អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

ក្មេង​កំព្រា​​ឪពុក​ ​​ក្លាយ​ជា​អគ្គនាយក!​(តចប់)

ការងារ​ត្រូវ​នឹង​ជំនាញ
ឆ្នាំ១៩៩៨​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ លោក​បាន​សម្រេច​ចិត្ត​ចូល​បម្រើ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​បណ្ដើរ​ៗ ។ ឆ្នាំ១៩៩៩ ទើប​ប្រឡង​បញ្ចប់​ទទួល​បាន​បរិញ្ញាបត្រ​ពេញលេញដោយ​ធ្លាប់​មាន​បទពិសោធន៍​ជា​អ្នក​ស្ម័គ្រ​ចិត្ត​លោក​ត្រូវ​បាន​កម្មវិធី​​សិទ្ធ​លំនៅឋាន​មនុស្ស​ជាតិ​ទីក្រុង​ របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា UN HABATAT​ជ្រើស​រើស​លោក​ឲ្យ​បំពេញ​មុខ​​​តំណែង​ជា​ជំនួយ​ការ​បច្ចេកទេស​ដែល​មាន​បៀវត្សរ៍​ជាង​៣០០​ដុល្លារ​។ លោក​ចូល​បម្រើ​ការងារ​នេះ​ដោយ​សារ​តែ​​ពាក់ព័ន្ធ​នឹង​ជំនាញ​ស្ថាបត្យកម្ម​របស់​លោក​ផង​ដែរ​។


បោះបង់​ប្រាក់​ខែ​ដើម្បី​បន្ត​ការ​សិក្សា

ជា​បុគ្គលិក​ដែល​មាន​សមត្ថភាព ប្រធាន​របស់​ពេញចិត្ត​​ដោយ​​បង្កើន​​ការងារ​បន្ថែម ​និង​តំណែង​កាន់​តែ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ ដោយ​មាន​ក្ដី​ប្រាថ្នា​នៅ​វ័យ​កុមារ​ចង់​ធ្វើ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ហើយ​ចង់​ធ្វើជា​មនុស្ស​ពូកែ​ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ច្រើន។ ក្នុង​អំឡុង​ពេល​នោះ​ លោក​តែងតែ​សង្កេត​ឃើញ​ថា​ អ្នក​ដែល​អាច​កាន់​តំណែង​ខ្ពស់​ប្រាក់​ខែ​ច្រើន​បាន​ទាល់​តែ​អ្នក​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ និង​បណ្ឌិត​ ទើប​អាច​នាំ​លោក​ឲ្យ​ទទួល​បាន​បៀវត្ស​ច្រើន​ ​ធ្វើ​ជា​ដើម​ទុន​ប្រកប​អាជីវកម្ម។
នៅ​ឆ្នាំ​២០០០ លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​អាស៊ី AIT នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្នុង​ពេល​នោះ​លោក​បាន​ជួប​ជាមួយ​ភរិយា​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ ដែល​កាល​នោះ​​អ្នក​ទាំង​ពីរ​​ជា​មិត្ត​​រួម​ថ្នាក់​។
ចេះ​ប្រាកដ​ប្រាក់​រត់​តាម​ហៅ​!
ឆ្នាំ​២០០២​ លោក​បាន​ បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​ ​​ហើយ​លោក​បាន​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​។ នៅ​ពេល​នោះ​ ដោយសារតែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​អ្នក​ជំនួញ​ លោក​បាន​សម្រេច​មិន​ចូល​បម្រើ​ការងារ​ស្ថាប័ន​ណា​ឡើយ។​ ដោយសារ​ចំណេះ​ដឹង​ខ្ពស់​ផ្នែកការ​អភិវឌ្ឍន៍​លំនៅឋាន​លោក​ត្រូវ​បាន​អង្គការ​ធំ​មួយ​ចំនួន​ទទួល​ធ្វើជា​ទីប្រឹក្សា​គម្រោង​ ដែល​មាន​ដូចជា ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​អភិវឌ្ឍន៍​ជនបទ អង្គការ​ចៃ​ការ​ជប៉ុន គម្រោង​របស់​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​ផង​ដែរ​ ដែល​កាលណោះ​លោក​បាន​ទទួល​ប្រាក់​កម្រៃ​ជាង​៣​ពាន់​ដុល្លារ​ក្នុង​១​ខែ​ ​ហើយ​អាច​លើស​នេះ​​ទៅ​ទៀត​​ក៏​មាន។
មាន​ចំណេះ​ពិត​ កន្លែង​ការងារ​ ដដែល​តែ​តំណែង​ខ្ពស់!
៥​ឆ្នាំ​ក្រោយ​ដោយ​មើល​ឃើញ​នូវ​ស្នាដៃ និង​សមត្ថភាព ចំណេះ​ជំនាញ​កាន់​តែ​​ច្បាស់លាស់ ​គួប​ផ្សំ​នឹង​​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ចាស់​ៗ​ផង​​នោះ​ នៅ​ឆ្នាំ​២០០៧​​ លោក​បាន​ជាប់​ជា​ប្រធាន​អង្គការ​​សិទ្ធិ​​លំនៅឋាន​មនុស្ស​ជាតិ​ទីក្រុង​ របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា UN HABATAT ជា​អង្គការ​ដែល​លោក​ធ្លាប់​បម្រើ​​ ​ក្នុង​មុខ​​ដំណែង​ត្រឹម​ជា​ជំនួយការ​បច្ចេកទេស​​។

