អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

រចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ

សា​ឡុ​ត ស ហៅ ប៉ុល ពត លេខា​បក្សកុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ (​រូបថត​ឯកសារ​)


​ពី​ខែមេសា ឆ្នាំ​១៩៧៥ ដល់​ខែមេសា ឆ្នាំ​១៩៧៦ ខ្មែរក្រហម​បាន​កាន់អំណាច​ក្រោម​ឈ្មោះ “​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​” ដែល​កាលណោះមាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខរដ្ឋ និង ប៉ែន នុត ជា​នាយករដ្ឋមន្ត្រី​។ រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​បាន​បាត់ឈ្មោះ ចាប់ពី​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៧៦​។ យោងតាម​រដ្ឋធម្មនុញ្ញ ដែល​បានប្រកាស​ឲ្យ​ប្រើ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺជា​អំណាចនីតិបញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។ សមាជិកសភា ដែលមាន​២៥០​រូប ត្រូវ​ជ្រើសរើស​ឡើង​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់ និង​ជាសម្ងាត់ សម្រាប់​អណ​ត្តិ​៥​ឆ្នាំ​។ នួន ជា គឺជា​ប្រធាន និង ឈិ​ត ជឿន ហៅ​ម៉ុក គឺជា​អនុប្រធាន​ទីមួយ​។​
​ចំពោះ គណៈ​ប្រធាន​រដ្ឋ មាន​ឋានៈ​ជា​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​។ សម្តេច នរោត្តម សីហនុ ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា បាន​បន្ត​កាន់តំណែង​ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ខែមេសា ឆ្នាំ​១៩៧៦​។ ក្រោយពី​ព្រះអង្គ​លាលែង​ចេញពី​តំណែង ខៀវ សំផន ក៏បាន​ឡើងកាន់តំណែង​នេះ​ជំនួស​ព្រះអង្គ​។​
យោងតាម​លោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ មាន​រចនាសម្ព័ន្ធ​

ដូចតទៅ​៖
ប្រមុខរដ្ឋ​
​ខៀវ សំផន ។​
សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា​
​នួន ជា ប្រធាន​
​ឈិ​ត ជឿន ហៅ ម៉ុក អនុប្រធាន ។​
រដ្ឋាភិបាល​
​ប៉ុល ពត ជា​នាយករដ្ឋមន្ត្រី​
​ឈឹម សា​មោក ជា​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​
ឧបនាយករដ្ឋមន្ត្រី​
​អៀង សារី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​
​សុន សេន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
​វន វ៉េ​ត ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​
​រដ្ឋមន្ត្រី​
​ហ៊ូ នឹម រដ្ឋមន្ត្រីក្រសួង​ឃោសនាការ និង​ព័ត៌មាន​
​អៀង ធីរិទ្ធិ (​ប្រពន្ធ​របស់ អៀង សារី​) ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​
​យុន យ៉ា​ត (​ប្រពន្ធ​របស់ សុន សេន​) ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​អប់រំ​
​ជួន ជឿន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​
​ជួន ម៉ុម រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​វិទ្យាសាស្ត្រ​
​កង ចាប រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​
​ចេង អន រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​
​នន សួន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​
​កុយ ធួន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​
​តូច ភឿន រដ្ឋមន្ត្រីក្រសួង​សាធារណការ ។​

ក៏ប៉ុន្តែនៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យអង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជាដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា“​អង្គការ​បដិវត្តន៍​” ហើយ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា “​អង្គការ​”​។​
នៅក្នុង​រចនាសម្ព័ន្ធ​បក្ស​នេះ​ទៀតសោត គណៈកម្មាធិការ ដែលមាន​សិទ្ធិអំណាច​ធំ​បំផុត ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​នានា អនុម័ត​គោលនយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈអចិន្ត្រៃយ៍​បក្ស ដែលមាន​សមាជិក​៥​រូប គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុ​លេខា អៀង សារី សោ ភឹម និង វន វ៉េ​ត ជា​សមាជិក​។​

​បន្ទាប់ពី​គណៈអចិន្ត្រៃយ៍​បក្ស អង្គការ​ដែលមាន​អំណាច​លំដាប់​ទី​ពីរ​ក្នុង​បក្ស គឺ​គណៈកម្មាធិការ​មជ្ឈិមបក្ស​។ សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​នេះ​រួមមាន សមាជិក​ទាំង​៥​រូប​នៃ​គណៈអចិន្ត្រៃយ៍ បូក​ជាមួយនឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តា​ម៉ុក​។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេងទៀត​ត្រូវបាន​បញ្ចូល​បន្ថែម​ទៅក្នុង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក​។​

