អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday 15 August 2012

វិចារណកថា​ ស្ត្រី​ និង​លទ្ធិប្រជាធិបតេយ្យ

            ព្រះរាជាណាចក្រ​កម្ពុជា​​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈ​ជាង​១0ឆ្នាំមកហើយ ។ ប្រជាពលរដ្ឋ​ទូទៅ​ទទួល​ផលប្រយោជន៍​ធំធេង​ណាស់​ពី​លទ្ធិ​នេះ​ តើ​ចំពោះ​ស្ត្រី​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​ដោយ​ឡែក​អ្វី​ខ្លះ?

        លទ្ធិប្រជាធិបតេយ្យ​មានន័យ​ថា​ បែបបទ​ដឹកនាំ​ប្រទេស​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ធំ ។ កន្លង​មក​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ប្រាប់​ថា​របប​ដឹកនាំ​ប្រទេស​មាន​ការ​វិវត្ត​ផ្លាស់ប្ដូរ​ពីរ​របប​មួយ​ទៅ​របប​មួយ​ តាំង​ពីរ​របប​កុលសម្ព័ន្ធ​ សក្ដិភូមិ​ មូលធនកុម្មុយនិស្ត​ដែល​ពុំ​មាន​របប​ណា​ប្រគល់​អំណាច​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​ដូច​​របប​ប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ​ក្នុង​លទ្ធិ​ចុង​ក្រោយ​នេះ​សិទ្ធិ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ក្នុង​ដំណាក់​កាល​ដំបូង​បាន​ចំពោះ​តែ​ភេទ​ប្រុស​ប៉ុណ្ណោះ​គឺ​លុះ​ត្រា​តែ​មាន​ការ​ទាមទារ​តាម​រយៈ​កូដកម្ម​បាតុកម្ម​របស់​ស្ត្រី​ជាតិ​អង់គ្លេស​នៅ​ឆ្នាំ​១៩០៣​ ទើប​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​រួម​បោះឆ្នោត​ជា​មួយ​បុរស​ចាប់​ពី​ឆ្នាំ​១៩១៨​មក។ ដូច្នេះ​ឃើញ​ថា​ លទ្ធិប្រជាធិបតេយ្យ​ផ្ដល់​ឱកាស​​ដល់​ស្ត្រី​អោយ​អនុវត្ត​បាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​របស់​ខ្លួន​ស្មើ​គ្នា​នឹង​បុរស។

          ជាមួយ​គ្នា​នេះ​លទ្ធិប្រជាធិបតេយ្យ​ បាន​ធ្វើ​អោយ​ស្ត្រី​ជា​ច្រើន​ក្លាយ​ទៅ​ជា​បេក្ខនារី​ឈរ​ឈ្មោះ​អោយ​គេ​បោះឆ្នោត​ហើយ​បន្ទាប់​មក​មួយ​ចំនួន​​ក្លាយ​ខ្លួន​​ទៅ​ជា​អ្នក​ដឹកនាំ។ គឺ​ជា​មោទនភាព​ដ៏​ធំធេង​ណាស់​ដែល​កាល​ក្នុង​​របប​មុន​គេ​កម្រ​ឃើញ​ស្ត្រី​ជា​តំណាងរាស្ត្រ​ ហើយ​គេ​ក៏​មិន​ដែល​​ធ្លាប់​ឃើញ​សោះ​ស្ត្រី​ជា​ប្រធាន​ ឬ​ជំទប់​ ឬ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ តែ​បច្ចុប្បន្ន​គេ​ឃើញ​មាន​ស្ត្រី​កាន់​តួនាទី​នោះ​ ហើយ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ចំនួន​ស្ត្រី​ទាំងនោះ​កាន់​តែ​កើនឡើង​ជា​លំដាប់​ថែម​ទៀត។ ស្ត្រី​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បាន​៥​នាក់​ នៅ​អាណត្តិ​ទី​១​ ឆ្នាំ​១៩៩៣​ ជាប់​ឆ្នោត​​បាន​១៥​នាក់​ នៅ​អាណត្តិ​​ទី​២​ ឆ្នាំ​១៩៩៨​ និង​ជាប់​ឆ្នោត​បាន​២២​នាក់​ នៅ​អាណត្តិ​ទី​៣​ ឆ្នាំ​២០០៣។ ចំណែក​ឯ​ស្ត្រី​​ជា​អ្នក​ដឹកនាំ​​ក្នុង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​វិញ​ ជាប់​ឆ្នោត​បាន​៩៨៣​នាក់​ នៅ​អាណត្តិ​ទី​១​ ឆ្នាំ​២០០២​ និង​១៦៦២​នាក់​ នៅ​អាណត្តិ​ទី​២​ ឆ្នាំ​២០០៧។ ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ក្នុង​ការ​សម្រេចចិត្ត​និង​ក្នុង​ការ​ដឹកនាំ​មិនមែន​មាន​តែ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ក្នុង​វិស័យ​នយោបាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​ក្នុង​ការ​ជ្រើសរើស​ ឬ​ការ​សម្រេចចិត្ត​ផ្សេងៗ​ក្នុង​គ្រួសារ​និង​ក្នុង​សង្គម​ថែម​ទៀត។ នេះ​ក៏​គឺ​ជា​ឥទ្ធិពល​នៃ​ការ​ប្រើ​ប្រាស់​លទ្ធិប្រជាធិបតេយ្យ​ដែរ។ ឧទាហរណ៍​ ដូចជា​ក្នុង​ការ​ជ្រើសរើស​គណៈកម្មការ​​បុណ្យ​ ឬ​ក្នុង​ការ​ទុក​ដាក់​កូន​ចៅ​ ឬ​ជ្រើសរើស​មុខរបរ​រកស៊ី​ក្នុង​គ្រួសារ​គេ​តែងតែ​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ក្នុង​ការ​បញ្ចេញ​យោបល់​ ដែល​កាល​ពី​មុន​គេ​ពុំ​ស្ដាប់​ ឬ​ពុំ​សូវ​ស្ដាប់​​យោបល់​ស្ត្រី​ឡើយ។

