លោក Jean Jacques Rousseauជាទស្សនៈវិទូនិងជាអ្នកទ្រឹស្តីនយោបាយបារាំង ។ គាត់កើតនៅថ្ងៃទី ២៨ ខែមិថុនា ១៧១២ នៃ
គ.ស. នៅ Geneva
ដែលជាទីក្រុងនៃសាធារណរដ្ឋ Geneva ប្រទេសស្វីស
។ ហើយបានទទួលមរណកាលនៅថ្ងៃទី ២ ខែកក្កដា ១៧៧៨ នៃគ.ស. ក្នុងជន្មាយុ ៦៦
ឆ្នាំក្នុងតំបន់ Ermenonvilleដែលស្ថិននៅភាគខាងជើងនៃសាធារណរដ្ឋបារាំង។
គាត់ក៏ជាស្ថាបនិកទ្រឹស្តីក្រមសីលធម៌ (Moralist) ម្នាក់ផងដែរ
។
លក្ខណៈទូទៅរបស់រុស្សូ
ជាការពិតណាស់
ដែលគេនិយាយថា Rousseau
ជាមនុស្សដែលឆាប់មានអារម្មណ៍រំភើប ស្រលាញ់ធម្មជាតិ
ជាមនុស្សមិនទុកចិត្តដល់វិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាឡើយ
តែគាត់គឺជាអ្នកកែទម្រង់ (Reformist) និងជាអ្នកសនិទាននិយមធំមួយ(Retionalizationist)។ ស្នាដៃរបស់គាត់មួយផ្នែកធំ
ផ្តោតទៅលើការកែទម្រង់តាមបែបវិចារណញ្ញាណ។នៅក្នុទ្រឹស្តីនយោបាយរបស់លោកបានរៀបរាប់ចំនុចដ៏សំខាន់មួយគឺ«កិច្ចព្រមព្រៀងសង្គម»ដែលបានសរសេរនៅឆ្នាំ១៧៦២។នៅក្នុងស្នាដៃនេះបានយកចិត្តដាក់ទៅលើទស្សនទានពីរគឺ
ទី១.លោក Rousseauមិនឈរលើមូលដ្ឋាននៃច្បាប់ធម្មជាតិឡើយ
(រដ្ឋកើតចេញពីទំនោររបស់មនុស្សពីធម្មជាតិ ឬដោយសារសភាវៈបស់មនុស្សពីធម្មជាតិ) ។
លោកយល់ថាសមាគមន៍ដែលកកើតឡើងដោយការចុះកិច្ចព្រមព្រៀងគ្នាក្នុងសង្គមនោះគឺជាអង្គរួមមួយដែលមានផ្ទុកទៅដោយក្រមសីលធម៌និងបណ្តុំមនុស្ស។លោកហៅសមាគមន៍នោះម្យ៉ាងទៀតថា«សង្គមមនុស្ស»ដែលបាននាំមកជាមួយនូវអត្តសញ្ញាណរួម
ជីវភាពរួម ឆន្ទៈរួម និងអង្គឯកភាពរួមតែមួយ។
ដូចនេះឃើញថាសង្គមមនុស្សគឺជាអង្គរួមមួយដែលមានឆន្ទៈរបស់ខ្លួនច្បាស់លាស់ហើយយើងក៏មិនអាចធ្វើការប្រៀបប្រដូចអង្គរួមនេះទៅនឹងបុគ្គលណាម្នាក់បានឡើយ។ហើយជាលទ្ធផលសិទ្ធិរបស់ខ្លួនត្រូវបានរដ្ឋយកមកប្រើប្រាស់ដើម្បជាផលប្រយោជន៍ដល់អ្នកដែលបង្កើត។រដ្ឋមានឆន្ទៈផ្ទាល់ខ្លួនដែលមិនមែនជាសញ្ញាណឆន្ទៈរបស់បុគ្គលណាមួយឡើយ។ដោយឈរលើតំលៃជារួមនៅក្នុងឆន្ទៈបស់ខ្លួនគឺសមាជិកនីមួយៗនឹងក្លាយទៅជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីសង្គម។ឆន្ទៈនៃសង្គមមនុស្សសមាគមន៍បុគ្គលឫសង្គមនេះ មិនមែនត្រឹមតែត្រូវបានបង្កើតឡីងដោយបណ្តុំមនុស្សដែលរៀបលំដាប់តាមច្បាប់និងកាតព្វកិច្ចសង្គមប៉ុណ្ណោះទេថែមទាំងរៀបលំដាប់តាមស្មារតីទទួលខុសត្រូវបែបសីលធម៌ទៀតផង
