អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday 16 May 2012

ខ្សែ​ជីវិត​មេដឹក​នាំ​ កាដាហ្វី!

ការ​ស្លាប់​របស់ ​កាដាហ្វី​បាន​ក្លាយ​ជា​ព័ត៌មាន​ដ៏​ពេញ​និយម​នៅ​គ្រប់​បណ្ដាញ​សារព័ត៌មាន​នានា​ជុំវិញ​ពិភព​លោក​នា​ពេល​ថ្មី​ៗ​នេះ។ ​មនុស្ស​ជាច្រើន ​ចង់​ដឹង​ចង់​ស្គាល់​ពី​ប្រវត្តិ​ពិត​របស់​ មេដឹកនាំ​រូប​នេះ​ជា​ខ្លាំង​។​ ​​​តើ​មេដឹកនាំ​រូប​នេះ​មាន​ដំណើរ​ជីវិត​បែប​ណា​ទៅ​?
ជន​ល្មោភ​អំណាច​ កាដាហ្វី ឈ្មោះ​ពេញ​ថា​ Muammar Muhammad Abu Minyar al-Gaddafi។​ កាដាហ្វី​ កើត​នៅ​ថ្ងៃ​ទី ​៧​ មិថុនា​ ឆ្នាំ​១៩៤២​។ ​នៅ​ឆ្នាំ​ ១៩៦៩ ​​​កាដាហ្វី​​បាន​ផ្ដួល​របប​រាជា​និយម​​ដោយ​មិន​បង្ហូរ​ឈាម និង​បាន​ឡើង​កាន់​អំណាច​តាំង​ពី​ពេល​នោះ​មក។ ការ​កាន់​អំណាច​ផ្ដាច់ការ​រយៈពេល ​៤២​ឆ្នាំ​កន្លង​មក​របស់​​ខ្លួន បាន​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ជា​​មេដឹកនាំ​ទី​ផ្ដាច់​ការ​ទី៤ កាន់​អំណាច​យូរ​បំផុត​មិ​ន​ជាប់​​​ខ្សែ​ស្រឡាយ​ស្ដេច​ ​និង​​ជា​មេដឹកនាំ​ផ្ដាច់ការ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​ក្នុង​ពិភព​អារ៉ាប់។

កុមារភាពនិង​ការ​សិក្សា​យោធា
ម៉ាអូម៉ា កាដាហ្វី ​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​ជុំរុំ​កុលសម្ព័ន្ធ​មួយ ​ក្នុង​​វាលខ្សាច់​ក្បែរ​ទីក្រុង Sirte។ ​បើ​តាម​ប្រវត្តិ​នានា​បាន​បង្ហាញ​ថា​​ គ្រួសារ​ កាដាហ្វី ស្ថិត​ក្នុង​កុលសម្ព័ន្ធ​អារ៉ាប់​ដ៏​តូច​មួយ​មាន​ឈ្មោះ​ថា Qadhadhfa និង​មាន​ឪពុក​ជា​​អ្នក​គង្វាល​ចៀម។
កាដាហ្វី​បាន​ចូល​រៀន​បឋមសិក្សា ​នៅ​សាលា​មូស្លីម​ដែល​នៅ​​ឆ្ងាយ​ពី​ផ្ទះ​ក្នុង​តំបន់​ Sabha ​ដែល​នៅ​ពេល​នោះ​រូប​គេ​ទទួល​បាន​ឥទ្ធិពល​​​ជាច្រើន ​ពី​ព្រឹត្តិការណ៍​នានា​ក្នុង​ពិភព​អារ៉ាប់។ ​គាត់​មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ជ័យជំនះ​របស់​ប៉ាលេស្ទីន និង​មាន​ការ​ខកចិត្ត​ជា​ខ្លាំង ចំពោះ​​ការ​បរាជ័យ​របស់​ប៉ាលេស្ទីន​ដោយ​កង​កម្លាំង​អ៊ីស្រាអែល ក្នុង​ឆ្នាំ ១៩៤៨។ ​កាដាហ្វី​មាន​ការ​កោត​ស្ញប់ស្ញែង​លើ​ប្រធានាធិបតី​អេហ្ស៊ីប ​Gamal Abdel Nasser ​និង​បាន​ចាត់​ទុក​គាត់​ជា​វីរបុរស​របស់​ខ្លួន។ ​នៅ​ឆ្នាំ ១៩៥៦​ កាដាហ្វី​បាន​ចូល​រួម​ក្នុង​ការបះបោរ​ប្រឆាំង​នឹង​​​អ៊ីស្រាអែល ​អំឡុង​វិបត្តិ​ព្រែកជីក​ស៊ុយអេ​។ ​​កាដាហ្វី​បាន​​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​​នៅ​សាលា​ឯកជន​មួយ​ក្នុង​តំបន់ Misrata ​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រវត្តិសាស្ត្រ។
បន្ទាប់​ពី​នោះ​ គេ​​បាន​ចូល​​សិក្សា​ជំនាញ​យោធា​លីប៊ី​ ក្នុង​ទី​ក្រុង​ បេនកាហ្ស៊ី ក្នុង​ឆ្នាំ ១៩៦១​ និង​បញ្ចប់​ក្នុង​ឆ្នាំ ១៩៦៦។ ក្នុង​ពេល​សិក្សា​ជំនាញ​យោធា និង​ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​ កាដាហ្វី​ក៏​បាន​បន្ត​ការ​សិក្សា​​​​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ។
បដិវត្តន៍​ឆ្នាំ​១៩៦៩
នៅ​ក្នុង​ប្រទេស​លីប៊ី​ ក៏​ដូច​ជា​​បណ្ដា​ប្រទេស​​អារ៉ាប់​ផ្សេង​ទៀត​ដែរ​ ​ក្នុង​​​ការងារ​​​យោធា​​​ ​​មាន​ច្រើន​តែ​អ្នក​ក្រី​ក្រ​​​ប៉ុណ្ណោះ​ដែល​ចូល​បម្រើ​កិច្ច​ការ​នេះ​ ចាប់​តាំង​ពី​ប្រទេស​​មួយ​នេះ​ទទួល​បាន​ឯករាជ្យ​មក​។ ​សម្រាប់​កាដាហ្វី​ ​និង​​​អ្នក​​ដើរ​តាម​គាត់​ភាគ​ច្រើន​ ត្រូវ​បាន​ជំរុញ​ចិត្ត​ដោយ​​របប​ជាតិ​និយម​អារ៉ាប់ ​របស់​មេដឹក​នាំ​ Nasser ដែល​ថា​​ អាជីព​ជា​យោធា​ គឺ​ជា​​​​ការ​បណ្ដុះ​បណ្ដាល​សម្រាប់​ធ្វើ​បដិវត្ត។
ក្នុង​នាម​​ជា​សិស្ស​​ម្នាក់​ក្នុង​សាលា​ បណ្ឌិត​សភា​យោធា​ ​កាដាហ្វី​​បាន​ចូល​រួម​ក្នុង​​ចលនា​សេរី​​មួយ​ដែល​មាន​​ឈ្មោះ​ថា​ Free Officer Movement។ ​​​​​​កាដាហ្វី​ មាន​គំនិត​ចង់​ផ្ដួល​រំលំ​​ របប​រាជា​និយម​តាំង​តែ​​ពី​​​គាត់​​នៅ​ធ្វើ​ជា​​ទាហាន​មក​ម្ល៉េះ។
នៅ​ថ្ងៃ​​​ទី​​១​ ខែ​កញ្ញា​ ឆ្នាំ​១៩៦៩​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មួយ​​ក្ដាប់​តូច​​ ដែល​ដឹក​នាំ​ដោយ​លោក​កាដាហ្វី​ ​បាន​ធ្វើ​​រដ្ឋ​ប្រហារ​​​មិន​​បង្ហូរ​ឈាម​​​ផ្ដួល​រំលំ​ស្ដេច​ Idris ​របស់​ប្រទេស​លីប៊ី​​ ខណៈ​ពេល​ដែល​ព្រះមហាក្សត្រ​​អង្គរ​នេះ ​​យាង​ទៅ​ព្យាបាល​ព្រះរោគ​​​នៅ​ប្រទេស​​ទួរគី។ ចំណែក​​ក្មួយ​ប្រុស​របស់​​​ព្រះមហាក្សត្រ​ Idris លោក​ Sayyid Hasan ar-Rida al-Mahdi as-Sanussi ត្រូវ​​​​ដក​​អំណាច​ និង​ឃុំ​ខ្លួន​​នៅ​ក្នុង​ផ្ទះ​ដោយ​ក្រុម​បដិវត្តន៍​ ហើយ​ក្រោយ​មក​ ក្រុម​បដិវត្ត​ដែល​ដឹក​នាំ​ដោយ​កាដាហ្វី​បាន​​លុប​ចោល​របប​រាជា​និយម​ និង​បាន​ប្រកាស​របប​សាធារណៈ​រដ្ឋ​​អារ៉ាប់​លីប៊ី។
