អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday, 11 May 2012

ឃ្លាត​ទៅ​សែន​ឆ្ងាយ! ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​ប្រវត្តិសាស្ត្រ


មិន​ត្រឹម​តែ​អ្នក​សារព័ត៌មាន​ទេ សារធារណជនមួយ​ចំនួន​ដែល​បាន​ទស្សនា​រឿង “ឃ្លាត​ទៅ​សែន​ឆ្ងាយ!” ​​​ដក់​ជាប់​ក្នុង​ចិត្ត​រាល់​ឈុត​ឆាក ខ្លឹម​សារ អត្ថន័យ និង​កាយ​វិការ​តួអង្គ​សំដែង​ក្នុង​រឿង​មួយ​នោះ​ប៉ុណ្ណោះ​ទេ អ្នក​ឯក​ទេស​ប្រវត្តិ​សាស្ត្រ​ក៏​លាន់​មាត់​ដែរ​ថា រឿង “ឃ្លាត​ទៅ​សែន​ឆ្ងាយ!” ជា​រឿង​ប្រវត្តិសាស្ត្រ ដាស់ស្មារតី​មនុស្ស​ជំនាន់​ក្រោយ ជា​ពិសេស យុវជន​ខ្មែរ។ លោក​សាស្ត្រាចារ្យ​ សំ បូរម៉ាណារា អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ បន្ទាប់​បាន​ទស្សនា​រឿង​នេះ បាន​​សំណាល​ពិសេស​ជាមួយ​ និពន្ធនាយក​រង គេហទំព័រ​សារព័ត៌មាន Sabay គឺ​លោក ទូច សុខៈ ថា “ឃ្លាត​ទៅ​សែន​ឆ្ងាយ!” ជា​រឿង​ប្រវត្តិសាស្ត្រ ផ្សះផ្សា​ទំនាស់​ក្នុង​គ្រួសារ និង សង្គម ដែល​ពុំ​មែន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​ផ្លូវ​ចិត្ត​អ្នក​ទស្សនា​នោះ​ទេ ពោល​គឺ​ពុំ​អាច​បំភ្លេច​ចោល​បាន​ឡើយ ព្រោះ​ជា​ដាន​អតីតកាល។

