អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

លក្ខណៈរបស់ ខ្មែរក្រហម

ដើមកំណើត​នៃ​ពាក្យ “ខ្មែរក្រហម”


             ពាក្យថា “ខ្មែរក្រហម” ត្រូវបាន​ប្រើ​ជា​ដំបូង​ដោយ​សម្តេច​ នរោត្តម សីហនុ។ នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០ សម្តេច​ នរោត្តម​ សីហនុ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​សង្គម​រាស្រ្តនិយម បាន​ធ្វើការ​បែងចែក​ខ្មែរ​ជា​បី​ពណ៌ ដោយ​យោង​ទៅតាម​និន្នាការ​នយោបាយ​របស់​ពួកគេ គឺ “ខ្មែរ ស” សំដៅ​លើ​ខ្មែរ​អ្នក​រាជានិយម “ខ្មែរខៀវ” ជា​ខ្មែរ​អ្នក​សាធារណរដ្ឋ​និយម និង “ខ្មែរក្រហម” គឺ​ក្រុម​ខ្មែរ​កុម្មុយនិស្តនិយម។ ក៏ប៉ុន្តែ ពីដំបូង ពាក្យថា “ខ្មែរក្រហម” នេះ ត្រូវបាន​ប្រើ​ដោយ​សំដៅ​លើ​ក្រុម​ឆ្វេងនិយម ​នៅក្នុង​ចលនា​សង្គម​រាស្រ្តនិយម​របស់​ព្រះអង្គផ្ទាល់។
          គួររំឭកថា នៅពេលនោះ ក្រុម​ខ្មែរ​កុម្មុយនិស្ត​នៅ​មិនទាន់​ជា​កម្លាំង​នយោបាយ​សំខាន់​ប៉ុន្មាន​ទេ។ ខ្មែរ​កុម្មុយនិស្ត​មួយចំនួន ដូចជា ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់​ ជាដើម នៅធ្វើ​នយោបាយ​ក្នុង​ចលនា​សង្គម​រាស្រ្តនិយម​ ហើយ​ខ្លះ​ថែមទាំង​ធ្លាប់​ត្រូវបាន​តែងតាំង​ឲ្យ​កាន់តំណែង​​នៅក្នុង​រដ្ឋាភិបាល​ទៀតផង។
យោងតាម​ឯកសារ​របស់​ក្រសួង​ការបរទេស​បារាំង នៅ​រវាង​ឆ្នាំ១៩៦០ និង​ឆ្នាំ១៩៦២ ពាក្យ “ខ្មែរក្រហម” ត្រូវបាន​គេប្រើ​ម្តងម្កាល​ ជំនួស​ពាក្យ “ខ្មែរវៀតមិញ” ដែល​គេ​ធ្លាប់​ប្រើ​សំដៅ​លើ​ក្រុម​ខ្មែរ​កុម្មុយនិស្ត បែក​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។
          យោងតាម​លោក Raoul JENNAR ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​ថា​​ “Les Clés du Cambodge” គឺ​នៅ​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៦៦ ទើប​ឈ្មោះ “ខ្មែរក្រហម” ត្រូវបាន​សម្តេច នរោត្តម សីហនុ ប្រើ​ដោយ​សំដៅ​ច្បាស់​មែនទែន​លើ​ចលនា​កុម្មុយនិស្ត​ខ្មែរ​ជាទូទៅ ទាំង​នៅក្នុង និង​ក្រៅ​សង្គម​រាស្រ្តនិយម។


