អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

បដិវត្តន៍​ខ្មែរក្រហម​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០

សម្តេចព្រះ​នរោត្តម សីហនុ ជួបប្រជុំ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៣


ចាប់តាំងពី​បានសម្រេច​ចិត្ត​បើក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ នៅ​ឆ្នាំ​១៩៦៧ រហូតមក​ទល់នឹង​ឆ្នាំ​១៩៧០ ពួក​ខ្មែរក្រហម​មាន​ទាហាន​តិចតួច​បំផុត​។ ទាហាន​ទាំងនោះ​សោត​ក៏​មិន​បានទទួល​ការហ្វឹកហ្វឺន និង​បំពាក់អាវុធ​យុទ្ធ​ភ័​ណ្ឌ​អ្វី​ធំដុំ​ដែរ​។​
​ក៏ប៉ុន្តែ ក្រោយ​ពេលដែល​ពួក​ខ្មែរក្រហម ទៅ​ចូលរួម​ក្នុង រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើតឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយពី

​ព្រះអង្គ​ត្រូវបាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរក្រហម​បានទទួល​ការឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង​។​​

ពីស​ត្រូវ​ក្លាយ​មកជា​មិត្ត​
នៅ​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​១៩៧០ ក្នុងពេលដែល​សម្តេច នរោត្តម សីហនុ កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ សហភាពសូវៀត លន់ ណុល និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំ​ឲ្យ​រដ្ឋសភាជាតិ​ធ្វើការ​បោះឆ្នោត​ទម្លាក់​ព្រះអង្គ​ចេញពី​តំណែង​ជា​ប្រមុខរដ្ឋ​។ ចាក​ចេញពី​ម៉ូស្គូ សម្តេច នរោត្តម សីហនុ បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នៅក្នុង​អំឡុង​ពេលនោះ គណៈប្រតិភូ​មួយក្រុម​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា ដឹកនាំ​ដោយ សា​ឡុ​ត ស (​ប៉ុល ពត​) ដែល​ទើបតែ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ក៏​កំពុង​ស្ថិតនៅ​ក្រុង​ប៉េកាំង​ដែរ​។ ក៏ប៉ុន្តែ យោងតាម​អត្ថបទ​ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ព្រះបាទ នរោត្តម សីហនុ ព្រះអង្គ​បាន​អះអាងថា ព្រះអង្គ​មិនបាន​ជួប​ជាមួយនឹង​សា​ឡុ​ត ស ទេ នៅ​ប៉េកាំង​នោះ​។​នៅ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​១៩៧០ ដោយមាន​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាងជើង សម្តេច នរោត្តម សីហនុ បានប្រកាស​បង្កើតរ​ណ​សិរ្ស​រួបរួម​ជាតិ​កម្ពុ​ជាមួយ ហើយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់​ចូល​ព្រៃ​កាន់​អាវុធ ដើម្បី​តស៊ូ​ប្រឆាំងនឹង​របប លន់ ណុល​។ ខ្មែរក្រហម ដែលជា​អតីត​គូសត្រូវ​របស់​ព្រះអង្គ​ក៏បាន​ចូលរួម​ក្នុង​រណសិរ្ស​រួបរួម​ជាតិ​នេះដែរ​។​
​ចិន ជើង​មួយ​ចង់​ជាន់​ទូក​ពីរ​ បើ​យោងតាម​លោកស្រី Elizqbeth Becker ក្នុង​សៀវភៅ ដែលមាន​ចំនងជើង​ថា “​ទឹកភ្នែក​កម្ពុជា​” (Les larmes du Cambodge) ចិន ដែល​បាន​សម្តែង​ការគាំទ្រ​ដល់​សម្តេច នរោត្តម សីហនុ និង​ពួក​ខ្មែរក្រហម​នោះ ក្នុងពេល​ជាមួយគ្នា បែរជា​បាន​បញ្ជូន​តំណាង​ពិសេស​របស់ខ្លួន​ឲ្យ​មក​ចរចា​ជាមួយ លន់ ណុល​ទៅវិញ​។ ក្នុងការ​ចរចា​នោះ ចិន​បាន​សន្យាថា​នឹង​ទទួលស្គាល់​រដ្ឋាភិបាល លន់ ណុល ប្រសិនបើ​គាត់​យល់ព្រម​តាម​ល័ក្ខខ័ណ្ឌ​ចំនួន​បី​។ ទីមួយ អនុញ្ញាតិ​ឲ្យ​ចិន​ដឹកជញ្ជូន​សព្វាវុធ​ឆ្លងកាត់​ប្រទេស​កម្ពុជា ដើម្បី​យកទៅ​ឲ្យ​ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម​។ ទី​ពីរ អនុញ្ញាតិ​ឲ្យ​វៀតណាម​តាំងទ័ព​នៅលើ​ទឹកដី​កម្ពុជា​។ និង​ទី​បី ចេញ​សេចក្តីថ្លែងការណ៍​មួយ សម្តែង​ការគាំទ្រ​ជា​ផ្លូវការ​ដល់​ពួក​កុម្មុយនីស្ត​វៀតណាម​។​

