អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

ដំណើរ​​ជីវិត​​​មហាសេដ្ឋីចិន Li Ka-Shing​

លោក​ Li Ka-Shing ជា​បុរស​ខ្លាំង​របស់​អាស៊ី​ ជា​អ្នក​​ជំនួញ​​ដ៏​​ជោគជ័យ​ និង​ត្រូវ​បាន​ទស្សនាវដ្ដី​​ Forbes​ចាត់​ចូល​ជា​​កំពូល​អ្នក​មាន​បំផុត​ទី ១១​ ក្នុង​លោក និង​ជា​​មហា​សេដ្ឋី​ឈាន​មុខ​គេ​នៅ​​សាធារណរដ្ឋ​ប្រជាមានិត​ ចិន ក៏​ដូច​ជា​​នៅ​តំបន់​អាស៊ីបូព៌ា​ទាំង​មូល។ ​មហា​សេដ្ឋី​​​លំដាប់​ទី​១១​ ​របស់​ពិភពលោក​ម្នាក់​នេះ​ ​​​មាន​​ទ្រព្យ​សម្បត្តិ​​រហូត​ដល់​ទៅ ២៦​​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ចុង​ត្រីមាស​ទី​១​​ ​ឆ្នាំ​​២០១១​។

ក្នុង​នាម​ជា​បុគ្គល​ដ៏​ជោគជ័យ​​នៅ​អាស៊ី​ លោក Li Ka-Shing ​បាន​ក្ដោបក្ដាប់​តំណែង​​ប្រធាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​យក្ស​ចំនួន​ពីរ​ផង​ដែរ​គឺ​ ​Cheung Kong (Holding) Limited និង ក្រុមហ៊ុន Hutchison Whampoa Limited។ ​Cheung Kong (Holding) Limited ​​ជា​ផ្នែក​មួយ​នៃ Cheung Kong Group ​ដែល​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន ៥៣​ ទូទាំង​ពិភពលោក​ ​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ប្រហែល ២៦០.០០០នាក់។