ប្រាក់​ខែ​ច្រើន​តំណែង​ខ្ពស់​ចាប់​ផ្ដើម​មាន​គំនិត​ជា​សហគ្រិន

អំឡុង​ពេល​ទៅ​សិក្សា​នៅ​ស្រុក​ថៃ​ លោក​បាន​ជួប​បណ្ឌិត​សេដ្ឋកិច្ច​ម្នាក់​ ​ដែល​បាន​និយាយ​ថា “អ្វី​ដែល​ប្រទេស​ក្រីក្រ​គេ​បំភ្លេច​គឺ​កម្លាំង​ពលកម្ម​” ពាក្យ​នេះ​ហើយ​ដែល​ចាប់​ផ្ដើម​ឲ្យ​លោក​គិត​ ​ថា​តើ​លោក​ត្រូវ​ធ្វើអ្វី​ដើម្បី​ជួយ​ដល់​អ្នក​គ្មាន​ការងារ​ធ្វើ បាន​ទទួល​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​។ និង​នៅឆ្នាំ២០០២ លោក​បាន​ជួប​បណ្ឌិត​សហ​ស្ថាបនិក​ទូរទស្សន៍​ម្នាក់​ទៀត​​ ​ដោយ​គាត់​បាន​និយាយ​ថា​”កាល​ខ្ញុំ​អាយុ​២៧​ឆ្នាំ​ ខ្ញុំ​មាន​ក្រុមហ៊ុន​២៨​”។ ពាក្យ​សម្ដី​​របស់​អ្នក​ទាំង​ពីរ​​នេះ​ បាន​ជំរុញ​ឲ្យ​លោក​ចាប់​ផ្ដើម​គិត​កិច្ចការ​ជំនួញ។
ឆ្នាំ២០០៦ លោក​បាន​ជួប​ជាមួយ​មិត្តភ័ក្ដិ​ ២​នាក់​របស់​លោក ​ដែល​ធ្លាប់​សិក្សា​​ជាមួយ​គ្នា​នៅ​បាងកក​ដោយ​សារ​មាន​ចិត្ត​ដូចគ្នា​ ក៏​ពិភាក្សា​គ្នា​រឿង​ជំនួយ។
ពុំ​ធ្លាប់​មាន​បទពិសោធន៍​ជា​អ្នក​រកស៊ី​ចំណាយ​លើ​ស​ផែនការ
ក្នុង​ឆ្នាំ​២០០៧​ដដែល​លោក​និង​មិត្តភ័ក្ដិ​​បាន​សម្រេចចិត្ត​ បើក​សណ្ឋាគារ​មួយ​នៅ​ជិត​ផ្សារ​ឡាក់​គី​​ដែល​ក្នុង​គម្រោង​របស់​លោក​មាន​ចំនួន​៧​បន្ទប់​ ហើយ​​ថវិកា​​បាន​​មក​ពី​ការ​ចូល​គ្នា​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក​ ក្នុង​រង្វង់​ទឹក​ប្រាក់​​ប្រហែល​​៣​ពាន់​ដុល្លារ និង​៥​ពាន់​ដុល្លារ​​​ ប៉ុណ្ណោះ​ក្នុង​ម្នាក់​ៗ។ ប៉ុន្តែ​​ការ​អនុវត្ត​ពិត​ប្រាកដ​ចំណាយ​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ ការ​លំបាក​បំផុត​ក្នុង​ពេល​ចាប់​ផ្ដើម​នោះ​ គឺ​​អ្នក​ទាំង​បី​សុទ្ធ​តែ​ជា​នាក់​មិន​ធ្លាប់​រកស៊ី​​ដូច​គ្នា​ ដូច្នេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ដូច​ជា​ការ​​​​គ្រប់គ្រង ​ការ​​ចាត់ចែង​ការងារ​​​ជា​ដើម​ ប៉ុន្តែ​មិត្តភ័ក្ដិ​ទាំង​បី​នាក់​​មាន​ចិត្ត​តែ​១ ​បាន​តស៊ូ​រហូត​ដល់​សណ្ឋាគារ​ដំណើរការ​​បាន​ល្អ​។

បញ្ហា​ចោទ​ក្នុង​ពេល​ពង្រីក​អាជីវកម្ម
ដោយ​មើល​ឃើញ​ទីផ្សារ​ល្អ​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ទៅ​ ត្រឹម​ឆ្នាំ​២០១១​លោក​បាន​បង្កើត​សណ្ឋាគារ​ចំនួន​៤​បន្ថែម​ទៀត​ អ្វី​ដែល​ជា​ការ​លំបាក​បំផុត​សម្រាប់​លោក​គឺ​ដើម​ទុន លោក​បាន​រំលឹក​ថា​ចាប់​ផ្ដើម​ពី​ការ​សន្សំ​ប្រាក់​ដែល​រក​បាន​មក​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​វិនិយោគ និង​បន្ទាប់​មក​ខ្ចី​ក្រុម​គ្រួសារ​អស់​រលីង​តែ​ម្ដង​យក​ទៅ​វិនិយោគ​បន្ត​ទៀត។ លោក​ថា​ ​ សំណាង​ល្អ​ដែរ​ ​ដោយសារតែ​លោក​ជា​មនុស្ស​ក្រុម​គ្រួសារ​ទុក​ចិត្ត​លោក​ ព្រោះ​លោក​ជា​មនុស្ស​ដែល​ធ្លាប់​ផ្ដល់​នៅ​ក្ដី​សង្ឃឹម​ច្រើន​សម្រាប់​មនុស្ស​ទូទៅ​ ដែល​ស្គាល់​លោក​។

