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំលើកទី៣៧ និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៣ គឺជាជោគជ័យដ៏ធំធេង និងជាប្រវត្តិសាស្ត្រ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងការលើកស្ទួយវប្បធម៌យ៉ាងខ្ពស់ត្រដែត។
ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់សហគមន៍ អន្តរជាតិលើបេក្ខភាពកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំលើកទី៣៧ ក្នុងខែមិថុនា ឆ្នាំ ២០១៣ គឺជាសារដ៏មានអត្ថន័យបំផុតទៅកាន់ពិភពលោកថា តម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ក៏ដូចជាប្រាង្គប្រាសាទរាប់ពាន់ដែលមាននៅលើទឹកដីនៃព្រះ រាជាណាចក្រអច្ឆរិយៈមួយនេះ មាននូវដួងព្រលឹងរស់រវើកដែលជាមោទនភាពរបស់ជាតិទាំងមូល គឺមិនមែនសម្រាប់តែរាជរដ្ឋាភិបាលនោះទេ។
បន្ទាប់ពីការតស៊ូមតិដ៏ស្វិតស្វាញ ដើម្បីសម្រេចនូវគោលដៅនៃយុទ្ធនាការស្វែងរកការគាំទ្រពីសហគមន៍ អន្តរជាតិ នៅទីបំផុតកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូកម្ពុជា ត្រូវបានទទួលនូវមហាកិត្តិយស គឺសម័យប្រជុំលើកទី៣៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចប្រកាសជាផ្លូវការនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១២ ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំលើកទី៣៧នៅឆ្នាំ២០១៣ ដែលបានកំណត់យកទីក្រុងភ្នំពេញ និងសៀមរាមសម្រាប់ជាទីកន្លែងរៀបចំកិច្ចប្រជុំនាពេលខាងមុខនោះ។
សេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិក ភណ្ឌពិភពលោកលើកទី៣៦ គឺជាសារដ៏មានសារៈសំខាន់បំផុតផ្ញើទៅកាន់ពិភពលោក អំពីនិមិត្តរូបនៃជាតិខ្មែរក្នុងយុគសម័យសម្តេចតេជោសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់តម្លៃនៃវប្បធម៌ជាតិ និងការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជានៅក្នុងកិច្ចការ អន្តរជាតិ ជាពិសេសតំបន់បេតិកភណ្ឌអង្គរ និងប្រាសាទព្រះវិហារ។
កាលពីឆ្នាំ២០០៨ កម្ពុជាទើបនឹងត្រូវបានដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិ បេតិភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៣។
ការសម្រេចបាននូវសមិទ្ធផលធំធេង ជាបន្តបន្ទាប់របស់កម្ពុជា គឺជាការបញ្ជាក់ឡើងវិញនូវការទទួលស្គាល់ នៃគុណសម្បត្តិរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានពុះពារនាំមកនូវឯកភាពជាតិ ទឹកដី ការផ្សះផ្សាបង្រួបបង្រួមជាតិ ធានាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេស គឺកម្ពុជា បានទទួលការកោតសរសើរថា ជាគំរូនៃការនាំមកនូវសន្តិភាពក្នុងតំបន់។ នេះ គឺជាភាពល្បីរន្ទឺរបស់កម្ពុជា ដែលមានមេដឹកនាំប្រកបដោយភាពឈ្លាសវៃ។
អ្វីដែលជាសក្ខីភាពពុំអាចកាត់ថ្លៃបាន ជុំវិញការផ្តល់នូវកិត្តិយសដ៏ធំធេង ពីសំណាក់សហគមន៍អន្តរជាតិដល់កម្ពុជា គឺពិតជាផ្តើមចេញពីការជឿទុកចិត្តដ៏មោះមុតមកលើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលសព្វថ្ងៃ ក្នុងការរួមចំណែកពង្រឹង និងពង្រីកកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
បច្ចុប្បន្នកម្ពុជា បាន និងកំពុងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដែលបានទទួលស្វាគមន៍ប្រមុខដឹកនាំប្រទេសមហាអំណាចធំៗ ក៏ដូចជាមេដឹកនាំជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗមកពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ច រីកចំរើន ក៏ដូចជាទទួលជួបប្រជុំ ពិភាក្សាផ្លាស់ប្តូរយោបល់រវាងពាណិជ្ជករធំៗ ដើម្បីស្វែងរកការអភិវឌ្ឍរីកចំរើនសម្រាប់ប្រទេសនៅក្នុងតំបន់ និងសកលលោកទាំងមូល។ « នេះ គឺជាមោទនភាពនៃជាតិខ្មែរ» ។
សម្រាប់សម័យប្រជុំលើកទី៣៧ នៅកម្ពុជា គឺជាអង្គពិធីមួយ ដែលប្រជាជាតិនៃពិភពលោកទាំងមូលធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ដើម្បីជួបជុំគ្នាពិភាក្សា និងផ្លាស់ប្តូរយោបល់ ទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមក សំដៅជម្រុញការអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌពិភពលោក និងសម្រាប់មនុស្សជាតិប្រកបដោយចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការជាតិយូណេស្កូកម្ពុជាចុះផ្សាយថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១២ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០១៣ ខាងមុខ កម្ពុជារំពឹងថា នឹងទទួលស្វាគមន៍នូវភ្ញៀវអន្តរជាតិប្រហែលជិត១ពាន់នាក់ រួមមានអ្នកការទូត និងអ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលមកពីទ្វីបទាំង៥ នៃពិភពលោកទាំងមូល តំណាងឱ្យវប្បធម៌នៃបណ្តាប្រទេសចំនួន១៨៩ ដែលជារដ្ឋសមាជិកអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ក្នុងចំណោមសមាជិកទាំង១៩៥ របស់អង្គការយូណេស្កូ។
ជារួម ជំនឿទុកចិត្តដ៏មុតមាំពីសំណាក់សហគមន៍អន្តរជាតិ ដែលបានផ្តល់នូវកិត្តិយសសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំលើកទី៣៧ និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាជោគជ័យសម្រាប់រាជរដ្ឋាភិបាលក្នុងយុគសម័យសម្តេចតេជោ សែន និងជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល៕
អត្ថបទដោយៈ គង់ សម្បត្តិ
No comments:
Post a Comment