រចនាសម្ព័ន្ធ​បក្សកុម្មុយនិស្ត​កម្ពុជា​
គណៈអចិន្ត្រៃយ៍ (៥​រូប​)
​ប៉ុល ពត លេខា​បក្ស​
​នួន ជា អនុ​លេខា​បក្ស​
​អៀង សារី សមាជិក​
​សោ ភឹម សមាជិក​
​វន វ៉េ​ត សមាជិក ។​
គណៈកម្មាធិការ​មជ្ឈិម​បក្ស (១០​រូប​)
​ប៉ុល ពត​
​នួន ជា​
​អៀង សារី​
​សោ ភឹម​
​វន វ៉េ​ត​
​សុន សេន
​ឈិ​ត ជឿន ហៅ​ម៉ុក​
​ខៀវ សំផន​
​ញឹម រស់​
​កែ ពក ។
​នៅក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​ដ៏​មានអំណាច​នេះ មានតែ​នួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែល​នៅ​រស់រានមានជីវិតរ​ហូត​មកទល់​សព្វថ្ងៃនេះ​។ អ្នកផ្សេង​ទៀត​បាន​ស្លាប់​បាត់អស់​ទៅហើយ​។ វន វ៉េ​ត និង​ញឹម រស់ ត្រូវបាន​គេ​យកទៅ​សម្លាប់ចោល​នៅ​ឆ្នាំ​១៩៧៨​។ សោ ភឹម បានសម្លាប់​ខ្លួនឯង​នៅ​ឆ្នាំ​១៩៧៨​។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជា​ឲ្យ​គេ​សម្លាប់ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧​។ ក្រោយមក ប៉ុល ពត ខ្លួនឯង​ត្រូវបាន​ពួក​ខ្មែរក្រហម​គ្នាឯង​ចាប់ខ្លួន​យកមក​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​ធ្វើឃាត​លើ សុន សេន នេះ​។ ប៉ុល ពត បាន​ស្លាប់ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៩៨​។ ចំណែក​តា​ម៉ុក​វិញ ស្លាប់​ដោយ​ជម្ងឺ​នៅ​ឆ្នាំ​២០០៦ ក្រោយពី​បាន​ជាប់ឃុំ​នៅក្នុង​មន្ទីរឃុំឃាំង​នៃ​តុលាការយោធា​កម្ពុជា អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ​។ ក្រៅពី​គណៈកម្មាធិការ​មជ្ឈិមបក្ស លេខា​បក្ស​ប្រចាំ​ភូមិភាគ​ក៏​ជា​មនុស្ស​ដែលមាន​អំណាច​ខ្លាំង​ដែរ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។
​ពួក​ខ្មែរក្រហម​បានធ្វើ​ការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ តាំង​ពីមុន​ឆ្នាំ​១៩៧៥​ម្ល៉េះ​។ ភូមិភាគ​នីមួយៗ គឺជា​ការយក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់បញ្ចូល​គ្នា​។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែកជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែកជា​ស្រុក ឃុំ និង​សហករណ៍​បន្តទៀត​។​

នៅតាម​ភូមិភាគ​នីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺជា​អ្នកមានអំណាច​សម្រេច​លើ​អ្វីៗ​ទាំងអស់​នៅក្នុង​ភូមិភាគ​របស់ខ្លួន​។ អ្នក​ដែលមាន​អំណាច​បន្ទាប់ពី​ភូមិភាគ គឺ​សហករណ៍​។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយរូប និង​សហការី​២​រូប​ផ្សេងទៀត​។ យោងតាម​លោក David Chandler សហករណ៍​មានអំណាច​ធ្វើ​សេចក្តីសម្រេច​លើ​អ្វីៗ​ទាំងអស់​នៅក្នុង​រង្វង់​ដែនដី​របស់ខ្លួនដូចជា ការកំណត់​របប​ចំណីអាហារ ទំហំ​ការងារ​ដែល​ប្រជាជន​ត្រូវបំពេញ ឬ កំណត់ថា​កុមា​រណា​ដែល​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​កងចល័ត ជាដើម ។​ល​។


ផែនទី​ភូមិភាគ នៃ​របប​កម្ពុជា​ប្រជា​ធិ​ប​តេ​យ្យ
​​​​​         កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​បែងចែក​ជា​៧​ភូមិភាគ (​ភូមិភាគ​កណ្តាល ជា​ភូមិភាគ​ទី​៧ ដែល​ទើបនឹង​បង្កើត នៅ​ឆ្នាំ​១៩៧៧) រួមមាន ៣២​តំបន់​។​
ទី​១ ភូមិភាគ​និរតី ឬ​ភូមិភាគ​៤០៥
        យោងតាម​លោកស្រី Elizabeth Becker ភូមិភាគ​និរតី​គឺជា​ភូមិភាគ​ធំជាងគេ មាន​ប្រជាជន​ក្រីក្រ​ជាងគេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំងជាងគេ​។ លេខា​ភូមិភាគ​និរតី គឺ​ឈិ​ត ជឿន ហៅ​តា​ម៉ុក​។ ភូមិភាគ​នេះ​រួមមាន​ខេត្តកំពត និង​ខេត្តតាកែវ​ទាំងមូល ស្រុក​ពីរ​ក្នុង​ខេត្តកំពង់ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្តកណ្តាល គឺ​ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក​។ ភូមិភាគ​នេះ​ចែកចេញជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់​២៥​។​
ទី​២ ភូមិភាគ​បូព៌ា ឬ​ភូមិភាគ​២០៣
        ភូមិភាគ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បានធ្វើ​អត្តឃាត នៅ​ឆ្នាំ​១៩៧៨ នៅពេលដែល​ប៉ុល ពត បញ្ជូនទាហាន​ឲ្យ​មក​ចាប់ខ្លួន​។ ភូមិភាគ​នេះ​រួមមាន ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ទាំងមូល ស្រុក​ទាំងអស់​ដែល​ស្ថិតនៅ​ត្រើយ​ខាងកើត​ទន្លេរ​មេគង្គ ក្នុង​ខេត្តកំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្តក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្តកណ្តាល គឺ​ស្រុក​ខ្សាច់កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខកំពូល​។ ភូមិភាគ​នេះ​ចែកចេញជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥​។​