គិត​តែ​ក្នុង​ទីក្រុង​ហុងកុង​មួយ ​បណ្ដា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​ Cheung Kong Group ​​​មាន​បោះ​ទុន​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​​ច្រើន​មហាសាល​គឺ​មាន​ប្រហែល ៧២៥ ​ពាន់​លាន​ដុល្លារ​ហុងកុង (គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១១)។ ​ចំណែក​ក្រុមហ៊ុន​យក្ស​មួយ​ទៀត​របស់​លោក​គឺ​ក្រុមហ៊ុន Hutchison Whampoa Limited ​​កំពុង​​មាន​ប្រតិបត្តិការ​​​នៅ​​ជាង​ ៥០០​​កន្លែង​នៅ​​ទូទាំង​ពិភពលោក។
លោក Li កើត​ក្នុង​​ឆ្នាំ ១៩២៨ ​ក្នុង​ទីក្រុង​ Chiu Chow ​​ជា​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​​ប្រទេស​ចិន។ ​លោក​បាន​បង្ខំ​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​​នៅ​អាយុ ១២​ឆ្នាំ ​និង​បាន​ភៀស​ខ្លួន​ទៅ​កាន់​ទីក្រុង​ហុងកុង​ជាមួយ​គ្រួសារ​ដើម្បី​ជៀសវាង​ភ្លើង​សង្គ្រាម​​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន។
បន្ទាប់​ពី​នោះ​មិន​បាន​ប៉ុន្មាន​ផង ​ឪពុក​របស់​លោក​ បាន​លាចាក​លោក​ដោយសារ​រោគ​របេង។ ​​បន្ទុក​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ធ្លាក់​លើ​រូប​លោក​ទាំង​វ័យ​មិន​ទាន់​ ១៥​ឆ្នាំ​ផង។ ​ក្រោយ​មក ​លោក​បាន​ចូល​បម្រើ​ការ​នៅ​រោងចក្រ​ប្លាស្ទិក​មួយ​កន្លែង​​ដែល​​តម្រូវ​ឲ្យ​លោក​ធ្វើ​ការ​រហូត​ដល់​​ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជីវិត។
ដោយសារ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ ​អត់ធ្មត់ និង​​យកចិត្ត​ទុកដាក់​​ នៅ​ឆ្នាំ ១៩៥០ ​លោក​អាច​មាន​លទ្ធភាព​បង្កើត​​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ​មាន​ឈ្មោះ​​ថា Cheung Kong Industries។
ក្រៅ​ពី​ផលិត​ប្លាស្ទិក​ ​លោក Li ​បាន​​អភិវឌ្ឍន៍​ក្រុមហ៊ុន​​របស់​លោក​ទៅ​ជា​ក្រុមហ៊ុន​នាំ​មុខ​ខាង​ការ​​វិនិយោគ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ ហុងកុង ហើយ​​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង​​ក្នុង​ឆ្នាំ ១៩៧២។
Cheung Kong
​បាន​បន្ត​ពង្រីក​វិសាលភាព​របស់​ខ្លួន​ឥត​ឈប់ឈរ​រហូត​ដល់​មាន​​ក្រុមហ៊ុន​ធំ​ពីរ​ទៀត​គឺ​ក្រុមហ៊ុន ​Hutchison Whampoa និង​ក្រុមហ៊ុន Hongkong Electric Holdings Limited (ក្រោយ​មក​ប្ដូរ​ទៅ​ជា Power Assets Holdings Limited)​នៅ​ឆ្នាំ ១៩៧៩។
ឈរ​ជើង​ក្នុង​ទីក្រុង​ហុងកុង​ Cheung Kong Group ​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​ទៅ​មុខ​ឥត​ឈប់ឈរ​លើ​វិស័យ​ជា​ច្រើន​ដូចជា ​ការ​វិនិយោគ និង​អភិវឌ្ឍន៍​អចលនវត្ថុ ​ភ្នាក់ងារ​គ្រប់គ្រង​ និង​វាយ​តម្លៃ​អចលនទ្រព្យ​ ​សណ្ឋាគារ ​ទូរគមនាគមន៍ និង​អ៊ីនធឺណិត ​ហិរញ្ញវត្ថុ និង​ការ​វិនិយោគ ​​សេវាកម្ម​កំពង់ផែ ​ការ​លក់​បណ្ដាក់ ​ឋាមពល ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ជីវបច្ចេកវិទ្យា។
លោក Li ​ជា​មនុស្ស​​ម្នាក់​ដែល​ជឿជាក់​ថា​ ការងារ​ធំ​តម្រូវ​ឲ្យ​មាន​ការ​ជួយ​​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ជាមួយ​នឹង​ការងារ​តូចៗ។ ​ជំនឿ​នេះ​បាន​​ធ្វើ​ឲ្យ​លោក​ដាក់​ឈ្មោះ​របស់​ខ្លួន​ថា​ Cheung Kong Holdings ​ដែល​លោក​ប្រៀបប្រដូច ក្រុមហ៊ុន​របស់​លោក​ទៅ​នឹង​ទន្លេ​ Yangtze ​ហូរ​កាត់​ប្រទេស​ចិន​ទៅ​ចែកចាយ​គ្រប់​បណ្ដាញ​ផ្លូវ​ទឹក​តូចៗ​នានា​​រាប់​​មិន​អស់។ កាសែត​ល្បី​របស់​អង់គ្លេស​ចំនួន​ពីរ​គឺ The Times និង Ernst & Young ​បាន​ចុះ​ផ្សាយ​ឈ្មោះ​របស់​លោក​​ថា ​ជា​សហគ្រិន​ដ៏​ជោគជ័យ​ប្រចាំ​សហស្សវត្ស​នៅ​អំឡុង​បុណ្យ​ឆ្លង​សហស្សវត្ស។
លើស​ពី​នេះ​ទៅ​ទៀត​លោក Li ​ជឿជាក់​ថា ​​មនុស្ស​គ្រប់​រូប​អាច​បម្រើ​សង្គម​បាន​ ប៉ុន្តែ​មាន​តែ​មនុស្ស​ដែល​មាន​ចិត្ត​លះបង់​ប៉ុណ្ណោះ ​ដែល​អាច​ធ្វើ​ឲ្យ​សង្គម​មាន​ភាព​រីកចម្រើន​ខ្ពស់។ ក្រោយ​មក ​លោក​បាន​បង្កើត​​​មូលនិធិ​ Li Ka Shing (LKSF) ​នៅ​ក្នុង​ឆ្នាំ ១៩៨០​ ​ដើម្បី​បម្រើ​ការងារ​មនុស្សធម៌​ដល់​សង្គម។ ​​សមាគម​នេះ​​ផ្ដោត​ជា​សំខាន់​ទៅ​លើ​យុទ្ធសាស្ត្រ​ធំៗ​បី​គឺ (១) លើក​កម្ពស់​វប្បធម៌​ចែក​រំលែក (២) ​គាំទ្រ​ដល់​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​​ដែល​​ជួយ​សម្រេច​ការ​គិត​រយៈពេល​វែង ​ការ​គ្រប់គ្រង​ជីវិត ​ភាព​បើកចំហ​ និង​ការ​ចូលរួម​​ស្ថាបនា​ដើម្បី​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​និរន្តរភាព និង (៣)​ ជួយ​ធ្វើ​ទំនើបកម្ម​លើ​សេវាកម្ម និង​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ។ គិត​​មក​ដល់​បច្ចុប្បន្ន ​សមាគម​នេះ​បាន​ផ្ដល់​​ទុន​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ​ហុងកុង​ដល់​ការ​វិនិយោគ​វិស័យ​ខាង​លើ។