Sabay
៖ មាន​ការលើ​ក​ឡើង​ថា យុវជន​​មិន​គួរ​រំលឹក​អំពី​បញ្ហា​ហ្នឹង​ទេ​ ព្រោះ​យើង​ចង់​ឲ្យ​ជ្រះ​ស្រឡះ​កុំ​ឲ្យ​មាន​ស្នាម​​ប្រេះ​ស្រាំ​អារម្មណ៍តទៅ​ទៀត​អំពី​ប្រវត្តិ​សាស្ត្រមួយ​នេះ តើ​ការ​គិត​អី​ចឹង ​លោកសាស្ត្រាចារ្យយល់​យ៉ាង​ម៉េខ​ទៅ​វិញ?
អ្នកជំនាញ៖ ខ្ញុំ​យល់​ថា ប្អូនៗ​មិន​អាច​គិត​ថា​ ការ​រំលឹក​នៃ​រឿង​រ៉ាវ​​ទាំង​អស់​នោះ​គឺ​ជា​ការ​ខុស​ឆ្គង​នាំ​ឲ្យ​មាន​ប្រះ​ស្រាំ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ​អ្វី​ទាំង​អស់​សុទ្ធ​តែ​មាន​មូលហេតុ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​សិក្សា​ប្រវត្តិ​សាស្ត្រ​ក្ដី ​ពី​សង្គម​ក្ដី ត្រូវ​តែ​ដឹង​ថា​ស្អី​ទៅ​ជា​មូលហេតុ​របស់​សង្គម។ អីចឹង ​បើ​យើង​មិន​ដឹង​ពី​មូលហេតុ​របស់​សង្គម​ធ្វើ ​យើង​និង​អាច​ដក​ខ្លួន​ចេញ​ពី​វិបត្តិ​នៃ​សង្គម​ទាំង​អស់​នោះ​បាន​ទៅ​ថ្ងៃ​ក្រោយ​ហើយ​ប្រវត្តិសាស្ត្រ​នឹង​អាច​ផ្សា​ឡើង​វិញ​ និយាយ​ឲ្យ​ចំ​ទៅ​ យើង​នឹង​អាច​ក្លាយ​ខ្លួន​​ទៅ​ជា​មនុស្ស​ដែល​មាន​ការ​ប្រើ​ប្រាស់​​​​យន្តការ​នៃ​អតីតកាល​ដដែល​ជា​ដដែល ហើយ​ធ្វើ​ឲ្យ​គ្រោះ​មហន្តរាយ​នៃ​ជីវិត​របស់​យើង​​ចេះ​តែ​មាន​ដដែលៗ​ត​ទៅ​ទៀត​ ជា​គ្រោះ​អាសន្ន​របស់​យើង។ ផ្ទុយ​ទៅ​វិញ ​កាល​ដែល​យើង​បាន​រំលឹក ​និង​បាន​ដឹង​បែប​នេះ ​មិន​​មែន​មាន​ន័យ​ថា​ យើង​​នាំ​គ្នា​ចង​កំហឹង​ទេ តែ​យើង​នាំ​គ្នា​គិត​ថា​ តើ​យើង​គួរ​ដោះ​ស្រាយ​យ៉ាង​ម៉េច​សំ​រាប់​ថ្ងៃ​នេះ។ ​យុវជន​ទាំង​ឡាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​​និង​គិត​ថា ខ្លួន​មាន​សម្បទា​គ្រាប់​គ្រាន់​នៅ​សម័យ​នេះ​ដោយ​សារ​ការ​តស៊ូ​របស់​បុព្វការី ន​នៅ​សម័យ​នោះ យើង​ពិចារណា​ឡើង​វិញ​ ទៅ​អ្នក​ដែល​សល់​ពី​សេចក្ដី​ស្លាប់​​ពី​សម័យ​នោះ​គឺ​ជា​អ្នក​ដែល​បាន​តស៊ូ​ខ្លាំង​ណាស់។ អីចឹង​ យើង​គិត​ដូចម្ដេច​ដើម្បី​សម័យ​របស់​ខ្លួន​កុំ​ឲ្យ​ជួប​ប្រទះ​អីចឹង​ទៀត ខ្ញុំ​យល់​ឃើញ​ថា​ប្អូ ន​ដែល​គិត​បែប​នោះ​ប្រហែល​ជា​ប្អូន​មិន​បាន​ឆ្លង​កាត់​​ហើយ​ប្រសិន​បើ​ប្អូន​បាន​ឆ្លង​កាត់​ នឹង​គិត​ផ្សេង​ពី​នេះ ប៉ុន្តែ​ទោះ​បី​ជា​មិន​បាន​ឆ្លង​កាត់​​​​សូម​ឲ្យ​យក​ចិត្ត​ទុកដាក់​ថា​ នេះ​ជា​រឿង​របស់​ខ្មែរ​នេះ​ ជា​ប្រវត្តិសាស្ត្រ​ តើ​អ្នក​ណា​អាច​ជីក​គល់​​ប្រវត្តិសាស្ត្រ​បាន​ទេ ដោយ​គ្រាន់​តែ​នាំ​គ្នា​រំលឹក​ដើម្បី​បង្ហាញ​អំពី​ភាព​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​មិន​មែន​​បន្លិច​​ដើម្បី​ធ្វើ​ការ​បំផ្លាញ​ឬ​សងសឹក​ទេ។

Sabay៖ តាម​បទ​ពិសោធន៍​របស់​លោក​សាស្ត្រាចារ្យ ជា​អ្នក​ដែល​​ធ្លាប់​ឆ្លង​កាត់​ទស្សនា​​ ផ្សាយ​ភាព​យន្តច្រើន​សម័យ​កាល លោក​សាស្ត្រាចារ្យសាក​ល្បង​ប្រៀប​ធៀប​រវាង​ភាព​យន្ត​ខ្មែរ​ទូទៅ​ នឹង​ភាព​យន្ត​ “ឃ្លាត​ទៅ​សែន​ឆ្ងាយ!” នេះ​បន្តិច​មើល៍ តើ​មាន​លក្ខណៈ​ខុស​គ្នា​ដូចម្ដេច​ដែរ?