។
ទី២. ការបង្កើតក្រមសីលធម៌
និងស្ថាប័នទូទៅរបស់រដ្ឋ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា ។
សីលធម៌គឺជាផ្នែកមួយចាំបាច់សម្រាប់អប់រំប្រជាពលរដ្ឋហើយមានអត្ថិភាពយ៉ាងខ្លាំង
មិនត្រឹមតែជាផ្នែកមួយនៃច្បាប់ប៉ុណ្ណោះទេ និងជាកាតព្វកិច្ចទៀតផង
ប៉ុន្តែក៏អាស្រ័យទៅនឹងស្ថានភាព និងអារម្មណ៍ផងដែរ ។
ដូច្នេះបុគ្គលរួមគ្នាបង្កើតរដ្ឋ បុគ្គលខ្លួនឯង ជាធាតុរបស់រដ្ឋ ហើយសីលធម៌
និងសកម្មភាពសប្បុរសធម៌របស់គេ អាចកើតមានឡើងបាន ក្នុងខណៈណាដែលរដ្ឋបានបង្កើតហើយ។
ដើម្បើបង្កើតឲ្យមានឡើង នូវឆន្ទៈរួម លោករុស្សូបានគិតថាជាការចាំបាច់ត្រូវការលក្ខន្តិកៈមួយចំនួន ហើយជាបឋម គឺសមភាពនៅក្នុងសង្គម
។ លោកបានគិតថា «សម្បត្តិឯកជន
មិនមែនជាច្បាប់ធម្មជាតិ សម្បត្តិឯកជន គឺជាច្បាប់សង្គម» ។
លោករុស្សូ មិនគាំទ្រទស្សនៈលុបបំបាត់សម្បត្តិឯកជនឡើយ
ប៉ុន្តែក៏ប្រឆាំងទៅនឹងការបែងចែកសម្បត្តិ មិនស្មើគ្នាដែរ ។លោកទទូចឲ្យមូលដ្ឋាននយោបាយ មានការបង្រួបបង្រួមតែមួយ គឺចង់ឲ្យស្មារតីនយោបាយ
នៅក្នុងសង្គមស្តែងឡើង ក្នុងរូបភាពជាឆន្ទៈរួម ដោយតម្រូវឲ្យគ្រប់ប្រជាពលរដ្ឋទាំងអស់
រួមចំណែកយ៉ាងសកម្មក្នុងការបញ្ចញមតិរបស់ខ្លួងឯងផ្ទាល់ ។
លោកថាប្រសិនបើសង្គមមានក្រុមហ៊ុនឯកជនច្រើននោះវានឹងនាំសង្គមទៅរកវិសមភាព
និងការប្រះឆាឆន្ទៈសង្គមរួម ។ ពិសេស
គឺមិនចង់ឲ្យវណ្ណៈណាមួយកាន់កាប់អំណាចរដ្ឋផ្តាច់មុខតែឯងឡើយ ។លោកបញ្ជាក់ថាដោយឆន្ទៈមិនអាចប្តូរបាន និងមិនអាចលក់បាន។ហេតុនេះឆន្ទៈ ក៏មិនអាចតំណាងបានដែរ
។អំណាចបែបតំណាងគឺជាអំណាចបែបទាសភាព។ចំពោះបញ្ហាទម្រង់រដ្ឋវិញលោកមិនអនុញ្ញាតឲ្យមានរបបគ្រប់គ្រងបែបតំណាងឡើយតែលោកគាំទ្ររបបគ្រប់គ្រងបែបប្រជាធិបតេយ្យផ្ទាល់ ។
អប្បជនាធិបតេយ្យក្តី(Oligarchy)ឯកាធិបតេយ្យក្តី(Monocracy)
សុទ្ធសឹងជាយុទ្ធសាស្រ្តនយោបាយដែលបង្ហាញថា
សេ្តចឬអ្នកកាន់អំណាចផ្តាច់ការ ឬមនុស្សភាគតិច (Minority) អាចគ្រប់គ្រងដឹកនាំប្រជាជនទាំងមូលបាន
