អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday 15 August 2012

ដើមកំណើត​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា

ប្រភពដើម​នៃ​បក្សកុម្មុយនិស្ត​កម្ពុជា គឺ​កើតចេញពី​បក្សកុម្មុយនិស្តឥណ្ឌូចិន​

មុននឹង​បង្កើតជា​គណ​បក្សកុម្មុយនិស្ត​កម្ពុជា ចលនា​កុ​ម្មុយ​និ​ស្ត​ខ្មែរ គឺជា​ផ្នែក​មួយ នៃ​គណ​បក្សកុម្មុយ និស្ត ឥណ្ឌូ ចិនរបស់ ហូជី​មិញ​។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុ​ម្មុយ​និ​ស្ត​ខ្មែរ​បាន​បែក​ចេញពី​គណ​បក្សកុម្មុយនិស្តឥណ្ឌូចិន ដោយ​បង្កើតជា គណបក្ស​ខ្លួនឯង មាន​ឈ្មោះថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​។​

 

បទ​អត្ថាធិប្បាយ​របស់ ​បក្សកុម្មុយនិស្តឥណ្ឌូចិន

លទ្ធិ​កុ​ម្មុយ​និ​ស្ត​បានចាប់ផ្តើម​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​ចលនា​ប្រឆាំងនឹង​អាណានិគម ដែល​ចាប់​ផ្ទុះឡើង នៅក្រោយ​សង្គ្រាមលោកលើកទី​ពីរ​។ នៅ​ឥណ្ឌូចិន ដែល​ស្ថិតក្រោម​អាណានិគម​បារាំង ក៏មាន​ចលនា​កុ​ម្មុយ​និ​ស្ត​មួយ​ដែរ គឺ “​បក្សកុម្មុយនិស្តឥណ្ឌូចិន​” ដែល​បង្កើតឡើង​ដោយ ហូ ជី​មិញ នៅ​ឆ្នាំ​១៩៣០​។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុ​ម្មុយ​និ​ស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​។​
​នៅ​កម្ពុជា សាខា​បក្សកុម្មុយនិស្តឥណ្ឌូចិន ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យ​មៀន ហៅ សឺ​ន ង៉ុ​ក​មិញ​។ យោងតាម​លោកស្រី Elizabeth Becker​ឈ្មោះ សឺ​ន ង៉ុ​ក​មិញ នេះ គឺជា​ការច្របាច់បញ្ចូល​គ្នា​រវាង សឺ​ន ង៉ុ​កថា​ញ់ និង ហូ ជី​មិញ​។ ធ្វើបែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យកចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺ​ន ង៉ុ​កថា​ញ់ ដែលជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរឥស្សរៈ​។ ប៉ុន្តែ សឺ​ន ង៉ុ​កថា​ញ់ មិនមែនជា​មនុស្ស​កុ​ម្មុយ​និ​ស្ត​ទេ​។


បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា

​ នៅ​ឆ្នាំ ១៩៥១ សឺ​ន ង៉ុ​ក​មិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះថា “​សមាគម​ខ្មែរឥស្សរៈ​” ទៀតផង ជាហេតុ​នាំ​ឲ្យ​មាន​ការភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរឥស្សរៈ​កុ​ម្មុយ​និ​ស្ត និង​មួយណា​មិនមែន​កុ​ម្មុយ​និ​ស្ត​។ នៅ​ឆ្នាំ​ដដែល​នេះដែរ វៀតណាម​បានសម្រេច​បំបែក បក្សកុម្មុយនិស្តឥណ្ឌូចិន ឲ្យ​ទៅជា​បក្សកុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ​។ ក្រុម​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ក៏​សម្រេច​បង្កើត​បក្សកុម្មុយនិស្ត​ផ្ទាល់​របស់ខ្លួន ដែលមាន​ឈ្មោះថា “​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​”​។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បណ្តោះអាសន្ន​មួយ ដែលមាន សឺ​ន ង៉ុ​ក​មិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ​។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ​១៩៦០ ក្រុម​ខ្មែរ​កុ​ម្មុយ​និ​ស្ត​មិនបាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ផ្លូវការ​ទេ ដែលជា​ហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្សកុម្មុយនិស្តឥណ្ឌូចិន​។ សូម្បីតែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជា​អ្នកសរសេរ​ឲ្យ​ដែរ រួច​ទើប​យកមក​បកប្រែ​ជា​ភាសា​ខ្មែរ​។​

