កើតមកជាអង្គ ពង្សជាមនុស្ស ម្នាក់ៗ តែងតែចង់រស់ទាំងអស់គ្នា បើទោះបីជាអត់ឃ្លានមានហូប ក៏ប្រឹងប្រែងរស់ទាំងត្រដរដែរ។ នេះក៏ដោយសារតែចង់រស់នៅលើភពផែនដីនឹងគេ តែក៏មានប្រថុជ្ជនមួយចំនួន ចង់ស្លាប់ផងដែរ គ្រាន់តែការស្លាប់ខុសៗគ្នាខ្លះចង់ស្លាប់ដោយប្រយោល ដូចជា ការស្លាប់ដោយសារជក់បារី ដោយសារស្រា ដោយសារគ្រឿងញៀន ដោយសារការបកស្បែកឲ្យស ដោយសារការកែសម្ផស្ស..។ល។ ឯខ្លះទៀតគឺមានបំណងចង់សម្លាប់ខ្លួនផ្ទាល់តែម្តង ហើយការស្លាប់ដោយធ្វើអត្តឃាតនេះទៀតសោត បើនៅប្រទេសជឿនលឿននៅអឺរ៉ុប គឺមនុស្សចាស់ៗភាគច្រើនចង់ធ្វើអត្តឃាត ដោយសារតូចចិត្តកូនៗពួកគាត់ យកគាត់ទៅដាក់ក្នុងមណ្ឌលមនុស្សចាស់ ដែលមានភាពឯកោពីកូនចៅនោះ និងក៏មានអ្នកស្លាប់ដោយសារស្នេហាផងដែរ។
តាមទិន្នន័យរបស់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក អំឡុងពាក់កណ្តាលឆ្នាំ ២០១២នេះ គឺទាហានសហរដ្ឋអាមេរិកបានស្លាប់ដោយសារការធ្វើអត្តឃាតច្រើន ជាងនៅសមរភូមិទៅវិញ ជាមួយនឹងមូលហេតុខ្លះៗ ដូចជា ការធ្លាក់ទឹកចិត្តក្រោយការប្រយុទ្ធ ការប្រើឱសថខុស បញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនជាដើម។
ចំពោះប្រទេសដែលល្បីជាងគេខាងការធ្វើអត្តឃាតនោះ គឺជប៉ុន ដែលសឹងតែក្លាយទៅជាវប្បធម៌ទៅហើយតំាងពីដូនតារហូតមក។ ឧទាហរណ៍៖ នៅប្រទេសជប៉ុន នៅពេលប្រឡងម្តងៗ ឪពុកម្តាយ មិនហ៊ានទៅណាឆ្ងាយពីកូនទេ ព្រោះព្រួយបារម្ភខ្លាចកូនធ្វើអត្តឃាត នៅពេលដែលពួកគេប្រឡងធ្លាក់ ឬក៏ពិន្ទុចាញ់គេ។ នេះបង្ហាញថាសុខចិត្តស្លាប់ប្រសើរជាងរស់នៅដោយគ្មានកិត្តិយស។ តែផ្ទុយពីយុវជនជប៉ុនមួយចំនួន ដែលធ្វើអត្តឃាតដោយសារការរៀនសូត្រចាញ់គេចុះហេតុអ្វីបានជាយុវជនខ្មែរមួយចំនួនតូច បែរទៅជាសម្លាប់ខ្លួនឯង ដោយសាររឿងស្នេហាដ៏កំសាកទៅវិញ?
