អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday 16 May 2012

ទស្សនៈរបស់​ John Locke ( ១៦៣២-១៧០៤ នៃគ.ស.​ )

ជីវប្រវត្តិរបស់ Jonh Locke
លោក​ John Locke ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង​​​ភូមិ​ Wrington ​ក្រុង Somerset ខាងត្បូងឈៀងខាងលិច នៃ​​ប្រទេសអង់គ្លេស ​។ ​​ហើយបានទទួលមរណកាលនៅថ្ងៃ​ទី​ ២៨ ខែតុលា ​ឆ្នាំ​ ១៧០៤ ​នៃគ.ស​. ក្នុងជន្មាយុ​ ៧២ ឆ្នាំ​ ​ក្នុងក្រុង Essex ​ភាគខាងកើត នៃប្រទេសអង់គ្លេស​ ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយម ​​(Liberalism) ម្នាក់ដែរ ។​
ទស្សនៈវិជ្ជារបស់​ John Locke

ទស្សននយោបាយរបស់លោក John Locke ដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ​ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ «អភិប្រាយពីរនៃការដឹកនាំរដ្ឋ​ (Two Treatises of Government)» ​ដែលបានបោះពុម្ពផ្សាយលើកទីមួយ​ នៅក្នុងឆ្នាំ​ ១៦៩០ ។ ​នៅក្នុងស្នាដៃលោក John Locke បានបង្ហាញយ៉ាងច្បាស់​ នូវការកំណត់មូលន័យ ​នៃសេរីនិយម​ ដូចជា «បុគ្គលភាព​» «សង្គម» ​«រដ្ឋ» ​ហើយបានដាក់ «បុគ្គលភាព» ​ឲ្យខ្ពស់ជាង «សង្គម» ​និង «រដ្ឋ» ។​ ​ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស​ តាមសភាពធម្មជាតិ​ ការកកើតសង្គម និងការកកើតរដ្ឋ​ ។ ​«អ្វីដែលមាននៅក្នុងគំនិត ​គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍​»​ នេះជាការអះអាងរបស់ ​John Locke ។ ​យោងតាមទស្សនៈបស់លោក​ John Locke ថា​​ «មនុស្សមានសិទ្ធិ​រស់ ​សេរីភាព​ កម្មសិទ្ធិ​»​ នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត​ ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ​​ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស ​ហើយការសន្សំទ្រព្យសម្បត្តិ​ អាចផ្តល់លទ្ធភាពឲ្យមនុស្ស​ផ្តត់ផ្គង់ចិញ្ចឹមខ្លួនឯង ​និងគ្រួសារ​ នូវអ្វីដែលខ្លួនចាំបាច់ ។ ​​ប៉ុន្តែនៅពេលដែលមនុស្ស​ មាននូវអ្វីជាចាំបាច់ហើយ​នោះ ​គេនឹងយកចិត្តទុកដាក់​ ថែមទាំងធ្វើឲ្យរីកចម្រើន​នូវទ្រព្យសម្បត្តិរបស់គេបន្ថែមទៀត​ ។ ​តែទោះជាយ៉ាងណាក៏ដោយ​ ក៏លោក John Locke មិនធ្ងន់ តែកម្មសិទ្ធិជារបស់ឯកជនតែម្យ៉ាងនោះទេ ​ថែមទាំង​រិះរកមធ្យោបាយ ដើម្បីរក្សាកម្មសិទ្ធិ​ ដែលជាធាតុចាប់ផ្តើម របស់សង្គមសេរីនិយម ​។​
លោក​ John Locke យល់ថា ​«រដ្ឋ ត្រូវមានស្ថានភាព​ជាអ្នកនាំមុខសង្គម​» ​។ រដ្ឋ ជាយន្តការ មានលទ្ធភាព​ និងប្រសិទ្ធិភាព ​ការពារយុត្តិធម៌​ ។ ​ចំណែកការរស់នៅក្នុងធម្មជាតិ​ មានលក្ខណៈខុសពីរដ្ឋ​ ។ ​លោក John Locke បានសរសេរថា ​​«ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍​ នៃកិច្ចព្រមព្រៀងគ្នា ​ដោយរួមជាសង្គម​ (Social Contract) ហើយបង្កើតបានជារដ្ឋ​»​ John Locke គឺជាអ្នកបង្កើតទ្រឹស្តី​បែងចែកអំណាច ដែលជាមូលដ្ឋាននៃនីតិរដ្ឋ​ ។​ និយាយជារួម