               គឺ​ដោយសារ​ការ​ផ្ដល់​អំណាច​ទាំង​ប៉ុន្មាន​ដូច​រៀបរាប់​ខាង​លើ​ ស្ថានភាព​របស់​ស្ត្រី​មាន​ការ​ផ្លាស់​ប្ដូរ។ កាល​ពី​មុន​នៅ​ពេល​ដែល​ស្ត្រី​មិន​ទាន់​បាន​ទទួល​សិទ្ធិ​អំណាច​ស្មើគ្នា​នឹង​បុរស​ ស្ត្រី​មាន​អារម្មណ៍​ថា​ ខ្លួន​មិនមែន​ជា​មនុស្ស​សំខាន់​ក្នុង​សង្គម​ ឬ​ក្នុង​គ្រួសារ​ ដូច្នេះ​​ស្ត្រី​គិត​ថា​ ចំណេះវិជ្ជា​ ជំនាញ​បច្ចេកទេស​ ចំណេះ​ដឹង​ ការ​អប់រំ​សតិ​អារម្មណ៍​មិន​ចាំ​បាច់​ចំពោះ​ខ្លួន​ឡើយ​ ព្រោះ​គ្រាន់​តែ​​ចេះ​ដាំ​បាយ​ ថែ​កូន​ ថែ​ផ្ទះ​ ថែ​គ្រួសារ​ ការ​ចេះ​ដឹង​បន្តិចបន្តួច​ជា​ការ​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ប្រគល់​សិទ្ធិ​អំណាច​ ស្មើគ្នា​នឹង​បុរស​ដូចជា​ ក្នុង​ការ​ទៅ​បោះឆ្នោត​ និង​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ជា​ដើម​ ស្ត្រី​ខិតខំ​ស្វែង​យល់​បញ្ហា​ផ្សេងៗ​ដើម្បី​បំពេញ​តួនាទី​ទាំងនេះ​​អោយ​បាន​សក្ដិសម។​ ឧទាហរណ៍​ ដូចជា​ចង់​ធ្វើ​ជា​អ្នក​បោះឆ្នោត​ម្នាក់​ដែល​មាន​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ ស្ត្រី​ខិតខំ​តាមដាន​គណបក្ស​នយោបាយ​ ឬ​បេក្ខជន​ដោយ​ស្ដាប់​ និង​ពិភាក្សា​ជា​មួយ​ញាតិមិត្ត​ ដោយ​អាន​សៀវភៅ​ ស្ដាប់​វិទ្យុ​ មើល​ទូរទស្សន៍​ ហើយ​នៅ​ពេល​ដែល​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ ឬ​ជាប់​ឈ្មោះ​ជា​អ្នក​ដឹកនាំ​ ស្ត្រី​រឹត​តែ​ខិតខំ​រៀនសូត្រ​បន្ថែម​ ស្វែង​យល់​ដឹង​ពី​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ខ្លួន​ ដើម្បី​អោយ​សមត្ថភាព​​ខ្លួន​បាន​សក្ដិសម​នឹង​តួនាទី។ ក្រៅ​ពី​នោះ​ស្ត្រី​ពង្រឹង​ស្មារតី​ចិត្ត​គំនិត​ខ្លួន​អោយ​ក្លាហាន​ ដាច់​ស្រេច​ទាំង​ក្នុង​ការ​រិះគិត​ ទាំង​ក្នុង​ការ​និយាយ​ស្ដី​ និង​ទាំង​​ក្នុង​ការ​ធ្វើ​សកម្មភាព។ ទាំងអស់​នេះ​លើក​កម្ពស់​ការ​យល់​ដឹង​ សមត្ថភាព​ និង​អត្តចរិត​ស្ត្រី​មួយ​ថ្ងៃ​បន្តិចៗ​អោយ​បាន​កាន់​តែ​​ប្រសើរ​ឡើង។មើល​ឃើញ​ផលប្រយោជន៍​ដ៏​ធំធេង​​នៃ​លទ្ធិប្រជាធិបតេយ្យ​លើ​ខ្លួន​ដូច្នេះ​ហើយ​ស្ត្រី​ទាំងឡាយ​គួរ​តែ​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​អោយ​មាន​ជា​រៀង​រហូត​ទៅ​នៅ​កម្ពុជា​ ហើយ​ទន្ទឹម​នឹង​នោះ​គួរ​ខិតខំ​ធ្វើ​អោយ​ការ​អនុវត្តន៍​លទ្ធិ​នេះ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ដូចជា​ទៅ​ចូល​រួម​បោះឆ្នោត​​អោយ​បាន​គ្រប់គ្នា​ឈ្លាសវៃ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ណា​ដែល​បំរើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិតៗ​ មិន​រួញ​រា​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ និង​ក្លាហាន​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ៕

No comments:

Post a Comment