គណបក្សសិទ្ធិមនុស្ស ដែលទើបនឹងមានសម្លេងបន្តិចបន្តួចនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៣ ឆ្នាំ ២០១២ បាននិយាយថា ខ្លួនបានអនុម័តរួចហើយលើសមាសភាពក្រុមការងារ ដែលនឹងត្រូវចរចាជាមួយក្រុមការងាររបស់គណបក្ស សម រង្ស៊ី នៅក្រៅប្រទេសនាពេលខាងមុខនេះ ក្នុងអ្វីដែលគេហៅថា ដើម្បី«បន្ថយឥទ្ធិពលគណបក្សកាន់អំណាច»ក្នុងគោលបំណងបំរើ«ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដ»
តើអ្វីទៅជាការបន្ថយឥទ្ធិពលគណបក្សកាន់អំណាចហើយថាតើអ្វីទៅដែលនាំឲ្យគណបក្សកាន់អំណាចមានឥទ្ធិពលនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលឥទ្ធិពលនេះតែងបានបង្ហាញនៅពេល បោះឆ្នោតម្តងៗនោះ។ជាការពិតណាស់ ឥទ្ធិពលរបស់គណបក្សកាន់អំណាចឬឥទ្ធិពលរបស់គណ បក្សប្រជាជនកម្ពុជាបានកើតមានឡើងតាំងតែពីឆ្នាំ ១៩៧៩ ដែលនៅក្នុងគ្រានោះគណបក្សប្រជាជន ដែលមានឈ្មោះជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះមានទាំងលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ជាគណបក្សដែលជួយបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ នោះ។ប្រជាពលរដ្ឋកម្ពុជាដែលមានសុភវិនិច្ឆ័យ និងស្រឡាញ់យុត្តិធម៌សុទ្ធតែបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាជីវិតទី ២ របស់ខ្លួន ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រមិនអាចក្រកែកបាន ហើយវីរភាព របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា តែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូបចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន និងទៅអនាគតផងដែរ។
ការបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យសន្តិភាពបានកើតមានឡើងនៅទូទាំងប្រទេស គ្មានតំបន់អបគ- មន៍ ប្រទេសជាតិមានការឯកភាពទឹកដី មានការឯកភាពជាតិ ការបង្រួបបង្រួមផ្សះផ្សារជាតិ ការដាក់ ប្រទេសជាតិលើមាគ៌ាប្រជាធិបតេយ្យ ដែលចាប់ផ្តើមនៅក្នុងការបោះឆ្នោតសកលជាប្រវត្តិសាស្ត្រ នៅឆ្នាំ ១៩៩៣ ក្រោមការរៀបចំដោយអង្គការសហប្រជាជាតិ ដែលនាំឲ្យមានការរស់រានឡើងវិញនូវ ព្រះរាជាណាចក្រទី ២ បន្ទាប់ពីត្រូវបានពួកមនុស្សក្បត់ជាតិមួយចំនួនធ្វើរដ្ឋប្រហារបំបាត់ចោល កាលពីឆ្នាំ ១៩៧០ ដែលកត្តាទាំងអស់នេះវាគ្រាន់តែជាទឡ្ហីករណ៍ដ៏តិចតួចបំផុត ដែលយើងបាន លើកឡើងតែប៉ុណ្ណោះ។ការធ្ចើសមាហរណកម្មផ្ទៃក្នុង និងចូលទៅក្នុងតំបន់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមកិច្ច ការកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដែលបាន និងកំពុងអនុវត្តគឺ សុទ្ធសឹងតែជាសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលកិច្ចការទាំងអស់នេះបាន បង្ហាញពីឥទ្ធិពលឬប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចនោះហើយ។
