មនុស្សយើង
អ្នកណាក៏ដូចជាអ្នកណាដែរ តែងតែត្រូវការរកប្រាក់ចំណូលដើម្បីធ្វើឲ្យជីវភាពរស់នៅបានកាន់តែ
ល្អប្រសើរឡើង។ ជួនកាល គេអាចបើកមុខរបររកស៊ីបន្ទាប់បន្សំណាមួយ សមស្របទៅនឹងដើមទុនដែលគេមាន
ឬអាចរកបាន។
ក៏ប៉ុន្តែការដែលបានបើករបររកស៊ីណាមួយឡើងគ្រាន់តែជា
ការចាប់ផ្តើមតែប៉ុណ្ណោះ គេនៅត្រូវខិតខំធ្វើការងារជាច្រើនថែមទៀត ដើម្បីបង្ហាញ ឃោសនា
ផ្សព្វផ្សាយទំនិញឬសេវារបស់គេឲ្យលក់ឲ្យដាច់។ ខាងក្រោមនេះគឺជាចំណុចគន្លឹះមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖
១- ត្រូវពិនិត្យមើលហិរញ្ញប្បទានរបស់អ្នក ទាំងហិរញ្ញប្បទានផ្ទាល់ខ្លួន
ទាំងហិរញ្ញប្បទាននៅក្នុងមុខរបររកស៊ី ពោលគឺត្រូវចាប់គិតគូរអំពីចំណូលនិងចំណាយ តើបានចាប់ផ្តើមមុខរបរឡើងជាមួយនឹងដើមទុនប៉ុន្មាន ចំណាយលើសោហ៊ុយអស់ប៉ុន្មាន
ចំណាយលើជីវភាពរស់នៅអស់ប៉ុន្មាន។ សូមខិតខំធ្វើយ៉ាងណាឲ្យមានប្រាក់នៅសល់សម្រាប់សន្សំទុកដាក់ឲ្យបាន។
២- បើទុកជាបើកមុខរបរអ្វីក៏ដោយ អ្នកត្រូវតែរៀបចំបង្កើតឲ្យមានផែនការអាជីវកម្មនិងផែនការឃោសនា
ផ្សព្វផ្សាយឡើង។ ផែនការទាំងអស់នោះវាមិនសុទ្ធតែត្រឹមត្រូវទាំងអស់រហូតនោះទេ ជួនកាលអ្នកត្រូវកែសម្រួលវា
សម្របទៅតាមសភាពការឡើងវិញជាបន្តបន្ទាប់ ក៏ប៉ុន្តែមានផែនការទើបអ្នកដឹងថាតើត្រូវធ្វើអ្វី ដើម្បីសម្រេចអ្វី
ហើយនិងតើត្រូវធ្វើយ៉ាងណា យ៉ាងដូចម្តេច។
៣- ត្រូវសាកល្បងប្រមើលមើលចរន្តសាច់ប្រាក់នៃអាជីវកម្ម ដែលអាចនឹងកើតមាននៅក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខ។ ការធ្វើដូច្នេះវានឹងជួយឲ្យអ្នកមានគំនិតរឹះរកកាលានុវត្តភាពដែល
អាចនឹងកើតមានឡើងបាន។
៤- សូមនិយាយអំពីគំនិតរបស់អ្នកប្រាប់បងប្អូននិងមិត្តភក្តិ ដើម្បីឲ្យគេជួយផ្តល់យោបល់និងការណែនាំ។ ជួនកាលអ្នកក៏អាចស្នើសុំការណែនាំពីអ្នកជំនាញណាម្នាក់ផងដែរ ដូចជាអ្នកដែលធ្វើការជាគណនេយ្យករ
ឬធនាគារិក ឬអ្នកជំនាញក្នុងមុខរបររកស៊ី
ជាដើម។
សង្ឃឹមថាគំនិតប៉ុននេះអាចជួយអ្នកបានខ្លះ
នៅក្នុងមុខរបររបស់អ្នក។
No comments:
Post a Comment