។ ចំណែកប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលនៅក្នុងរបបនោះ
ប្រជាជនមានអំណាចអធិបតេយ្យ ។ បើគេនិយាយពីប្រជាធិបតេយ្យ
គឺគេនិយាយពីអធិបតេយ្យរបស់ប្រជាជន និងអំណាចរបស់ប្រជាជន ។
ការវិភាគរបស់រុស្សូ
រុស្សូបានធ្វើវិភាគ
មិនប្លែកពីអ្នកនិពន្ធដទៃទៀតនៅជំនាន់នោះទេ គឺការវិភាគដែលចេញពីធម្មជាតិជាមូលដ្ឋាន
។ ចំពោះ Hobbes
នៅក្នុងសភាពធម្មជាតិ អ្នកខ្លាំងមានជ័យជំនះ លើអ្នកខ្សោយ
ហើយមានតែជម្លោះនិងសង្រ្គាមទាំងអស់ប្រឆាំងនឹងទាំងអស់ និងចលាចល ។
ដូច្នេះមនុស្សមានតែផ្លូវតែមួយគត់
គឺការរត់ទៅជ្រកកោនក្រោបដំបូលរបស់រដ្ឋឲ្យជួយការពារ ។ តែចំពោះ Rousseau វិញ
សភាពធម្មជាតិ គ្មានជម្លោះគ្មានសង្រ្គាមអចិន្រ្តៃយ៍ទេសភាពធម្មជាតិ
ជាសភាពមួយដែលមនុស្សរស់នៅដាច់ឆ្ងាយពីគ្នាតែឯកឯង ហើយត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង
។
Rousseauបដិសេធគំនិតរបស់ Hobbes។គាត់យល់ឃើញថាសភាពធម្មជាតិ មិនមែនជាសភាពដែលលូតលាស់មិនមានកម្មវិធីឯកជនគេម្នាក់ៗអាចបះផ្លែឈើដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយឡើយ។ បើគ្មានកម្មសិទ្ធិឯកជនក៏គ្មានចោរដែរ ។នៅក្នុងសភាពធម្មជាតិគេម្នាក់ៗ ជាមួយនឹងគ្រួសារ
អាចធ្វើដំណើរទៅទីកន្លែងណា ដែលគេចង់ទៅ មិនមានព្រំដែនអ្វីឡើយ ។ លោក Rousseau យល់ថា
សភាពធម្មជាតិ ជាសភាពសប្បាយក្រៃលែង ជាសភាពនៃសុភមង្គលសម្រាប់មនុស្សជាតិជាសភាពដែលបង្ហាញពីមនុស្សធម៌របស់មនុស្ស ដែលមានពីកំណើតជាសភាពនៃសេរីភាពនិងសភាពដែលមនុស្ស អាចរស់នៅជារហូត ប៉ុន្តែដើម្បីធ្វើឲ្យមានសុភមង្គល
គេមានពេញលេញ មនុស្សមានមធ្យោបាយពីរបែប គឺសុខចិត្តតស៊ូ
ឬធ្វើខ្លួនឲ្យកាន់តែប្រសើរឡើង។ នៅក្នុងសភាពធម្មជាតិមនុស្សប្រឈមមុខនឹងធម្មជាតិ ដែលច្រើនមិនផ្តល់អំណោយផល ហើយប្រឈមមុខនឹងការលំបាក
ពោលគឺគ្រោះធម្មជាតិ និងសត្រូវ ។ លោក Rousseau ពិចារណាទៅដល់ការលេចចេញនូវការរកឃើញផ្នែកកសិកម្ម
និងលោហកម្ម ។ សិល្បៈទាំងពីរនេះ
នឹងបង្កើតឲ្យមានកម្មសិទ្ធិបុគ្គលលើដីធ្លីវិសមភាពភាពសម្បូរ
