ប៉ុល ពត ត្រូវបានគេស្គាល់ថាជាបង ធំទី១ ក្នុងចំណោមមេដឹកនាំខ្មែរក្រហម។ សូម្បីតែពេលនេះ ប៉ុល ពត បានស្លាប់ បាត់ទៅហើយក្ដី ក៏ឈ្មោះ ប៉ុល ពត នៅតែផ្សារភ្ជាប់នឹងរបបខ្មែរក្រហមជានិច្ច ។ បើកាលណាគេនិយាយអំពីខ្មែរ ក្រហម មនុស្សដែលគេនឹកឃើញមុន គេ គឺប៉ុល ពត ។ ប្រជាជនកម្ពុជាទូទៅ តែងតែហៅរបបកម្ពុជាប្រជាធិបតេយ្យថាជា “របបប៉ុលពត”ទៀតផង។ តើប៉ុល ពត ជានរណា?
ប៉ុល ពត គឺជាលេខាបក្សកុម្មុយនិស្ដ កម្ពុជា ដែលជាតំណែងខ្ពស់បំផុតនៅ ក្នុងបក្ស និងជានាយករដ្ឋមន្ដ្រីនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ ថាជា “របបខ្មែរក្រហម” ឬ “របបប៉ុល ពត”។ ប៉ុល ពត គឺជាមនុស្សដ៏អាថ៌ កំបាំងម្នាក់ ដែលចំណាយពេលភាគ ច្រើននៃជីវិតរបស់គាត់រស់ក្នុងការ លាក់កំបាំង ។ សូម្បីតែឈ្មោះនិងថ្ងៃខែ ឆ្នាំកំណើតពិតក៏ ប៉ុល ពត បានផ្លាស់ប្ដូរ ដែរ។
ប៉ុលពតតាមពិតមានឈ្មោះ ដើម ថា សាឡុត ស កើតនៅភូមិព្រែកស្បូវ ក្នុងខេត្ដកំពង់ធំ។ គេដឹងថា ប៉ុល ពត ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ក៏ប៉ុន្ដែ ប៉ុល ពត កើតនៅថ្ងៃណា ខែណា ឆ្នាំណា នៅតែជាបញ្ហាមិនច្បាស់លាស់ ដដែល ។ យោងតាមវិទ្យុជាតិកម្ពុជា ប្រជាធិបតេយ្យ ដែលបានផ្សាយនៅឆ្នាំ ១៩៧៧ ប៉ុល ពត កើតនៅឆ្នាំ១៩២៥។ ក៏ប៉ុន្ដែ យោងតាមឯកសារជាច្រើន ដែលអាណាព្យាបាលបារាំងបានតម្កល់ ទុកនៅឆ្នាំ១៩៥០ ប៉ុល ពត ឬសាឡុត ស កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៨។ ឯប៉ុល ពត ខ្លួនឯងបានអះអាង ថ្ងៃខែឆ្នាំ កំណើតពិតរបស់គាត់ គឺខែមករា ឆ្នាំ ១៩២៥។ ប៉ុន្ដែ បានបន្ថយអាយុ៣ឆ្នាំ ដោយចុះក្នុងបញ្ជីជាតិថាកើតនៅឆ្នាំ ១៩២៨វិញ ។
សាឡុត ស កើតក្នុងគ្រួសារត្រកូល កសិករស្ដុកស្ដម្ភមួយនៅខេត្ដកំពង់ធំ ។ ឪពុករបស់សាឡុត ស ឈ្មោះ ប៉ែន សាឡុត ម្ដាយឈ្មោះ សុក ណែម ។ សាឡុត ស មានបងប្អូនទាំង អស់៩នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី២នាក់។ សាឡុត ស គឺជាកូនទី៨។
យោងតាមលោក David Chandler គ្រួសាររបស់ សាឡុត ស មានទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបរមរាជ វាំង ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ បង ស្រីជីដូនមួយម្នាក់របស់ សាឡុត ស ឈ្មោះ មាឃ គឺជាអ្នករាំរបាំព្រះរាជទ្រព្យ ប្រចាំព្រះបរមរាជវាំង ។
