អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 11 May 2012

ការ​ប្រៀបធៀប​ឃាតកម្ម​មក​លើ​លោក ឈុត វុទ្ធី និង​មេដឹកនាំ​កម្មករ


ក្រុមអ្នកឃ្លាំមើលអំពីការរំលោភសិទ្ធិមនុស្ស និងស្ថានការណ៍នយោបាយនៅកម្ពុជាបានប្រៀបធៀបឃាតកម្មមកលើសកម្មជនការ ​ពារសម្បត្តិធម្មជាតិ និងឃាតកម្មមកលើមេដឹកនាំការពារសិទ្ធិកម្មករមានលក្ខណៈស្រដៀងគ្នា


មជ្ឈដ្ឋានជាច្រើនបានបង្ហាញទស្សនៈស្រដៀងគ្នាថា ឃាតកម្មមកលើលោក ឈុត វុទ្ធី កើតឡើងស្របពេលដែលពលរដ្ឋសឹងទូទាំងប្រទេសក្រោកឈរតវ៉ាអំពីការ រំលោភដីធ្លី ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ការបំផ្លាញធនធានធម្មជាតិ ដែលមនុស្សតែងអាស្រ័យផលចិញ្ចឹមជីវិតប្រចាំថ្ងៃ

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វិរៈ ទទួលស្គាល់ថា អស្ថិរភាពនយោបាយនៅកម្ពុជាអាចផ្ទុះឡើងគ្រប់ពេលវេលាប្រសិនបើ រដ្ឋាភិបាលគ្មានដំណោះស្រាយ និងមិនអាចឆ្លើយតបសមរម្យសម្រាប់ប្រយោជន៍របស់ពលរដ្ឋ ហើយបញ្ហានេះ គេឃើញមានឧទាហរណ៍ស្រាប់ដូចជានៅតាមបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា

លោក អ៊ូ វិរៈ បន្តថា បើទោះបីលោក ឈុត វុទ្ធី និង ជា វិជ្ជា បានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិក៏ដោយ ក៏ឥទ្ធិពលរបស់អ្នកទាំងពីរបានចូលជ្រួតជ្រាប និងបានបណ្ដុះដល់ផ្នត់គំនិតអ្នកបន្តវេនរបស់គេរាប់ម៉ឺន រាប់សែននាក់ថែមទៀត

ក្រុមអ្នកវិភាគវាយតម្លៃថា ការសម្លាប់លោក ឈុត វុទ្ធី ក្នុងឆ្នាំ​២០១២ ដូចគ្នាទៅនឹងព្រឹត្តិការណ៍សម្លាប់លោក ជា វិជ្ជា ក្នុងឆ្នាំ​២០០៤ ដែលកាលណោះលោក ជា វិជ្ជា ជាមេដឹកនាំទាមទារប្រាក់ខែដល់កម្មករ និងការពារសិទ្ធិកម្មកររោងចក្រកាត់ដេរ ខណៈកម្មករសឹងទូទាំងប្រទេសបានក្រោកឈរតវ៉ាដើម្បីប្រាក់ខែរបស់គេ

អ្នកវិភាគទាំងនោះក៏បានឲ្យដឹងផងដែរថា ស្ថានការណ៍តានតឹងក្នុងប្រទេសកាលពីឆ្នាំ​២០០៤ និងឆ្នាំ​២០១២ មានភាពប្រហាក់ប្រហែលគ្នាក្នុងបរិបទនៃការងើបតវ៉ារបស់ពលរដ្ឋ ហើយដែលនាំឲ្យរដ្ឋាភិបាលបារម្ភចំពោះលទ្ធភាពផុយស្រួយ ឆ្ពោះទៅរកបដិវត្តន៍កសិករ កម្មករ គ្រូបង្រៀន មន្ត្រីរាជការផុសឡើង

លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគ​ឯករាជ្យ និងជាអ្នកឃ្លាំមើលដំណើរការយុត្តិធម៌នៅកម្ពុជា មានប្រសាសន៍ថា ឃាតកម្មមកលើសកម្មជនការពារព្រៃឈើ និងសកម្មជនការពារសិទ្ធិកម្ពុជាមានលក្ខណៈជាប្រព័ន្ធ