និងទុរគតភាពការប្រកួតប្រជែងគ្នាតណ្ហាជម្លោះ ។ ផលវិបាក
ជាគ្រោះក្នុងសភាពធម្មជាតិ ជាកម្មវាសនា គេចមិនផុតដូច្នេះ
មនុស្សត្រូវតែប្រមូលគ្នាជាសមាគមន៍ដើម្បីផលប្រយោជន៍រួម ។ មនុស្សរស់នៅដោយគ្មានសង្គម
មនុស្សអាចរស់នៅដោយស្វែងរកអ្វីៗ ដោយខ្លួនឯង ប៉ុន្តែមនុស្សយល់ឃើញថាវាមានអត្ថប្រយោជន៍ច្រើនបើគេរស់នៅជាមួយគ្នា និងធ្វើការជាមួយគ្នា ។ គាត់បានបង្កើតឲ្យមានសង្គមមួយក្នុងស្នាដៃរបស់គាត់ដែលមនុស្សស្ថិតនៅចំណុះសង្គមនោះពីព្រោះមនុស្សបានប្រគល់សិទ្ធិ និងសេរីភាពរបស់គេប៉ុន្តែមនុស្សនៅតែរក្សាសេរីភាពរបស់គេ ពីព្រោះសង្គមជាសំណុំនៃមនុស្សទាំងអស់
ហើយគ្មានអ្នកណាម្នាក់ បាត់បង់សេរីភាពរបស់គេទេ ។ សេរីភាព
និងសមភាពរបស់ពួកគេម្នាក់ៗ ត្រូវបានធានា ។ សង្គមនយោបាយ
ជាអ្នកសង្រ្គោះអ្វីដែលមនុស្ស ដែលមានកាលនៅក្នុងសភាពធម្មជាតិ គឺមានសេរីភាព
និងសមភាពដោយធានាសន្តិសុខរបស់បុគ្គលផងដែរ ។ នៅពេលដែលរដ្ឋកើតមានឡើងបាតុភូតអំណាច
ក៏មានជាចាំបាច់ដែរ ។ ស្តីអំពីអធិបតេយ្យ Rousseau ចង្អុលបង្ហាញថា
«អធិបតេយ្យរបស់ប្រជាជន
ស្ថិននៅជារបស់ប្រជាជន ។ អធិបតេយ្យនេះមិនអាចផ្ទេរទៅឲ្យនរណាម្នាក់បានឡើយ។នៅក្នុងកិច្ចសន្យា គេមិនអាចប្រគល់អំណាចទៅឲ្យស្តេចមួយអង្គ ពីព្រោះថាការនៅចំណុះស្តេច មិនប្រសើរជាងការរស់នៅក្នុងសភាពធម្មជាតិទេ» ។
តើប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យរបស់ខ្លួន
ដូចម្តេច ? ប្រជារាស្រ្ត ប្រើប្រាស់អធិប្បតេយ្យ
តាមរយៈការបង្កើតច្បាប់ ។ ច្បាប់ ជាសេចក្តីប្រកាសជាសាធារណៈ និងជាឱឡារិកនូវឆន្ទៈទូទៅ
លើកម្មវត្ថុរួមួយ គឺប្រកាសនូវឆន្ទៈ ជាឯកច្ឆន្ទ ។ នេះជាជំនឿក្នុងច្បាប់
ហើយជាប្រភពនៃសេរីភាព ។ ប្រភពនៃច្បាប់ គឺឆន្ទៈទូទៅ ។ ឆន្ទៈទូទៅ
គឺជាចំនួយបូករួមឆន្ទៈរបស់ប្រជាពលរដ្ឋទាំងមូល ។ លោក Rousseau ផ្តល់ជាឧទាហរណ៍ថា
បើរដ្ឋមានពលរដ្ឋមានប្រជាជនចំនួន១០០០០ នាក់នោះ សមាជិកម្នាក់ៗ របស់រដ្ឋមានចំណែករបស់ខ្លួនមួយដែរ
គឺ១/១០០០០នៃអំណាចកំពូល ។ ស្តេចមួយអង្គ សភាមួយរូប គណបក្សមួយ សមាគមន៍មួយ មានឆន្ទៈរបស់គេមួយៗ ប៉ុន្តែមិនមែនជាឆន្ទៈរួមរបស់មនុស្សទូទៅទេ