មូលហេតុ​ដែល​ជំរុញ​ឲ្យ​ជឿជាក់​លើ​មុខ​របរ​នេះ

លោក​ជា​មន្ត្រី​របស់​អង្គការ​សហប្រជាជាតិ​​ លោក​មាន​បេសកកម្ម​ជា​ច្រើន​ដែល​ត្រូវ​ទៅ​ក្រៅ​ប្រទេស​ ដែល​ស្នាក់​នៅ​សុទ្ធ​តែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​ដូច្នេះ​ជា​ឱកាស​សម្រាប់​លោក​ដកស្រង់​យក​បទ​ពិសោធ និង​ដឹង​ពី​ស្ថានភាព​ក្នុង​មុខ​របរ​សណ្ឋាគារ​នេះ​។ ភាព​ជោគជ័យ​ទាំង​នេះ​បាន​នាំ​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ការងារ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១០​ទើប​លោក​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​មក​គិត​រឿង​មុខ​ជំនួញ​វិញ។
បច្ចុប្បន្នភាព
លោក​មាន​អាយុ​៣៨​ឆ្នាំ មាន​កូន​ម្នាក់​អាយុ​២​ឆ្នាំ​ ភរិយា​ឈ្មោះ ​សារ៉ាន់យ៉ា​ ជនជាតិ​ថៃ។ ​លោក​រៀបការ​នៅ​ឆ្នាំ​២០០៤​ ជា​គ្រូបង្រៀន​នៅ​ប្រទេស​ថៃ។ លោក​មាន​ក្រុមហ៊ុន​ចំនួន​១ ឈ្មោះ ​frangipani ដែល​មាន​៣​សាខា​នៅ​ភ្នំពេញ​ និង​២​សាខា​​ទៀត​នៅ​សៀមរាប​ សរុប​បុគ្គលិក​មាន​​ជាង​១០០​នាក់។ គម្រោង​សម្រាប់​អនាគត គឺ​​កសាង​​បន្ថែម​សាខា​មួយ​ទៀត​នៅ​ជិត​វាល​ព្រះ​មេន ក្នុង​រាជធានី​ភ្នំពេញ និង បើក ហាង កាហ្វេ​បែប​អឺរ៉ុប​ចំនួន​១​ទៀត និង​ក្រុមហ៊ុន​នាំចូល​គ្រឿង​សំណង់​បន្ថែម​ទៀត​ដើម្បី​សាងសង់​និង​ចាប់​ដៃគូ​ជាមួយ​អ្នក​ណា​ដែល​ចង់​សាងសង់​ ចំណែក​ឯ​ភរិយា​របស់​លោក​វិញ គ្រោង​នឹង​បើក​ក្រុមហ៊ុន​ឌីហ្សាញ​មួយ​បន្ថែម​ទៀត ដែល​សរុប​ដើម​ទុន​វិនិយោគ​គិត​មក​ទល់​ពេល​នេះ​មាន​ប្រមាណ​ជាង​១​លាន​ដុល្លារ​។
បទពិសោធន៍​ជីវិត​និង​ការ​ផ្ដាំផ្ញើ
សម្រាប់​យុវជន​ដែល​មាន​ចិត្ត​ចង់​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដូច​លោក​ ចូរ​កុំ​គិត​ថា​ទាល់​តែ​អ្នក​ដែល​ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩៧៩​ទើប​ទទួល​បាន​ជោគជ័យ​នោះ​ទេ សម្រាប់​លោក​ផ្ទាល់​​ យុវជន​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ ​កុំ​យក​លុយ​ជា​ធំ មាន​ន័យ​ថា យុវជន​ភាគ​ច្រើន​តែងតែ​គិត​ថា​ ធ្វើ​ការងារ​ទាល់​តែ​មាន​ប្រាក់​ខែ​ខ្ពស់​ និង​កន្លែង​ខ្លាញ់​រក​លុយ​បាន​ ទើប​ធ្វើការ​ដូច្នេះ​ យុវជន គួ​តែ​គិត​ថា​ធ្វើការ​ដើម្បី​រៀន​សូត្រ ការងារ​អ្វី​ក៏​ដោយ​ឲ្យ​តែ​អាច​មាន​ឱកាស​រៀន​សូត្រ​ទទួល​ចំណេះ​សម្រាប់​ថ្ងៃ​អនាគត​ទើប​ជា​ការ​ប្រសើរ​បើ​ទោះបីជា​បៀវត្ស​តិច​ក៏​ដោយ​។