ទំនាស់​ជា​មួយ​បច្ចិម​ប្រទេស
ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ កាដាហ្វី​បាន​​​ប្រកាស​បិទ​​មូលដ្ឋាន​យោធា​របស់​អាមេរិក​ និង​​ចក្រ​ភព​អង់គ្លេស​​ រួម​ទាំង​​មូលដ្ឋាន​​​ Wheelus Air ដ៏​ធំ​ទៀត​ផង។ មិន​​ត្រឹម​តែប៉ុណ្ណោះ​ ​​​កាដាហ្វី​​បាន​ប្រកាស​ថា​នឹង​បណ្ដេញ​​​​ក្រុមហ៊ុន​ផលិត​ប្រេង​​​​របស់​ប្រទេស​លោក​ខាង​លិច​ទាំង​អស់​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ ​ប្រសិន​​បើ​មិន​ចែក​ភាគ​រយ​​នៃ​ចំណូល​ដែល​រក​បាន​​​​ច្រើន​ជាង​មុន​ទេ។
កាដាហ្វី និង Nasser
ជា​ទូទៅ​ ក្នុង​ពេល​នៃ​ការ​កាន់​តំណែង​នេះ​​ លោក​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​​ជា​មួយ​ប្រមុខ​ដឹក​នាំ​របស់​ប្រទេស​អេហ្ស៊ីប​គឺ​លោក​ Nasser
នៅ​​ខែ​ធ្នូ​ ឆ្នាំ​ដដែល​ ភ្នាក់ងារ​សម្ងាត់​របស់​អេហ្ស៊ីប​បាន​ជួយ​​​ទប់​ស្កាត់ ​​នូវ​​ផែន​ការ​ធ្វើ​​រដ្ឋ​ប្រហារ​​​​ផ្ដួល​រំលំ​​​លោក​កាដាហ្វី​ ​ដោយ​ក្រុម​អ្នក​ប្រឆាំង​មួយ​ចំនួន។​ ដើម្បី​​ការ​​ពារ​​អំណាច​របស់​ខ្លួន​ ​​ ​​​កាដាហ្វី​ បាន​​​ចែក​រំលែក​អំណាច​​​តែ​ជា​មួយ​ ក្រុម​គ្រួសារ​ និង​បក្ស​ពួក​ជិត​ស្និទ្ធ​​របស់​គាត់​តែ​ប៉ុណ្ណោះ។
ក្នុង​អំឡុង​​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​​ កាដាហ្វី​​​បាន​​​ធ្វើ​​កំណែ​ទម្រង់​លើ​​ក្រុម​​ជន​ជាតិ​​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ជា​ច្រើន​​ ជាក់​ស្ដែង​​ កាដាហ្វី​បាន​​បណ្ដេញ​​​​អ្នក​តាំង​លំនៅ ​ជា​ជនជាតិ​​​​អ៊ីតាលី​ចេញ​ពី​ប្រទេស​របស់​ខ្លួន​​ទាំង​អស់​នៅ​​ឆ្នាំ​១៩៧០។​ កាដាហ្វី​ ធ្វើ​កំណែ​ទម្រង់​​ និង​អភិរក្ស​វប្បធម៌​របស់​ខ្លួន​ជា​ខ្លាំង​​សូម្បី​តែ​ប្រតិទិន​​គិត​តាម​គ្រិស្តសាសនា​ ​ក៏​បាន​ប្ដូរ​ទៅ​ប្រើ​ប្រតិទិន​​ឥស្លាម​ដែរ។
ពី​ឆ្នាំ​១៩៧១​ ដល់​ឆ្នាំ​១៩៧៧​ កាដាហ្វី​ បាន​​​​យល់​ព្រម​​​ឲ្យ​មាន​​​ សហភាព​​សង្គមនិយម​អារ៉ាប់​​ ដែល​​យក​គំរូ​តាម​ សហភាព​សង្គមនិយម​អារ៉ាប់​ របស់​ប្រទេស​អេហ្សីប​ ​ជា​​គណបក្ស​តែ​មួយ​គត់​របស់​ប្រទេស។