។ សេចក្តីសម្រេចដែលអាចយកជាការបានទាល់តែមានប្រជារាស្ត្រទាំងមូលជាអ្នកសម្រេចគឺជាឆន្ទៈរបស់ប្រជារាស្រ្តទាំងមូល
។ ច្បាប់
ជាឆន្ទៈទូទៅ ច្បាប់ត្រូវធ្វើឡើងក្នុងគោលដៅទូទៅ សម្រាប់គោលការណ៍ធំៗ ។ នៅក្នុងការអនុវត្តន៍ច្បាប់
ក៏យ៉ាងដូច្នោះ ដែរគឺច្បាប់សម្រាប់ពលរដ្ឋទាំងអស់អនុវត្តន៍
។នេះជាទស្សនៈរបស់លោក Rousseauហើយក៏ជាទស្សនៈដែលមានអំណោយទានដល់ច្បាប់ សម័យទំនើបដែរ ។ លោក Rousseau ថា «អធិបតេយ្យ មិនអាចតំណាងបានទេហើយក៏មិនអាចផ្ទេរបានដែរ
។ តំណាងរាស្រ្ត មិនមែនជាតំណាងរបស់រាស្រ្តទេ
តំណាងរាស្រ្ត គឺគ្រាន់តែជាស្នងការរបស់រាស្រ្ត ។ តំណាងរាស្រ្ត
មិនអាចធ្វើសេចក្តីសម្រេចជាស្ថាពរណាមួយទេ ។ច្បាប់ដែលរាស្រ្ត មិនបានអនុម័ត
មិនមែនជាច្បាប់ទេ ហើយបើរាស្រ្តខ្លួនឯង មិនបានធ្វើអន្តរាគមន៍ ដោយផ្ទាល់យ៉ាងហោចណាស់
ច្បាប់ ក៏មានប្រជាមតិ ឬការយល់ព្រមពីរាស្រ្តដែរ» ។ លោក Rousseau បានធ្វើការរិះគន់យ៉ាងខ្លាំង
ចំពោះប្រជារាស្រ្តអង់គ្លេសថា «ប្រជារាស្រ្តគិតថា ខ្លួនមានសេរីភាពនោះគឺជាការភាន់ច្រឡំធំណាស់
។ ប្រជារាស្រ្តនោះ មានសេរីភាពតែនៅពេលមុនការបោះឆ្នោតជ្រើសរើសសមាជិកសភាតែប៉ុណ្ណោះ ។ នៅពេលដែលគេជ្រើសរើសតំណាងរបស់គេរួចហើយ
គេក៏ក្លាយជាទាសករ របស់សជិកសភាទៅវិញ» ។ រាស្រ្ត
ជាអ្នកផ្តាច់មុខខាងធ្វើច្បាប់ ។ការផ្តាច់ខាងធ្វើច្បាប់នេះ
ត្រូវទុកឲ្យប្រជារាស្រ្ត ។ ចំណុចនេះ លោក Rousseau បានធ្វើការរិះគន់យ៉ាងជូរចត់
ទៅលើលោក Montesquieu ដែលបានពោលថា «អធិប្បតេយ្យរួមមានតែមួយ
គឺអធិប្បតេយ្យជារបស់សង្គម» ។ នៅក្នុងលក្ខខណ្ឌនេះ
រាជាធិបតេយ្យក្តី (Monarchy) អភិជនាធិបតេយ្យក្តី (Aristocracy) អប្បជនាធិបតេយ្យក្តី (Oligarchy) មិនមាននៅ ក្នុងប្រព័ន្ធនយោបាយរបស់លោក Rousseau ទេ ។ បើប្រជារាស្រ្ត
ជាអ្នកធ្វើច្បាប់ តាមធម្មតាច្បាប់នោះទៀតសោត អាចសម្រេចរាល់បញ្ហាទាំងអស់តើអាចមានគ្រោះថ្នាក់ចំពោះសេរីភាពរបស់បុគ្គលឬទេ
? ចំពោះករណីនេះ លោក
Rousseau បានគិតថា «ច្បាប់ មិនអាចមានគ្រោះថ្នាក់ ចំពោះសេរីភាពរបស់បុគ្គលបានទេពីព្រោះច្បាប់សម្រេចដោយមនុស្សទាំងអស់ ហើយអនុវត្តន៍ចំពោះមនុស្សទាំងអស់