ខ្មែរក្រហម និង​បក្ស​កុម្មុយនិស្ត​កម្ពុជា
            កាល​ដែល​សម្តេច នរោត្តម សីហនុ លាប​ពណ៌​ក្រហម​ដល់​ចលនា​កុម្មុយនិស្ត​ខ្មែរ​បែបនេះ ព្រោះ​ពណ៌​ក្រហម គឺជា​ពណ៌​តំណាង​ទង់​បដិវត្តន៍​កុម្មុយនិស្ត។ ម្យ៉ាងទៀត សម្រាប់​ប្រជាជន​កម្ពុជា ពណ៌​ក្រហម គឺជា​ពណ៌​តំណាង​អំពី​ការ​បង្ហូរ​ឈាម។ ក៏ប៉ុន្តែ មេដឹកនាំ​ខ្មែរកុម្មុយនិស្ត មិនដែល​ទទួលយក​ឈ្មោះ​ជា​ខ្មែរ​ក្រហម​នេះទេ។ ជាទូទៅ ពួក​ខ្មែរក្រហម​មិន​ចូលចិត្ត​ប្រើ​ពាក្យ​ថា “ខ្មែរ” នេះ​ផងទេ។ ពួកគេ​ច្រើនតែ​ប្រើ​ពាក្យ​ថា “កម្ពុជា” ជំនួសវិញ។ មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​មិន​ទទួលស្គាល់​ខ្លួនឯង​ថា​ជា “ខ្មែរក្រហម” តាម​ឈ្មោះ ដែល​សម្តេច នរោត្តម សីហនុ បាន​ដាក់ឲ្យ​ក៏​ពិតមែន ប៉ុន្តែ ពួកគេ​តែងតែ​បាន​អះអាង​ដោយ​ចំហ​ថា បដិវត្តន៍​របស់​ពួកគេ​ គឺជា​បដិវត្តន៍​ “ក្រហម​ឆ្អិនឆ្អៅ”។
            ក្រហម គឺជា​ពណ៌​នៃ​ទង់ជាតិ​របស់​កម្ពុជា​ប្រជាធិបតេយ្យ។ ហើយ​នៅ​ក្នុង​ភ្លេងជាតិ​របស់​របប​នេះ ក៏​មាន​លើកឡើង​ជាច្រើនសា​ដែរ​អំពី​ពណ៌ក្រហម​ ដែល​ជា​ពណ៌​តំណាង​បដិវត្តន៍ និង​តំណាង​ឈាម​ដែល​ហូរ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​នេះ។
            យោងតាម​លោក Ben Kiernan ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “Le Génocide au Cambodge” ប៉ុល ពត បាន​លើកឡើង​អំពី​ការ​បង្កើត​រដ្ឋាភិបាលមួយ ដែលមានលក្ខណៈ​ “ក្រហម​សុទ្ធសាធ” បន្ទាប់ពី​សម្តេច នរោត្តម សីហនុ លាលែង​ពី​តំណែង​ជា​ប្រមុខរដ្ឋ នៅ​ខែ​មេសា ឆ្នាំ១៩៧៦។
            យោងតាម​ឯកសារ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៨ វិទ្យុ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្សាយ​អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​បដិវត្តន៍​របស់ខ្លួន ហើយ​ថា​នឹង​រក្សា​បដិវត្តន៍​នោះ​ “ឲ្យ​នៅ​ក្រហម​ជានិច្ច ដោយ​មិនឲ្យ​អ្នកណា​មក​ប្តូរ​ពណ៌នេះ​បាន​ទេ”។
            សរុបសេចក្តីមក មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​បដិសេធ​ឈ្មោះ​ជា “ខ្មែរក្រហម” តែ​បាន​ប្រកាស​ជា​ចំហ​ទទួលស្គាល់​ថា​បដិវត្តន៍​របស់​ពួកគេ​ជា​ “បដិវត្តន៍​ក្រហម” ហើយ​ថែមទាំង​ប្តេជ្ញា​យ៉ាង​ដាច់អហង្ការ​រក្សា​ពណ៌​បដិវត្តន៍​របស់​ពួកគេ​ឲ្យនៅ​ក្រហម​ជានិច្ច​និរន្តន៍​ទៀតផង។
នយោបាយរបស់ខ្មែរក្រហម
            យោងតាមលោក Raoul Jennar នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំណុច នៃ​របប​គ្រប់គ្រង​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖
          ១-ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា “ប្រជាជន​ចាស់” និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។

          ២-លុបបំបាត់​ចោល​ទាំងស្រុង​​​នូវសេដ្ឋកិច្ច​ទីផ្សារសេរី។

          ៣-លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ។

          ៤-ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ។

          ៥-សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ នល់។

          ៦-បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស។

          ៧-បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។

          ៨-ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម។

No comments:

Post a Comment