អ្នកជំនាញ៖ យើង​អាច​និយាយ​បាន​ថា​ ទាំង​សំ​ភារៈ​ ទាំង​បច្ចេកទេស យើង​អាច​ទទួល​ស្គាល់​ថា ​នៅ​មាន​កម្រិត​ មិន​មែន​ថា​ យើង​អន់​ទេ​ ប៉ុន្តែ​យើង​មាន​កម្រិត​ យើង​មិន​អាន​និយាយ​ថា​ បរទេស​ដែល​គេ​ខំ​កសាង​អាជីព​របស់​គេ​ជា​អ្នក​ផ្សាយ​ភាព​យន្ត​រាប់​រយ​ឆ្នាំ​ហើយ​មាន​សំ​ភារៈ​ទំនើប​ព្រម​ទាំង​មាន​ថវិកា​ជា​ទុន​ធំ​ប៉ុណ្ណា​ហើយ ​គេ​អាច​ធ្វើ​បាន​ប៉ុណ្ណោះ ខ្ញុំ​មិន​គិត​ថា​ ប្រៀប​ធៀប​ផ្សាយ​ភាព​យន្ត​នោះ​ទេ។ ខ្ញុំ​គិត​ថា ​នេះ​ជា​រឿង​មួយ​របស់​ខ្មែរ​យើង​បាន​បង្កើត​ហើយ​ជា​មនសិការ​មួយ​ ដែល​ខ្មែរ​យើង​បាន​ប្រើ​យន្តការ​គំនិត​ផ្ទាល់​ខ្លួន ​ហើយ​និយាយ​ពី​រឿង​ពិត។ ខ្ញុំ​ស្រ​ម៉ៃ​ដល់​រឿង Titanic ​រឿង​នោះ​បាន​លើក​យក​មនុស្ស​ចាស់​ម្នាក់​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​គាត់​យក​មក​និទាន​រឿង​ដូច​គ្នា។ ដូច្នេះ​ រឿង​យើង​ដូចគ្នា​គ្រាន់​រឿង ​Titanic ទាក់​ទង​ទៅ​ នឹង​ត្រកូល​អភិជន​ដែល​និយាយ​ពី​រឿង​សប្បាយ​នៃ​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​​សប្បាយ​របស់​គាត់ ប៉ុន្តែ​រឿង​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​ពិត​មិនមែន ​ជា​រឿង​ដែល​ផុស​ចេញ​ពី​ការ​សប្បាយ​ទេ។ ខ្ញុំ​គិត​ពី​ខ្លឹម​សារ​វិញ​បើ​ខ្ញុំ​ប្រៀប​ធៀប​ទៅ​រឿង​Titanic ខ្ញុំ​ឲ្យ​តម្លៃ​រឿង​កុន​ខ្ញុំ​វិញ ​ព្រោះ​មាន​តម្លៃ​ជាង​សំ​រាប់​ឧត្ដមគតិ​មនុស្ស ដូច្នេះ​ខ្ញុំ​មិន​គួរ​និយាយ​ថា​តម្លៃ​របស់​គេ​អន់​ជាង​តម្លៃ​របស់​យើង​ទេ​ ខ្ញុំ​គ្រាន់​តែ​និយាយ​ថា នេះ​ជា​ពន្លក​មួយ​ដ៏​ប្រសើរ​​ដែល​យើង​ជា​ខ្មែរ​ត្រូវ​នាំ​គ្នា​ជួយ​ជ្រោមជ្រែង​ប្រាកដ​ ជា​ឃើញ​កំហុស​ខ្លះ​កើត​ឡើង។ ប៉ុន្តែ​មិន​មែន​ជា​កំហុស​កែ​មិន​បាន​ទេ កែ​បាន​គ្រាន់​តែ​យើង​ចាប់​ផ្ដើម​ពី​គ្រួសារ​មួយ​ ពី​ការ​ខំប្រឹង​ប្រែង​មួយ​​មិន​អាច​គ្រប់​គ្រាន់​បាន​ទេ​ត្រូវ​តែ​ជួយ​នាំ​គ្នា​បង្ហាញ​ជួយ​នាំ​គ្នា​ពន្យល់​យើង​ទទួល​ស្គាល់​នៃ​ការ​រីក​ចម្រើន​មួយ​តាម​រយៈ​ផ្ដល់​មតិ​នេះ​ជា​គុណ​សម្បត្តិ​របស់​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​ជឿ​ថា​ ជំហរ​របស់​អ្នក​និពន្ធ​ដែល​ប្រឹង​ប្រែង​បែប​នេះ​គឺ​ប្រាកដ​ជា​មិន​គិត​ពី​ផល​ចំណេញ​ពី​លុយ​កាក់​ទេ​​តែ​គិត​ពី​ផល​ចំណេញ​ពី​កិត្តិយស​ និង​ការ​អប់រំ​ប្រសើរ​ជាង។

Sabay៖ យើង​ឃើញ​បរិបទ​សព្វ​ថ្ងៃ​នេះ​ ការផលិត​ខ្សែ​ភាពយន្ត​ចាក់​តាម​ទូរទស្សន៍​ឃើញ​ថា​មាន​បង្ហាញ​តែឈុត​ស្នេហា​រវាង​យុវវ័យ​ ដែល​គេ​គិត​អំពី​ការ​ទាក់​ទាញ​យុវវ័យ​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​មាន​គំនិតសម្ភារៈ​និយម ប៉ុន្តែ​លោក​ ឆាយ បូរា​ បែរ​ជា​គិត​អំពី​ប្រវត្តិសាស្ត្រ​​ទៅ​វិញ។ តើ​លោក​សាស្ត្រាចារ្យ ​អធិប្បាយ​បែប​ណា​បាទ?