ដូច្នេះមិនអាចមានបច្ច័យណា ដែលមនុស្សទាំងអស់សម្រេចអ្វីមួយ
ហើយឲ្យទោសដល់មនុស្សទាំងអស់នោះទេ ។ តាមរយៈនៃការរៀបចំប្រជាធិបតេយ្យឲ្យស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋបែបនេះច្បាប់ដែលកើតឡើងនោះមុខជាល្អ» ។
មនុស្សមួយចំនួន
បានធ្វើការរិះគន់ចំពោះទ្រឹស្តីខាងលើ របស់លោក Rousseau ថា «អ្នកភាគតិច
អាចក្លាយជាជនរងគ្រោះ ឬក្លាយជាទាសករ ពោលគឺអ្នកភាគច្រើន ធ្វើអ្វីដែលបង្ខំដល់ឆន្ទៈ អ្នកភាគតិច ហើយប្រឆាំងនឹងឆន្ទៈអ្នកភាគតិច»។ ចំពោះលោក Rousseauថា«អ្នកភាគតិច
ត្រូវគោរពសេចក្តីសម្រេចរបស់អ្នកភាគច្រើន។ ប្រទេសស្វីល ជាប្រទេសតូច
គេអាចអនុវត្តន៍ប្រជាធិបតេយ្យដោយផ្ទាល់បានក៏ប៉ុន្តែសង្គមនិមួយៗតែងវិវត្តន៍ធ្វើឲ្យចំនួន ប្រជាពលរដ្ឋកើនឡើងជាលំដាប់។ដូច្នេះមានការលំបាកចំពោះការប្រើប្រព័ន្ធប្រជាធិបតេយ្យ បែបផ្ទាល់នេះណាស់» ។
លក្ខណៈច្បាប់របស់រូស្សូ
ច្បាប់សំខាន់ៗ
របស់រដ្ឋត្រូវតែប្រជារាស្រ្ត ជាអ្នកសម្រេចតាមការប្រើប្រជាមតិ (Referendum) ។
ចំពោះបញ្ហាដទៃទៀត ប្រជារាស្ត្រប្រគល់ឲ្យតំណាងរាស្រ្តចុះ ។ លោក Rousseau បានបង្ហាញឲ្យឃើញ
មានភាពខុសគ្នារវាងអំណាចអ្នកតំណាង និងកាតព្វកិច្ចអ្នកតំណាង ។ តំណាង
ដែលជ្រើសតាំង សម្រាប់រយៈពេលយូរ ច្រើនតែភ្លេចរាស្រ្ត ដែលជាអ្នកបោះឆ្នោតឲ្យនោះ ។ ចំណែកតំណាងរាស្រ្ត
ដែលជ្រើសតាំងរយៈពេលខ្លី គេមិនទាន់មានទម្លាប់យកមុខងារ អ្នកតំណាងជាមុខរបរនៅឡើយ
ហើយស្ថិតនៅ ជាអ្នកតំណាងពិតៗ ។ លោក Rousseau មានគំនិតថា «ចំនួននៃការជ្រើសរើស
ត្រូវមានកំរិតពេលវេលា ព្រោះថាអ្នកតំណាងរាស្រ្តដែលប្រជារាស្រ្តលើកច្រើនសារនោះ
នឹងយកតំណែងតំណាងរាស្រ្ត មកធ្វើជាមុខរបរមិនខាន ។ គេ នឹងមានទម្លាប់
ជាអ្នកមានមុខរបរធ្វើជាអ្នកតំណាងរាស្ត្រ ។ ដូច្នេះ គេត្រូវមានការកម្រិតនៃការជ្រើសរើស
ឲ្យមានតែម្តង ឬពីដង ហើយត្រូវរង់ចាំ២ ឬ៣ឆ្នាំទៀត ទើបអាចមកឈរឈ្មោះ
ឲ្យគេជ្រើសសារជាថ្មីម្តងទៀត» ។ លោក Rousseau ថា«ត្រូវបង្កើតច្បាប់
សម្រាប់ដាក់ទោស ចំពោះតំណាងរាស្ត្រ ឬត្រូវដាក់ទណ្ឌកម្ម ចំពោះអ្នកតំណាងរាស្រ្តណាដែលមិនអនុវត្តន៍