លោក Li ​ក៏​បាន​បង្កើត​សាកលវិទ្យាល័យ Shantou ​ក្នុង​ឆ្នាំ ១៩៨១​ផង​ដែរ ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​ចិន។ សាកលវិទ្យាល័យ Shantou ​មាន​មហាវិទ្យាល័យ​ចំនួន​៩ រាប់​បញ្ចូល​ទាំង​​​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ដែល​មាន​មន្ទីរ​ពេទ្យ​ចំនួន​ ៥​ចំណុះ​ក្នុង​នោះ។​ សាកលវិទ្យាល័យ​នេះ​បាន​ទទួល​សិស្ស​មក​ពី​តំបន់​នានា​ទូទាំង​ប្រទេស​ចិន​ ​ជាមួយ​និស្សិត​ថ្នាក់​ឧត្ដមសិក្សា​ចំនួន​​​ ៧៥០០ នាក់ និង​ថ្នាក់​ក្រោយឧត្តម​ ១៥០០នាក់។​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ​និង​វិភាគទាន​​មនុស្សធម៌​នានា​ដល់​សង្គម​ ​លោក​ត្រូវ​បាន​​សាកលវិទ្យាល័យ Cambridge ​​អង់គ្លេស សាកលវិទ្យាល័យ​ Calgary កាណាដា ​សាកលវិទ្យាល័យ​ Peking សាកលវិទ្យាល័យ​ហុងកុង និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត​ផ្ដល់​ងារ​ជា​បណ្ឌិត​កិត្តិយស។ ក្រៅ​ពី​នេះ​លោក​ក៏​បាន​ទទួល​មេដាយ​ស្ថាបនា​នានា​ពី​បណ្ដា​ប្រទេស​ធំៗ​នានា​ជុំវិញ​ពិភពលោក​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​កូន​ចៅ ​លោក Li មាន​កូន​ប្រុស​ពីរ​នាក់​កំពុង​កាន់​ដំណែង​ធំៗ​តាម​បណ្ដា​ក្រុមហ៊ុន​នានា​របស់​លោក។ ​កូន​ប្រុស​ច្បង Victor ​សព្វថ្ងៃ​កំពុង​កាន់​ដំណែង​​ជា​នាយក​គ្រប់គ្រង និង​ជា​អនុប្រធាន​ក្រុមហ៊ុន​ Cheung Kong (Holdings) Limited ជា​អនុប្រធាន​ក្រុមហ៊ុន Hutchison Whampoa Limited ​ជា​ប្រធាន​ក្រុមហ៊ុនCheung Kong Infrastructure Holdings Limited ​និង​ក្រុមហ៊ុន ​CK Life Sciences international (Holdings) Inc.។ ​ចំណែក​កូន​ប្រុស​ពៅ Richard វិញ​​កំពុង​កាន់​ដំណែង​ជា​ប្រធាន​ក្រុមហ៊ុន PCCW ​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​ខាង​ព័ត៌មានវិទ្យា ​និង​ទូរគមនាគមន៍​មួយ​ក្នុង​ទ្វីប​អាស៊ី៕

ប្រែ​សម្រួល៖ សីហា


No comments:

Post a Comment