ទេពកោសល្យ​ដែលបានបង្ហាញក្នុងស្នាដៃរបស់លោក​ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើ​វិទ្យាសាស្រ្តនយោបាយ​ និងទស្សនៈវិជ្ជា​នយោបាយ ក្នុងសតវត្ស​ទី ​២០ និងទី​ ២១ ​។​ជីវិតរបស់លោក បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន​ ចំពេលដែលប្រទេសអង់គ្លេស មានបដិវត្តន៍​ប្រឆាំង នឹងវិទ្យាសាស្រ្ត​ ។ ​ដោយឈរលើទ្រឹស្តីច្បាប់ធម្មជាតិ​ John Locke បានសិក្សាពីស្ថានភាព​របស់មនុស្សក្នុងតំណាក់កាលដំបូង ​គឺចាប់ពីពេលដែលរដ្ឋមិនទាន់ចាប់បដិសន្ធិ​ ។ ចំណុចថ្មីមួយ ដែល​ John Locke រកឃើញ​គឺកម្មសិទ្ធិឯកជន​ដែលកើតមានមុនការកកើតសង្គមឬកកើតនៃអំណាចនយោបាយ​ ។ ​កម្មសិទ្ធិឯកជន​ កើតមាននៅក្នុងសភាពធម្មជាតិ​ ។​​ កម្មសិទ្ធិឯកជន ​ជាសារធាតុ មិនអាចញែកចេញពីមនុស្សបានទេ​​ ព្រោះកម្មសិទ្ធិជាសមិទ្ធិផល ​នៃការងាររបស់មនុស្ស ​។ ​តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ​ហើយនឹងតាមរយៈ ការបកស្រាយ​ស្តីពីការគ្រប់គ្រងរដ្ឋ​ John Locke បានពន្យល់ថា ​«ដំបូងមនុស្ស ត្រូវការចំណីអាហារ ​ផ្លែឈើ បរិភោគចំអែតក្រពះ​» ។ គាត់ថា «​​ដោយសារតែកម្លាំងពលកម្មរបស់គេ ​មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ​ដាំដើមឈើហូបផ្លែ ឲ្យបានច្រើន​នេសាទ ឲ្យបានច្រើន ​ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន​ ដើម្បីទុកសម្រាប់ពេលក្រក្សត់»​ ។ ​​ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ​​​ដែលទាំងនេះជាប្រភព ​ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ​ ។​ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្ស​ដែល​ John Locke លើកមកបង្ហាញផងដែរ គឺ​សិទ្ធិ​ និងសេរីភាព​ ។ គាត់យល់ថា​ «​មនុស្ស មានវិចារណញ្ញាណ​ដែលបង្ខំឲ្យគេមានការងារ ​ឬករណីយកិច្ចជាច្រើន​ ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺ​ការរក្សាអាត្មាខ្លួនឯងជា​មុនសិន​​ ។​ បើការរក្សាខ្លួនឯង​ជាករណីយកិច្ចនោះ​ក៏បញ្ជាក់ឲ្យឃើញថា​ មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់​គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់​ ។​ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ​​ដូច្នេះអ្វី ដែលកើតចេញពីកម្លាំង​របស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ​»
លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ
១​​-ការយកមកធ្វើជារបស់ខ្លួន​ វាត្រឹមត្រូវតាមធម្មជាតិ​ ព្រោះគេជាម្ចាស់លើខ្លួនឯ​ង ​ជាម្ចាស់លើរូបកាយខ្លួន ​ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ​ក៏ជាមរតករបស់ខ្លួនដែរ ​។

២-​ការចេញពីសភាពធម្មជាតិ​ មិនមែនជាការចាំបាច់ដាច់ខាតនោះទេ​ តែការចូលមករស់ នៅក្នុងសភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង​ ។ ​សង្គមមួយ ដែលមិនមានគោលដៅ​​​ សម្រាប់ការថែរក្សាកម្មសិទ្ធិ​ ក៏មិនអាចមានឈ្មោះថា​សង្គមនោះទេ​ ។​ សារៈសំខាន់របស់សង្គម គឺការពារកម្មសិទ្ធិ​ ។​