ការតបស្នងរបស់ប្រជាពលរដ្ឋកម្ពុជាដែលប្រកបទៅដោយភាពចាស់ទុំ ចំពោះរាជរដ្ឋាភិបាល នាពេលកន្លងមកនោះគឺទិន្នន័យ នៃការបោះឆ្នោតឆ្នាំ ១៩៩៣ ការបោះឆ្នោតឆ្នាំ ១៩៩៨ ការបោះឆ្នោតឆ្នាំ ២០០២ ការបោះឆ្នោតឆ្នាំ ២០០៣ ការបោះឆ្នោតឆ្នាំ ២០០៧ ការបោះឆ្នោតឆ្នាំ ២០០៨និងការបោះ ឆ្នោតឆ្នាំ២០១២គណបក្សកាន់អំណាចបានទទួលសម្លេងបោះឆ្នោតគាំទ្រកាន់តែច្រើនឡើងនោះឯង។ យោងតាមរបាយការណ៍អង្គការខុមហ្វ្រែលបានបង្ហាញថា កាលពីការបោះឆ្នោត ឆ្នាំ ១៩៩៣ គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងឆ្នោតត្រឹមតែ ១ ៥៣០ ៩៤៣ សម្លេងប៉ុណ្ណោះ ហើយជាបន្តបន្ទាប់ សម្លេងគាំទ្របានកើនឡើងជាលំដាប់នៅគ្រប់ការបោះឆ្នោតនិមួយៗ ហើយនៅក្នុងឆ្នាំ ២០១២ នេះ គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្ររហូតដល់ទៅ ៣,៦៣ លានសម្លេង។
កំណើននៃការគាំទ្រមកលើគណបក្សកាន់អំណាច គឺបានឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់គណបក្ស កាន់អំណាច វាបានឆ្លុះបញ្ចាំងពីសក្តានុពល និងពីប្រជាប្រិយភាពដ៏ធំធេងរបស់គណបក្សកាន់អំណាច ផងដែរ។ប្រសិនបើដូច្នេះតើអ្វីទៅដែលគណបក្សសិទ្ធិមនុស្សនិយាយថា «រួបរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីបន្ថយឥទ្ធិពលគណបក្សកាន់អំណាចនោះ»។វាមិនមែនជាលើកដំបូងទេ ដែលគណបក្សសិទ្ធិ មនុស្ស និងគណបក្ស សម រង្ស៊ី បានរួបរួមគ្នាក្នុងអ្វីដែលពួកគេនិយាយថា ដើម្បីទប់ទល់ជាមួយគណ បក្សប្រជាជនកម្ពុជា ប៉ុន្តែសារជាតិរបស់ក្រុមប្រឆាំងនេះប្រៀបបានដូចជាប្រេង និងភ្លើងដែលនឹងឆេះ យ៉ាងសន្ធោសន្ធៅនៅពេលដែលវាប៉ះគ្នាឬសូម្បីតែវាគ្រាន់តែនៅជិតគ្នានោះ។
ការប្រុងប្រៀបរួបរួមគ្នាសារជាថ្មីរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលត្រូវ បានផ្តល់រហស្សនាមថា មួយជាគណបក្សប្រឆាំង និងមួយទៀតជាគណបក្សបញ្ឆោតនោះពិតជាបង្កឲ្យ ចម្ងល់ជាច្រើននៅក្នុងចំណោមមហាជនដែលចូលចិត្តតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ហើយសំណួរដែលត្រូវសួរនោះមានដូចជា តើពួកគេរួបរួមគ្នាយ៉ាងដូចម្តេចបើមួយជាប្រេង និងមួយជា ភ្លើង។តើពួកគេប្រើប្រាស់វិធីណាដើម្បីបន្ថយឥទ្ធិពលគណបក្សកាន់អំណាច ដែលបាន និងកំពុងតែ មានការគាំទ្រច្រើនឡើងៗពីមួយថ្ងៃច្រើនជាងមួយថ្ងៃ ពីមួយខែ មួយឆ្នាំ ច្រើនជាង មួយខែ មួយឆ្នាំ និង ពីមួយអាណត្តិច្រើនជាងមួយអាណត្តិនោះ។នៅពេលដែលគណបក្សប្រឆាំង និងគណបក្សបញ្ឆោត បាន និងកំពុងនិយាយដោយគ្មានការពិត និយាយដោយភូតកុហក់ គណបក្សកាន់អំណាចក៏បានធ្វើ និងកំពុងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន ហើយជាការពិតនោះការនិយាយថា «ការរួបរួមគ្នារវាងក្រុមប្រឆាំងដើម្បីបន្ថយឥទ្ធិពលរបស់គណបក្សកាន់អំណាច» វាគ្រាន់តែជាការ និយាយឲ្យបានត្រឹមតែនិយាយតែប៉ុណ្ណោះ៕ស្នាយពល
No comments:
Post a Comment