ក្មេងដ៏កំសត់ម្នាក់នេះ ត្រូវបានជួយសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ឆានាពេលកន្លងមក។
បច្ចុប្បន្ននេះ មានឪពុកម្តាយអ្នកទាន់សម័យទំនើប បែបសម្ភារនិយមមួយចំនួន ដែលងប់នឹងទូរទស្សន៍ តែងតែអួត និងសរសើរកូនៗរបស់ពួកគេ ទៅអ្នកជិតខាង ឬក៏អ្នកធ្វើការជាមួយ ដោយសួរទៅកូនថា តើធំឡើងកូនចង់ធ្វើអី? កូនៗទាំងនោះឆ្លើយថា ធំឡើងចង់ក្លាយជាតារា!
ហេតុអ្វីបានជាឪពុកម្តាយរបស់ពួកគេបែរទៅជាសប្បាយចិត្ត នៅពេលដែលកូនៗចង់ក្លាយជាតារាទៅវិញ? នេះមកពីធ្វើជាតារាៗសប្បាយហ៊ឺហារហូត ដោយមិនចាំបាច់រៀនចេះដឹងប៉ុន្មានទេ ហើយមានគេទិញផ្ទះវីឡា ទិញរថយន្តទំនើបៗឲ្យទៀតមែនទេ?
តាមរយៈទស្សនាវដ្តី និងសារព័ត៌មានក្នុងស្រុកនានា បានបង្ហាញពីព័ត៌មានអេចអូច ពីការតារាៗប្រុសស្រីដែលធ្វើយ៉ាងណាៗឲ្យបានល្បី គឺអួតដាក់គ្នា ពីរឿងសម្រស់ រឿងប្រាក់ចំណូលបានមកពីច្រៀង ឬក៏សម្តែង ខ្លះទៀតបានមកពីការបង្ហាញម៉ូដ និងថតស្ប៉តពាណិជ្ជកម្មជាដើម។ ឯខ្លះទៀតមិនសូវបង្ហាញពីប្រាក់ចំណូលទេ តែបែរជាបង្ហាញពីផ្ទះវិឡា និងរថយន្តទំនើបៗ ដែលរកបានដោយខ្លួនឯង ខ្លះទៀតមិនរកដោយខ្លួនឯងទេ គឺមានគេទិញឲ្យទៅវិញ ទំាងតារាប្រុស ទាំងតារាស្រី ហើយជាធម្មតា ពួកគេបង្ហាញគ្រឿងអលង្ការ និងម៉ូដសម្លៀកបំពាក់ដាក់គ្នា មិនថាតារាស៊េរីចាស់ ឬស៊េរីថ្មីទេ អ្នកចូលរួមល្មមៗ ពួកគេមិនមើលមុខផងធ្វើឫកពាមួយបាវ។ សំណួរសួរថាតើ តារាប្រុសស្រី នៅស្រុកខ្មែរដែលរកបានប្រាក់ចំណូលខ្ពស់ៗជាងអ្នកធ្វើការថ្នាក់ គ្រប់គ្រង តាមបណ្តាអង្គការក្រៅរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនធំៗទៅទៀតនោះ ពួកគេបានបង់ពន្ធលើប្រាក់ចំណូលប្រចាំខែជូនរដ្ឋ ដូចតារាៗបរទេសដែរឬទេ?
ឧទាហរណ៍ តារាចំរៀង ខេមរៈ សិរីមន្ត បើគាត់ច្រៀងប៉ះចំរដូវត្រូវប៉ាន់ គឺអាចរកបានដល់ទៅ ៥ម៉ឺន ដុលា្លក្នុង១ ខែ។ បើផ្អែកតាមច្បាប់ស្តីពីសារពើពន្ធឆ្នាំ ១៩៩៧ មាត្រាទី ៤៧ បានចែងពីតម្រូវឲ្យអ្នកធ្វើការវិជ្ជាជីវៈ ត្រូវបង់ពន្ធលើប្រាក់ចំណូលប្រចំាខែ មានចែងពី៥ ដល់ ២០ ភាគរយ។ រីឯប្រាក់ដែលលើសចំនួនទឹកប្រាក់១២,៥ លានរៀល ប្រហែលជា៣.១២៥ ដុល្លារ គឺតម្រូវឲ្យបង់២០ ភាគរយ។ អ៊ីចឹង លោក សិរីមន្ត រកបាន ៥ ម៉ឺនដុល្លារក្នុង ១ ខែ គឺលោកត្រូវបង់ពន្ធជូនរដ្ឋ ១ម៉ឺនដុល្លារ ក្នុង ១ ខែផងដែរ។ តើរដ្ឋមានបានយកពន្ធពីគាត់ដែរឬទេ?