៣-មានតែកិច្ចព្រមព្រៀង ដោយស្ម័គ្រចិត្ត​ រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀង​សំដៅធានាដល់កម្មសិទ្ធិ​ ដែលបង្កើតបានជាសង្គម​នយោបាយ​នោះ ។
លក្ខណៈធម្មជាតិរបស់មនុស្ស
John Locke បានបកស្រាយស្ថានភាពធម្មជាតិ របស់មនុស្ស ជាស្ថានភាពដែលមានសេរីភាព​គ្រប់គ្រាន់ ក្នុងការទំនាក់ទំនង ​រវាងបុគ្គល និងបុគ្គល​ ។ ​ស្ថានភាពធម្មជាតិ​ ជាស្ថានភាព ដែលពោរពេញទៅដោយ​សមភាព​ទាំងអំណាច ​ទាំងសិទ្ធិ​ សុទ្ធតែស្មើៗ គ្នា ​គ្រប់បុគ្គលទាំងអស់ ​ដោយមិនមានបុគ្គលណាម្នាក់​ មានសិទ្ធិអំណាច​ច្រើនជាងអ្នកដទៃនោះទេ​ ហើយមានសិទ្ធិសេរីភាព មិនអាចមិនអាចកាត់ផ្តាច់ពីបុគ្គលឡើយ ​ក្នុងស្ថានភាពធម្មជាតិ​ ។ ​សភាពធម្មជាតិ ជាកន្លែងដំបូង​ ដែលបានផ្តល់សិទ្ធិ ឲ្យមនុស្ស​ ។ ​ស្ថានភាពធម្មជាតិ មានសភាពសន្តិភាព ​និងជាសភាពដែលមនុស្សមានសុឆន្ទៈ​ ចង់ជួយគ្នាទៅវិញទៅមក ​ជាសភាពដែលមាន​វិចារណញ្ញាណ​ អាចយល់ដឹងពីច្បាប់ធម្មជាតិ​បាន ​និង​ជាសភាពដែលមនុស្សចេះសម្របសម្រួល​ នូវអាកប្បកិរិយារបស់ខ្លួន ​ទៅនឹងច្បាប់ធម្មជាតិ ​។ ​តាមតែសភាពធម្មជាតិ ក៏ជាសភាពដែលខ្វះខាត ព្រោះមិនមានការកំណត់ច្បាប់​ និងប្រកាសឲ្យប្រើប្រាស់ច្បាប់​សម្រាប់អ្នកទាំងអស់គ្នាឡើយ​ ។​ ក្នុងសភាពធម្មជាតិ ខ្វះនូវអំណាចតុលាការ សម្រាប់ទប់ស្កាត់​ មិនឲ្យមានការសងសឹកគ្នា ​ការជែជកគ្នា យកចាញ់ឈ្នះ​ តាមលក្ខណៈជាក់ស្តែងឡើង​ ដូចរូបភាពជាកូនក្តីផង ​ជាមេធាវីផង ​ជាចៅក្រមផងនោះឡើយ ​។ ​ប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិ ​មិនអាចឋិតនៅបាន ​ដូច្នេះ កម្មសិទ្ធិរបស់មនុស្ស​ មិនអាចរក្សាទុកល្អបានទេ ​បើគ្មានសង្គម​ ក៏គ្មានរដ្ឋដែរ​ ។ ដូច្នេះ សង្គមជាអ្នកថែរក្សា​ ជាអ្នកជួយសម្រួល​ស្ថានភាព ដល់កម្មសិទ្ធិទាំងនោះ​ ។ ​ធម្មជាតិនេះ មានសារៈសំខាន់ណាស់​ ពីព្រោះសេរីភាពជាសម្បត្តិ ដ៏ពិសិដ្ឋរបស់មនុស្ស កើតចេញពីធម្មជាតិ​ហ្នឹងឯង ​។​​ John Locke យល់ថា​​ «តាមធម្មជាតិ​មនុស្ស កើតមកនាំមកជាមួយ នូវគំនិតចង់បានកម្មសិទ្ធិឯកជន ​​។​កម្មសិទ្ធិឯកជន ចាក់ឫសយ៉ាងជ្រៅ ក្នុងសភាពធម្មជាតិ​ ។ ការដែលមនុស្ស ចង់បានកម្មសិទ្ធិនោះ​ គឺមិនមានអ្វីប្រឆាំង នឹងសង្គមដែរ​ ។ តែផ្ទុយទៅវិញ​ កម្មសិទ្ធិឯកជននេះ ​បានជួយរុញច្រានសង្គម ​ឲ្យមានសំទុះទៅមុខ ​ជាមួយនឹងវឌ្ឍនភាពយ៉ាងឆាប់រហ័ស» ​
មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម

ទី១-មនុស្ស ចូលមករួមគ្នាជាសង្គម​ មូលហេតុ គឺព្យាយាមរកសន្តិភាព​ សុវត្ថិភាព ​និងការថែរក្សាសម្បត្តិ​ កម្មសិទ្ធិរបស់ខ្លួន ឲ្យគង់វង្ស​ ។​ ដូច្នេះដើម្បីទទួលបាន នូវសុវត្ថិភាព​ ចាំបាច់ត្រូវការច្បាប់ និងតុលាការ ​ក្នុងសង្គមនោះ​ ។ ​ក្នុងសភាពធម្មជាតិ​ បើមានការរំលោភបំពានណាមួយកើតឡើង​ ក៏ពុំទាន់មានការដាក់ទណ្ឌកម្ម​ឲ្យសមស្របទៅនឹងឆន្ទៈរបស់ជនរងគ្រោះដែរ​ ។​ ដូច្នេះ ការដាក់ទណ្ឌកម្ម ​គឺធ្វើឡើងតាមគំនិតផ្តួចផ្តើម នៃជនរងគ្រោះ​និងប្រជារាស្រ្តទូទៅ ។ ​ការស្វែងរកយុត្តិធម៌ ក្នុងសភាពធម្មជាតិ ​នៅមានលក្ខណៈជាការស្វែងរក​សម្រាប់បុគ្គលម្នាក់ៗ​ ដែលជាអ្នករងគ្រោះនោះ​ ឬទង្វើនោះ ធ្វើតាមកំហឹង​ផ្ទល់ខ្លួនតែប៉ុណ្ណោះ​ ។ ​យ៉ាងនេះ គេឲ្យឈ្មោះថា​
