ខុង ជឺ (ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា "លោកគ្រូខុង" (តាមប្រតិទិនបុរាណ: ២៨ កញ្ញា ៥៥១ មុនគ.ស – ៤៧៩ មុនគ.ស) គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន និងវៀតណាម។
ទស្សនវិជ្ជារបស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យរាជវង្សហាន (២០៦ មុនគ.ស – គ.ស ២២០)។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ។ លទ្ធិនេះ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា "Confucius" (កុង.ហ្វូ.ស៊ីយូស)។
ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូល ផ្ដុំសម្រង់សុភាសិតខ្លី ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយ មរណភាព
របស់គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃៈរដូវនិងសរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ)។
No comments:
Post a Comment