កាលពីរបបសម័យសង្គមរាស្រ្តនិយម
ត្រូវបានគេចាត់ទុកថា ប្រជារាស្រ្ត មិនសូវរងទុក្ខវេទនាប៉ុន្មានទេ
ហើយខិតខំធ្វើប្រជាភិថុតទៀត តាមរយៈការចែកក្រមា
សារុង...ទៅប្រជាពលរដ្ឋ តាមទីជនបទ។ តែគ្រាន់តែរបបនោះ
គឺឲ្យតែសែស្រឡាយរាជានិយម គឺសុទ្ធតែមានរបបសម្រាប់រស់នៅ
ទៅរៀនស្រាប់ តំាងពីកំណើត និងរឹតត្បិតការបញ្ចេញមតិ
និងសារព័ត៌មានណា ដែលប្រឆាំងការដឹកនំារបបនោះ។
(ខ្ញុំមានទោសព្រោះអ្វី? ឆ្នាំ១៩៦២)
នៅពេលដែលចង់ទម្លាក់របបរាជានិយម
ក្រុមរបបសាធារណរដ្ឋ ដែលដឹកនាំដោយលោក សេនាប្រមុខ លុន នល់ ដោយអះអាងថា
ចង់ប្តូររបបសក្តិភូមិជិះជាន់ប្រជារាស្រ្ត។
ចាប់តាំងពីពេលរដ្ឋប្រហារមក ប្រជាពលរដ្ឋខ្មែរ
ត្រូវរស់នៅមានការភិតភ័យរហូត ខ្លាចការទម្លាប់គ្រាប់បែកដោយអាមេរិកាំង
ការបង្រ្កាបបាតុកម្ម និងចាប់យុវជនធ្វើទាហាន។
ទាហានខ្មែរក្រហម ត្រូវគេបណ្តុះមនោគមវិជ្ជា
ឲ្យប្រឆាំងចក្រពត្តិអាមេរិក។ ដល់ពួកគេកាន់អំណាច ប្រជាពលរដ្ឋ
មានការភ័យខ្លាច ពីការកាប់សម្លាប់ឆៅៗ ដូចសត្វធាតុ។
ដល់ពេលរំដោះចេញពីខែ្មរក្រហម ចូលដល់របបសារធារណរដ្ឋ
ប្រជាមានិតកម្ពុជា ប្រជាពលរដ្ឋសង្ឃឹមថា លែងមានអ្នកស្លាប់ទៀតហើយ
និងបានកសាងជីវិតថ្មី។ តែមិនបានប៉ុន្មានឆ្នាំផង
ប្រជាពលរដ្ឋដេកតែពីភ័យខ្លាច ពួកឧទាមខ្មែរក្រហមផង មីនផង
ការចាប់ឲ្យធ្វើទាហានផង និងកំណែន «ក៥» (កំណែនកម្លាំងដើម្បីការពារ
និងកសាងមាតុភូមិកម្ពុជា (Slocomb M., 2003)) ផង
ដែលត្រូវបានគេចាត់ទុកថា ទៅកាប់ព្រៃ។ ការភ័យខ្លាចទាំងនេះដេកគិតមួយថ្ងៃៗមិនដឹងជាប៉ះលើខ្លួនឯង
ឬក៏សមាជិកក្នុងគ្រួសារណាទេ។
មកដល់សម័យបោះឆ្នោតដោយអ៊ុនតាក់ឆ្នាំ ១៩៩៣ ទៀត
គឺថាចប់សព្វគ្រប់ហើយ ស្រុកសាន្តត្រាណហើយ។ មិនបានដូចការគិតឯណា
គឺចង់បង្កើតតំបន់អប្បគមន៍ នៅត្រើយម្ខាង ទន្លេមេគង្គខេត្តព្រៃវែង
ខេត្តស្វាយរៀង ធ្វើឲ្យប្រជាពលរដ្ឋភ័យមួយសាទៀតហើយ។ ដល់ថ្ងៃ ៥-៦
ខែកក្កដា ឆ្នាំ ១៩៩៧ មានការប្រយុទ្ធគ្នា ដែលខ្លះហៅថា «រដ្ឋប្រហារ» នៅទីក្រុងភ្នំពេញនាំគ្នាវេចបង្វេចរត់
តែមិនដឹងថា ទៅទីណាទេ។ ខ្លះត្រូវគេប្រមូលម៉ូតូ
និងឡានអស់ពីឃ្លាំងលក់
ខ្លះត្រូវគេគាស់ផ្ទះយកអីវ៉ាន់អស់រលីងឯអ្នកខ្លះទៀត
រត់ចោលរោងការទំាងកូនកំលោះកូនក្រមុំ។
ចុះការដឹកនាំសម័យរដ្ឋសភាអាណត្តិទី ៤ នេះ ក្រៅពីភ័យព្រួយប្រចំាថ្ងៃ
ពីការខ្វះអាហារមានជីវជាតិ ចរាចរណ៍ មីន និងជំងឺអេដស៍
តើប្រជាពលរដ្ឋភ័យព្រួយចម្បងៗ ទៅលើអ្វីខ្លះ?