រកស៊ី​តែងតែ​មាន​ហានិភ័យ

យុវជន​មួយ​ចំនួន​ពេល​ជួប​​​លោក​ ​តែងតែ​សួរ​​លោក​ថា តើ​គួរ​ចាប់ផ្ដើម​យ៉ាង​ណា បើ​ពួក​​​គេ​គ្មាន​ដើម​ទុន​ផង​ហ្នឹង​? លោក​ពន្យល់​ថា​ “​ខ្ញុំ​ក៏​យល់​ស្រប​ដែរ​ថា​ លុយ​ពិត ​ជា​រឿង​សំខាន់​ ប៉ុន្តែ​ដូច​ខ្ញុំ​អញ្ចឹង​គឺ​បាន​ចាប់​ផ្ដើម​ពី​ការ​ទៅ​ធ្វើការ​បាន​ប្រាក់​យក​មក​សន្សំ​ បាន​ច្រើន​ហើយ ទើប​បង្កើត​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ទើប​បោះ​ទុន​វិនិយោគ”។​ ​លោក​បន្ត​ថា​ ធម្មតា​ ដើមទុន​ដំបូង​ត្រូវ​ខ្ចី​ពី​ក្រុម​គ្រួសារ​ឬ​អ្នក​ជុំវិញ​ខ្លួន​ហើយ​ សំខាន់​ជាង​នេះ​ ​ត្រូវ​ក្លាហាន​​ក្នុង​​ការ​វិនិយោគ ​អ្នក​ខ្លះ​មាន​លុយ​ទិញ​ឡាន​ជិះ​រាប់​ម៉ឺន​ដុល្លារ​ហើយ​ត្អូញ​ថា​”អត់​មាន​អី​រកស៊ី​ទៀត​”​ ​នេះ​ដោយ​សារ​តែ​ពួក​គាត់​ខ្លាច​ខាត ធម្មតា​រកស៊ី​ត្រូវ​តែ​មាន​ហានិភ័យ​។
អាជីវកម្ម​គួរ​ចាប់ផ្ដើម​ពី​តូច​ទៅ​ធំ
យុវជន​ត្រូវ​គិត​ថា​ ភាព​ជា​អ្នក​​មាន​មិន​លំ​បាក​នោះ​ទេ សំខាន់​ជាង​គេ​គឺ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ត្រូវ​ធ្វើ​ពី​តូច​ទៅ​ធំ ប៉ុន្តែ​តូច​នោះ​ត្រូវ​តែ​ខ្លឹម​ហើយ​ថ្មី​​ខុស​ពី​គេ។​ ពេល​ជោគជ័យ​ហើយ​មិន​លំបាក​នោះ​ទេ​ គឺ​ គ្រាន់​តែ​ធ្វើ​របស់​ដដែល​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​ ដូច្នេះ​កាលណា​ច្រើន​ទៅ​​​នឹង​​រីក​ធំ​​ឡើង​។

ធ្វើ​អាជីវកម្ម​ដើម្បី​កេរ្តិ៍​ឈ្មោះ មិន​មែន​ដើម្បី​លុយ​នោះ​ទេ
លោក​បាន​លើក​ ឧទាហរណ៍​ថា “​សម្រាប់​អ្នក​ជោគជ័យ​នៅ​ប្រទេស​ជប៉ុន​ ​លោក​បណ្ឌិត លី កូកៅ ​​​​​ថា​ ​​លុយ​​មិន​មែន​ជា​បញ្ហា​នោះ​ទេ ធនធាន​មនុស្ស​ទេ​ទើប​​ជា​បញ្ហា គេ​ធ្វើ​ដើម្បី​តែ​ប្រាក់​ចំណេញ​គឺ​មិន​ជោគជ័យ​​នោះ​ទេ ដូច្នេះ​ពេល​ដែល​ខ្ញុំ​បង្កើត​អាជីវកម្ម​ដើម្បី​កេរ្តិ៍​ឈ្មោះ ពេល​ភ្ញៀវ​មក​ស្នាក់​នៅ​ហើយ​គេ​ឲ្យ​លុយ​យើង ​ហើយ​គេ​ញញឹម​អរគុណ​យើង​ ហើយ​ទៅ​ស្រុក​កំណើត​វិញ​ប្រាប់​ត​គ្នា​ថា ​កន្លែង​យើង​ល្អ​គេ​នឹង​មក​បន្ត​ទៀត ​ដូច្នេះ​អាជីវកម្ម​របស់​យើង​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិន​ខាន​”៕

អត្ថបទ៖ កង ចាន់​បញ្ញា

No comments:

Post a Comment