អ្នកជំនាញ៖ អ្នក​ដែល​កសាង​ខ្សែ​ភាព​យន្ត​របៀប​នេះ​ មិន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទេ​តែ​គាត់​គ្រាន់​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ឧត្ដមគតិ​មួយ​ ពីព្រោះ​យើង​និយាយ​ហើយ​ថា ​ជា​រឿង​បែប​ឯកសារ​ប្រវត្តិសាស្ត្រ ខ្ញុំ​យល់​ឃើញ​ថា​ កាល​ដែល​យើង​ប្រើ​ប្រាស់​យន្តការ​ឆក់​យក​ចំណេញ​ពី​ការ​ផលិត​ផ្សាយ​ភាពយន្ត​ដើម្បី​ផល​ប្រយោជន៍​ជា​លុយ​កាក់​ដោយ​ប្រើ​គំនូរ​ដើម្បី​ទាក់​ទាញ​យុវវ័យ​ សម្ភារៈ​និយម​ ទស្សនៈ​ភ្លើតភ្លើន​ ក៏​ដោយ​ចុះ​ ទាំង​នោះ​គឺ​ជា​រឿង​របស់​គេ ក៏​ប៉ុន្តែ​ខ្ញុំ​ឃើញ​ខ្សែ​ភាពយន្ត​នេះ ​បាន​ផ្ដល់​ឱកាស​ជា​ច្រើន​ដល់​យុវវ័យ​គិត​ថា​ តើ​អនាគត​របស់​ខ្លួន​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​ ​បើ​សិន​ជា​ខ្លួន​គេ​ជួប​ប្រទះ​រឿង​បែប​នឹង​ម្ដង​ទៀត តើ​គេ​គួរ​ការពារ​ខ្លួន​គេ​បែប​ណា?​ ដើម្បី​កុំឲ្យ​គេ​ជួប​ប្រទះ​រឿង​បែប​នេះ ​ទាំង​នេះ​គឺ​ជា​គោលជំហរ​ ហើយ​រាជរដ្ឋាភិបាល​ក៏​លោក​នឹង​សប្បាយ​ចិត្ត សប្បាយ​ចិត្ត​ត្រង់​ថា​ មាន​មនុស្ស​ខ្មែរ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​អំពី​ប្រវត្តិសាស្ត្រ ​និង​ការ​កសាង​ការ​ផ្លាស់ប្ដូរ​ អំពី​ផ្នត់​ចិត្ត​របស់​មនុស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​បុព្វការី​ជន​ខ្លួន​ពិសេស ​បំផុត​ស្រឡាញ់​មនុស្ស​ចាស់​រឿង​នេះ ​បង្កប់​អត្ថន័យ​ជ្រៅ​មួយ​ទៀត​គឺ​ការ​ឲ្យ​មនុស្ស​ក្មេង​ចេះ​ស្រឡាញ់​មនុស្ស​ចាស់​ខ្ញុំ​ជឿ​ថា ​យើង​នឹង​ទទួល​បាន​នៃ​ការ​ផ្លាស់ប្ដូរ​យើង​ នឹង​ខំប្រឹង​ធ្វើ​ការ​អប់រំ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ជំហរ​អ្នក​បាន​មើល​គុន​នេះ​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​យក​គុន​នេះ ​ក្នុង​ការ​ពិចារណា​ នៅ​ក្នុង​ជីវិត​ពិត​មួយ​ដើម្បី​ខ្លួន​គេ​កុំឲ្យ​មាន​ការ​កើត​ឡើង​នៅ​វិបត្តិ​បែប​នេះ​ទៀត។
Sabay៖ តាម​អនុសាសន៍​របស់​លោក​សាស្ត្រាចារ្យ ​តើ​យើង​គួរ​​ផលិត​ភាព​យន្ត​ ឫ​រឿង​បែប​ណា​ដើម្បី​ធ្វើ​ឲ្យ​យុវវ័យ​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ប្រសើរ​មួយ?
