នាយកសាលាមត្តេយ្យឯកជនវ័យ៣០ឆ្នាំរូបនេះបានរៀបរាប់ពីបទពិសោធន៍ការសិក្សា
និងការងារថា វាមិនមែនជារឿងអាចធ្វើបានក្នុងរយៈពេលមួយថ្ងៃ
ឬមួយខែនោះទេដើម្បីសម្រេចក្ដីបំណងធំមួយក្នុងជីវិតបាន “១០ឆ្នាំមកនេះ
ខ្ញុំបង្រៀនក្រៅម៉ោងសិក្សារហូតទោះជាខ្ញុំរៀនពីរមហាវិទ្យាល័យក៏ដោយ”។ លោកបន្តថា
ដោយសម្លឹងឃើញពីសក្ដានុពលរបស់វិស័យអប់រំផ្នែកឯកជន
លោកមានបំណងវិនិយោគលើវិស័យនេះជាយូរហើយ ប៉ុន្តែមិនមានបទពិសោធន៍និងសមត្ថភាពគ្រប់គ្រាន់។
ដោយផ្អែកលើបទពិសោធន៍បង្រៀនតាំងពីឆ្នាំ២០១០មកនោះ
លោក ម៉ៅ វាសនា បានបង្ហាញពីការយល់ឃើញរបស់លោកថា
នៅកម្ពុជាបច្ចុប្បន្នមាតាបិតារបស់ក្មេងមានការយល់ដឹងកាន់តែស៊ីជម្រៅពីតម្លៃរបស់ការអប់រំ
ដូច្នេះហើយទើបពួកគាត់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការសិក្សារបស់កូនៗ។
នាយកសាលារូបនេះបានគូសបញ្ជាក់ថា “ចង់អោយកូនទទួលបានការអប់រំដែលមានបទដ្ឋានត្រឹមត្រូវ
ស្របពេលដែលពួកគាត់មមាញឹកមិនមានពេលគ្រប់គ្រាន់សម្រាប់បុត្រធីតា មាតាបិតាបច្ចុប្បន្នសម្លឹងរកសាលាមត្តេយ្យណាដែលមានគុណភាពអាចទុកចិត្តបាន” ។
ដោយសម្លឹងឃើញឱកាសនេះ ទើបលោកឈ្មុសឈ្មុលរកមធ្យោបាយបើកសាលាមត្តេយ្យមួយដែលមានគុណភាពជាទីទុកចិត្តសម្រាប់មាតាបិតារបស់ក្មេង
និងដើម្បីជាថ្នាលបណ្ដុះបណ្ដាលកុមារមួយដែលមានគុណភាព។ លោកបន្តអោយដឹងថា
ចំពោះហេតុផលដែលជំរុញអោយលោកបើកសាលានេះឡើងគឺផ្អែកលើកត្តាសំខាន់ៗបី “បទពិសោធន៍
សក្ដានុពល និងឱកាស”។
លោកនៅបានអោយដឹងថា
បច្ចុប្បន្នមានសាលាមត្តេយ្យច្រើនហើយប្រព័ន្ធអប់រំក៏កំពុងមានការប្រកួតប្រជែងគ្នាឆ្ពោះទៅរកគុណភាពរៀងៗខ្លួនមានន័យថា
ការវិនិយោគលើវិស័យដូចជាចង្អៀតបន្តិចហើយ
ប៉ុន្តែបទពិសោធន៍ជាង១០ឆ្នាំនៅក្នុងវិស័យអប់រំបានផ្ដល់ទំនុកចិត្តអោយលោក
ថានឹងបង្កើតសាលាមត្តេយ្យមួយដែលអាចប្រកួតប្រជែងជាមួយសាលាផ្សេងៗបាន។
គោលជំហរបែបនេះហើយដែលធ្វើលោកបាននាំយកកម្មវិធីសិក្សារបស់អូស្ត្រាលីមួយមកបានដោយស្របច្បាប់ដើម្បីផ្ដល់ជូនកុមារនូវប្រព័ន្ធអប់រំដែលមានមូលដ្ឋានគ្រឹះត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។
កុមារសុទ្ធតែមានទេពកោសល្យពីធម្មជាតិ
ប៉ុន្តែដើម្បីអោយទេពកោសល្យនោះប្រែក្លាយទៅជាទេពកោសល្យដ៏មុតស្រួចត្រឹមត្រូវ
គេត្រូវផ្ដល់អោយពួកគាត់នូវប្រព័ន្ធហាត់ពត់មួយដែលមានគោលដៅច្បាស់លាស់
“ដូច្នេះហើយទើបខ្ញុំដាក់ឈ្មោះសាលាថា Genius Kids គឺសាលាបណ្ដោះនិងហាត់ពត់ទេពកោសល្យរបស់កុមារតាមប្រព័ន្ធអប់រំមួយដែលមានស្តង់ដារ”។
តាមការគូសបញ្ជាក់របស់នាយកសាលារូបនេះបានអោយដឹងថា
នៅ Genius Kids មានកុមារចម្រុះជាតិសាសន៍ចូលសិក្សា
និងមានគ្រូសញ្ជាតិដើមបង្រៀនផ្ទាល់ដូចជាអាមេរិក និងអូស្ត្រាលី
ព្រមទាំងជំនួយការបង្រៀនសញ្ជាតិខ្មែរផងដែរ ដោយបែងចែកកុមារជាបីក្រុមទៅតាមអាយុរបស់គឺ
ពី១ឆ្នាំដល់៣ឆ្នាំ ៤ឆ្នាំដល់៦
និង៦ឆ្នាំដល់១២ឆ្នាំសម្រាប់ថ្នាក់ភាសាអង់គ្លេសសម្រាប់កុមារ។
លោក ម៉ៅ វាសនា
ចាប់ផ្ដើមអាជីពជាគ្រូបង្រៀននៅឆ្នាំ២០១០គឺអំឡុងពេលលោករៀននៅមហាវិទ្យាល័យ។
លោកបានបើកសាលាមត្តេយ្យ Genius
Kids នៅខែមេសាឆ្នាំ២០១២
ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍នៅឆ្នាំ២០០៨ (RUPP) និងអនុបណ្ឌិតផ្នែកគ្រប់គ្រងនៅឆ្នាំ២០១០
(AIM ហ្វីលីពីន)៕
អត្ថបទ៖ សេង ណារិទ្ធ
កែសម្រួល៖ ស្រ៊ុន ម៉េងគាង
No comments:
Post a Comment