នៅ​ឆ្នាំ​១៩៦៩ កាដាហ្វី​បាន​បង្កើត​គណៈកម្មាធិការ​​​បដិវត្ត ​​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​លើ​ក្រុម​អ្នក​ប្រឆាំង។ ក្នុង​នោះ​​​មាន​ប្រជាជន​​​នៃ​ប្រទេស​លីប៊ី​ប្រមាណ​ពី​១០​ទៅ​២០​ភាគ​រយ​​ ធ្វើ​ការ​ជា​អ្នក​ផ្ដល់​​​ព័ត៌មាន​​​ក្រុម​អ្នក​ប្រឆាំង​ដល់​គណៈកម្មាធិការ​នេះ។
ចាប់​ពី​ឆ្នាំ​១៩៨០​ដល់​១៩៨៧​ទៀត​​​ កាដាហ្វី​បាន​​ធ្វើ​ការ​ប្រឆាំង​ដោយ​ហិង្សា​​ចំពោះ​ប្រទេស​ទាំង​ឡាយ​ដែល​ប្រឆាំង​គាត់។ ​ជាក់​ស្ដែង​ កាដាហ្វី​បាន​ជួល​​​បណ្ដាញ​ការទូត​​នៅ​បរទេស​ដើម្បី​​​ធ្វើ​ឃាត​​អ្នក​រិះ​គន់​​​ និង​ប្រឆាំង​គាត់​ចំនួន​២៥​នាក់។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​បាន​ក្លាយ​ជា​សត្រូវ​របស់​បស្ចិម​លោក​ ដែល​​ប្រទេស​ទាំង​នោះ​​ចោទ​​​គាត់​​​ ថា​ជា​ភេរវជន។ នៅ​ឆ្នាំ​១៩៨៦ ​អាមេរិក​​បាន​តាម​សម្លាប់​កាដាហ្វី ដោយ​ទម្លាក់​គ្រាប់បែក​លើ​បន្ទាយ​របស់​គាត់​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី​។ កាដាហ្វី ឆ្លើយ​តប​វិញ ដោយ​បញ្ជា​ឲ្យ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​អាមេរិកាំង​មួយ​គ្រឿង នៅ​ពី​លើ ​Ecosse​ នៅ​ឆ្នាំ​១៩៨៨ និង​យន្តហោះ​បារាំង​មួយ​គ្រឿង​នៅ​ពី​លើ​ប្រទេស​នីស្សេ ក្នុង​​ឆ្នាំ​១៩៨៩ ដោយ​បាន​​សម្លាប់​មនុស្ស​​សរុប​​​អស់​៤៤០​នាក់។
សេដ្ឋកិច្ច
ប្រទេស​​លីប៊ី​ គឺ​ជា​ប្រទេស​​សម្បូរ​ធនធាន​ធម្មជាតិ​មួយ​​​​ ជា​ពិសេស​គឺ​ប្រេង​កាត ក៏​ប៉ុន្តែ​​​ផលិត​ផល​ដុល​​​​​របស់​ប្រទេស​មួយ​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​​ក្រុម​គ្រួសារ​និង​បក្ស​ពួក​​កាដាហ្វី​​​ទាំង​អស់។ ​សហគ្រាស​នៅ​ក្នុង​ប្រទេស​​នេះ​ ភាគ​ច្រើន​​គ្រប់​គ្រង​ដោយ​ក្រុម​គ្រួសារ​ និង​បក្ស​ពួក​របស់​គាត់​។
កាល​ពី​ដើម​ទសវត្សរ៍​​​ឆ្នាំ១៩៧០​ ​តម្លៃ​ប្រេង​កាត​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។ នា​ពេល​នោះ​ហើយ​ ដែល​លោក​បាន​ទាញ​យក​ចំណូល​​យ៉ាង​ច្រើន​ពី​​​​ការ​​ឡើង​ថ្លៃ​​នេះ​ ហើយ​​​យក​មក​ទិញ​អាវុធ​ ​និង​​គាំ​ទ្រ​គម្រោង​ការ​នយោបាយ​សំខាន់​ៗ​របស់​ប្រទេស​ជា​មិត្ត​​​របស់​មេ​ដឹក​នាំ​កណ្ដាប់​ដៃ​ដែក​រូប​នេះ។