១) ភ័យខ្លាចរឿងបាត់បង់ដីធ្លី ដីព្រៃព្រឹក្សា៖
មួយថ្ងៃៗ ឃើញតែរាស្រ្តស្រែកយំ បាតុកម្មទាមទារយកមកវិញនូវផ្ទះ
និងដីធ្លីរបស់ពួកគេ ដែលត្រូវគេរំលោភគ្រប់ទិសទី។
ខ្លះត្រូវអាជ្ញាធរធ្វើបាប តាមយាយីស្ទើរតែរាល់ថ្ងៃ
ខ្លះក៏សុខចិត្តធ្វើអត្តឃាត ប្រសើរជាងរស់នៅ ព្រោះរស់នៅគ្មានជម្រក
ដោយសារគេប្លន់យកអស់់។ គ្រប់អ្នកនយោបាយទាំងអស់ សុទ្ធតែពោលពាក្យថា៖«ស្នេហាជាតិ
និងជួយជីវភាពប្រជាពលរដ្ឋ មិនឲ្យប្រជាពលរដ្ឋណាម្នាក់
អត់បាយស្លាប់ទេ» ដើម្បីបានសន្លឹកឆ្នោត
ពីប្រជាពលរដ្ឋក្រីក្រតូចតាច តែផ្ទុយទៅវិញ ដល់ពេលបានអំណាចហើយ
មួយថ្ងៃៗ ដេកគិត តែពីធ្វើបាបប្រជារាស្រ្ត ក្រោមស្លាកថា៖«តំបន់អភិវឌ្ឍន៍» ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនទឹកភ្នែក។
តើការអភិវឌ្ឍបែបនេះ គឺជាការជួយជីវភាពប្រជាពលរដ្ឋ
ឬក៏ជាការធ្វើឲ្យប្រជាពលរដ្ឋចេះតែក្រទៅ ក្រវេទនាទៅ? បើប្រជាពលរដ្ឋម្នាក់ៗដេកភ័យ
មិនដឹងថា ថ្ងៃណា ប៉ះផ្ទះ និងដីធ្លីរបស់ខ្លួននោះ។
២) ភ័យខ្លាចរឿងអសន្តិសុខសង្គម ៖
បើមើលទៅកាសែតក្នុងស្រុកប្រចាំថ្ងៃមួយចំនួន
ឃើញតែមានឃាតកម្មកើតឡើងរាល់ថ្ងៃ ដែលចាងហាង និងនិពន្ធនាយក
គ្មានក្រមសីល៍ធម៌ គ្មានវិជ្ជាជីវៈសារព័ត៌មានជាច្រើន ដើម្បីឲ្យកាសែតរបស់ខ្លួនលក់ដាច់
នាំគ្នានៅតែខិតខំសម្ញែង និងប្រកួតប្រជែងគ្នា ដាក់រូបភាពឃាតកម្មសាហាវ
នៅលើទំព័រមុខ បើទោះបីជាមានការរិះគន់
ពីមិត្តអ្នកអានម្តងហើយម្តងទៀត ឲ្យដាក់នៅទំព័រខាងក្នុងវិញក្តី។
ធ្វើយ៉ាងនេះ ដើម្បីកុំឲ្យរូបភាពសាហាវៗ នៅទំព័រមុខ
ដែលគួរឲ្យខ្ពើមរអើម ហើយធ្វើឲ្យមិត្តអ្នកអាន ស្រមៃនៅជាប់នឹងភ្នែក
ភ័យខ្លាចស្ទើរតែរាល់ថ្ងៃ។ រូបភាពសាហាវៗទំាងនោះ
ក៏ហាក់ដូចជាបង្កើនសកម្មភាពបទឧក្រិដ្ឋ
ដូចបង្រៀនឧក្រិដ្ឋជនធ្វើតាមឲ្យដូចទៅនឹងរូបភាពទាំងនោះ អ៊ីចឹង