បក្ស​ពលករ​កម្ពុជា
​        ក្រោយពី​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​ខែកក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​នៅលើ​ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បី​ក្រុម​៖
•​ ​មួយក្រុម រួមមាន សឺ​ន ង៉ុ​ក​មិញ​, កែវ មុន្នី​, ម៉ី ផូ​, រ័ត្ន សាមឿន​, ប៉ែន សុវណ្ណ ជាដើម បានរ​ត់ទៅ​ប្រទេស​វៀតណាម​។​
•​ ​ក្រុមទី​ពីរ រួមមាន ទូ សាមុត​, សៀវ ហេង​, នួន ជា​, សោ ភឹម ជាដើម នៅ​បន្តសកម្មភាព​ជាសម្ងាត់ នៅក្នុង​ប្រទេស​កម្ពុជា​។​
•​ ​ក្រុមទី​បី រួមមាន កែវ មាស​, នន សួន​, ប៉ែន យុទ្ធ ជាដើម បាន​បង្កើតជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះថា “​គណបក្ស​ប្រជាជន​” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទង​គ្នា​ជាប្រចាំ​។​
​ការណ៍​ដែល​ចលនា​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយ​ប៉ែករ​ត់ទៅ​ប្រទេស​វៀតណាម និង​មួយ​ប៉ែក​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​បែបនេះ ទំនងជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​មានការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅ​អំឡុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុ​ម្មុយ​និ​ស្ត​មួយក្រុម​ដែលរ​ត់ទៅ​វៀតណាម នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ក្នុងស្រុក ដែលជា​អតីត​សហការី​។​
​នៅ​ខែកញ្ញា ឆ្នាំ​១៩៦០ ពោលគឺ ៩​ឆ្នាំ​ក្រោយពី​បែកចេញ​ពី​គណ​បក្សកុម្មុយនិស្តឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បានរៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើតជា​ផ្លូវការ​នូវ​គណ​បក្សកុម្មុយនិស្ត​ផ្ទាល់​របស់​កម្ពុជា ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “​បក្ស​ពលករ​កម្ពុជា​” វិញ​។ បក្ស​ថ្មី​នេះ មាន ទូ សាមុត ជា​លេខា​បក្ស នួន ជា ជា​លេខា​រង ហើយ សា​ឡុ​ត ស គឺជា​មេដឹកនាំ​លំដាប់​ទី​បី​ក្នុង​បក្ស​។ សា​ឡុ​ត ស គឺជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត​។ អៀង សារី ដែលជា​មិត្តភក្តិ​របស់ សា​ឡុ​ត ស ក៏ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ថ្មី​នេះដែរ​។​

បក្សកុម្មុយនិស្ត​កម្ពុជា​

​ នៅក្រោយ​ពេលដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សា​ឡុ​ត ស ក៏បាន​ឡើងមក​កាន់តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា រំលង​នួន ជា ដែលជា​លេខា​រង​។ ក្នុងអំឡុង​ចុងឆ្នាំ​១៩៦៤ ដើមឆ្នាំ​១៩៦៥ សា​ឡុ​ត ស បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន​។ ក្រោយពី​បានទទួល​នូវ​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សា​ឡុ​ត ស ក៏បាន​ផ្តាច់ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម​។ នៅ​ខែកញ្ញា ឆ្នាំ​១៩៦៦ សា​ឡុ​ត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មកជា "​បក្សកុម្មុយនិស្ត​កម្ពុជា​" វិញ​។​
​សម្រាប់​ក្រុមខ្មែរក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែកញ្ញា ឆ្នាំ​១៩៦០ ទើប​ជាការ​ចាប់ផ្តើម​ពិតប្រាកដ​នៃ​ចលនា​កុ​ម្មុយ​និ​ស្ត​របស់ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ​។ ពួក​ខ្មែរក្រហម​ធ្វើបែបនេះ ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បី​កុំ​ឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម​។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្សកាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ជា​ប្រភពដើម​របស់ខ្លួន ហើយ​កំណត់​យក​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់​រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​។​

ការតស៊ូ​តាមផ្លូវ​នយោបាយ​ក្រោមរូបភាព “​បក្ស​ប្រជាជន​”