​«
យុត្តិធម៌ឯកជន»​ ។ ​ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព ​និងលទ្ធភាពស្វែងរកយុត្តិធម៌​នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ​ អយុត្តិធម៌​ ។​​ John Locke មើលឃើញថា «​ក្នុងសភាពបែបធម្មជាតិ​ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ​ពីសំណាក់ការរំលោភបំពានឡើយ ​ព្រោះមនុស្ស ពុំទាន់បានបង្កើត​អង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម ​និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ​ ។ ​​ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់​ និងទទួលបាននូវយុត្តិធម៌​នោះ​ ទើបមនុស្សទាំងឡាយ ​យល់ព្រមគ្នានឹងគ្នា​ បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាច​ការពារជីវិតបុគ្គល ​និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ​ ។
ទី២-ហេតុផល ដែល​តំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ​ឬធំៗ​ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក​។​ ដូចនេះ​ ចាំបាច់បង្កើត​វត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ​ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន​ ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា​ មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗ​ឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ​ ។ ​ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គម​មានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង​។​ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក​ ជាកន្លែងដែលមានសុវត្ថិភាព ​មានសណ្តាប់ធ្នាប់ មានច្បាប់​ហើយក៏ជាក្តីសង្ឃឹមរបស់គេ​នាពេលអនាគតដែរ ។
ទី​៣-​មនុស្ស បានទទួលផលប្រយោជន៍​ ពេលគេចាកចេញពីសភាពធម្មជាតិ​ គឺដោយសារគេមានបញ្ហាសន្តិសុខ​ បញ្ហាចាញ់ប្រៀប ​ហើយគេទាំងអស់គ្នា តែងគិតថា ​គេនឹងបានស្រួលជាងនេះ ​ប្រសិនបើមានច្បាប់ជា ធរមាន​មានចៅក្រមសម្រាប់បកស្រាយ​ច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ​។
ទី៤​-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស​ ​និងមនុស្ស​ ជាបុគ្គល​ជាក្រុម ​និងដើម្បីការពារជីវិតបុគ្គលនោះឯ​ង ​។
ទី៥​-មនុស្ស ចាកចេញពីសភាពធម្មជាតិ ​មករស់នៅក្នុងសភាពបែបថ្មី​ ក្នុងរដ្ឋនេះ សុទ្ធតែមានមូលហេតុ​បានន័យថា ​បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ​ព្រោះកាលណាកម្មសិទ្ធិរបស់ពួកគេ ​កាន់តែសម្បូរ​ ក៏ធ្វើឲ្យពួកគេកាន់តែមានវិសមភាពធំធេងជាងមុន ​។ ​សុវត្ថិភាពរបស់ពួកគេ ​ក៏កាន់តែត្រូវបានទទួល​ការគំរាមគំហែង​ ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ​ ចាំបាច់ត្រូវតែការពារសុវត្ថិភាព​សង្គម និងរដ្ឋខ្លួនឯងតែម្តង ​។ ​តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ​ក្រៅពីនេះ​រដ្ឋមានតួនាទីផង ដែរក្នុងការធានា​ឲ្យមាននូវសិទ្ធិ​សេរីភាព​ សមភាព ​និងសុវត្ថិភាពរបស់ពលរដ្ឋ​ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បាន​មធ្យោបាយ ដ៏មានប្រសិទ្ធិភាព​ ដើម្បីថែរក្សាកម្មសិទ្ធិ​ ដែលគេរកបានសមស្របទៅ នឹងស្ថានភាព​ធម្មជាតិរបស់ពួកគេ​ ។ ​ក្នុងន័យនេះ​ រដ្ឋគឺគ្រាន់តែជាឧបករណ៍​​សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ​។​
ការបែងចែកអំណាចរបស់ John Locke​
១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា​ ។
២-អំណាចនីតិប្រតិបត្តិ​ ស្ថិតក្នុងដៃរដ្ឋាភិបាល ​តុលាការ និងយោធា ។
៣-អំណាចសហព័ន្ធ​ ស្ថិតក្នុងដៃស្តេច​ និងរដ្ឋមន្រ្តីនានា​ ។
ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ​ និងអំណាចសហព័ន្ធ​ ។ ​អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល​ ត្រូវបានកំណត់ក្នុងច្បាប់ ​។
អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ ​អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ​ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គ​លណាមួយឡើយ ​ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើ​សម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ​ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ​ ។ ​ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ​ជៀសវាង មិនឲ្យកើតមានឡើង ​នូវការប្រើអំណាចតាមទំនើងចិត្ត​បែបអាជ្ញាព្រឹត្តិ​ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព​ ​និងកម្មសិទ្ធិ​របស់ពលរដ្ឋឡើយ​ ។​ បន្ថេមលើការបែងចែកអំណាចនេះ​ John Locke បានចាត់ទុកនូវវិធានការណ៍​ពីរផ្សេងទៀត ​ដើម្បីឲ្យរដ្ឋស្គាល់​តួនាទីរបស់ខ្លួននៅក្នុងសង្គម ​។​
វិធានការណ៍ទាំងពីរនោះគឺ​
១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ​ ឬនិយាយម្យ៉ាងទៀតថា​ បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ​ ។
២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់​ ។​ ចំណែកឯការបះបោរ ​បាតុកម្ម​ កូដកម្ម​ ។ ល ។​ វិញ​ មានផលជាអវិជ្ជមានខ្លាំងណាស់ ​ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ច​របស់ខ្លួននោះទេ​ ។​ John Locke ប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ​ដែលយកពន្ធដារតាមទំនើងចិត្ត ​រឹបអូសយកកម្មសិទ្ធិ​រំលោភលើសេរីភាព​ ។ ល ។ ​លើសពីនេះ​ អំណាចផ្តាច់ការ ឬរាជានិយមផ្តាច់ការ ​រឹតតែធ្វើឲ្យ​ John Locke កាន់តែព្រួយបារម្មណ៍ថែមទៀត​ ។​ ដូច្នេះគំនិតរបស់​ John Locke ចង់ឲ្យវត្តមានរដ្ឋ​ ដែលអនុញ្ញាត​ និងថែរក្សា ឲ្យមាននូវកម្មសិទ្ធិឯកជន​ ។​ ដូច្នេះទស្សនៈរបស់គាត់​ផ្តោតខ្លាំងទៅលើអំណាច​ និងកម្មសិទ្ធិឯកជន ​​។ ​ចំណុចទាំងពីរ នេះ​វាត្របាញ់ចូលគ្នា ក្នុងទស្សនៈ​វិស័យវឌ្ឍនភាពសេដ្ឋកិច្ច​ ដែលជាកត្តាដ៏សំខាន់​ ដែលត្រូវលើកឡើង

No comments:

Post a Comment