ហើយណាមួយ បង្ហាញពីអសន្តិសុខក្នុងសង្គម ដែលរាល់ថ្ងៃ
ឃើញតែមនុស្សស្លាប់ ដោយសារឃាតកម្មនេះ។ ដោយសារភាពសាហាវបែបហ្នឹង
សព្វថ្ងៃហ្នឹង បើរស់នៅម្នាក់ឯងទៀត ដេកគិតបន់ឲ្យតែដល់ភ្លឺទេ
ព្រោះភ័យខ្លាច មានការអី គ្មាននរណាជួយភ្លាមទេ។
ពេលខ្លះឲ្យតែឃើញស្លាកលេខរថយន្ត ខេមរភូមិន្ទ
ឬនគរបាល ប្រជាពលរដ្ឋសាមញ្ញ នាំគ្នាចេះតែគេចចៀសឲ្យឆ្ងាយ
ព្រោះខ្លាចស្រួលមិនស្រួល គេបញ្ជាឲ្យអង្គរក្សក្របួចកអាវ អ្នកធ្វើដំណើរ
វាយតាមផ្លូវលេង។ បច្ចុប្បន្ននេះ បើទោះបីជាចេះរាំ
ក៏មិនសូវហ៊ានចូលវង់រាំដែរ នៅពេលបុណ្យទាន និងពិធីរៀបការតាមភូមិ
ខ្លាចក្មេងទំនើងវាយ និងកាប់ឆៅ ព្រោះពួកគេឲ្យតែមានកម្មវិធីអ្វីៗ
ក្នុងភូមិ គឺតែងបង្កអសន្តិសុខសង្គម។ ឯស្រ្តី និងក្មេងស្រី
ទៅណាមកណា មិនហ៊ានដើរម្នាក់ឯងឬ២នាក់ទេ
ខ្លាចពួកទមិឡក្នុងភូមិចាប់រំលោភ។
ឯរឿងពិបាកទុកចិត្តទៀតនោះគឺឪពុកអប្រិយហ៊ានតែបណ្តោយកូនស្រី
នៅជាមួយឪពុក ស្រួលមិនស្រួល រំលោភកូនស្រីឯងហ្នឹងទៀត។ មិនដឹងថា
យ៉ាងដូចម្តេច រំលោភកូនខ្លួនឯងហ្នឹង មកពីមិនឆ្លងជំងឺអេដស៍ឬ?
៣) ភ័យខ្លាចរឿងការប្រឆាំងនឹងអំពើពុករលួយ
មិនមានប្រសិទ្ធភាព៖
សំណួររបស់មតិមហាជនខ្លះ ឆ្ងល់ណាស់ថា តើបើមិនពុករលួយទេ ចុះហេតុអ្វី
បានជាមន្រ្តីធំៗ ថ្នាក់ចាប់ពីប្រធានការិយាល័យឡើងទៅ
បានលុយមកពីណាចុះមូលដ្ឋាន ចែកអំណោយ ពង្រឹងគណបក្ស
ស្ទើរតែរៀងរាល់ចុងសប្តាហ៍? បើនិយាយពីប្រាក់ខែពិតប្រាកដវិញ
មានត្រឹមតែ ១ លានរៀល ឬ ២ លានរៀលប៉ុណ្ណោះគ្រាន់តែចាក់សាំងរថយន្ត
ហូបចុកប្រចាំថ្ងៃ ចិញ្ចឹមប្រពន្ធ ឬប្តី កូនៗ សឹងមិនចង់គ្រប់ផង
ខ្លះមានដល់ទៅប្រពន្ធចុង ឬទៅចិញ្ចឹមស្រីក្មេងទៀត!
មន្រ្តីរាជការតូចតាច ដេកភ័យព្រួយ មិនដឹងថា
ពេលណាទើបប្រាក់ខែរដ្ឋរបស់ពួកគាត់ ត្រូវបានគេដំឡើងឲ្យទេ
មិនដឹងចំណាត់ការប្រឆំាងនឹងអំពើពុករលួយ បានដល់កម្រិតណាទេ?