​នៅក្នុង​ការតស៊ូ​ផ្នែក​នយោបាយ នៅ​ចន្លោះ​ទសវត្សរ៍​ទី​៥០ និង​៦០ ខ្មែរ​កុ​ម្មុយ​និ​ស្ត​បាន​ចែកចេញជា​បី​ក្រុម​ធំៗ​៖
​ មួយក្រុម​បានធ្វើ​សកម្ម​ភាពជា​ចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន ដែល​ពួកគេ​បាន​បង្កើតឡើង​ដោយ​ស្របច្បាប់ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ នៅ​ឆ្នាំ​១៩៥៥​។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​ជា​ផ្លូវការ នៅ​ឆ្នាំ​១៩៦០​ហើយក៏​ដោយ ក៏ប៉ុន្តែ ពួក​កុ​ម្មុយ​និ​ស្ត​នៅតែ​បន្តធ្វើ​ការតស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​បក្ស​ប្រជាជន​ដដែល ដោយ​ទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់​។​
​ពួក​ខ្មែរ​កុ​ម្មុយ​និ​ស្ត​ក្រុមទី​ពីរ ទៅ​ប្រកបមុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត ជាដើម ដោយ​លាក់​មិន​ឲ្យ​គេ​ដឹងថា​ពួកគេ​ជា​សមាជិក​របស់​បក្សកុម្មុយនិស្ត​នោះទេ​។ ក្រុម​នេះ​មាន​ភារកិច្ច​ធ្វើ​ការឃោសនា​ជាសម្ងាត់ ដើម្បី​រើស​សមាជិក​ថ្មី​ឲ្យ​ចូលបក្ស និង​បង្កើតជា​សាខា​បក្ស​តូចៗ នៅតាម​កន្លែង​ដែល​ពួកគេ​ធ្វើការ​។ ក្រុម​នេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់ឈ្មោះថា “​វិទ្យាល័យ​កម្ពុជ​បុត្រ​”​។​
ចំណែកក្រុមទីបីពួកគេបានប្រឡូកចូលធ្វើនយោបាយដោយជ្រកក្រោមឈ្មោះចលនាសង្គមរាស្ត្រ

និយម​របស់​សម្តេច នរោត្តម សីហនុ​។​

មូលហេតុ​នៃ​បរាជ័យ​របស់​បក្ស​ប្រជាជន​ក្នុងការ​បោះឆ្នោតជាតិ​

​ ក៏ប៉ុន្តែ នៅ​គ្រប់ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការបោះឆ្នោត​ឆ្នាំ​១៩៥៥ និង​ការបោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ​។ លើកលែងតែ​ខ្មែរ​កុ​ម្មុយ​និ​ស្ត​៣​នាក់ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គមរាស្ត្រនិយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​។ អ្នក​ទាំង​៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅ​ឆ្នាំ​១៩៦២​។​

បរាជ័យ​របស់​ពួក​កុ​ម្មុយ​និ​ស្ត នៅក្នុង​ការបោះឆ្នោតជាតិ​នេះ អាច​បណ្តាលមកពី​កត្តា​ធំៗ​បី​៖

      ​ទីមួយ (​ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោកអ្នក​ស្តាប់​រួចមកហើយ​ថា​) ចលនា​កុ​ម្មុយ​និ​ស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បានទទួល​នូវ​ការគាំទ្រ​ពី​សំណាក់​ប្រជាជន ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំងនឹង​អាណានិគម​។ ក្រោយ​ពេលដែល​បារាំង​បានផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុ​ម្មុយ​និ​ស្ត​ក៏​លែង​មានន័យ​តទៅទៀត​។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុងចំណោម​សមាជិក​ចលនា​ក​ម្មុយ​និ​ស្ត​ខ្មែរ​ខ្លួនឯង ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វី​ទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ​?
​        កត្តា​ទី​ពីរ នៅ​ឆ្នាំ​១៩៥៥ សៀវ ហេង ដែលជា​អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ​។ សៀវ ហេង ក៏បាន​ក្លាយជា​រនុកក្នុង​របស់​ចលនា​សង្គមរាស្ត្រនិយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩​។ យោងតាម​លោកស្រី Elizabeth Becker​ក្នុងអំឡុង​ពេលនោះ សៀវ ហេង បានផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​ក​ម្មុយ​និ​ស្ត​ខ្មែរ ដែល​ជួយ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែកសម្បុក​សម្ងាត់​រប​ស់​ពួក​ក​ម្មុយ​និ​ស្ត​។​
​        កត្តា​ទី​បី ដែល​នាំ​ឲ្យ​បក្ស​ប្រជាជន​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោតជាតិ គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​។ នៅ​រាល់ពេល​ធ្វើការ​ឃោសនាបោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្ត្រ​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវគេ​លប​ធ្វើឃាត​។ រហូតដល់​មានពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែលជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន មិន​ហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ផង​។​
​        ជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុម​ខ្មែរ​កុ​ម្មុយ​និ​ស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត​។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយក៏​ដោយ ក៏​ពួក​កុ​ម្មុយ​និ​ស្ត​បានសម្រេច​រក្សាទុក​ប​ក្ស​ប្រជាជន ដើម្បី​ចូលរួម​ការបោះឆ្នោត​ម្តងទៀតនៅ​ឆ្នាំ​១៩៦២​។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុ​ម្មុយ​និ​ស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​វិញ​ម្តង​៕ប្រភពពី D.C Cam

No comments:

Post a Comment