ឥរិយាបថ​របស់​ចិន​នេះ​បង្ហាញថា អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅពេលនោះ​គឺ​បដិវត្តន៍​របស់​ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម មិនមែន​កុ​ម្មុយ​និ​ស្ត​ខ្មែរ​នោះទេ​។ ក្រុង​ប៉េកាំង​នឹង​សុខចិត្ត​បោះបង់ចោល រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​មក​គាំទ្រ​រដ្ឋាភិបាល លន់ ណុល វិញ ប្រសិនបើ​រដ្ឋាភិបាល​នេះ​យល់ព្រម​គាំទ្រ​បដិវត្តន៍​វៀតណាម​។ នេះ​ក៏​ព្រោះតែ​ចិន​យល់ថា ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម​មាន​កម្លាំង​មាំមួន​ជាង​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ ក្នុងការ​ទប់ទល់​ជាមួយ​អាមេរិក​។​ក៏ប៉ុន្តែ ដោយ លន់ ណុល បដិសេធ​មិន​ទទួលយក​ល័ក្ខខ័ណ្ឌ​ទាំងបី​ខាងលើនេះ ក្រុង​ប៉េកាំង​ក៏បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ហើយ​ប្រកាស​ទទួលស្គាល់ រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា របស់​សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៧០​។

ប្រជាប្រិយភាព​សម្តេចព្រះ នរោត្តម សីហនុ ចំណេញ​ដល់​ពួក​ខ្មែរក្រហម​
ការចូលរួម​ក្នុង​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ធ្វើ​ឲ្យ​ពួក​ខ្មែរក្រហម​ទទួលបាន​នូវ​ផលចំណេញ​ពីរ​។ ទីមួយ ក្រោម​ផ្លាក​រដ្ឋាភិបាល​រួបរួម​ជាតិ ដែលមាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ ពួក​ខ្មែរក្រហម​ទទួល​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​ព្រះអង្គ​។ សា​ឡុ​ត ស ដែល​ធ្លាប់តែ​ជា​ជន​បះបោរ​មួយរូប​លាក់ខ្លួន​ពី​ការ​តាម​ចាប់ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នោះ បានក្លាយ​ទៅជា​មេបញ្ជាការ​កងទ័ព​នៃរ​ដ្ឋា​ភិ​បាល​រួបរួម​ជាតិ​ដ៏​មាន​ប្រជាប្រិយ​នេះ​។ ទី​ពីរ ចលនា​ខ្មែរក្រហម នៅពេលនេះ បានទទួល​នូវ​ការឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាងជើង​។ សូម​រំលឹកថា កាលពីមុន វៀតណាម​ជួយ​ដល់​ពួក​ខ្មែរក្រហម​ត្រឹមតែ​ផ្តល់​កន្លែង​លាក់ខ្លួន​ពី​ការតាមប្រមាញ់​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម​ប៉ុណ្ណោះ​។ តែ​ចាប់ពី​ពេល​ខ្មែរក្រហម​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា កងទ័ព​វៀតណាម ដែល​កាលណោះ​ត្រូវបានគេទទួលស្គាល់​ថា ជា​កងទ័ព​ខ្លាំងជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នោះ ថែមទាំង​បាន​ជួយ​ច្បាំង​នឹង​ទាហាន​លន់ ណុល ជំនួស​ពួក​ខ្មែរក្រហម​ទៀតផង​។​
ក្រោយពេល​ត្រលប់​ពី​ប៉េកាំង​មកដល់​រតនគិរី​វិញ សា​ឡុ​ត ស បានសម្រេច​ប្តូរ​ស្នាក់ការ​កណ្តាល​បក្ស​ទៅកាន់​ស្រុក​សន្ទុក ខេត្តកំពង់ធំ​វិញ​។ ចាប់តាំងពី​ពេល​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មក ទើបតែ​ពេល​នោះទេ ដែល សា​ឡុ​ត ស សម្លឹង​ឃើញ​នូវ​ឱកាស​ដែល​ខ្លួន​អាច​ដណ្តើម​កាន់អំណាច​នៅ​កម្ពុជា​បាន​។​នៅ​ចុងឆ្នាំ​១៩៧០ ក្រុម​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ដែល​បាន​ភៀសខ្លួន​ទៅ​វៀតណាម​កាលពី​ឆ្នាំ​១៩៥៤ ក៏បាន​វិល​ត្រលប់មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ធ្វើ​បដិវត្តន៍​ជាមួយនឹង​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ក្នុងស្រុក​។ ប៉ុន្តែ ក្រុម​ខ្មែរ​ហាណូយ​នៅពេលនោះ​មិនត្រូវ​បាន​គេ​ផ្តល់​តំណែង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្ត​កម្ពុជា​នោះទេ​។ តំណែង​សំខាន់ៗ​នៅតែ​ស្ថិតក្នុង​កណ្តាប់ដៃ​ក្រុមខ្មែរក្រហម​ស្និទ្ធ​នឹង សា​ឡុ​ត ស ដដែល​។​សម្ព័ន្ធ​ភាពល្អូកល្អឺន​ចាក់ទឹកមិនលេច​រវាង​ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម និង​ពួក​កុ​ម្មុយ​និ​ស្ត​ខ្មែរ​មាន​រយៈពេល​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៧៣ សម្ព័ន្ធភាព​រវាង​ខ្មែរក្រហម និង​វៀតណាម​ក៏បាន​ឈាន​មកដល់​ទីបញ្ចប់​៕ ដកស្រង់ពី ប្រភពមជ្ឈមណ្ឌលឯកសារកម្ពុជា



No comments:

Post a Comment