៤) ភ័យព្រួយរឿងគ្មានការងារធ្វើ
និងខ្លាចមេកត់សម្គាល់ មិនដំឡើងបុណ្យស័ក្តិ៖
យុវជនដែលរៀនចប់ បានសញ្ញាបត្របរិញ្ញា និងខ្លះបានអនុបណ្ឌិតទៀត
ដេកព្រួយ មិនដឹងជាបានការងារដូចជំនាញរៀនដែរ ឬក៏អត់ទេ
បើមួយឆ្នាំៗ និស្សិតចេញពីសាកលវិទ្យាល័យរាប់ម៉ឺននាក់
តែការងារមានតិច។ ឯការបានតួនាទីជាមន្រ្តីរាជការទៀតសោធ ពេលខ្លះ
មេហៅទៅផឹក និងច្រៀងខារ៉ាអូខេទាំងយប់ ក៏ក្រោកទៅដែរ
ទុកប្រពន្ធកូនចោលនៅផ្ទះ បើមេហៅហើយមិនទៅ
ព្រោះខ្លាចមិនបានឡើងបុណ្យសក្តិ។ ឯនៅកន្លែងធ្វើការវិញ
ធ្វើការរដ្ឋបណ្តើរ យកចិត្តមេបណ្តើរ ហើយខ្លះមិនហ៊ានមាត់កទេ
ខ្លាចគេចោទថា
ជាសមាជិកបក្សប្រឆាំងសូម្បីតែអានកាសែតស្តង់ដារភ្នំពេញ ប៉ុស្តិ៍
ដែលមិនលម្អៀងសោះ ក៏អានរបៀបលាក់លៀមដែរ
ខ្លាចមានអ្នកចាក់ចុចទៅមិនបានឡើងធំហ្នឹងគេ។
ឯការរិះគន់ប្រឆាំងចង់ដូររបបថ្មីមួយទៀតនោះ
គឺធ្វើដូចគ្នាទៅនឹងរបបមុនៗ
វាជារឿងធម្មតាសម្រាប់អ្នកតែងតែចង់បានអំណាច
ត្រូវតែរិះគន់ប្រឆាំងថ្នាក់ដឹកនាំរដ្ឋាភិបាល។
តែអ្នកនយោបាយបក្សប្រឆាំងតែងតែអះអាងថាខ្លួនជាអ្នក ស្អាតស្អំ
តែស្អាតស្អំយ៉ាងដូចម្តេចបើមួយចំនួនតូចនោះនាំតែគេ
ដង្ហែទៅលេងល្បែងស៊ីសងនៅកាស៊ីណូ មិនដឹងជាបានលុយមកពីណា? ថាហើយថាកុំឲ្យសង់កាស៊ីណូក្បែររដ្ឋសភា។
ហើយមិនដឹងថាតើមានពាក់ព័ន្ធនឹងទទួលសំណូកពីឧកញ៉ាៗដែរ ឬទេ
ដើម្បីបំបិទមាត់នៅក្នុងរដ្ឋសភា បានជាលែងមាត់លែងកអីទៅអស់
នៅប្រជុំម្តងៗ? មានតែ ៣
ឬ៤នាក់ដដែលៗ ដែលខិតខំកោកកាកៗ ក្រៅពីនោះស្ងាត់ជ្រាប។
ហើយក្នុងបក្សខ្លះចង់ពុសខ្លួនជាពីរផងក៏មាន។
ឯបក្សប្រឆាំងខ្លះទៀតក្អេងក្អាង សំដីធំជាងខ្លួន
ជាពិសេសអ្នកដែលឆ្អែតចិត្តជាងគេគឺក្រុមអង្គការសង្គមស៊ីវិលដែលធ្លាប់សហការជាមួយ។
ជាសរុបមកភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋមួយចំនួនធំមួយជីវិតគាត់
ភ័យរហូតពីរបបមួយទៅរបបមួយ មកដល់បច្ចុប្បន្ននេះ។
ការភ័យខ្លាចទាំងនេះ ជាកត្តាមួយ
ធ្វើឲ្យអាយុរំពឹងរស់របស់ប្រជាជនខែ្មរបានតែ៦១ ឆ្នាំទេ
គឺមានអាយុខ្លីជាងគេបំផុត នៅអាស៊ីអាគ្នេយ៍
បើប្រៀបធៀបជាមួយនឹងថៃវិញ អាយុរំពឹងរស់របស់គេអាចរស់ដល់ទៅ ៧០
ឆ្នាំ និងសិង្ហបុរី រស់ដល់ទៅ ៨២ ឆ្នាំ ក្នុង ១ ជីវិត។ (WHO, 2009)៕
No comments:
Post a Comment