មិនត្រឹមតែអ្នកសារព័ត៌មានទេ សារធារណជនមួយចំនួនដែលបានទស្សនារឿង “ឃ្លាតទៅសែនឆ្ងាយ!” ដក់ជាប់ក្នុងចិត្តរាល់ឈុតឆាក ខ្លឹមសារ អត្ថន័យ និងកាយវិការតួអង្គសំដែងក្នុងរឿងមួយនោះប៉ុណ្ណោះទេ អ្នកឯកទេសប្រវត្តិសាស្ត្រក៏លាន់មាត់ដែរថា រឿង “ឃ្លាតទៅសែនឆ្ងាយ!” ជារឿងប្រវត្តិសាស្ត្រ ដាស់ស្មារតីមនុស្សជំនាន់ក្រោយ ជាពិសេស យុវជនខ្មែរ។ លោកសាស្ត្រាចារ្យ សំ បូរម៉ាណារា អនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់បានទស្សនារឿងនេះ បានសំណាលពិសេសជាមួយ និពន្ធនាយករង គេហទំព័រសារព័ត៌មាន Sabay គឺលោក ទូច សុខៈ ថា “ឃ្លាតទៅសែនឆ្ងាយ!” ជារឿងប្រវត្តិសាស្ត្រ ផ្សះផ្សាទំនាស់ក្នុងគ្រួសារ និង សង្គម ដែលពុំមែនធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តអ្នកទស្សនានោះទេ ពោលគឺពុំអាចបំភ្លេចចោលបានឡើយ ព្រោះជាដានអតីតកាល។
Sabay៖ មានការលើកឡើងថា យុវជនមិនគួររំលឹកអំពីបញ្ហាហ្នឹងទេ ព្រោះយើងចង់ឲ្យជ្រះស្រឡះកុំឲ្យមានស្នាមប្រេះស្រាំអារម្មណ៍តទៅទៀតអំពីប្រវត្តិសាស្ត្រមួយនេះ តើការគិតអីចឹង លោកសាស្ត្រាចារ្យយល់យ៉ាងម៉េខទៅវិញ?
អ្នកជំនាញ៖ ខ្ញុំយល់ថា ប្អូនៗមិនអាចគិតថា ការរំលឹកនៃរឿងរ៉ាវទាំងអស់នោះគឺជាការខុសឆ្គងនាំឲ្យមានប្រះស្រាំទេ។ តែផ្ទុយទៅវិញ អ្វីទាំងអស់សុទ្ធតែមានមូលហេតុ ដូច្នេះក្នុងនាមជាអ្នកសិក្សាប្រវត្តិសាស្ត្រក្ដី ពីសង្គមក្ដី ត្រូវតែដឹងថាស្អីទៅជាមូលហេតុរបស់សង្គម។ អីចឹង បើយើងមិនដឹងពីមូលហេតុរបស់សង្គមធ្វើ យើងនិងអាចដកខ្លួនចេញពីវិបត្តិនៃសង្គមទាំងអស់នោះបានទៅថ្ងៃក្រោយហើយប្រវត្តិសាស្ត្រនឹងអាចផ្សាឡើងវិញ និយាយឲ្យចំទៅ យើងនឹងអាចក្លាយខ្លួនទៅជាមនុស្សដែលមានការប្រើប្រាស់យន្តការនៃអតីតកាលដដែលជាដដែល ហើយធ្វើឲ្យគ្រោះមហន្តរាយនៃជីវិតរបស់យើងចេះតែមានដដែលៗតទៅទៀត ជាគ្រោះអាសន្នរបស់យើង។ ផ្ទុយទៅវិញ កាលដែលយើងបានរំលឹក និងបានដឹងបែបនេះ មិនមែនមានន័យថា យើងនាំគ្នាចងកំហឹងទេ តែយើងនាំគ្នាគិតថា តើយើងគួរដោះស្រាយយ៉ាងម៉េចសំរាប់ថ្ងៃនេះ។ យុវជនទាំងឡាយគួរតែយកចិត្តទុកដាក់និងគិតថា ខ្លួនមានសម្បទាគ្រាប់គ្រាន់នៅសម័យនេះដោយសារការតស៊ូរបស់បុព្វការី ននៅសម័យនោះ យើងពិចារណាឡើងវិញ ទៅអ្នកដែលសល់ពីសេចក្ដីស្លាប់ពីសម័យនោះគឺជាអ្នកដែលបានតស៊ូខ្លាំងណាស់។ អីចឹង យើងគិតដូចម្ដេចដើម្បីសម័យរបស់ខ្លួនកុំឲ្យជួបប្រទះអីចឹងទៀត ខ្ញុំយល់ឃើញថាប្អូ នដែលគិតបែបនោះប្រហែលជាប្អូនមិនបានឆ្លងកាត់ហើយប្រសិនបើប្អូនបានឆ្លងកាត់ នឹងគិតផ្សេងពីនេះ ប៉ុន្តែទោះបីជាមិនបានឆ្លងកាត់សូមឲ្យយកចិត្តទុកដាក់ថា នេះជារឿងរបស់ខ្មែរនេះ ជាប្រវត្តិសាស្ត្រ តើអ្នកណាអាចជីកគល់ប្រវត្តិសាស្ត្របានទេ ដោយគ្រាន់តែនាំគ្នារំលឹកដើម្បីបង្ហាញអំពីភាពវិជ្ជមានក្នុងការអភិវឌ្ឍជាតិមិនមែនបន្លិចដើម្បីធ្វើការបំផ្លាញឬសងសឹកទេ។
Sabay៖ តាមបទពិសោធន៍របស់លោកសាស្ត្រាចារ្យ ជាអ្នកដែលធ្លាប់ឆ្លងកាត់ទស្សនា ផ្សាយភាពយន្តច្រើនសម័យកាល លោកសាស្ត្រាចារ្យសាកល្បងប្រៀបធៀបរវាងភាពយន្តខ្មែរទូទៅ នឹងភាពយន្ត “ឃ្លាតទៅសែនឆ្ងាយ!” នេះបន្តិចមើល៍ តើមានលក្ខណៈខុសគ្នាដូចម្ដេចដែរ?
អ្នកជំនាញ៖ យើងអាចនិយាយបានថា ទាំងសំភារៈ ទាំងបច្ចេកទេស យើងអាចទទួលស្គាល់ថា នៅមានកម្រិត មិនមែនថា យើងអន់ទេ ប៉ុន្តែយើងមានកម្រិត យើងមិនអាននិយាយថា បរទេសដែលគេខំកសាងអាជីពរបស់គេជាអ្នកផ្សាយភាពយន្តរាប់រយឆ្នាំហើយមានសំភារៈទំនើបព្រមទាំងមានថវិកាជាទុនធំប៉ុណ្ណាហើយ គេអាចធ្វើបានប៉ុណ្ណោះ ខ្ញុំមិនគិតថា ប្រៀបធៀបផ្សាយភាពយន្តនោះទេ។ ខ្ញុំគិតថា នេះជារឿងមួយរបស់ខ្មែរយើងបានបង្កើតហើយជាមនសិការមួយ ដែលខ្មែរយើងបានប្រើយន្តការគំនិតផ្ទាល់ខ្លួន ហើយនិយាយពីរឿងពិត។ ខ្ញុំស្រម៉ៃដល់រឿង Titanic រឿងនោះបានលើកយកមនុស្សចាស់ម្នាក់ដែលមានបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្ររបស់គាត់យកមកនិទានរឿងដូចគ្នា។ ដូច្នេះ រឿងយើងដូចគ្នាគ្រាន់រឿង Titanic
ទាក់ទងទៅ នឹងត្រកូលអភិជនដែលនិយាយពីរឿងសប្បាយនៃដំណើរកម្សាន្តផ្សងព្រេងសប្បាយរបស់គាត់ ប៉ុន្តែរឿងនេះជារឿងប្រវត្តិសាស្ត្រពិតមិនមែន ជារឿងដែលផុសចេញពីការសប្បាយទេ។ ខ្ញុំគិតពីខ្លឹមសារវិញបើខ្ញុំប្រៀបធៀបទៅរឿងTitanic
ខ្ញុំឲ្យតម្លៃរឿងកុនខ្ញុំវិញ ព្រោះមានតម្លៃជាងសំរាប់ឧត្ដមគតិមនុស្ស ដូច្នេះខ្ញុំមិនគួរនិយាយថាតម្លៃរបស់គេអន់ជាងតម្លៃរបស់យើងទេ ខ្ញុំគ្រាន់តែនិយាយថា នេះជាពន្លកមួយដ៏ប្រសើរដែលយើងជាខ្មែរត្រូវនាំគ្នាជួយជ្រោមជ្រែងប្រាកដ ជាឃើញកំហុសខ្លះកើតឡើង។ ប៉ុន្តែមិនមែនជាកំហុសកែមិនបានទេ កែបានគ្រាន់តែយើងចាប់ផ្ដើមពីគ្រួសារមួយ ពីការខំប្រឹងប្រែងមួយមិនអាចគ្រប់គ្រាន់បានទេត្រូវតែជួយនាំគ្នាបង្ហាញជួយនាំគ្នាពន្យល់យើងទទួលស្គាល់នៃការរីកចម្រើនមួយតាមរយៈផ្ដល់មតិនេះជាគុណសម្បត្តិរបស់យើងទាំងអស់គ្នា។ ខ្ញុំជឿថា ជំហររបស់អ្នកនិពន្ធដែលប្រឹងប្រែងបែបនេះគឺប្រាកដជាមិនគិតពីផលចំណេញពីលុយកាក់ទេតែគិតពីផលចំណេញពីកិត្តិយស និងការអប់រំប្រសើរជាង។
Sabay៖ យើងឃើញបរិបទសព្វថ្ងៃនេះ ការផលិតខ្សែភាពយន្តចាក់តាមទូរទស្សន៍ឃើញថាមានបង្ហាញតែឈុតស្នេហារវាងយុវវ័យ ដែលគេគិតអំពីការទាក់ទាញយុវវ័យឲ្យទៅជាមនុស្សដែលមានគំនិតសម្ភារៈនិយម ប៉ុន្តែលោក ឆាយ បូរា បែរជាគិតអំពីប្រវត្តិសាស្ត្រទៅវិញ។ តើលោកសាស្ត្រាចារ្យ អធិប្បាយបែបណាបាទ?
អ្នកជំនាញ៖ អ្នកដែលកសាងខ្សែភាពយន្តរបៀបនេះ មិនក្លាយទៅជាអ្នកមានទេតែគាត់គ្រាន់តែត្រូវបានគេទទួលស្គាល់ក្នុងឧត្ដមគតិមួយ ពីព្រោះយើងនិយាយហើយថា ជារឿងបែបឯកសារប្រវត្តិសាស្ត្រ ខ្ញុំយល់ឃើញថា កាលដែលយើងប្រើប្រាស់យន្តការឆក់យកចំណេញពីការផលិតផ្សាយភាពយន្តដើម្បីផលប្រយោជន៍ជាលុយកាក់ដោយប្រើគំនូរដើម្បីទាក់ទាញយុវវ័យ សម្ភារៈនិយម ទស្សនៈភ្លើតភ្លើន ក៏ដោយចុះ ទាំងនោះគឺជារឿងរបស់គេ ក៏ប៉ុន្តែខ្ញុំឃើញខ្សែភាពយន្តនេះ បានផ្ដល់ឱកាសជាច្រើនដល់យុវវ័យគិតថា តើអនាគតរបស់ខ្លួនគេនឹងទៅជាយ៉ាងណា បើសិនជាខ្លួនគេជួបប្រទះរឿងបែបនឹងម្ដងទៀត តើគេគួរការពារខ្លួនគេបែបណា? ដើម្បីកុំឲ្យគេជួបប្រទះរឿងបែបនេះ ទាំងនេះគឺជាគោលជំហរ ហើយរាជរដ្ឋាភិបាលក៏លោកនឹងសប្បាយចិត្ត សប្បាយចិត្តត្រង់ថា មានមនុស្សខ្មែរយើងចេះយកចិត្តទុកដាក់អំពីប្រវត្តិសាស្ត្រ និងការកសាងការផ្លាស់ប្ដូរ អំពីផ្នត់ចិត្តរបស់មនុស្សឲ្យយកចិត្តទុកដាក់ស្រឡាញ់បុព្វការីជនខ្លួនពិសេស បំផុតស្រឡាញ់មនុស្សចាស់រឿងនេះ បង្កប់អត្ថន័យជ្រៅមួយទៀតគឺការឲ្យមនុស្សក្មេងចេះស្រឡាញ់មនុស្សចាស់ខ្ញុំជឿថា យើងនឹងទទួលបាននៃការផ្លាស់ប្ដូរយើង នឹងខំប្រឹងធ្វើការអប់រំបន្ថែមទៀតដើម្បីឲ្យជំហរអ្នកបានមើលគុននេះឲ្យក្លាយខ្លួនទៅជាអ្នកយកគុននេះ ក្នុងការពិចារណា នៅក្នុងជីវិតពិតមួយដើម្បីខ្លួនគេកុំឲ្យមានការកើតឡើងនៅវិបត្តិបែបនេះទៀត។
Sabay៖ តាមអនុសាសន៍របស់លោកសាស្ត្រាចារ្យ តើយើងគួរផលិតភាពយន្ត ឫរឿងបែបណាដើម្បីធ្វើឲ្យយុវវ័យក្លាយទៅជាអ្នកដឹកនាំដ៏ល្អប្រសើរមួយ?
