(១) អ្នកស្គាល់គុណគាប់ស្គាល់ល្អអាក្រក់ កាលបើសេពគប់មនុស្សអាក្រក់ក៏ត្រឡប់ជាអាក្រក់វិញ ដូចស្ទឹងថ្លាមានរសជាតិល្អ លុះហូរចូលសមុទ្រហើយ ក៏ប្រែក្លាយទៅជាមានរសជាតិប្រៃផឹកពុំបាន។
(២) កិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាការប្រើវេលាព្យាយាមបង្រៀនសត្វកុកឲចេះនិយាយដូចសត្វសេក សូម្បីច្រើនរយដង ក៏នឹងមិនបានផល។
(៣) ជនណាឃើញភរិយាអ្នកដទៃ ទុកស្មើមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដទៃទុកស្មើដុំថ្ម ឃើញសព្វសត្វទាំងឡាយ ទុកស្មើរូបខ្លួន ជននោះលោកហៅថា"បណ្ឌិត"។
(៤) ចិត្តម៉ឹងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ ចិត្តនឹងធឹងក្នុងគ្រាសុខចំរើន សេចក្តីអង់អាចក្នុងទីប្រជុំជនដោយថ្វីមាត់ ចិត្តក្លៀវក្លាក្នុងសមរភូមិ ចិត្តត្រេកអរក្នុងយស និងចិត្តស្រវាស្រទេញក្នុងការសិក្សា ទាំងអស់នេះ ជាលក្ខណៈសម្បត្តិរបស់បុគ្គលមានចិត្តដ៏មហិមា។
(៥) គេដឹងចិត្តមិត្រក្នុងគ្រាក្រ ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្រ្គាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្តភិរយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្តផៅពង្សគ្រាវិនាសអន្តរាយ។
(៦) បុគ្គលកុំគប្បីចងមិត្តសម្លាញ់ឬចងស្ពានមេត្រីជាមួយមនុស្សអាក្រក់ជាដាច់ខាត ដូចជាធ្យូង បើនៅក្តៅវារលាកដៃ បើរលត់ហើយ វាប្រឡាក់ដៃ។
(៧) បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្តយ៉ាងស្និតឲសោះ ដូចជាទឹក ទុកជាពុះខ្លាំងគគ្រឹកៗក៏អាចរលត់ភ្លើងបាន។
No comments:
Post a Comment