ចំណែកឯលោកព្រាប សុវត្ថិ ក៏ដូចគ្នាដែរ បើគាត់ថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទអឹម ហ្វូន បាន ១០ ម៉ឺនដុល្លារ គឺគាត់ត្រូវបង់ពន្ធលើប្រាក់ចំណូល ២០ ភាគរយ ផងដែរ គឺស្មើ ២ ម៉ឺនដុល្លារ ដែលត្រូវបានចូលរដ្ឋ ហើយកាតព្វកិច្ចរបស់មន្ត្រីពន្ធ គឺកាត់ពីក្រុមហ៊ុននេះតែម្តង។
អ៊ីចឹង លោកសុវត្ថិ ទទួលបានតែ ៨ ម៉ឺនដុល្លារទេ។
ទំាងនេះ មិនមែនមានន័យថាច្រណែនទៅនឹងតារាៗ ដែលរកប្រាក់ចំណូលកាក់កបនោះទេ គឺធ្វើយ៉ាងណា ឲ្យមានភាពស្មើគ្នា សូម្បីតែអ្នកធ្វើការពិគ្រោះយោបល់ឯករាជ្យ ក៏ធ្លាប់ត្រូវបានគេកាត់ពន្ធដែរ។ ក៏ដូចគ្នានេះដែរ មានភាពយុត្តិធម៌ ចំពោះបុគ្គលិកអង្គការ និងក្រុមហ៊ុននានា គឺអង្គភាពរបស់ខ្លួនសុទ្ធតែបានកាត់ពន្ធរបស់ពួកគាត់ ជូនរដ្ឋជារៀងរាល់ខែនោះដែរ។ ទាំងនេះគឺជាចំណុចខ្សោយរបស់មន្ត្រីពន្ធដារ ក្នុងការប្រមូលពន្ធ ដែលប្រមូលបានតិចជាងការរំពឹងទុក បើទោះបីជាការប្រមូលពន្ធឆមាសទី ១ ដើមឆ្នាំនេះ បានកើនឡើងជាងឆមាសទី១ កាលពីឆ្នាំទៅដល់ទៅ ១៦ភាគរយក៏ដោយ នេះបើតាមទិន្នន័យរបស់នាយកដ្ឋានពន្ធដារ និងគយ។ ម្យ៉ាងវិញទៀត ចំណុចគួរឲ្យឆ្ងល់ ១ ដែរនោះ គឺការដែលមន្ត្រីធំៗ យកលុយទិញឡានទំនើប ទិញវីឡា ដែលខ្លះ មានតម្លៃដល់ពី ៥០ ម៉ឺនដល់ ១ លានដុល្លារឲ្យទៅតារាៗមួយចំនួននោះ តើទាំងនេះ គឺជាសកម្មភាពមួយដែលបង្កឲ្យមន្ត្រីជាន់ខ្ពស់ទាំងស៊ីវិល ទាំងកងកម្លាំងសុទ្ធតែពាក់ផ្កាយៗកាន់តែបង្កើនអំពើពុករលួយដល់ ឆ្អឹងដែរឬទេ? ហេតុអ្វីក៏រកលុយបានឲ្យតារាៗស្រួលៗម្ល៉េះ? ឬក៏បានមកពីការប្លន់ ច្បាមយកដីធ្លីប្រជាពលរដ្ឋទៅលក់ឲ្យក្រុមហ៊ុន ដើម្បីទៅចិញ្ចឹមតារាៗ ទាំងប្រុស ទាំងស្រីនោះ? តើការខំប្រឹងរបៀបនេះ មានន័យអ្វីដល់សង្គមជាតិ?ប្រហែលជាការបំផ្លាញជាតិទៅវិញទេ ដែលច្រើនជាង? បើពលរដ្ឋបើកភ្នែកមក ឃើញតែយំ ដោយសារបាត់ដីធ្លី ឬក៏កម្មករ ត្រូវបានគេជិះជាន់ ដែលពួកគេចេះតែក្រទៅៗនោះ?