ទី​៣ ភូមិភាគ​ពាយ័ព្យ ឬ​ភូមិភាគ​៥៦០

        លេខា​ភូមិភាគ​ពាយ័ព្យ គឺ​ញឹម រស់​។ ភូមិភាគ​នេះ​រួមមាន​ខេត្តពោធិសាត់ និង​បាត់ដំបង​ទាំងមូល ហើយ​ចែកចេញជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧​។​

ទី​៤ ភូមិភាគ​ឧ​ត្ត​រ ឬ​ភូមិភាគ​៣០៣

        ចាប់ពី​ឆ្នាំ​១៩៧០ រហូតដល់​ឆ្នាំ​១៩៧៦ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច​។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវបានតែងតាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស កុយ ធួន​។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧ​ត្ត​រ​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ​។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧ​ត្ត​រ​ចាស់​ត្រូវបាន​រើ​ទីតាំង​ទៅ​តាំងនៅ​ខេត្ត​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​វិញ​។ ភូមិភាគ​ឧ​ត្ត​រ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប​។
ទី​៥ ភូមិភាគ​កណ្តាល
​        គឺជា​ភូមិភាគ​បង្កើត​ថ្មី ដោយមាន​ទីតាំង​នៅត្រង់​ភូមិភាគ​ឧ​ត្ត​រ​ចាស់ ពោលគឺ​រួមមាន​ខេត្តកំពង់ធំ​ទាំងមូល ស្រុក​ទាំងអស់​ដែល​ស្ថិតនៅ​ត្រើយ​ខាងលិច​ទន្លេរ​មេគង្គ ក្នុង​ខេត្តកំពង់ចាម និង​ស្រុក​ព្រែក​ប្រសព្វ ក្នុង​ខេត្តក្រចេះ​។ ភូមិភាគ​នេះ​ត្រូវបាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និង​តំបន់​៤៣​។ លេខា​ភូមិភាគ​កណ្តាល គឺ កែ ពក​។​

ទី​៦ ភូមិភាគ​បស្ចិម ឬ​ភូមិភាគ​៤០១
        ភូមិភាគ​នេះ​ដឹកនាំ​ដោយ ជូ ជេ​ត ហើយ​រួមមាន​ខេត្តកោះកុង និង​ខេត្តកំពង់ឆ្នាំង​ទាំងមូល និង​ផ្នែក​ខ្លះ​នៃ​ខេត្តកំពង់ស្ពឺ​។ ភូមិភាគ​នេះ​បែង​ចែកជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់​១៥ និង​តំបន់​១១​។

ទី​៧ ភូមិភាគ​ឦសាន ឬ​ភូមិភាគ​១០៨
        ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់តំណែង​ជា​លេខា​ភូមិភាគ​ឦសាន​រហូតដល់​ខែកញ្ញា ឆ្នាំ​១៩៧៦​។ ពេលដែល ណៃ សារ៉ាន់ ត្រូវបាន​ចាប់ខ្លួន​យកទៅដាក់​ក្នុង​គុក​ទួលស្លែង ម៉ែន សាន ត្រូវបានតែងតាំង​ជា​លេខា​ភូមិភាគ​ជំនួស​វិញ​។ ភូមិភាគ​ឦសាន​រួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​ទាំងមូល និង​ផ្នែក​ខ្លះ​នៃ​ខេត្តក្រចេះ​។ ភូមិភាគ​នេះ​បែង​ចែកជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥​។
​នៅក្នុង​របប​ខ្មែរក្រហម តំបន់​មួយចំនួន​ត្រូវបាន​ដាក់​ជា​តំបន់​ស្វយ័ត ដោយ​មិន​ចំណុះ​ឲ្យ​ភូមិភាគ​ណាមួយ​។ តំបន់​ទាំងនោះ​រួមមាន តំបន់​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ ឬ​តំបន់​១០៦ និង​តំបន់​ព្រះវិហារ ឬ​តំបន់​១០៣ ដែល​ពីមុន​ស្ថិតក្នុង​ភូមិភាគ​ឧ​ត្ត​រ តំបន់​ក្រចេះ ឬ​តំបន់​៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពីមុន​ស្ថិតក្នុង​ភូមិភាគ​ឦសាន​។ តំបន់​កំពង់សោម​ក៏ត្រូវ​បាន​ចាត់ជា​តំបន់​ស្វយ័ត​ដែរ​៕

No comments:

Post a Comment