ក្រោយមក មាឃក៏បានក្លាយជាស្នំ ឯករបស់ព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ មុនីវង្ស ហើយទទួលបានតំណែងជាឃុនព្រះម្នាង ដែលមាន អំណាចត្រួតលើស្រីទាំងអស់ នៅក្នុងវាំង។
បងប្រុសច្បងរបស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏ជាបុគ្គលិកម្នាក់ បម្រើការនៅក្នុងការិយាល័យពិធីការនៃ ព្រះបរមរាជវាំងដែរ ។ មិនយូរប៉ុន្មាន ក្រោយមក ប្អូនស្រីរបស់ សាឡុត ស ឈ្មោះ សារឿន ក៏បានចូលមកបម្រើការ ក្នុងក្រុមរបាំព្រះរាជទ្រព្យ ហើយបាន ក្លាយជាស្នំឯករបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែរ។
នៅឆ្នាំ១៩៣៤ សាឡុត ស ដែល កាលនោះមានអាយុ៦ឆ្នាំ (បើគិតតាម ថ្ងៃខែឆ្នាំកំណើតដែលបានចុះក្នុងបញ្ជី ជាតិ) និងបងប្រុសម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបានគ្រួសារបញ្ជូនពី កំពង់ធំឱ្យមករស់នៅភ្នំពេញជាមួយ មាឃ និង សួង ដែលជាបង។ មិនយូរ ប៉ុន្មានក្រោយពីមកដល់ភ្នំពេញ សាឡុត ស ក៏បានទៅបួសរៀនធម៌ និងភាសាខ្មែរ នៅវត្ដបទុមវតី ដែលស្ថិតនៅជាប់នឹង ព្រះបរមរាជវាំង ។ គួរបញ្ជាក់ថា នៅ ពេលនោះ ប្រទេសកម្ពុជាកំពុងស្ថិត ក្រោមអាណាព្យាបាលបារាំង ហើយនៅ តាមសាលារៀនរបស់រដ្ឋ គេតម្រូវឱ្យ រៀនជាភាសាបារាំង។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នក កាសែតបរទេស ពេលកំពុងកាន់តំណែង ជានាយករដ្ឋមន្ដ្រី ប៉ុល ពតបានរៀបរាប់ យ៉ាងដូចនេះថា “ខ្ញុំជាកូនចៅរបស់ កសិករម្នាក់ ។ ពីតូចធ្លាប់រួមរស់ធ្វើស្រែ ចម្ការជាមួយឪពុកម្ដាយ។ ហើយក្រោយ មក មកនៅវត្ដជាទំនៀមទម្លាប់ ដើម្បី រៀនសូត្រអក្សរ”។
ក្រោយពីបានបួសអស់ប៉ុន្មានខែមក នៅឆ្នាំ១៩៣៦ សាឡុត ស ក៏បានចូល រៀននៅសាលាបឋមសិក្សាកាតូលិក មួយនៅជិតព្រះបរមរាជវាំង។ សិស្ស នៅសាលានោះច្រើនតែជាកូនមន្ដ្រី រាជការឬអ្នកមានឋានៈធំដុំ ហើយថ្លៃ សាលានោះទៀតសោត ក៏មានតម្លៃខ្ពស់ ដែរ។
នៅក្នុងអំឡុងពេលនោះ មានព្រឹត្ដិ ការណ៍មួយចំនួនបានកើតឡើងដែល អាចជះឥទ្ធិពលដល់គំនិតរបស់ សាឡុត សជាពិសេសគំនិតបែបជាតិនិយម។