ឆ្លើយតបទៅនឹងការលើកឡើងនានាអំពីឃាតកម្មមកលើលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា នេះដែរ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានចាត់ ទុកថាជាសិទ្ធិក្នុងការបញ្ចេញមតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័ក្រ មានប្រសាសន៍ថា អ្វីដែលសំខាន់ចំពោះមុខសម្រាប់សន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ គឺសមត្ថកិច្ចត្រូវចាត់វិធានការចាប់ជនប្រព្រឹត្តបទល្មើសទាំងឡាយ ណាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់

លោក ខៀវ សុភ័ក្រ ក៏បានច្រានចោលផងដែរចំពោះពាក្យចោទប្រកាន់ទាំងឡាយណាដែលថា ការស្លាប់របស់លោក ឈុត វុទ្ធី មានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល។ ម្យ៉ាងវិញទៀតលោកក៏បានកោតសរសើរដល់វីរភាពអង់អាចក្លាហានរបស់ សកម្មជនការពារព្រៃឈើរូបនេះ ថាបានជួយដល់រដ្ឋាភិបាល និងសង្គមជាតិ ក្នុងការលប់បំបាត់បទល្មើសព្រៃឈើ

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ សហគមន៍ជាតិ និងអន្តរជាតិនៅរង់ចាំមើលនៅឡើយ ថាតើពេលណាទើបរដ្ឋាភិបាលប្រកាសចូលរួមមរណៈទុក្ខពលិកម្មរបស់ មន្រ្តីការពារធនធានធម្មជាតិរូបនេះ ប្រសិនបើរដ្ឋាភិបាលមានសុទិដ្ឋិនិយមជ្រោមជ្រែងដល់កិច្ចការពារ បរិស្ថានរបស់លោក ឈុត វុទ្ធី មែននោះ។

ជុំវិញព្រឹត្តិការណ៍នៃការស្លាប់របស់លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ដែលគេវាយតម្លៃថា មានលក្ខណៈស្រដៀងគ្នានេះដែរ លោកបណ្ឌិត សុខ ទូច ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ឃាតកម្មលើអ្នកការពារព្រៃឈើ និងអ្នកការពារសិទ្ធិកម្មករ គឺដោយសារអ្នកទាំងពីរសុទ្ធតែបានប៉ះពាល់ដល់ផលប្រយោជន៍ក្រុមអ្នក ​មានលុយ និងមានអំណាច។

លោកបានបន្ទោសដល់រដ្ឋាភិបាលថា នៅមានភាពទន់ខ្សោយក្នុងការការពារមនុស្សដែលមានឆន្ទៈខ្ពស់ទាំងនេះ។

ឃាតកម្មធំៗ ជា​ច្រើនដូចជាករណីអ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជួ ជេដ្ឋាថារិទ្ធ អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សំបូរ ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា និងសហការីលោក ហ៊ី វុទ្ធី រួមនិងឧក្រិដ្ឋកម្មផ្សេង ទៀត ដូចជាក្នុងករណីគប់គ្រាប់បែកមុខរដ្ឋសភា និងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមជាដើម ដែលរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានជនដៃដល់ណាម្នាក់ត្រូវបាននាំខ្លួនយកមក ផ្ដន្ទាទោសនៅឡើយ។

ចំណែកឃាតកម្មមកលើប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី នោះវិញ សង្គមស៊ីវិលជាតិ និងអន្តរជាតិក៏នៅតែមិនមានជំនឿដល់ដំណើរការស៊ើបអង្កេតរបស់រដ្ឋាភិបាល ហើយដោយចាត់ទុកថាជាការរៀបឆាកសំដែងបំភ័ន្តភ្នែកប៉ុណ្ណោះ

ក្រុមសិទ្ធិមនុស្សអន្តរជាតិនិយាយថា ប្រសិនបើកម្ពុជាមិនអាចបំផ្លាញជម្រកសុខសាន្តនៃនិទ្ទណ្ឌភាព ភាពគ្មានទោសពៃរ៍នៅកម្ពុជាទេ នោះកម្ពុជាមិនអាចបោះជំហានទៅមុខក្នុងការស្ដារប្រទេសរបស់ខ្លួន ឲ្យដូចជាបណ្ដាអារ្យប្រទេសជឿនលឿននោះឡើយ

 


No comments:

Post a Comment