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឃើញថា មានការកើនឡើង នូវយុវវ័យ ធ្វើអត្តឃាតផ្ទួនៗគ្នា តាមរបៀបដូចៗគ្នានៅលើទំព័រសារព័ត៌មានក្នុងស្រុកនានា ហើយការស្លាប់នេះ ភាគច្រើនតែរឿងស្នេហាមួយមុខ គឺរបៀបដូចគ្នាលោតទឹកសម្លាប់ខ្លួនមានតាំងពីតារាហ្វ្រេស ប៊ុកចំណាត់ថ្នាក់លេខ ៤ ប្រចាំឆ្នាំ ២០១២ និស្សិតនារីសាលាច្បាប់ កូនស្រីយាយខ្លី តារាកំប្លែងតាមកញ្ចក់ទូរទស្សន៍ និងយុវនារីដែលរួមដំណើរកម្សាន្តជាមួយមិត្តប្រុស ពីភ្នំពេញទៅដល់ខេត្តកំពត ក៏ទៅលោតទឹកសម្លាប់ខ្លួន លើស្ពានកំពង់បាយ។ មានយុវជនខ្លះទៀតខឹងម្តាយមិនឲ្យលុយរៀបការប្រពន្ធក៏គិតខ្លី សម្លាប់ខ្លួនដែរ។ តើការសម្រេចចិត្តរបស់យុវវ័យក្នុងការសម្លាប់ខ្លួនដោយសាររឿង ស្នេហានេះ មានន័យអ្វីខ្លះចំពោះខ្លួនឯង និងសង្គមជាតិ?
តាមពិតការស្លាប់បែបនេះ គឺជាទង្វើគួរឲ្យខ្មាសអៀនមួយ គឺមិនខិតខំប្រឹងប្រែងយកឈ្នះជីវិតខ្លួនឯង ដែលឪពុកម្តាយខិតខំចិញ្ចឹមបីបាច់ថែទំាតាំងពីតូចក្រូចឆ្មារមក ម្ល៉េះ សូម្បីតែសត្វល្អិត វារលើមិនបានផងកុំថាឡើយដល់ទិច ឬខាំនោះ។ តែបើមិនបានជួយអ្វីដល់គាត់ទេ សូមកុំធ្វើឲ្យពួកគាត់ពិបាកចិត្ត និងអស់សង្ឃឹមបានហើយ ព្រោះវាជាសោកនាដកម្មមួយ របស់គ្រួសារ ក៏ដូចជាសង្គមផងដែរ ដោយសារតែរឿងស្នេហាសោះ ទៅនាំគ្នាគិតខ្លី ទៅធ្វើអត្តឃាតទៅវិញគួរឲ្យស្តាយ។ បើប្រៀបធៀបជាមួយនឹងកាលពីជំនាន់របបខ្មែរក្រហមវិញ ប្រជាពលរដ្ឋអត់ឃ្លាន បើដឹងថា គ្រាន់តែលួចដំឡូងមួយមើម ក៏គេយកទៅសម្លាប់ចោលដែរ ក៏ខំលួចដែរព្រោះមកតែពីចង់រស់ហ្នឹងឯង។ ករណីនេះ បើប្រៀបធៀបជាមួយជនពិការ ខ្វាក់ខ្វិន ឬលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេចង់រស់ដែរ គឺមិនសុខចិត្តទៅសម្លាប់ខ្លួនឯងទេ។ មិនបានអីក៏ចេះខ្មាសអ្នកផ្ទុកមេរោគអេដស៍ បើដឹងថា គាត់កើតជំងឺហ្នឹង គាត់នឹងស្លាប់ក៏គាត់មិនសម្លាប់ខ្លួនដែរ គឺគាត់ខិតខំហាត់ប្រាណ ហូបអាហារ ហូបថ្នាំពន្យារជីវិតទាំងលំបាកដែលធ្វើទុក្ខក្នុងខ្លួន ក៏គាត់ខំប្រឹងរស់ដែរ។
ចុះហេតុអ្វីបានជាយុវវ័យមួយចំនួនតូច មានកាយសម្បទាមាំមួន ស្អាតបាត ជាសសរទ្រូងនៃប្រទេសជាតិ តែបែរទៅជាគិតខ្លីសម្លាប់ខ្លួនឯង ឥតប្រយោជន៍ ដោយសារតែបញ្ហាស្នេហាបែបនេះទៅវិញ? តើការដែលចេះតែនាំគ្នាធ្វើត្រាប់តាមគ្នាពីរបៀបអត្តឃាតដូចគ្នា នេះ គឺបណ្តាលមកតែពីតាមលំនាំរូបភាពដែលចុះផ្សាយ តាមសារព័ត៌មានឬទេ? ឬក៏ធ្វើតាមព័ត៌មានបង្ហោះរូបភាពតាមហ្វេសប៊ុក?
តាមរយៈការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់ពីការរួមភេទមុនពេលរៀប ការ គឺបានបង្ហាញពីផលវិបាក ករណីដែលបន្ទាប់ពីបានរួមភេទហើយ មិត្តប្រុសបានបោះបង់ដៃគូសង្សារ ដែលជាមិត្តស្រីរបស់ខ្លួន ធ្វើឲ្យមានការខូចចិត្ត និងការប៉ុនប៉ងធ្វើអត្តឃាត។ (Soprach, 2008) ហើយការសិក្សាស្រាវជ្រាវអំពីទិវានៃក្តីស្រឡាញ់ ដែលយុវវ័យថា ថ្ងៃបុណ្យសង្សារថ្ងៃទី ១៤ ខែកុម្ភៈនោះ គឺរកឃើញថា មានការប្រឈមមុខខ្ពស់ ក្នុងការធ្វើអត្តឃាតនេះដែរ ដោយសារតែការឈានដល់ការរួមភេទនៅថ្ងៃនោះ។ (Soprach, 2009 & 2010) សំណួរសួរថា តើក្នុង១ឆ្នាំ យុវវ័យធ្វើអត្តឃាតចំនួនប៉ុន្មាន ដោយសារតែរឿងស្នេហានេះ? គឺមិនទាន់មានចម្លើយនៅឡើយទេ ព្រោះបើសិនជាបើកមើលទៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃវិញ គឺឃើញមានតែរបាយការណ៍តែ ២ ទេ ស្តីពីការបង្ក្រាបបទល្មើសជួញដូរមនុស្ស ក្រៅពីនោះ គឺទទេពុំទាន់មានរបាយការណ៍ពេញលេញ ផ្សព្វផ្សាយជូនសាធារណជននៅឡើយទេ។ នេះគឺជាការសោកស្តាយមួយ ដែលក្រសួងបានធ្វើការជាច្រើន និងស្នាដៃជាច្រើនដែរ តែមិនមានព័ត៌មានផ្សព្វផ្សាយពីសមិទ្ធផលរបស់ក្រសួងសោះ។
ក្រសួងធំប៉ុនណា ប៉ុណ្ណី បែរជាគេហទំព័រគ្មានព័ត៌មានទៅវិញ។
អន្តរាគមន៍ដែលអាចធ្វើទៅបានចំពោះយុវវ័យធ្វើអត្តឃាតនេះគឺ ដោះស្រាយទៅតាមពេល និងកាលៈទេសៈ ដែលធ្វើបានតាមរយៈ មិត្តអប់រំមិត្ត។ ឯមាតាបិតានៅតែដើរតួនាទីសំខាន់ចំពោះកូនដដែល គឺនៅតែធ្វើការតាមដានសកម្មភាពកូននិងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ កុំយកកំហឹងទល់នឹងកំហល់ ធ្វើជាដំណោះស្រាយ។ ចំណែកឯសារព័ត៌មានវិញ មិនគួរដាក់រូបភាពអត្តឃាតសាហាវៗ និងអតា្ថធិប្បាយឲ្យយុវវ័យយកតម្រាប់តាមនោះទេ។
ចំពោះយុវវ័យខ្លួនឯងផ្ទាល់ គឺត្រូវពង្រឹងឡើងវិញ ជីវិតមានតម្លៃណាស់ ប្រមូលអារម្មណ៍ងាកមកសិក្សា និងខិតខំរកការងារល្អៗធ្វើវិញជាជាងងប់ងុលនឹងស្នេហាដែល ធ្វើឲ្យអន្តរាយដល់ជីវិតនោះ។ គួរតែស្ម័គ្របម្រើកងទ័ព ទៅច្បាំង បើស្លាប់នៅសមរភូមិដើម្បីជាតិប្រសើរជាងស្លាប់ដោយធ្វើអត្តឃាតដោយសារស្នេហាដ៏កំសាកនេះ។
No comments:
Post a Comment