ទីមួយ នៅពេលដែល សាឡុត ស ទើបតែបានចូលរៀននៅសាលាបឋម សិក្សា សឺង ង៉ុកថាញ់, ស៊ឹម វ៉ា និង ប៉ាច ឈឿន ដែលធ្វើការនៅវិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យក្នុងក្រុងភ្នំពេញ បានទទួល ការអនុញ្ញាតពីអាជ្ញាធរបារាំងឱ្យបោះ ផ្សាយកាសែតជាភាសាខ្មែរមួយឈ្មោះ “នគរវត្ដ” ដែលជាកាសែតភាសាខ្មែរ លើកដំបូងបង្អស់នៅប្រទេសកម្ពុជា។ កាសែត នគរវត្ដ មានចុះផ្សាយនូវ អត្ថបទវិចារណកថាជាច្រើនដែលបង្ហាញ ពីគំនិតជាតិនិយម ។ សាឡុត ស ដែល រស់នៅជាមួយបង ប្រហែលជាបានអាន កាសែតនេះជាប្រចាំ ពីព្រោះថា បើ យោងតាមលោក David Chandler មាឃ និង សួង ដែលត្រូវជាបងរបស់ សាឡុត ស បានជាវកាសែត នគរវត្ដ មកអានជាប្រចាំ។
ព្រឹត្ដិការណ៍សំខាន់មួយទៀត គឺនៅ ពេលដែល សាឡុត ស រៀនជិតចប់ បឋមសិក្សា នៅចន្លោះឆ្នាំ១៩៤០ និង ឆ្នាំ១៩៤១ បារាំងដែលច្បាំងចាញ់អាល្លឺ ម៉ង់នៅក្នុងសង្គ្រាមលោកលើកទីពីរ ក៏បានយល់ព្រមឱ្យថៃកាត់យកទឹកដីខេត្ដបាត់ដំបងនិងសៀមរាបរបស់ខ្មែរទៅ គ្រប់គ្រង ដែលជាហេតុបណ្ដាលឱ្យប្រជា ជនកម្ពុជាមានកំហឹងយ៉ាងខ្លាំង។ សូម្បី តែព្រះបាទ មុនីវង្ស ក៏ខ្ញាល់នឹងការបាត់ បង់ទឹកដីនេះយ៉ាងខ្លាំងដែរ រហូតសម្រេច ព្រះទ័យចាកចេញពីព្រះបរមរាជវាំងទៅគង់នៅខេត្ដកំពង់ឆ្នាំង ហើយបដិសេធ ឈប់និយាយភាសាបារាំងរហូតដល់ព្រះអង្គចូលទិវង្គត នៅឆ្នាំ១៩៤១។
ទំនងជាហេតុការណ៍ទាំងពីរនេះហើយ ដែលបានជះឥទ្ធិពលដល់គំនិតរបស់សាឡុត ស ដែលនៅជាកុមារនៅឡើយ ឱ្យមានគំនិតស្អប់បរទេស និងមានគំនិត ជាតិនិយម។
នៅឆ្នាំ១៩៤២ សាឡុត ស បានជាប់ ឈ្មោះក្នុងចំណោមសិស្ស២០នាក់ ដែល ត្រូវបានជ្រើសរើសឱ្យទៅរៀននៅអនុ វិទ្យាល័យមួយឈ្មោះ “អនុវិទ្យាល័យ ព្រះសីហនុ” ដែលបារាំងទើបនឹងបង្កើត នៅខេត្ដកំពង់ចាម ។
នៅថ្ងៃទី ២០ កក្កដា ឆ្នាំ១៩៤២ នៅ ទីក្រុងភ្នំពេញ បាតុកម្មដ៏ធំមួយត្រូវបាន រៀបចំឡើងប្រឆាំងនឹងបារាំង។ បាតុកម្ម នេះកើតឡើងក្រោយពីអាជ្ញាធរបារាំង បានចាប់ខ្លួនព្រះសង្ឃពីរអង្គ គឺ អាចារ្យ ហែមចៀវ និង នួន ឌួង ដែលបាន ទេសនាប្រឆាំងនឹងបារាំង។ បាតុកម្មនេះ ត្រូវបានដឹកនាំដោយ សឺន ង៉ុកថាញ់ និង ប៉ាច ឈឿន ហើយមានអ្នកចូលរួមរាប់ ពាន់នាក់ ក្នុងនោះមានព្រះសង្ឃប្រមាណ ៥០០អង្គផង។ ដោយយើងមិនដឹងច្បាស់ អំពីថ្ងៃដែល សាឡុត ស ចាកចេញពី ភ្នំពេញទៅកំពង់ចាម យើងមិនអាចដឹង បានទេថា តើ សាឡុត ស បានចូលរួម ក្នុងបាតុកម្មនេះដែរឬអត់?