សាច់​សារ​លោ​ហិត​របស់​កាដាហ្វី​ រស់​នៅ​ក្នុង​ស្ថានភាព​ស៊ីវិល័យ​​យ៉ាង​ខ្លាំង​ ​ដូច​ជា​រស់​នៅ​ក្នុង​ផ្ទះ​ប្រណិត​ៗ​ ​និង​បាន​​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​រឿង​ហូលីវូដ​ ​ថែម​ទៀត​ផង។
សេដ្ឋកិច្ច​ប្រទេស​លីប៊ី​ជា​សេដ្ឋកិច្ច​បែប​​ផែន​ការ​ និង​​ដើរ​តាម​គោល​​គំនិត​សង្គមនិយម​របស់​កាដាហ្វី។ ​ចំណូល​បាន​ពី​ប្រេង​កាត​មាន​ប្រមាណ​៣០​​%​នៃ​​ផលិតផល​ដុល​ក្នុង​ស្រុក​សរុប។
សកម្មភាព​ចំពោះ​អារ៉ាប់
បន្ទាប់​​ពី​លោក​ Nasser ស្លាប់​ទៅ​ លោក​ កាដាហ្វី​ បាន​​​ប៉ុន​ប៉ង​ក្លាយ​ជា​​ប្រមុខ​​ដឹក​នាំ​នៃ​​គណបក្ស​ជាតិ​និយម​អារ៉ាប់។ ​​នា​ពេល​នោះ ​លោក​បាន​​បង្កើត​ ​មហា​រដ្ឋ​អ៊ីស្លាម​​ Sahel ដោយ​​ប៉ុន​ប៉ង​បង្រួប​បង្រួម​​រដ្ឋ​អារ៉ាប់​ នៅ​​ទ្វីប​អាហ្វ្រិក​ខាង​ជើង​​ទៅ​ជា​រដ្ឋ​តែ​មួយ​។
ការ​ប៉ុន​ប៉ង​​​ផលិត​​អាវុធ​ប្រល័យ​លោក
នៅ​ឆ្នាំ​១៩៧២​ កាដាហ្វី​បាន​ប៉ុន​ប៉ង​​ផលិត​អាវុធ​ប្រល័យ​លោក​​ (Weapons of Mass Destruction)​។ នៅ​ពេល​នោះ​​​កាដាហ្វី​ បាន​ទទូច​ចង់​​​ឲ្យ​​​ប្រទេស​ចិន​លក់​គ្រប់​បែក​នុយក្លេអ៊ែរ​​​មួយ​គ្រាប់​ឲ្យ​ខ្លួន​។
នៅ​ឆ្នាំ​១៩៧៧​ កាដាហ្វី​​​ព្យាយាម​ចង់​ទិញ​អាវុធ​នុយក្លេអ៊ែរ​ ពី​​​ប្រទេស​ប៉ាគីស្ថាន​តែ​ពេល​នោះ ​ប៉ាគីស្ថាន​បាន​ផ្ដាច់​ទំនាក់​ទំនង​ការទូត​​​មុន​ពេល​ដែល​លីប៊ី​​​​ ទទួល​បាន​ជោគជ័យ​លើ​គម្រោង​​ផលិត​អាវុធ​មួយ​នេះ។ ​​ក្រោយ​មក​ កាដាហ្វី​បាន​ព្យាយាម​ទិញ​​​អាវុធ​នុយក្លេអ៊ែរ​ពី​ប្រទេស​ឥណ្ឌា​ទៀត​​ តែ​ឥណ្ឌា​បាន​ត្រឹម​តែ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​លើ​ការ​ប្រើ​ប្រាស់​ថាមពល​នុយក្លេអ៊ែរ​​​ប្រកប​ដោយ​សន្តិភាព​តែ​ប៉ុណ្ណោះ។
ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ
ក្រោយ​សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់ និង​ក្រោយ​ពី ​Saddam Hussein ត្រូវ​បាន​ចាប់​ខ្លួន​ កាដាហ្វី ប្រហែល​ជា​ភិតភ័យ សម្រេច​ចិត្ត​បែរ​មក​ត្រូវរ៉ូវ​ជាមួយ​អាមេរិក​និង​អឺរ៉ុប​វិញ ​​ដោយ​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ស្តី​ពី​បណ្ដាញ​ភេរវកម្ម​អាល់កៃដា​ទៅ​ឲ្យ​ទីក្រុង​ វ៉ាស៊ីនតោន។ ចាប់​ពី​ពេល​នោះ​មក អ្នក​ដឹកនាំ​នៅ​បស្ចិម​លោក ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​កាដាហ្វី វិញ​ ដ្បិត​សម្លឹង​ឃើញ​ជា​ពិសេស លើ​​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ ប្រទេស​លីប៊ី។
ចលនា​ប្រឆាំង​កាដាហ្វី
នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១​ ​ចលនា​បះបោរ​​​ប្រឆាំង​​នឹង​រដ្ឋាភិបាល​​​កាដាហ្វី​បាន​ផ្ទុះ​ឡើង ក្រោយ​ពី​​មាន​ការ​បះបោរ​ប្រឆាំង​មេដឹកនាំ​ប្រទេស​​​អារ៉ាប់​ជិត​ខាង​មួយ​ ចំនួន​ដូចជា ​អេហ្ស៊ីប និង​ទុយនេស៊ី ជា​ដើម។ ​ចលនា​បះបោរ​បាន​រីក​ធំ​ឡើង​ៗ​​ បើ​ទោះ​បី​ជា​​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​​ក្រុម​បះបោរ​​យ៉ាង​ណា​​ក៏​ដោយ។ ​​នៅ​ចុង​​ខែ​កុម្ភៈ ​​​​រដ្ឋាភិបាល​កាដាហ្វី​បាន​បាត់​បង់​តំបន់​គ្រប់​​គ្រង​របស់​ខ្លួន​​មួយ​ភាគ​ធំ​​នៅ​ភាគ​ខាង​​កើត​ប្រទេស។ ​កម្លាំង​យោធា​កាដាហ្វី​បាន​​​​សម្លាប់​​​ក្រុម​អ្នក​បះបោរ​យ៉ាង​ច្រើន​​ ដែល​ក្នុង​នោះ​​​បាន​វាយ​ប្រហារ​នៅ​តំបន់ Khamis Brigade យ៉ាង​ធ្ងន់​ធ្ងរ។
សាក​សព​កាដាហ្វី​បន្ទាប់​ ពី​គេ​បាញ់​​សម្លាប់​
ពាក់​កណ្តាល​ខែ​មីនា​​ កាដាហ្វី​សម្រេច​បញ្ជូន​ទាហាន​ អម​ដោយ​ រថក្រោះ និង​យន្តហោះ​ចម្បាំង​ ទៅ​កំទេច​ប្រជាជន​ស៊ីវិល​នៅ ​Benghazi ដែល​ជា​ប្រភព​នៃ​បដិវត្តន៍។ អន្តរាគមន៍​ទាន់​ពេល​វេលា​នៃ​កងទ័ព​ជើង​អាកាស​របស់​ណាតូ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​មុន​គេ​ដោយ​ប្រទេស​បារាំង​និង​ដែល​ត្រូវ​បាន​ អនុញ្ញាត​ដោយ​អ.ស.ប ​ដើម្បី​បញ្ចៀស​​​​ការ​កាប់​សម្លាប់​រង្គាល។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​​​ទ័ព​ឧទ្ទាម​លីប៊ី ការពារ​ដោយ​យន្តហោះ​ចម្បាំង​របស់​ណាតូ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កាដាហ្វី ដណ្តើម​បាន​ទីក្រុង​ទ្រីប៉ូលី​នៅ​ថ្ងៃ​ទី​២២​សីហា និង​នៅ​ទី​បំផុត​ចាប់​ខ្លួន​រួច​ហើយ​សម្លាប់ កាដាហ្វី​​​​កាល​ពី​​ថ្ងៃ​ទី​២០​ ខែ​តុលា​៕
ដោយ៖ យ៉ន សុភារិទ្ធ




No comments:

Post a Comment