សេចក្តីស្រលាញ់រវាងស្រីនិងប្រុស តាមការពិតគឺសេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា «កាម» ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រលាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។ ដូចជាពាក្យនិយាយថា «ខ្ញុំស្រលាញ់អ្នក» មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយគឺ «ខ្ញុំ (ត្រូវការសេចក្តី) ស្រលាញ់ (អំពី) អ្នក» ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬ មិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តខូចថ្លើម ហើយពោលរំលឹករំលើកនូវទឹកចិត្តព្រមទាំងអំពើរបស់គេដូចជាថា « ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះអ្នក....ហេតុដូចម្តេចបានជាមិនឃើញមិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង» ដូច្នេះជាដើម ។ នេះជាការសំដែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម៉្យាងទៀត សេចក្តីស្រឡាញ់រវាងស្រីនិងប្រុសនេះគឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីរឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធរបស់គេ ។ មិនមែនថាស្រឡាញ់គ្នាជាគូព្រេងត្រឹមត្រូវហើយមិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតាដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចជាអណ្តាតនឹងធ្មេញ រួចត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗទៀតព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។ តែបើមិនគ្រប់គ្រងចំណង់តណ្ហាឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណីនិងសីលធម៌ទេ មានមួយហើយមិនល្មមត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗមានការំលោភបំពានដណ្តើមកម្មសិទ្ធអ្នកដទៃជាដើម យ៉ាងនេះទុក្ខទោស ភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ឬរហូតដល់ជ្រុលសម្លាប់នាំឲ្យជាប់គុកទៀតផង ។
បើការស្រលាញ់នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌គឺហិរិនិងឱត្តប្បៈ (ខ្មាសបាប ខ្លាចបាប ខ្ពើមបាប) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហាងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់សម្លឹងភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កំសាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសារ ដូចមានដំណឹងដែលគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃនេះ ។ «បទពិចារណា»
No comments:
Post a Comment