នៅឯអនុវិទ្យាល័យព្រះសីហនុខេត្ដ កំពង់ចាម សាឡុត ស បានជួបជាមួយ ហ៊ូ នឹម, ហ៊ូ យន់ និង ខៀវ សំផន ដែល រៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធ តែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជា អ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែ បានក្លាយជាមេដឹកនាំសំខាន់ៗរបស់ ចលនាខ្មែរក្រហម។ ក៏ប៉ុន្ដែ មិត្ដភក្ដិជិត ស្និទ្ធបំផុតរបស់ សាឡុត ស នៅពេល នោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ ទំនងមិត្ដភាពជាមួយមេដឹកនាំខ្មែរក្រហម នេះហើយ បានជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំ ខ្មែរក្រហមអាចយោគយល់ដល់មិត្ដ ចាស់។ ក៏ប៉ុន្ដែ លន់ ណុន ត្រូវបាន ទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញ។
និយាយអំពីអត្ដចរិតរបស់ សាឡុត ស វិញ បើយោងតាមសិស្សដែលរៀន ជាមួយ សាឡុត ស នៅអនុវិទ្យាល័យ កំពង់ចាម សាឡុត ស គឺជាមនុស្ស សាមញ្ញម្នាក់ មិនសូវនិយាយស្ដីច្រើន ចូលចិត្ដលេងបាល់ទាត់និងបាល់បោះ។ ជាមនុស្សរួសរាយ និងចេះគួរសម ហើយជាមនុស្សមិនបង្ហាញពីមហិច្ឆតាចង់ធ្វើអ្វីឱ្យបានធំដុំនោះទេ។ សាឡុត ស ខ្លួនឯងក៏ធ្លាប់បានអះអាងស្រដៀងគ្នានេះដែរ។
យោងតាមលោក David Chandler សាឡុត ស រៀនមិនពូកែនោះទេ គឺរៀន បានត្រឹមតែជាប់មធ្យមភាគប៉ុណ្ណោះ ហើយពេលខ្លះមិនបានទាំងជាប់មធ្យម ភាគផង ។
នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម។ ផ្ទុយពីសិស្សរួមសាលាមួយចំនួនដូចជា ខៀវ សំផន ជាដើម ដែលបានចូលរៀន នៅវិទ្យាល័យស៊ីសុវត្ថិ ដែលជាវិទ្យាល័យ ដ៏ល្បីល្បាញនៅភ្នំពេញ សាឡុត ស បាន ទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដោយ យកជំនាញខាងជាងដែក។ បើតាម លោក David Chandler សាឡុត ស ទៅរៀននៅសាលាបច្ចេកទេសនេះ មិន មែនដោយសារតែគាត់ស្រឡាញ់ចូល ចិត្ដមុខជំនាញនេះទេ ប៉ុន្ដែមកពីគាត់ ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិបានជាប់។
ទោះជាមិនបានចូលរៀននៅវិទ្យា ល័យស៊ីសុវត្ថិក៏ពិតមែន តែសាឡុត ស បានក្លាយជាមិត្ដជិតស្និទ្ធជាមួយនឹងសិស្ស ម្នាក់មកពីវិទ្យាល័យ ស៊ីសុវត្ថិ គឺ អៀង សារី។ យោងតាមលោកកេង វណ្ណសាក់ ដែលជាមន្ដ្រីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បានចូលរួមយ៉ាងសកម្មជួយគណបក្ស ប្រជាធិបតេយ្យ ក្នុងពេលបោះឆ្នោត ជាតិឆ្នាំ១៩៤៧។ នៅពេលនោះ គណបក្ស ប្រជាធិបតេយ្យ ដែលមានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្ដិវង្ស ជាប្រធាន បានទទួល ជ័យជំនះយ៉ាងលើសលប់ ដោយដណ្ដើម បាន៦០អាសនៈ ក្នុងចំណោមអាសនៈ សរុបទាំង៧៥នៅរដ្ឋសភា។
នៅឆ្នាំ១៩៤៩ សាឡុត ស បានទទួល អាហារូបករណ៍ ដើម្បីទៅបន្ដការសិក្សា នៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិក។ សំណួរសួរថា ហេតុអ្វីបានជា សាឡុត ស ដែលរៀនមិនសូវពូកែផង។ តែបែរជា ទទួលបានអាហារូបករណ៍ទៅរៀននៅ ប្រទេសបារាំងបែបនេះ? នេះប្រហែល ជាមកពីហេតុផលសំខាន់ពីរ៖
ទីមួយ៖ នៅពេលនោះ ក្រសួងអប់រំ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោត កាលពី ឆ្នាំ១៩៤៧ ។ ប្រហែលជាដោយសារតែ សាឡុត ស បានជួយឃោសនាបោះ ឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្ដ្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ឱ្យសាឡុត ស បានទៅរៀននៅបារាំង។
ទី២៖ នៅពេលនោះ មិនសូវមាន កូនខ្មែរណាមានជំនាញខាងអេឡិចត្រូនិកទេ ។ ប្រហែលជាមកពីហេតុនេះ ហើយបានជាក្រសួងអប់រំបញ្ជូន សាឡុត ស ដែលរៀននៅសាលាបច្ចេកទេសស្រាប់ ឱ្យទៅបន្ដការសិក្សាផ្នែកបច្ចេកទេស អេឡិចត្រូនិក នៅប្រទេសបារាំង។
ទោះជាក្នុងហេតុផលណាមួយក៏ដោយ សាឡុត ស បានកា្លយជាសិស្សមួយរូប ក្នុងចំណោមសិស្សពូកែទាំង២១រូប ដែលត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៤៩។ នៅ ប្រទេសបារាំងនោះហើយដែល សាឡុត ស បានក្លាយទៅជាជនកុម្មុយនិស្ដ៕
No comments:
Post a Comment