តាមឆន្ទៈរបស់ប្រជាជន និងមិនអនុវត្តន៍តាមកាតព្វកិច្ចរបស់ខ្លួន» ។
មិនត្រូវ
ឲ្យមានរបាំងរវាងឆន្ទៈទូទៅ និងពលរដ្ឋ ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមដោយខ្លួនឯង
មិនតាមរយៈអ្នកណាផ្សេងៗទៀតទេ ។ ពលរដ្ឋម្នាក់ៗ ត្រូវយល់អ្វីដែលជាប្រយោជន៍រួមហើយ
គេមិនត្រូវធ្វើតាមរយៈក្រុមមនុស្សទេ ។ ពលរដ្ឋ មានវិចារណញ្ញាណ
មានបញ្ញា ដូច្នេះគេមានមតិ គេអាចសម្រេច ដោយខ្លួនគេផ្ទាល់ ។ ឆន្ទៈរួម
ត្រូវតែបញ្ចញដោយផ្ទាល់ ពីប្រជារាស្រ្ត ទៅតាមផលប្រយោជន៍ផ្ទាល់ របស់ប្រជារាស្រ្ត
។ នេះជាចំណុចសំខាន់ នៅក្នុងគំនិតប្រជាធិបតេយ្យ ។
អំពីការអនុវត្តន៍ច្បាប់
លោករុស្សូថា គេត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវនិងប្រិតប្រៀងបំផុត ។ ពេលណា
ដែលច្បាប់ត្រូវបានអនុម័តហើយ តាមមនសិការរបស់ពលរដ្ឋទាំងមូល ច្បាប់នោះ ក៏ត្រូវយកទៅ
អនុវត្តន៍យ៉ាងតឹងរឹងបំផុតដែរ ។ អំណាចនិតិប្រតិបត្តិ គឺរដ្ឋាភិបាលជាអ្នកអនុវត្តន៍ច្បាប់ ។រដ្ឋភិបាលទាល់តែខ្លាំង
ពីព្រោះរដ្ឋាភិបាល ត្រូវប្រតិបត្តិចំពោះទាំងអស់ ។បើច្បាប់អនុវត្តន៍
មិនចំពោះមនុស្សទាំងអស់នោះ មិនមែនជាប្រជាធិបតេយ្យទេ ។ នៅក្នុងរបបប្រជាធិបេយ្យ
រដ្ឋភិបាលត្រូវតែខ្លាំង ប៉ុន្តែជាអំណាចចំណុះ ។ រដ្ឋាភិបាល
ជាអ្នកប្រតិបត្តិច្បាប់ មានប្រជាជនជាអធិបតី ។ អត្ថិភាពរបស់រដ្ឋ គឺធ្វើអធិបតេយ្យ
ឲ្យមានដល់ប្រជារាស្រ្ត ។ អធិបតេយ្យ របស់ប្រជារាស្រ្តស្ថិតនៅក្នុងអំណាចនិតិបញ្ញត្តិ
ដែលជាអំណាចធ្វើច្បាប់ និងលុបច្បាប់ ។ អធិបតេយ្យ របស់ប្រជារាស្រ្ត
គឺប្រជារាស្រ្ត ជាអ្នកចាត់ចែង ដោយខ្លួនឯង ។ ចំពោះអត្ថិភាព របស់រដ្ឋាភិបាលគឺទាក់ទងនឹងការអនុវត្តន៍ច្បាប់
។ រដ្ឋាភិបាល គ្រាន់តែជាតំណាងរបស់ប្រជារាស្រ្ត
និងរបស់ច្បាប់ ។រដ្ឋមន្រី្តជា ខ្ញុំបម្រើរបស់ប្រជារាស្ត្រ
ហើយរដ្ឋមន្រ្តី ក៏អាចត្រូវ គេដកហូតងារបានដែរ ។
របបនយោបាយរបស់រុស្សូ
របបប្រជាធិបតេយ្យ (Democracy) ជារបបមួយដែលល្អឥតខ្ចោះ
ប្រសិនបើ របបនយោបាយនេះ អាចធ្វើឲ្យអំណាចនិតិបញ្ញត្តិ
និងអំណាចនិតិប្រតិបត្តិ មានភាព Check and Balance នោះ ។