ហេតុអ្វីបានជាមន្ត្រីជាន់ខ្ពស់ធំៗនៃរាជរដ្ឋាភិបាល នំាគ្នាទៅបំពាក់បំប៉នតារាៗ មិនថា ប្រុស ឬស្រីទេ ដែលពួកគេ មានដៃ២ មានជើង ២ ល្អៗ មានលទ្ធភាពរកប្រាក់ចំណូលដោយខ្លួនឯងបាននោះ? ចុះហេតុអ្វីបានជា មិននាំគ្នាបង្វែរលុយ ដែលចាយខ្ជះខ្ជាយជាមួយតារាៗទាំងនោះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងតែជួយជីវិតកុមារខ្មែរ សុំត្រដររស់ផងទៅ តាមសិទ្ធិរស់រានមានជីវិត ដែលមានចែងក្នុងច្បាប់សិទ្ធិកុមារ ដែលមន្ទីរពេទ្យទាំងនេះ កំពុងតែដង្ហោយហៅសុំជំនួយនោះ? តើចាំដល់ពេលណាទៀតទើបខ្មែរជួយខ្មែរ នៅមន្ទីរពេទ្យនេះ រយៈពេល ២០ ឆ្នាំហើយដែលមន្ទីរពេទ្យនេះ ដំណើរការទៅបានដោយសារជំនួយបរទេសស្ទើរតែទាំងស្រុង ឯរាជរដ្ឋាភិបាលក៏ផ្តល់ ២លានដុល្លារក្នុង១ឆ្នាំដែរនោះ?
ទោះយ៉ាងណាក៏ដោយ តែក៏មានតារាខ្លះ ធ្វើការជាង ២ ទសវត្សរ៍រកតែលុយទិញផ្ទះនៅមិនបានផង សុខចិត្តនៅជាមួយឪពុកម្តាយ ដូចលោក យុត្ថារ៉ា ឆានី និងលោកស្រី ចន ច័ន្ទលក្ខិណាជាដើម។ នេះក៏មកតែពីការរកស៊ីស្មោះត្រង់របស់ពួកគាត់ដែរ ហើយក៏មានចំណុចផ្តួចផ្តើមដ៏ល្អមួយរបស់តារាពិធីការនី សូដា នីតា បង្កើតមូលនិធិរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផា។ តើពេលណាបានតារាល្បីៗ និងសប្បុរសខ្មែរ ជនធូរធារដទៃទៀត ភ្ញាក់កំណើត ចូលរួមបរិច្ចាគជាមួយកញ្ញា នីតា?
ជាក់ស្តែងកាលពីថ្ងៃសៅរ៍ម្សិលម្ង៉ៃ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិទូរទស្សន៍បាយ័ន បានប្រគល់ទឹកប្រាក់ដែលបានមកពីសប្បុរជនចំនួន ៣០ ម៉ឺនដុល្លារ ឧបត្ថម្ភផ្ទាល់ទៅមន្ទីរពេទ្យគន្ធបុប្ផា។ ទង្វើដ៏ប្រពៃនេះ លោកស្រីគួរតែបន្តអំពាវនាវតាមកញ្ចក់ទូរទស្សន៍របស់លោកស្រីបន្ថែមទៀត ដើម្បីកុមារកម្ពុជារស់រានមានជីវិតលើទឹកដីរបស់ខ្លួន៕
No comments:
Post a Comment