អ្នកជំនាញ៖ ចំពោះ​បញ្ហា​នេះ​រឿង​អ្វី​ក៏​ដោយ​ក៏​ជា​អាវុធ​មុខ​ពីរ ទាំង​អស់​ប៉ុន្តែ​សំខាន់​បំផុត​តើ​អ្នក​ដែល​យើង​បង្កើត​តើ​យើង​បាន​យល់​ពី​ខ្លឹម​សារ​យ៉ាង​ម៉េច ខ្ញុំ​ថា​ខ្សែ​ភាពយន្ត​របស់​ខ្មែរ​យើង​គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​គិត​គូរ​ពី​បញ្ហា​នាំ​យុវជន​ឆ្ពោះ​ទៅ​រក​អនាគត ហើយ​គេ​គិត​ថា​យុវវ័យ​ត្រូវ​ធ្វើ​បែប​នេះ សង្ហា​បែប​នេះ ល្អ​បែប​នោះ ឫ​ក៏​មាន​ទ្រព្យ​បែប​នេះ​អ្វី​សំខាន់​នៃ​ជីវិត​បែប​ណា ផ្ទុយ​ទៅ​វិញ​​ មិន​មែន​សំខាន់​ត្រឹម​បែប​នោះ​ទេ​ គឺ​ត្រូវ​ឲ្យ​ដឹង​​ថា ​បាន​របស់​មក​ពី​ណា ខ្ញុំ​ចង់​និយាយ​ថា​គេ​គួរ​តែ​ផឹក​ទឹក ​នៅ​ក្បែរ​ប្រភព​ និង​ស៊ី​ផ្លែ​ដោយ​ខ្លួន​ឯង​ដែល​ដាំ។ អីចឹង​ ​បើ​គិត​ថា ​គេ​ទទួល​បាន​ជោគ​ជ័យ​នៃ​ជីវិត​របស់​គេ​ដ៏​រុង​រឿង​នោះ​ តើ​គេ​បាន​គិត​ទេ​ថា ​គេ​បាន​គន្លឹះ គ្រឹះ​របស់​ខ្លួន​បាន​មក​ពី​ណា។ ​អីចឹង​ គ្រឹះ​ទាំង​អស់​នោះ​ហើយ​ដែល​យើង​ត្រូវ​ធ្វើ​ការ​ពិចារណា ខ្សែ​ភាពយន្ត​ណា​ ដែល​ខ្ញុំ​អាច​សំណូម​ពរ​បាន​សូម​មេត្តា​យក​ចិត្ត​ទុកដាក់​ការ​អប់រំ​យុវវ័យ​ហើយ​ឆ្លៀត​ឱកាស​ឲ្យ​ យុវវ័យ​ឲ្យ​អំពី​តួនាទី​របស់​ខ្លួន ​សំ​រាប់​អតីតកាល​សំ​រាប់​បច្ចុប្បន្នកាល ​និង​អនាគតកាល។ តួនាទី​សំ​រាប់​អតីតកាល ​គឺ​ជា​តួនាទី​នៃការ​​ស្វែង​យល់​អំពី​អ្នក​​ដែល​ជា​ទី​ស្រឡាញ់។ តួនាទី​បច្ចុប្បន្ន​ កាល​គឺ​តួនាទី​ដែល​ខ្លួន​ឯង​ត្រូវ​គិត​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អនាគត តួនាទី​សំ​រាប់​អនាគត​ គឺ​ជា​តួនាទី​គឺ​ការ​ប្រឹង​ប្រែង​បន្សល់​ទុក​នូវ​អ្វី​ដែល​ជា​អភិវឌ្ឍន៍​ជាតិ​អ្វី​ដែល​ជា​គន្លឹះ​សំ​រាប់​អ្នក​ជំនាន់​ក្រោយ។ ព្រោះ​បុព្វបុរស​យើង​ មាន​កេរដំណែល​សំ​រាប់​យើង​ច្រើន​ណាស់​​​ ដោយ​ឡែក​ យើង​ត្រូវ​ខំប្រឹង​នាំ​គ្នា​បង្កើត​កេរ្តិ៍ កុំ​នាំ​គ្នា​ស៊ី​កេរ្តិ៍​ យើង​ត្រូវ​នាំ​យុវវ័យ​ គិត​ពី​រឿង​បង្កើត​កេរ្តិ៍​វិញ​ហើយ​ជា​ភាព​ចំណេញ​សំ​រាប់​សង្គមជាតិ​យើង​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ជឿ​ថា​ យុវវ័យ​ដែល​ខ្ញុំ​បាន​បង្រៀន​ភាគ​ច្រើន​គឺ​ខ្ញុំ​បាន​ផ្ដល់​ឲ្យ​អស់​ហើយ។





No comments:

Post a Comment