អ្នកជំនាញ៖ ចំពោះបញ្ហានេះរឿងអ្វីក៏ដោយក៏ជាអាវុធមុខពីរ ទាំងអស់ប៉ុន្តែសំខាន់បំផុតតើអ្នកដែលយើងបង្កើតតើយើងបានយល់ពីខ្លឹមសារយ៉ាងម៉េច ខ្ញុំថាខ្សែភាពយន្តរបស់ខ្មែរយើងគឺជាខ្សែភាពយន្តដែលគិតគូរពីបញ្ហានាំយុវជនឆ្ពោះទៅរកអនាគត ហើយគេគិតថាយុវវ័យត្រូវធ្វើបែបនេះ សង្ហាបែបនេះ ល្អបែបនោះ ឫក៏មានទ្រព្យបែបនេះអ្វីសំខាន់នៃជីវិតបែបណា ផ្ទុយទៅវិញ មិនមែនសំខាន់ត្រឹមបែបនោះទេ គឺត្រូវឲ្យដឹងថា បានរបស់មកពីណា ខ្ញុំចង់និយាយថាគេគួរតែផឹកទឹក នៅក្បែរប្រភព និងស៊ីផ្លែដោយខ្លួនឯងដែលដាំ។ អីចឹង បើគិតថា គេទទួលបានជោគជ័យនៃជីវិតរបស់គេដ៏រុងរឿងនោះ តើគេបានគិតទេថា គេបានគន្លឹះ គ្រឹះរបស់ខ្លួនបានមកពីណា។ អីចឹង គ្រឹះទាំងអស់នោះហើយដែលយើងត្រូវធ្វើការពិចារណា ខ្សែភាពយន្តណា ដែលខ្ញុំអាចសំណូមពរបានសូមមេត្តាយកចិត្តទុកដាក់ការអប់រំយុវវ័យហើយឆ្លៀតឱកាសឲ្យ យុវវ័យឲ្យអំពីតួនាទីរបស់ខ្លួន សំរាប់អតីតកាលសំរាប់បច្ចុប្បន្នកាល និងអនាគតកាល។ តួនាទីសំរាប់អតីតកាល គឺជាតួនាទីនៃការស្វែងយល់អំពីអ្នកដែលជាទីស្រឡាញ់។ តួនាទីបច្ចុប្បន្ន កាលគឺតួនាទីដែលខ្លួនឯងត្រូវគិតដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគត តួនាទីសំរាប់អនាគត គឺជាតួនាទីគឺការប្រឹងប្រែងបន្សល់ទុកនូវអ្វីដែលជាអភិវឌ្ឍន៍ជាតិអ្វីដែលជាគន្លឹះសំរាប់អ្នកជំនាន់ក្រោយ។ ព្រោះបុព្វបុរសយើង មានកេរដំណែលសំរាប់យើងច្រើនណាស់ ដោយឡែក យើងត្រូវខំប្រឹងនាំគ្នាបង្កើតកេរ្តិ៍ កុំនាំគ្នាស៊ីកេរ្តិ៍ យើងត្រូវនាំយុវវ័យ គិតពីរឿងបង្កើតកេរ្តិ៍វិញហើយជាភាពចំណេញសំរាប់សង្គមជាតិយើងទៅថ្ងៃអនាគតខ្ញុំជឿថា យុវវ័យដែលខ្ញុំបានបង្រៀនភាគច្រើនគឺខ្ញុំបានផ្ដល់ឲ្យអស់ហើយ។
No comments:
Post a Comment