របបប្រជាធិបតេយ្យ ជារបបមួយដែលល្អឥតខ្ចោះនោះ លោករុស្សូយល់ថា បើប្រជារាស្រ្តមានការយល់ដឹងកំរិតខ្ពល់
ទើបប្រជាធិបតេយ្យ តំណើរការទៅបានល្អ ។ បើគេនិយាយថា រដ្ឋាភិបាលប្រជាធិបតេយ្យ ជារដ្ឋភិបាលសម្រាប់ប្រជារាស្រ្ត
ដែលជាបញ្ញាជន មានន័យថាមិនមែនជារដ្ឋាភិបាល សម្រាប់មនុស្ស
ឬពលរដ្ឋល្ងង់ខ្លៅនោះទេ ។ ប្រសិនបើប្រជារាស្រ្តទាំងមូល ជាអ្នកដឹកនាំរដ្ឋនោះអំណាចនិតិបញ្ញត្តិ
នឹងស្រូបយកអំណាចនិតិប្រតិបត្តិអស់ ។
របបរាជធិបតេយ្យ (Monarchy) លោករុស្សូ
ក៏គាត់ទទួលស្គាល់ និងទទួលយកបានដែរ ប្រសិនបើរបបរាជាធិបតេយ្យ ត្រូវទទួលស្គាល់ពីប្រជារាស្រ្តទាំងមូល
មានន័យថា ប្រសិនបើរាជាធិប្បតេយ្យ ត្រូវបានបោះឆ្នោតជ្រើសតាំងនោះ ។
ក្នុងករណីនេះ រដ្ឋាភិបាលរាជាធិបតេយ្យ ជារដ្ឋភិបាលពេញច្បាប់ ។ ម្យ៉ាងទៀត
រុស្សូយល់ឃើញថា អំណាចនិតិប្រតិបត្តិ គួរមានមេដឹកនាំតែមួយ ដើម្បីងាយស្រួល
ក្នុងការបំពេញតួនាទីរបស់ខ្លួន ក៏ប៉ុន្តែវាក៏អាចមានគ្រោះថ្នាក់ផងដែរ
កាលណា អំណាចនោះ ក្លាយទៅជាអំណាចផ្តាច់ការ ។
របបអភិជនាធិបតេយ្យ (Aristocracy) ដោយគេពុំមានការទុកចិត្ត លើរបបរាជាធិបតេយ្យហើយវាមានគ្រោះថ្នាក់ចំពោះរបបរាជាធិបតេយ្យផ្តាច់ការ
។ ទើបលោករុស្សូមានចិត្តលំអៀងទៅលើ
របបអភិជនាធិបតេយ្យ ពីព្រោះក្នុងរបបនេះ អំណាចនិតិប្រតិបត្តិត្រូវប្រគល់
ទៅឲ្យមនុស្សមួយចំនួន ជាអ្នកប្រកបដោយគតិបណ្ឌិត ដែលត្រូវជ្រើសតាំង
តាមការបោះឆ្នោត ។
ដូច្នេះសរុបសេចក្តីទៅ
អ្វីដែលលោករុស្សូបានគិតនោះ គឺមាននៅក្នុងសៀវភៅរបស់លោក «កិច្ចសន្យាសង្គម» វាជាមូលដ្ឋានគ្រឹះ
នៃទ្រឹស្តីប្រជាធិបតេយ្យ ។ ប្រជាធិបតេយ្យ នៅក្នុងសម័យរុស្សូ
គ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ ពីព្រោះថា សម័យនោះ គឺរបបរាជានិយមផ្តាច់ការ
កាន់អំណាច ។ គេមិននឹកស្មានថា ថ្ងៃណាមួយមនុស្ស នឹងសម្រេចចិត្ត
ធ្វើតាមគោលការណ៍របស់លោករុស្សូនោះទេ ។នៅសម័យនោះ ប្រហែលជាមានបញ្ហាកើតឡើង
ក្នុងរបបប្រជាធិបតេយ្យ ឬមានតែឈ្មោះ តែមនុស្សមិនគោរពតាមគោលការណ៍របស់ខ្លួន
និងគោលការណ៍ របស់ប្រជាធិបតេយ្យហើយមើលទៅ !!!
No comments:
Post a Comment